មន្ត្រីជាន់ខ្ពស់ផ្នែកព្រៃឈើ នៃអង្គការទីភ្នាក់ងារស៊ើបអង្កេតបរិស្ថាន (EIA) ផ្តាំទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កុំឲ្យសម្លាប់ខ្លួន បើទោះបីជាខកសន្យារឿងទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើមិនបាន ក្រោយអង្គការនេះរកឃើញការកាប់បំផ្លាញព្រៃឈើ និងនាំឈើចេញពីប្រទេសកម្ពុជា ទៅប្រទេសវៀតណាម រាប់សែនម៉ែត្រគូបក្នុងអំឡុងពេលដែលរដ្ឋាភិបាល ប្រកាសថា បានហាមឃាត់ការនាំឈើចេញទៅក្រៅប្រទេស។
លោក ចាហ្គោ វ៉ាដលេ (Jago Wadley) មន្ត្រីជាន់ខ្ពស់ផ្នែកយុទ្ធនាការព្រៃឈើនៃអង្គការ អ៊ី.អាយ.អេ (EIA) នៅថ្ងៃសុក្រ ទី១៩ ខែឧសភា ប្រាប់អាស៊ីសេរី ថាលោកសូមផ្ដល់ជាឱវាទដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សូមកុំឲ្យសម្លាប់ខ្លួន បើទោះជាបរាជ័យក្នុងការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ដូចធ្លាប់សន្យាក៏ដោយ៖ «ចំពោះការសន្យារបស់លោក ហ៊ុន សែន ដែលថា គាត់ហ៊ានកាត់ក្បាលគាត់ចោល បើសិនជាទប់ស្កាត់បទល្មើសព្រៃឈើមិនបាន។ ខ្ញុំសូមជម្រាបថា អង្គការ អ៊ី.អាយ.អេ មិនតស៊ូមតិឲ្យមានអំពើហិង្សាណាមួយកើតឡើងនោះទេ។ ដូច្នេះ ខ្ញុំសូមផ្ដល់ដំបូន្មានទៅលោក ហ៊ុន សែន សុំកុំធ្វើតាមការសន្យានោះអី»។
របាយការណ៍របស់អង្គការ EIA ដែលចេញផ្សាយនៅថ្ងៃទី៨ ខែឧសភា និងឯកសារភស្តុតាងបន្ថែមស្ដីពីការនាំចេញឈើពីកម្ពុជាទៅវៀតណាម ដែលចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧បានរកឃើញថា គ្រាន់តែពីខែមករា ឆ្នាំ២០១៦ ដល់ត្រឹមខែមីនា ឆ្នាំ២០១៧ មន្ត្រីគយវៀតណាម បានកត់ត្រាឯកសារពន្ធគយលើការនាំឈើ និងគ្រឿងធ្វើពីឈើចេញពីប្រទេសកម្ពុជា ទៅវៀតណាម មានទឹកប្រាក់រហូតដល់ជិត ៣០០លានដុល្លារអាមេរិក។ ឯកសារផ្លូវការរបស់គយវៀតណាម ដដែលបញ្ជាក់ទៀតថា ឈើដែលនាំចេញពីប្រទេសកម្ពុជា ជាង ២,៣ម៉ឺនម៉ែត្រគូប (២៣០.០០០) ត្រូវបានកត់ត្រាក្នុងបញ្ជីវិក្កយបត្រលក់ និងដឹកជញ្ជូនទៅប្រទេសវៀតណាម។ អង្គការនេះ រកឃើញការកាប់បំផ្លាញព្រៃយ៉ាងរង្គាល នៅក្នុងតំបន់ព្រៃការពារ ក្នុងឧទ្យានជាតិវីរជ័យ ខេត្តរតនគិរី នៅជាប់ព្រំដែនវៀតណាម នៅក្នុងរយៈពេលស៊ើបអង្កេតខាងលើដែលក្នុងរយៈពេលនេះ គឺស្ថិតក្នុងអំឡុងពេលដែលរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីណែនាំស្ដីពីវិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ។
អង្គការ EIA រកឃើញទៀតថា បម្រាមរបស់រដ្ឋាភិបាលកម្ពុជា គ្មានប្រសិទ្ធភាព ដោយសារការកាប់បំផ្លាញព្រៃឈើ និងនាំឈើចេញទៅប្រទេសវៀតណាម ប្រព្រឹត្តឡើងដោយមន្ត្រីខ្មែរ រួមទាំងមន្ត្រីយោធាផង ដែលពុករលួយ ឃុបឃិតគ្នាជាមួយឈ្មួញវៀតណាម។
