លោក សុន ឆ័យ ស្នើ​ក្រសួង​រ៉ែ​បង្ហាញ​ឯកសារ​លម្អិត​រឿង​នាំ​ខ្សាច់​ស​ទៅ​ក្រៅ​ប្រទេស

0:00 / 0:00

ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ តាម​រយៈ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម ដើម្បី​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​រូប​នេះ​បង្ហាញ​ព័ត៌មាន និង​ឯកសារ​ផ្លូវការ​ទាក់ទង​នឹង​ការ​នាំ​ខ្សាច់​ស៊ីលីកា ឬ​ខ្សាច់​ស ចេញ​ទៅ​ក្រៅ​ប្រទេស។ ក្រសួង​រ៉ែ និង​ថាមពល បាន​ទទួល​សំណើ​នេះ​ហើយ និង​កំពុង​រៀបចំ​ឯកសារ​ឆ្លើយតប​នឹង​លោក សុន ឆ័យ វិញ។

ឯកសារ​លម្អិត​ដែល​លោក សុន ឆ័យ ស្នើ​ឲ្យ​ក្រសួង​រ៉ែ និង​ថាមពល បង្ហាញ​នោះ មាន​ដូចជា លិខិត​ចម្លង​វិញ្ញាបនបត្រ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​ដែល​ត្រូវ​បាន​ផ្តល់​អាជ្ញាប័ណ្ណ បញ្ជី​ឈ្មោះ​ទីតាំង​ការដ្ឋាន​ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រមូល​យក​ខ្សាច់​ស៊ីលីកា ឯកសារ​ថត​ចម្លង​ពី​អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម និង​របាយការណ៍​វាយ​តម្លៃ​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម។ លោក សុន ឆ័យ ក៏​ស្នើ​ឲ្យ​បង្ហាញ​ពី​តួលេខ​សរុប​នៃ​ការ​នាំ​ចេញ​ខ្សាច់​ស៊ីលីកា គិត​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ដល់​បច្ចុប្បន្ន វិក្កយបត្រ​នាំ​ចេញ បញ្ជី​ឈ្មោះ​ប្រទេស​ដែល​នាំ​ចូល​ខ្សាច់​ស៊ីលីកា​ពី​កម្ពុជា តម្លៃ​សរុប​នៃ​ការ​នាំ​ចេញ និង​ចំនួន​ថវិកា​សរុប​បាន​ពី​ការ​ប្រមូល​ពន្ធ​សួយសារអាករ។

លោក សុន ឆ័យ បញ្ជាក់​ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៤ មិថុនា ថា ការ​ស្នើសុំ​ឯកសារ​លម្អិត​នេះ គឺ​ដើម្បី​ពង្រឹង​នូវ​តម្លាភាព និង​គណនេយ្យភាព ព្រម​ទាំង​ស្រាយ​ចម្ងល់​នានា​ពាក់ព័ន្ធ​នឹង​អាជីវកម្ម​នាំ​ចេញ​ខ្សាច់​មួយ​ប្រភេទ​នេះ « បន្ត​មក​ទៀត​នេះ លេច​ឮ​សកម្មភាព​ជួញដូរ​ខ្សាច់​ស៊ីលីកា យើង​ត្រូវ​តែ​ឲ្យ​ក្រសួង​ហ្នឹង​បង្ហាញ​អំពី​គោលការណ៍ អំពី​ក្រុមហ៊ុន ការ​នាំ​ចេញ និង​ព័ត៌មាន​ពាក់ព័ន្ធ​ដទៃ​ទៀត ដើម្បី​ឲ្យ​យើង​ដឹង​មុន និង​មាន​វិធានការ​អ្វី​ផ្សេង​ទៀត »

ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ស្នើសុំ​ព័ត៌មាន​លម្អិត​ពាក់ព័ន្ធ​នឹង​អាជីវកម្ម​នាំ​ចេញ​ខ្សាច់​ស៊ីលីកា នេះ ដោយសារ​តែ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ក្រសួង​រ៉ែ និង​ថាមពល បាន​ប្រកាស​ផ្អាក​ជា​បណ្ដោះអាសន្ន​នូវ​ការ​ផ្តល់​អាជ្ញាប័ណ្ណ​ថ្មី និង​ការ​នាំ​ចេញ​ខ្សាច់​ទៅ​ក្រៅ​ប្រទេស ក៏ប៉ុន្តែ​នៅ​ដើម​ខែ​ឧសភា ឆ្នាំ​២០១៧ កន្លង​ទៅ​ថ្មីៗ​នេះ ក្រសួង​បែរ​ជា​ប្រកាស​ថា ការ​ផ្អាក​នាំ​ចេញ​ខ្សាច់​ទៅ​ក្រៅ​ប្រទេស​នៅ​តែ​មាន​ជា​ធរមាន​ដដែល លើកលែង​តែ​ខ្សាច់​ស៊ីលីកា​ប៉ុណ្ណោះ។ ការ​ប្រកាស​របស់​ក្រសួង​នេះ ធ្វើ​ឡើង​នៅ​ក្រោយ​ពេល​សកម្មជន​បរិស្ថាន​រក​ឃើញ​ថា មាន​កប៉ាល់​ផ្ទុក​ខ្សាច់​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស កំពុង​ប្រតិបត្តិការ​នៅ​ខេត្ត​ព្រះសីហនុ។

