ក្រុមហ៊ុន​មួយ​បង្កើត​កម្មវិធី​មើល​ភាពយន្ត​ជា​ភាសា​ខ្មែរ​តាម​អ៊ីនធឺណិត

0:00 / 0:00

ក្រុម​អ្នក​បច្ចេកទេស​របស់​ក្រុមហ៊ុន​សប្បាយ (Sabay) បាន​បង្កើត​កម្មវិធី​កម្សាន្ត​ថ្មី​មួយ​ដែល​គេ​ហៅ​ថា អែប (Apps ឬ Applications) សម្រាប់​ឲ្យ​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​អាច​មើល​ភាពយន្ត​ជា​ភាសា​ខ្មែរ​បាន។ កម្មវិធី​កម្សាន្ត ឬ Apps នេះ​មាន​ឈ្មោះ​ថា សូយ៉ូ (SOYO)

នាយក​គ្រប់គ្រង​ផ្នែក​អាជីវកម្ម​របស់ សូយ៉ូ (SOYO) នៃ​ក្រុមហ៊ុន​សប្បាយ លោក ស៊ុត ឈាងឡេង អះអាង​ថា កម្មវិធី​កម្សាន្ត SOYO គឺ​ជា​កម្មវិធី​កម្សាន្ត​ងាយស្រួល​ប្រើ​ដំបូង​គេ​មួយ ដែល​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ចល័ត ឬ​ថែបប្លិត (Tablet) អាច​ទស្សនា​ខ្សែ​ភាពយន្ត ឬ​វីដេអូ​ជា​ភាសា​ខ្មែរ​បាន « សូយ៉ូ (SOYO) ជា​កម្មវិធី​មើល​វីដេអូ​លើ​អនឡាញ វា​ដូច​នឹង​យូធូប (YouTube) ដែរ ប៉ុន្តែ​អា​នេះ​ពិសេស​ត្រង់​ថា​រឿង​យើង​ប្រមូល គឺ​រៀបចំ​សម្រាប់​ខ្មែរ ហើយ​យើង​ជា​ខ្មែរ​ទាំងអស់។ ឲ្យ​តែ​គាត់​មាន​អ៊ីនធឺណិត គាត់​អាច​ដោនឡូត (Download) កម្មវិធី​ហ្នឹង​មើល​បាន​ហើយ។ វា​មាន​រឿង​ហ្វ្រ៊ី (free) និង​រឿង​បង់​លុយ​នៅ​ក្នុង​ហ្នឹង​ដូច​គ្នា ហើយ​រឿង​ដែល​យើង​ដាក់​ហ្នឹង​មាន​កម្រិត HD ។ អ៊ីចឹង​វា​ងាយ​ស្រួល គាត់​ទៅ​ណា​ក៏​មើល​បាន ឲ្យ​គាត់​មាន​ក្នុង​ទូរស័ព្ទ​ដៃ ហើយ​គាត់​មាន​អ៊ីនធឺណិត​ខន់ណិច​ទៅ​មើល​បាន​ហើយ។ អ៊ីចឹង​វា​ផ្ដល់​ភាព​ងាយ​ស្រួល​សម្រាប់​អ្នក​ស្រឡាញ់​ភាពយន្ត​ក្រោយៗ គាត់​អាច​មើល​តាម​រយៈ​ទូរស័ព្ទ​បាន ពេល​ខ្លះ​យើង​អត់​មាន​ពេល​ទៅ​មើល​កុន​អី គឺ​យើង​អាច​មើល​បាន »

ក្រៅ​ពី​នេះ អ្នក​ចូល​ចិត្ត​ភាពយន្ត​ក៏​អាច​ទស្សនា​តាម​អ៊ីនធឺណិត​នៅ​លើ​កុំព្យូទ័រ​បាន​ដែរ។ លោក​បន្ត​ថា ក្រុមហ៊ុន​របស់​លោក បង្កើត​កម្មវិធី SOYO នេះ​ឡើង ព្រោះ​តែ​មើល​ឃើញ​ទីផ្សារ​ឌីជីថល ឬ​អ៊ីនធឺណិត​នៅ​កម្ពុជា កើន​ឡើង។ លោក ស៊ុត ឈាងឡេង បញ្ជាក់​ថា គោល​បំណង​សំខាន់ គឺ​ជួយ​លើក​ទឹក​ចិត្ត​ដល់​ផលិតករ​ភាពយន្ត​ឲ្យ​អាច​បង្កើត​អ្វី​ថ្មី​ទៀត « លើក​មុន​យើង​គិត​ថា​រឿង​ដែល​ផលិត​ហើយ​មិន​ដឹង​ចាក់​ទៅ​ណា បន្ទាប់​ពី​ទម្លាក់​កុន​ហើយ។ អ៊ីចឹង​លើក​នេះ គឺ​យើង​មាន​សូយ៉ូ ហើយ​ក៏​ជា​ផ្នែក​មួយ​កាត់​ចំណាយ​របស់​គាត់​ដែរ។ អ៊ីចឹង​ពួក​យើង​នឹង​ទទួល​ទិញ​រឿង​ទាំងអស់ ជាពិសេស​រឿង​ខ្មែរ​ហ្នឹង ហើយ Content ដែល​យើង​មាន​ច្រើន​ជាង​គេ គឺ​ខ្មែរ​ហ្នឹង រាល់​ថ្ងៃ​ដែល​យើង​ដាក់ គឺ​មាន ៣០ ឬ ៤០​រឿង​ជាង ភាគច្រើន​គឺ​ជា​រឿង​ខ្មែរ​ហ្នឹង។ យើង​ទិញ​ច្រើន​ដោយសារ​តែ​យើង​ផ្ដោត​លើ​ខ្មែរ​ច្រើន »