នៅប៉ុន្មានម៉ោងក្រោយអង្គ EIA ចេញរបាយការណ៍នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញសេចក្ដីណែនាំស្ដីពីវិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើមួយទៀតនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ នោះ បន្ថែមទៅលើសេចក្ដីណែនាំស្រដៀងគ្នានេះ ដែលចេញកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦ កន្លងមក។ ក្រសួងកសិកម្មទទួលស្គាល់ថា បម្រាមពីមុនរបស់ខ្លួនគ្មានប្រសិទ្ធភាព ដោយសារសកម្មភាពកាប់បំផ្លាញព្រៃឈើ និងការដឹកជញ្ជូនឈើល្មើសច្បាប់បានកក្រើកឡើងវិញនៅតាមបណ្ដាខេត្តមួយចំនួនគួរឲ្យកត់សម្គាល់។ ទោះជាយ៉ាងនេះក្តី ក្រសួងការពារជាតិ និងក្រសួងបរិស្ថានបដិសេធរបាយការណ៍ដែលថា មានការកាប់បំផ្លាញព្រៃឈើ និងនាំឈើចេញខុសច្បាប់ដ៏សន្ធឹកបែបនេះ។
ប្រតិកម្មទៅនឹងភាពមិនស៊ីចង្វាក់គ្នានៃការធ្វើសេចក្ដីថ្លែងការណ៍របស់ក្រសួងផ្សេងៗរបស់រដ្ឋាភិបាល ពាក់ព័ន្ធនឹងរបាយការណ៍ស៊ើបអង្កេតពីការការបំផ្លាញព្រៃឈើ និងជួយដូរឈើខុសច្បាប់បែបនេះ លោក ចាហ្គោ វ៉ាដលេ លើកឡើងថា លោកមិនយល់ហេតុអ្វីបានក្រសួងនានាខ្វែងយោបល់គ្នាយ៉ាងដូច្នេះ។ លោកទទួលដំណឹងថា ចំពោះមន្ត្រីរដ្ឋាភិបាលពីក្រសួងបរិស្ថាន ដែលបដិសេធរបាយការណ៍នេះ គឺមកពីមិនបានសិក្សាព័ត៌មានស្រាវជ្រាវនេះ ឲ្យបានល្អិតល្អន់ជាមុនសិនទេមុននឹងបដិសេធ។ ដូច្នេះលោកជឿថា មន្ត្រីរដ្ឋាភិបាលដែលបដិសេធភស្តុតាងរបស់ EIA បដិសេធទាំងមិនដឹងរឿង។
លោក ចាហ្គោ វ៉ាដលេ (Jago Wadley) ទទូចសុំឲ្យមន្ត្រីរដ្ឋាភិបាលរូបណាក៏ដោយ មុននឹងចេញសេចក្ដីថ្លែងការណ៍ជាសាធារណៈណាមួយដែលបដិសេធទៅនឹងរបាយការណ៍ស្រាវជ្រាវស៊ីជម្រៅបែបនេះ គប្បីធ្វើឡើងប្រកបដោយការទទួលខុសត្រូវ៖ «យើងចង់ឃើញអ្នកដែលមានភារកិច្ចក្នុងការពង្រឹងការអនុវត្តច្បាប់ ត្រូវចេះសិក្សាព័ត៌មានឲ្យបានល្អិតល្អន់ជាមុនសិនមុននឹងចេញសេចក្ដីថ្លែងការណ៍អ្វីមួយ។ សេចក្ដីថ្លែងការណ៍នោះទៀតសោត ត្រូវតែមានភាពប្រាកដនិយម ហើយត្រូវឈរលើអង្គហេតុពិតប្រាកដ ដែលបានពិនិត្យផ្ទៀងផ្ទាត់ត្រឹមត្រូវ ដើម្បីឲ្យសាធារណៈមតិជាតិ និងអន្តរជាតិ ជឿជាក់បានថា ជាការឆ្លើយតបប្រកបដោយវិជ្ជាជីវៈ ទៅនឹងភស្តុតាងដែលពិបាកនឹងប្រកែកបាននេះ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់សន្យាជាសាធារណៈថា បើគាត់ទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើមិនបានទេ គាត់ហ៊ានប្រើហិង្សាលើខ្លួនគាត់ ដើម្បីបង្ហាញការប្ដេជ្ញានេះ៖ «សុំសាកលមើលទៅ! បើមិនគោរពក៏សុំសាក! បើមិនដកយកព្រៃ បិទរោងចក្រទេ ខ្ញុំហ៊ានកាត់កខ្ញុំគ្រវាត់ចោល!»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនទាន់បញ្ចេញសារជាសាធារណៈណាមួយតបទៅនឹងរបាយការណ៍នេះនៅឡើយទេ រហូតមកដល់ពេលនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។