រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម អះអាងថា ក្រុមហ៊ុន មេស្កូ ហ្គោល (Mesco Gold) របស់ប្រទេសឥណ្ឌា នឹងទទួលបានអាជ្ញាប័ណ្ណធ្វើអាជីវកម្មរ៉ែមាសនៅភូមិពាក់ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី នៅពេលឆាប់ៗ។ ចំណែកក្រុមការងារនៃគណៈកម្មការទី៩ រដ្ឋសភា ក៏បានគាំទ្រគម្រោងផ្តល់អាជ្ញាប័ណ្ណធ្វើអាជីវកម្មរ៉ែមាសនេះដល់ក្រុមហ៊ុន ដើម្បីជំរុញឲ្យមានការអភិវឌ្ឍជូនប្រជាពលរដ្ឋរស់នៅតំបន់ធ្វើអាជីវកម្មរ៉ែមាសនោះ។
ការអះអាងរបស់ក្រសួងរ៉ែ និងថាមពល និងការគាំទ្ររបស់គណៈកម្មការទី៩ រដ្ឋសភា ធ្វើឡើងនៅក្នុងពិធីសម្ពោធអគារការិយាល័យការដ្ឋានក្រុមហ៊ុន មេស្កូ ហ្គោល ឋិតនៅភូមិពាក់ នៅថ្ងៃទី៣ ខែកុម្ភៈ។
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម ថ្លែងបញ្ជាក់ជូនគណៈប្រតិភូនៃគណៈកម្មការទី៩ រដ្ឋសភា ដឹកនាំដោយ លោកស្រី និន សាផុន មន្ត្រីអាជ្ញាធរមូលដ្ឋានខេត្តរតនគិរី រួមទាំងតំណាងក្រុមហ៊ុនថា បន្ទាប់ពីការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញបានបញ្ចប់រយៈពេលតែមួយសប្ដាហ៍ប៉ុណ្ណោះ ក្រសួងរ៉ែ នឹងផ្តល់អាជ្ញាប័ណ្ណជូនក្រុមហ៊ុន ដើម្បីទទួលបានសិទ្ធិពេញលេញធ្វើអាជីវកម្មរ៉ែមាសនៅខេត្តរតនគិរី។ លោកបន្តថា ក្រសួងបានទទួលលិខិតបទដ្ឋាន និងពិនិត្យសព្វគ្រប់ ទាក់ទិនសំណើសុំអាជ្ញាប័ណ្ណធ្វើអាជីវកម្មរបស់ក្រុមហ៊ុនហើយ។ ហេតុនេះ ក្រុមហ៊ុនត្រូវបន្តរៀបចំលក្ខណៈសម្បត្តិដំណើរការធ្វើអាជីវកម្មរ៉ែមាសនៅពេលឆាប់ៗខាងមុខនេះ៖ « ការសិក្សាផលប៉ះពាល់ធ្វើចប់ហើយ នៅតែធ្វើក្រដាសស្នាមទេ អត់មានបញ្ហាទេ អាចដំណើរការទៅបាន។ ចំពោះខ្ញុំ ឲ្យតែឯកសារបរិស្ថានចប់សព្វគ្រប់មកដល់ខ្ញុំ ខ្ញុំសន្យាតែមួយអាទិត្យទេ »។
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក ម៉េង សក្តិធារ៉ា បញ្ជាក់កាលពីដើមសប្ដាហ៍នេះថា ឯកសារពាក់ព័ន្ធការស្នើសុំធ្វើអាជីវកម្មរ៉ែមាសរបស់ក្រុមហ៊ុន មេស្កូ ហ្គោល កំពុងឋិតក្នុងការត្រួតពិនិត្យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ស៊ី.ឌី.ស៊ី = Cambodia Development Council) ដែលនឹងកោះប្រជុំអន្តរក្រសួងវាយតម្លៃពីគម្រោងនេះ។