អ្នក​ផលិត​ភាពយន្ត​ខ្មែរ​នៃ​ក្រុមហ៊ុន 802 AD Film លោក សុខ វិសាល គាំទ្រ​ការ​បង្កើត​កម្មវិធី SOYO សម្រាប់​ទស្សនា​ភាពយន្ត​តាម​ប្រព័ន្ធ​ឌីជីថល ទូរស័ព្ទ​ដៃ ឬ​អ៊ីនធឺណិត​នេះ ថា​អាច​លើក​ទឹក​ចិត្ត​អ្នក​ផលិត​ភាពយន្ត ព្រោះ​វា​ជា​វិធី​មួយ​ដែល​ជួយ​ដល់​អ្នក​ផលិត​ភាពយន្ត ឬ​វីដេអូ​អាច​រក​ចំណូល​បាន​បន្ថែម​ទៀត ក្រោយ​ពី​ការ​ចាក់​បញ្ចាំង​នៅ​តាម​រោង​ភាពយន្ត និង​ទូរទស្សន៍​រួច​ហើយ « បន្តិច​ទៀត​គេ​មើល​តែ​លើ​ទូរស័ព្ទ ឬ​មើល​ទូរទស្សន៍​អ៊ីនធឺណិត មាន​ន័យ​ទូរទស្សន៍​ជំនាន់​ក្រោយៗ​គេ​ភ្ជាប់​អ៊ីនធឺណិត Wifi ទៅ គេ​អាច​មើល​កុន ឯកសារ​យូធូប ដូច platform SOYO អី​អ៊ីចឹង។ រាល់​ថ្ងៃ​ធម្មតា​ផលិតករ​នីមួយៗ កុន​យើង​ចេញ​ទៅ​រោង​កុន កុន​នៅ​ស្រុក​ខ្មែរ​ផង នៅ​ស្រុក​ក្រៅ​ផង ហើយ​បន្ទាប់​ជីវិត​នៅ​រោង​កុន​វា​ចប់​ហើយ យើង​នៅ​តែ​ចង់​ឲ្យ​កុន​យើង​នៅ​តែ​មាន​ចំណូល។ អ៊ីចឹង​ជំហាន​ទី​ពីរ យើង​ត្រូវ​តែ​រក​កន្លែង​ចាក់​ផ្សាយ​ល្អ​ជាង​ទុក​កុន​អត់​មាន​នរណា​មើល។ ភាគច្រើន​ផលិតករ​គាត់​ហ៊ាន​យក​កុន​ទៅ​ណា​ទេ ដោយសារ​ខ្លាច​គេ​យក​ទៅ​កូពី (Copy) ។ ឧបមា​ថា platform របស់​គាត់​ហ្នឹង គាត់​អាច​ការពារ​ពី​ការ​ដោនឡូត (download) កូពី​បាន​វា​ល្អ​ម្យ៉ាង ហើយ​បើ​បាន​នរណា​ឃ្លីក​មើល​ទៅ​បាន​ប៉ុន្មាន​សេន​ប៉ុន្មាន​កាក់​អី ក៏​វា​ល្អ​ម្យ៉ាង​ដែរ »