លោក សុន ឆ័យ អះអាង​ថា លោក​មិន​ដែល​បាន​ឃើញ​លិខិត​ផ្លូវការ​ណា​មួយ​អំពី​ការ​ផ្អាក​ផ្តល់​អាជ្ញាប័ណ្ណ និង​នាំ​ខ្សាច់​ចេញ​ទៅ​ក្រៅ​ប្រទេស ព្រម​ទាំង​លិខិត​លើកលែង​ការ​នាំ​ខ្សាច់​ស៊ីលីកា​ទៅ​ក្រៅ​ប្រទេស​ឡើយ « យើង​ទាមទារ​ឲ្យ​គាត់​ឆ្លើយ​មក​រដ្ឋសភា​នៅ​ពេល​នេះ ហើយ​បើ​គាត់​ឆ្លើយ​របៀប​ខ្វះ​ការ​ទទួល​ខុស​ត្រូវ​ដូច​មុន​ទៀត យើង​នឹង​ប្រើប្រាស់​វិធានការ​ផ្សេង​ទៀត​ដែល​គណបក្ស​ក្រៅ​រដ្ឋាភិបាល​មិន​ទាន់​បាន​អនុវត្ត គឺ​ការ​ហៅ​មក​បោះឆ្នោត​ទម្លាក់​ពី​តំណែង។ រដ្ឋមន្ត្រី ស៊ុយ សែម ធ្លាប់​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​គណៈកម្មការ​ជំនាញ​ម្តង ដោយ​ឆ្លើយ​គ្មាន​អ្វី​ច្បាស់លាស់​ទេ ហើយ​ពេល​គាត់​ចេញ​មក អ្នក​កាសែត​សួរ គាត់​មិន​ទាំង​ហ៊ាន​ឆ្លើយ​ផង។ ទាំងអស់​នេះ​បង្ហាញ​ពី​ភាព​អសមត្ថភាព និង​ការ​លាក់​កំបាំង​នូវ​កំហុស​ឆ្គង​របស់​គាត់​ក្នុង​ការងារ​ជា​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល »

អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក ឌិត ទីណា បញ្ជាក់​ថា ក្រសួង​បាន​ទទួល​លិខិត​នេះ​ហើយ ហើយ​លោក​កំពុង​ពិនិត្យ​មើល​សំណើ​នោះ។ លោក​អះអាង​ថា មាន​ចំណុច​មួយ​ចំនួន​នៃ​ការ​ស្នើសុំ​នេះ មិន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​រ៉ែ និង​ថាមពល នោះ​ទេ ដូច្នេះ​ក្រសួង​អាច​ផ្តល់​ឲ្យ​តែ​ឯកសារ​ណា​ដែល​ស្ថិត​ក្រោម​ដែន​អំណាច​របស់​ខ្លួន​ប៉ុណ្ណោះ « យើង​ទើប​នឹង​បាន​ទទួល ( លិខិត ) នៅ​ល្ងាច​នេះ។ អ៊ីចឹង​យើង​នឹង​ពិនិត្យ ហើយ​នឹង​រក​ឯកសារ​ផ្តល់​ជូន​ឆាប់ៗ​បំផុត ព្រោះ​ការងារ​នេះ ប្រជាពលរដ្ឋ​ក៏​គាត់​ចង់​ដឹង អ្នក​សារព័ត៌មាន​ក៏​ចង់​ដឹង »

