ប្រធានក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ គ្រោងដាក់លិខិតដាច់ដោយឡែកមួយច្បាប់ទៀតទៅក្រសួងរ៉ែ និងថាមពល ឲ្យបកស្រាយជុំវិញរឿងក្រុមហ៊ុនធ្វើអាជីវកម្មខ្សាច់ខ្នាតធំមួយចំនួន នៅតែមានសកម្មភាពតាមប្រព័ន្ធស្ទឹងក្នុងខេត្តកោះកុង។ ពលរដ្ឋនៅមូលដ្ឋានអះអាងថា ពិតជានៅមានក្រុមហ៊ុនខ្នាតធំខ្លះ កំពុងបន្តសកម្មភាពរបស់ខ្លួនមែន ហើយពួកគេស្នើឲ្យក្រសួងចុះទៅពិនិត្យរឿងនេះដោយផ្ទាល់។
បន្ទាប់ពីខកខានមិនបានទទួលការឆ្លើយតបពីក្រសួងរ៉ែ និងថាមពល រឿងការនាំចេញខ្សាច់ស៊ីលីកា ឬខ្សាច់ស ទៅបរទេសនោះ ពេលនេះលោក សុន ឆ័យ ដែលជាអនុប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា កំពុងរៀបចំលិខិតមួយច្បាប់ទៀតដាក់ទៅក្រសួងរ៉ែ និងថាមពល ដើម្បីឲ្យក្រសួងជំនាញមួយនេះបំភ្លឺរឿងប្រសិទ្ធភាពនៃការអនុវត្តសារាចរ និងប្រកាសស្ដីពីការបញ្ឈប់ការធ្វើអាជីវកម្មខ្សាច់នៅខេត្តកោះកុង។
លោក សុន ឆ័យ បញ្ជាក់ប្រាប់អាស៊ីសេរីនៅថ្ងៃទី៣០ កក្កដា ថា លោកមានគម្រោងធ្វើបែបនេះ ដោយសារទទួលបានព័ត៌មានថា មានក្រុមហ៊ុនធ្វើអាជីវកម្មខ្សាច់ខ្នាតធំមួយចំនួន នៅតែបន្តប្រតិបត្តិការរបស់ខ្លួនតាមប្រព័ន្ធស្ទឹងក្នុងខេត្តកោះកុង ជាពិសេសការដ្ឋានលាងខ្សាច់មួយកន្លែងនៅតំបន់កោះស្មាច់ ដែលស្ថិតក្នុងដែនជម្រកសត្វព្រៃតាតៃ៖ « យើងទាមទារឲ្យមានការចាត់វិធានការឲ្យបានច្បាស់លាស់ ព្រោះមានការបញ្ជាក់ពីមន្ត្រីក្រសួងរ៉ែ និងថាមពល ថាការដ្ឋានដែលបានរៀបចំហើយនោះ ត្រូវរើរុះចេញ តែយើងមិនឃើញមានការរើរុះទេ ហើយចំណុចមួយចំនួនទៀតនៅមានបន្តមានសកម្មភាពនៅឡើយ ដូច្នេះបានជាចាំបាច់ត្រូវយើងធ្វើលិខិតមួយទៀត ដើម្បីបញ្ជាក់លើសារាចរដែលក្រសួងទើបចេញថ្មីៗនេះ » ។
លោក សុន ឆ័យ បញ្ជាក់ថា លិខិតថ្មីនេះ នឹងត្រូវបញ្ជូនទៅរដ្ឋសភា ដើម្បីឲ្យប្រធានរដ្ឋសភា លោក ហេង សំរិន ចុះហត្ថលេខា រួចបញ្ជូនបន្តទៅក្រសួងរ៉ែ និងថាមពល។ លោកថា ការធ្វើអាជីវកម្មរ៉ែខ្សាច់នៅខេត្តកោះកុង បានបង្កផលប៉ះពាល់ជាច្រើនដល់បរិស្ថាន និងពលរដ្ឋនៅក្នុងមូលដ្ឋាន តែផលប្រយោជន៍បែរជាធ្លាក់ក្នុងដៃក្រុមឈ្មួញ និងមន្ត្រីខិលខូច ដូច្នេះនេះជារឿងចាំបាច់ត្រូវតែតាមដាន៖ « យើងនៅតែបន្តទាមទារមិនអាចឲ្យក្រសួងហ្នឹងបំភ្លេចលិខិតមុនៗរបស់យើងទេ ពាក់ព័ន្ធនឹងការបញ្ជាក់ពីចំនួនខ្សាច់ដែលបានយកទៅលក់រួចហើយហ្នឹងច្រើនតោនដោយខុសច្បាប់ ហើយមិនបានចំណូលទៅថវិកាជាតិនោះ ត្រូវតែមានការឆ្លើយបំភ្លឺដែរ » ។