ឆ្លើយតប​ចំពោះ​សំណួរ​ដែល​ថា ការ​បង្កើត​កម្មវិធី​ទស្សនា​ភាពយន្ត​តាម​ឌីជីថល ទូរស័ព្ទ​ចល័ត ឬ​អ៊ីនធឺណិត នាំ​ឲ្យ​ប៉ះពាល់ ឬ​កាត់​បន្ថយ​អ្នក​ទស្សនា​នៅ​រោង​ភាពយន្ត ហើយ​ក៏​ប៉ះពាល់​ដល់​អ្នក​ផលិត​នោះ ត្រូវ​បាន​លោក សុខ វិសាល ថ្លែង​ថា មិន​ប៉ះពាល់​ទេ « តាម​អ៊ីនធឺណិត​អ៊ីចឹង លក្ខណៈ​ថា​វា​ស្មុគស្មាញ​ដែរ។ វា​អត់​ស្រួល​ដូច​រោង​កុន​ទេ។ នៅ​រោង​កុន ទិញ​សំបុត្រ​ហើយ គេ​ចូល​ទៅ​មើល ហើយ​បាន​ដើរ​ផ្សារ ប៉ុន្តែ​អា​ហ្នឹង​ក៏​វា​ល្អ​ម្យ៉ាង​ដែរ គ្រាន់​តែ​ថា​នៅ​អផ្សុក​ម្នាក់​អី​អាច​បើក​មើល​បាន »

រីឯ​លោក ស៊ុត ឈាងឡេង មាន​ប្រសាសន៍​ថា ខ្សែ​ភាពយន្ត ឬ​វីដេអូ​ដែល​លោក​ទិញ​មក​ដាក់​បញ្ចូល​ក្នុង​កម្មវិធី SOYO គឺ​ជា​ជម្រើស​ចុង​ក្រោយ​របស់​ម្ចាស់​ភាពយន្ត បន្ទាប់​ពី​បាន​ដាក់​នៅ​រោង​ភាពយន្ត និង​តាម​ទូរទស្សន៍​រួច​ហើយ។ លោក​បញ្ជាក់​ថា ភាពយន្ត ឬ​វីដេអូ​ដែល​លោក​យក​មក​ដាក់​លើ​កម្មវិធី SOYO សុទ្ធតែ​ស្រប​ច្បាប់ តាម​រយៈ​ការ​ទិញ​សិទ្ធិ មុន​នឹង​ដាក់​ផ្សាយ។

យុវជន​ផ្នែក​ព័ត៌មានវិទ្យា​ពី​សាកលវិទ្យាល័យ អាយ.អាយ.ស៊ី (IIC) លោក ហុង គីមហួរ ហាក់​នៅ​ស្ទាក់ស្ទើរ​ចំពោះ​ការ​និយម​ប្រើប្រាស់​កម្មវិធី​ថ្មី​នេះ ព្រោះ​អាច​មាន​ការ​លំបាក​សម្រាប់​អ្នក​ប្រើ​ក្នុង​ការ​បង់​ប្រាក់ ក៏ប៉ុន្តែ​លោក​យល់​ថា អាច​ជា​កម្មវិធី​មួយ​ល្អ​ដែរ។

លោក ឈាងឡេង មាន​ប្រសាសន៍​ថា កម្មវិធី SOYO ត្រូវ​បាន​ក្រុមហ៊ុន​សប្បាយ​ដាក់​ឲ្យ​ប្រើប្រាស់​តាំង​ថ្ងៃ​ទី​១៤ កក្កដា នៅ​លើ​ប្រព័ន្ធ អេនឌ្រោយ (Android)លើ​ទូរស័ព្ទ និង​លើ​វែបសាយ (website) ឬ​គេហទំព័រ។ រីឯ​កម្មវិធី អាយ.អូ.អេស (iOS)របស់​ទូរស័ព្ទ​អាយហ្វូន (iPhone) វិញ នឹង​អាច​ប្រើ​បាន​ក្នុង​រយៈពេល​មួយ​សប្ដាហ៍​ទៀត។ នៅ​ពេល​នេះ លោក​បាន​ដាក់​ផ្សាយ​ជាង ១០០​រឿង​ហើយ​នៅ​ក្នុង​កម្មវិធី SOYOហើយ​នឹង​ដាក់​បញ្ចូល​បន្ថែម​ជា​បន្តបន្ទាប់។ រឿង​ដែល​ដាក់​ក្នុង​កម្មវិធី SOYO ជា​រឿង​ពិបាក​រក។ ទោះ​ជា​យ៉ាង​ណា​ក្ដី កម្មវិធី​ទស្សនា​ភាពយន្ត​តាម​ឌីជីថល គឺ​ទូរស័ព្ទ​នេះ គឺ​ត្រូវ​បង់​ប្រាក់​តាម​ក្រុមហ៊ុន​ទូរស័ព្ទ​សែលកាត (Cellcard) ស្មាត (Smart) មិត្តហ្វូន (MetFone) ធនាគារ​អេស៊ីលីដា (Acleda) ក្រុមហ៊ុន​ផ្ទេរ​ប្រាក់ វីង (Wing) និង​ក្រុមហ៊ុន ផេ អែន ហ្គោ (Pay&Go) ចំនួន ៣​ដុល្លារ​ក្នុង​មួយ​ខែ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។