ជុំវិញ​រឿង​នេះ ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alexandro Gonzales Davidson) អះអាង​ថា ក្រុម​របស់​លោក​កំពុង​ស៊ើប​អង្កេត​ករណី​នាំ​ខ្សាច់​ស៊ីលីកា​ចេញ​ទៅ​ក្រៅ​ប្រទេស។ លោក​បញ្ជាក់​ថា ខ្សាច់​ប្រភេទ​ស៊ីលីកា​រាប់​សែន​តោន ដែល​គិត​ជា​ទឹកប្រាក់​រាប់​សិប​លាន​ដុល្លារ​អាមេរិក ត្រូវ​បាន​នាំ​ចេញ​ពី​កម្ពុជា ដោយ​គេច​ពន្ធ ដើម្បី​យក​ទៅ​លក់​នៅ​ប្រទេស​មួយ​ចំនួន​នៃ​ទ្វីប​អាស៊ី ដូចជា​ចិន និង​កោះ​តៃវ៉ាន់ ជាដើម « ការ​ធ្វើ​អាជីវកម្ម​ទាញ​យក​ខ្សាច់​ស៊ីលីកា មិន​សូវ​ប៉ះពាល់​ដល់​បរិស្ថាន និង​សហគមន៍​មូលដ្ឋាន​ក៏ដោយ ក៏​យើង​នៅ​តែ​ចាត់​ទុក​ថា​ជា​សកម្មភាព​ដែល​មិន​អាច​ទទួល​យក​បាន​ទេ ព្រោះ​នាំ​ខ្សាច់​ចេញ​ទៅ​ប្រទេស​តៃវ៉ាន់ ចិន និង​ប្រទេស​មួយ​ចំនួន​ទៀត ហើយ​គេច​ពន្ធ ហើយ​ប្រទេស​ជាតិ​ទាំងមូល​មិន​ទទួល​បាន​ផល​ប្រយោជន៍​អ្វី​ទាំងអស់​ហ្នឹង។ មាន​តែ​ក្រុមហ៊ុន​ឯកជន និង​អ្នក​មាន​អំណាច​មួយ​ចំនួន​ដែល​ក្លាយ​ជា​អ្នក​មាន​ទេ ប៉ុន្តែ​ពលរដ្ឋ និង​ប្រទេស​កម្ពុជា មិន​ទទួល​បាន​ផល​ចំណេញ​អ្វី​ទាំងអស់។ ដូច្នេះ​យើង​នឹង​បង្កើត​យុទ្ធនាការ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​ខ្សាច់​ប្រភេទ​ស៊ីលីកា​នេះ ត្រូវ​គេ​ឈប់​ទិញ​នៅ​ប្រទេស​មួយ​ចំនួន​នៃ​ទ្វីប​អាស៊ី »

អង្គការ​មាតា​ធម្មជាតិ ទាមទារ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​នាំ​ខ្សាច់​ស៊ីលីកា​ដែល​ជា​ខ្សាច់​បម្រើ​ឲ្យ​ឧស្សាហកម្ម​ផលិត​កែវ ដប និង​កញ្ចក់ ចេញ​ទៅ​ក្រៅ​ប្រទេស ដូច​ករណី​ផ្អាក​ការ​នាំ​ចេញ​ខ្សាច់​ចាក់​បំពេញ​ដែរ។

ករណី​នាំ​ខ្សាច់​ស៊ីលីកា​ចេញ​ទៅ​ក្រៅ​ប្រទេស​នេះ អាច​នឹង​ក្លាយ​ជា​បញ្ហា​ចម្រូងចម្រាស និង​ជា​រឿង​អាស្រូវ​ថ្មី​មួយ​ទៀត​សម្រាប់​រដ្ឋាភិបាល​កម្ពុជា ជុំវិញ​ការ​គ្រប់គ្រង​ធនធាន​រ៉ែ​ខ្សាច់។

កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៦ កន្លង​ទៅ រឿង​អាស្រូវ​នាំ​ខ្សាច់​ចេញ​ទៅ​សិង្ហបុរី បាត់​ទឹកប្រាក់​ជាង ៧០០​លាន​ដុល្លារ​អាមេរិក បាន​ផ្ទុះ​ឡើង ហើយ​នៅ​ដើម​ឆ្នាំ​២០១៧ ករណី​ថ្មី​មួយ​ទៀត​ត្រូវ​បាន​រក​ឃើញ គឺ​ការ​បាត់​តួលេខ​នាំ​ចេញ​ខ្សាច់​ទៅ​ប្រទេស​ឥណ្ឌា ដែល​មាន​ទឹកប្រាក់​ជិត ៣​លាន​ដុល្លារ​អាមេរិក។

ករណី​ទាំង​ពីរ​នេះ ធ្វើ​ឲ្យ​អ្នក​នយោបាយ​បក្ស​ប្រឆាំង សកម្មជន​បរិស្ថាន និង​ពលរដ្ឋ​មួយ​ចំនួន​មាន​មន្ទិល​ជុំវិញ​រឿង​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ និង​តម្លាភាព​នៃ​ការ​គ្រប់គ្រង​ធនធាន​រ៉ែ​របស់​ក្រសួង​រ៉ែ និង​ថាមពល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។