អាស៊ីសេរី មិនអាចទាក់ទងមន្ត្រីក្រសួងរ៉ែ និងថាមពល ដើម្បីឆ្លើយតបរឿងនេះបានឡើយនៅថ្ងៃទី៣០ កក្កដា ដោយមន្ត្រីខ្លះជាប់រវល់ប្រជុំ និងខ្លះទៀតមិនលើកទូរស័ព្ទ។ ក៏ប៉ុន្តែមន្ត្រីនាំពាក្យក្រសួងរ៉ែ និងថាមពល ធ្លាប់បានបញ្ជាក់ពេលក្រសួងចេញប្រកាសថា ក្រុមហ៊ុនណាដែលទទួលបានអាជ្ញាប័ណ្ណធ្វើអាជីវកម្មសម្រាប់នាំចេញ ត្រូវតែបញ្ឈប់សកម្មភាពរបស់ខ្លួន ហើយអាជីវកម្មទាញយកខ្សាច់ខ្នាតធំ ត្រូវបានហាមឃាត់ស្ទើរតែទាំងស្រុងនៅតាមប្រព័ន្ធស្ទឹងក្នុងខេត្តកោះកុង។
តំណាងក្រុមស្ត្រីនៃសហគមន៍កោះស្រឡៅ លោកស្រី ម៉ូត សុផា អះអាងប្រាប់អាស៊ីសេរីថា កាលពីថ្ងៃទី២០ កក្កដា លោកស្រី និងពលរដ្ឋផ្សេងទៀត បានទៅដល់តំបន់កោះស្មាច់ និងបានឃើញការដ្ឋានលាងខ្សាច់នៅទីនោះកំពុងធ្វើសកម្មភាពដូចធម្មតា ដោយមានទាំងគ្រឿងចក្រ និងសាឡង់ដឹកខ្សាច់មួយចំនួនផង។
លោកស្រីអះអាងថា ក្រុមពលរដ្ឋនៅសហគមន៍កោះស្រឡៅ និងសកម្មជនបរិស្ថាន នឹងធ្វើដំណើរទៅតំបន់នោះទៀតនៅពេលដ៏ខ្លីខាងមុខនេះ ដើម្បីទៅពិនិត្យមើលថា តើការដ្ឋាននោះនៅមានសកម្មភាពទៀតឬអត់?៖ « រឿងនេះសូមឲ្យក្រសួងចុះមកដោះស្រាយដោយផ្ទាល់ ព្រោះការដ្ឋានលាងខ្សាច់ ដាច់ខាតគឺមិនឲ្យមាននៅតំបន់នោះឡើយ ព្រោះស្ថិតក្នុងដែនជម្រកសត្វព្រៃតាតៃ។ អ៊ីចឹងត្រូវតែរុះរើចេញ ហើយសាឡង់ក៏មិនត្រូវបញ្ឈរនៅតំបន់ដែរ ព្រោះខ្សែទឹកខាងលើ បង្កបញ្ហាដល់សហគមន៍កោះស្រឡៅ ដែលស្ថិតនៅខ្សែទឹកខាងក្រោម » ។
លោកស្រី ម៉ូត សុផា និងពលរដ្ឋនៅសហគមន៍កោះស្រឡៅ នៅតែទាមទារឲ្យមានការបញ្ឈប់ការធ្វើអាជីវកម្មខ្សាច់ ដោយប្រមូលយកគ្រឿងចក្រ និងសាឡង់ដឹកខ្សាច់ចេញពីតំបន់នោះឲ្យអស់តែម្តង ដើម្បីពួកគាត់មានឱកាសស្ដារជីវភាពរស់នៅឡើងវិញ ក្រោយពីរងផលប៉ះពាល់ពីការបូមខ្សាច់អស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។