អនុប្រធានគណៈកម្មការទី៩ រដ្ឋសភា លោក ម៉ៅ មុនីវណ្ណ ដែលបានចូលរួមធ្វើទស្សនកិច្ចនៅការដ្ឋាន និងពិនិត្យមើលបទបង្ហាញពីលក្ខណៈបច្ចេកទេស និងគោលការណ៍អភិវឌ្ឍន៍របស់ក្រុមហ៊ុន មេស្កូ ហ្គោល សម្ដែងការពេញចិត្តចំពោះគម្រោងវិនិយោគរ៉ែមាសមួយនេះ។ លោកសង្កត់ធ្ងន់ថា គម្រោងនេះមិនមានផលប៉ះពាល់ប្រជាពលរដ្ឋ ហើយនឹងរួមចំណែកផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋជនជាតិដើមជាម្ចាស់តំបន់មានរ៉ែមាសនេះ៖ « ខ្ញុំលើកទឹកចិត្ត និងជំរុញឲ្យក្រុមហ៊ុនបន្តធ្វើការជាមួយសហគមន៍ឲ្យបានល្អប្រសើរ ដើម្បីការអភិវឌ្ឍដោយសុខដុមរមនាជាមួយគ្នា »។
តាមការគ្រោងទុក ក្រុមហ៊ុនឈ្មោះ មេស្កូ ហ្គោល របស់ប្រទេសឥណ្ឌា នឹងធ្វើអាជីវកម្មរ៉ែមាសនៅភូមិពាក់ រយៈពេល ៣០ឆ្នាំ លើផ្ទៃដីខាងលើ ៥០ហិកតារ ជម្រៅចុះទៅក្រោមដី ៣០ម៉ែត្រ និងទំហំវិនិយោគក្រោមដី ១២គីឡូម៉ែត្រការ៉េ បន្ទាប់ពីក្រសួងរ៉ែ និងថាមពល ផ្តល់អាជ្ញាប័ណ្ណធ្វើអាជីវកម្មមកឲ្យក្រុមហ៊ុន។
អនុប្រធានក្រុមហ៊ុន មេស្កូ ហ្គោល លោក រ៉ាជីវ ខេ ម៉ូតហ្យីល (Rajeed K. Moudguil) អះអាងដែរថា នៅពេលបញ្ចប់កិច្ចសន្យាវិនិយោគនេះ ក្រុមហ៊ុននឹងប្រគល់ទីតាំងដីជូនទៅរាជរដ្ឋាភិបាលគ្រប់គ្រង រួមទាំងលុបរណ្ដៅរ៉ែឲ្យត្រឹមត្រូវ។ លោកបន្តថា ផលប៉ះពាល់ប្រជាពលរដ្ឋជនជាតិដើមភាគតិចនៅតំបន់នោះ ត្រូវបានដោះស្រាយត្រឹមត្រូវ។ លើសពីនេះទៀត ក្រុមហ៊ុននឹងផ្តល់ការងារជូនប្រជាពលរដ្ឋនៅតំបន់នោះជាអាទិភាព និងចូលរួមអភិវឌ្ឍសហគមន៍តំបន់នោះទៀតផង៖ « ក្រុមហ៊ុនយកចិត្តទុកដាក់ស្ដារបរិស្ថានឡើងវិញឲ្យបានត្រឹមត្រូវដែរ ហើយក្រោយពីការសាងសង់អណ្ដូង ក្រុមហ៊ុននឹងលុបរណ្ដៅ ហើយដាំដើមឈើឡើងវិញ »។
ក្រុមហ៊ុន មេស្កូ ហ្គោល គ្រោងចំណាយថវិកាប្រមាណ ៤០៨លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ចំណាយលើគម្រោងវិនិយោគរ៉ែមាសនេះ ក្នុងនោះក្រុមហ៊ុនត្រូវបង់ពន្ធចូលថវិកាជាតិប្រមាណ ១០៥លានដុល្លារ។ ក្រុមហ៊ុននេះរំពឹងថា នឹងរកប្រាក់ចំណូលបាន ៤៥៧លានដុល្លារសហរដ្ឋអាមេរិក ក្រោយពីដកប្រាក់ពន្ធរួចរាល់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។