មន្ត្រីជំនាញវិស័យកសិកម្មក្រៅរដ្ឋាភិបាលអះអាងថា រដ្ឋាភិបាលមានលទ្ធភាពដើម្បីបញ្ចេញលុយមួយចំនួនជួយទិញស្រូវពីប្រជាកសិករ ខណៈពួកគាត់កំពុងជួបប្រទះបញ្ហាស្រូវធ្លាក់ថ្លៃខ្លាំង។ ការអះអាងនេះ ធ្វើឡើងភ្លាមៗឆ្លើយតបទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលអំពាវនាវដល់កសិករមិនត្រូវប្រញាប់លក់ស្រូវលឿនពេកទេ និងត្រូវរង់ចាំរហូតតម្លៃស្រូវឡើងថ្លៃសិន។ ប៉ុន្តែការអំពាវនាវនេះ ត្រូវបានមន្ត្រីជំនាញក្រៅរដ្ឋាភិបាលយល់ថា មិនអាចដោះស្រាយបញ្ហាជូនកសិករឡើយ។
ស្របពេលរដូវច្រូតកាត់ចូលដល់ ហើយកសិករកំពុងជួបប្រទះបញ្ហាលំបាកខ្លាំងដោយមិនអាចលក់ស្រូវក្នុងតម្លៃសមរម្យ សម្រាប់ទូទាត់តម្លៃដើម ជួនកាលត្រូវខាតបង់ទុនទៀតនោះ បែរជាលោកនាយករដ្ឋមន្ត្រីឲ្យប្រជាកសិករកុំអាលលក់ស្រូវទៅវិញ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឲ្យប្រជាកសិករទាំងអស់ ត្រូវតែរក្សាស្រូវដែលច្រូតកាត់ថ្មីៗទុកមួយរយៈពេលសិន និងរង់ចាំពេលណាមួយដែលស្រូវអង្ករឡើងថ្លៃ ចាំលក់។ ការអំពាវនាវរបស់ប្រមុខរដ្ឋាភិបាលនេះ ធ្វើឡើងខណៈលោកអញ្ជើញជាអធិបតីក្នុងកម្មវិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៧៦ នៅស្រុកលំផាត់ ខេត្តរតនគិរី នាថ្ងៃទី២១ វិច្ឆិកា៖ « អំពាវនាវចំពោះប្រជាពលរដ្ឋ មេត្តាខិតខំហាលស្រូវ ថែទាំស្រូវនេះទុកសិន នៅពេលតម្លៃស្រូវឡើងថ្លៃ ចាំធ្វើការលក់។ កុំលក់ទាំងទទឹក ស្រូវទទឹកឈ្មួញបង្អាប់ថ្លៃ ...»។
លោក ហ៊ុន សែន បន្តថា ស្រូវនៅឆ្នាំនេះមានចំនួនច្រើន ប៉ុន្តែស្រូវធ្លាក់ថ្លៃនៅលើទីផ្សារនៅពេលនេះ មិនមែនមានតែនៅកម្ពុជា ទេ សូម្បីប្រទេសនៅក្នុងតំបន់ និងពិភពលោក ក៏ជួបប្រទះបញ្ហាដូចគ្នានេះដែរ។ ក្រៅពីនេះ លោកក៏អំពាវនាវឲ្យធនាគារ មីក្រូហិរញ្ញវត្ថុ គួរយោគយល់ដល់កសិករផង មិនត្រូវប្រញាប់ទារលុយពីពួកគាត់លឿនពេកទេ បើសិនជាពួកគាត់មិនអាចលក់ស្រូវបានតម្លៃថ្លៃ និងមិនបានលុយយកទៅសងទាន់ពេលវេលានោះ។
ទោះជាយ៉ាងណាក៏ដោយ ការអំពាវនាវរបស់ប្រមុខរដ្ឋាភិបាលនេះ ត្រូវបានអ្នកជំនាញផ្នែកកសិកម្មដែលជាអតីតប្រធានអង្គការសេដាក (CEDAC) លោកបណ្ឌិត យ៉ង សាំងកុមារ យល់ថា ការឲ្យពលរដ្ឋរក្សាស្រូវទុកនោះ មិនអាចជាវិធីសាស្ត្រមានប្រសិទ្ធភាពឲ្យកសិករធ្វើតាមឡើយ ព្រោះនេះមិនមែនជាវិធីសាស្ត្រថ្មីសម្រាប់ជួយដោះស្រាយបញ្ហាជូនកសិករនោះដែរ។ អ្នកជំនាញកសិកម្មរូបនេះបញ្ជាក់ទៀតថា វិធីសាស្ត្រល្អបំផុត គឺរដ្ឋាភិបាលអាចមានលទ្ធភាពបញ្ចេញថវិកាជាតិដើម្បីជួយទិញស្រូវក្នុងតម្លៃសមរម្យណាមួយពីកសិករ យកមកស្ដុកទុកដោយខ្លួនឯង ប្រសើរជាជាងឲ្យកសិករច្រូតកាត់ ហើយឲ្យពួកគាត់រក្សាទុក ព្រោះថាកសិករក្រោយពីប្រមូលផល ពួកគាត់នឹងប្រញាប់ប្រញាល់លក់ស្រូវទាំងនោះភ្លាម ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដោយមិនអាចរង់ចាំពេលយូរឡើយ ព្រោះពួកគាត់ធ្វើស្រែ មានអ្នកខ្លះជួលដីគេ ជួលគេភ្ជួររាស់ ស្ទូង និងច្រូតកាត់តាមរយៈម៉ាស៊ីន៖ « គាត់យកលុយហ្នឹងទៅសងបំណុលគេ។ មួយរដូវហ្នឹង គាត់ខ្ចីលុយខ្ចីកាក់គេដើម្បីធ្វើស្រូវ ដើម្បីទុកដោះស្រាយជីវភាព។ ទីពីរ គាត់យកលុយហ្នឹង ( លុយទទួលបានពីការលក់ស្រូវ ) ចាយវាយមួយចំនួនទៅលើតម្រូវការចាំបាច់ក្នុងគ្រួសារ។ ទីបី គាត់ត្រូវសងគេវិញ ដូចជាតម្លៃជី និងពូជជាដើម »។
ពាក់ព័ន្ធនឹងការធ្លាក់ថ្លៃស្រូវនេះ កាលពីខែកញ្ញា កន្លងទៅ សហព័ន្ធស្រូវអង្ករកម្ពុជា បានចេញសេចក្ដីជូនដំណឹងមួយបញ្ជាក់ថា ដោយសារមានការធ្លាក់ចុះការកុម្ម៉ង់អង្ករ និងតម្លៃអង្ករក្នុងទីផ្សារបរទេស ប្រទេសជិតខាងបានកាត់បន្ថយការទិញស្រូវយ៉ាងខ្លាំង និងរោងម៉ាស៊ីនមិនមានទុនគ្រប់គ្រាន់ដើម្បីទិញស្រូវឲ្យអស់ និងពុំមានភាពច្បាស់លាស់នៃទីផ្សារទាំងក្នុងស្រុក និងក្រៅស្រុកជាដើម។
លោកបណ្ឌិត យ៉ង សាំងកុមារ អះអាងថា បច្ចុប្បន្ន ស្រូវធម្មតាមួយគីឡូក្រាមលក់បានក្រោម ៨០០រៀល ស្របពេលតម្លៃសមស្របដែលកសិករអាចទទួលយកបាន គឺមួយគីឡូក្រាមដែលពួកគាត់សង្ឃឹមថានឹងអាចលក់ចេញចាប់ពី ១.០០០រៀលឡើងទៅ។ លោកថា បើសិនជារដ្ឋាភិបាលប្រាកដជាចង់ដោះស្រាយបញ្ហាធ្លាក់ថ្លៃស្រូវអង្ករជូនពលរដ្ឋមែន រដ្ឋាភិបាលអាចយកលុយដែលទទួលបានពីការបង់ពន្ធរបស់ធនាគារ ដែលមានតម្លៃរាប់លានដុល្លារ ដើម្បីយកលុយនោះខ្លះមកទិញស្រូវពីកសិករ៖ « រដ្ឋាភិបាលយកពន្ធប្រាក់ចំណេញ និងពន្ធផ្សេងៗពីធនាគារចូលរាប់រយលានដុល្លារក្នុងមួយឆ្នាំៗ។ អ៊ីចឹងយកពន្ធប្រាក់ចំណេញពីធនាគារ យកមកជួយដើម្បីទ្រទ្រង់វិស័យកសិកម្ម ជាពិសេសដើម្បីឲ្យកសិករគាត់មានចំណូលគ្រប់គ្រាន់ ដើម្បីសងមកធនាគារវិញ ដើម្បីគាត់រកស៊ីចំណេញ វានឹងជួយឲ្យវិស័យស្រូវអង្ករដើរ »។
អាស៊ីសេរី មិនអាចទាក់ទងប្រធានសហព័ន្ធស្រូវអង្ករ លោក សុខ ពុទ្ធិវុធ ដើម្បីសុំការបកស្រាយជុំវិញការធ្លាក់ថ្លៃស្រូវនៅពេលនេះបានទេ នៅថ្ងៃទី២១ វិច្ឆិកា។
លោក ហ៊ុន សែន បញ្ជាក់ថា ការប្រមូលផលស្រូវនៅក្នុងឆ្នាំនេះ ក្រៅពីផ្គត់ផ្គង់ក្នុងស្រុក និងទុកសម្រាប់ធ្វើពូជនៅឆ្នាំក្រោយទៀត គឺកម្ពុជា នៅសល់ស្រូវប្រហែល ៥លានតោន ដែលត្រូវការលក់ចេញទៅទីផ្សារអន្តរជាតិ ប៉ុន្តែលោកថា ប្រទេសចិន និងវៀតណាម ដែលជាទីផ្សារស្រាប់របស់កម្ពុជា នឹងអាចជួយទិញស្រូវទាំងនោះបានជាងពាក់កណ្ដាល។
ទោះជាបែបនេះក្ដី លោកបណ្ឌិត យ៉ង សាំងកុមារ បញ្ជាក់ថា នៅពេលស្រូវលក់មិនចេញ ហើយលក់ចេញក្នុងតម្លៃថោកបែបនេះ នឹងធ្វើឲ្យកសិករឈប់ធ្វើស្រែ រួចហើយនាំគ្នាកាន់តែច្រើនធ្វើចំណាកស្រុកទៅក្រៅប្រទេសថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។