របាយការណ៍ស៊ើបអង្កេតការកាប់បំផ្លាញព្រៃឈើនៅតាមបណ្ដាប្រទេសក្នុងតំបន់ទន្លេមេគង្គ ផ្សាយកាលពីថ្ងៃច័ន្ទ ទី១២ ឧសភា របស់ទីភ្នាក់ងារស៊ើបអង្កេតផ្នែកបរិស្ថាន (Environmental Investigation Agency = EIA) ដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេស រកឃើញថា កម្ពុជា បាននាំចេញឈើប្រណីតមានតម្លៃខ្ពស់ជាច្រើនប្រភេទ ទៅប្រទេសចិន បានកើនឡើងបីដង កាលពីឆ្នាំ២០១៣។ តម្រូវការឈើប្រណីតទាំងនោះ បានបណ្ដាលឲ្យប្រភេទឈើមួយចំនួនអាចនឹងផុតពូជ។
មន្ត្រីតស៊ូមតិការពារព្រៃឈើនៃទីភ្នាក់ងារស៊ើបអង្កេតផ្នែកបរិស្ថាន ស្នើឲ្យប្រទេសចិន បញ្ឈប់ទិញឈើប្រណីតពីតាមបណ្ដាប្រទេសទន្លេមេគង្គជាបន្ទាន់ ពីព្រោះតម្រូវការឈើពីប្រទេសចិន បានបង្កើតឲ្យមានភាពវឹកវរក្នុងបណ្ដាប្រទេសទន្លេមេគង្គ និងឲ្យធ្វើប្រភេទឈើប្រណីតមួយចំនួនជិតផុតពូជ។
សំណើរបស់ទីភ្នាក់ងារស៊ើបអង្កេតផ្នែកបរិស្ថាន ធ្វើឡើងបន្ទាប់ពីទីភ្នាក់ងារនេះ បានចេញផ្សាយរបាយការណ៍មួយមានចំណងជើងថា "ផ្លូវនាំទៅរកភាពវិនាសផុតពូជ អំពើពុករលួយ និងអំពើហិង្សា បានបំផ្លាញឈើក្រញូងនៅប្រទេសទន្លេមេគង្គ"។
របាយការណ៍ដែលមានកម្រាស់ ២៨ទំព័រនេះបង្ហាញពីការកើនឡើងនៃតម្រូវការឈើប្រណីតពីសំណាក់ប្រទេសចិន បានបណ្ដាលឲ្យមានការជួញដូរឈើប្រណីតខុសច្បាប់ និងការកាប់ឈើខុសច្បាប់ កំពុងកើនឡើងនៅប្រទេសឡាវ ថៃ វៀតណាម និងកម្ពុជា។
មន្ត្រីតស៊ូមតិការពារព្រៃឈើនៃទីភ្នាក់ងារស៊ើបអង្កេតផ្នែកបរិស្ថាន ធម ចនសុន (Tom Johnson) កាលពីថ្ងៃទី១៤ ឧសភា មានប្រសាសន៍ថា មិនមានវិធានការណាច្បាស់លាស់ ដើម្បីបញ្ឈប់ការកាប់បំផ្លាញឈើប្រណីតឡើយ ដោយសារតែអំណាចទឹកប្រាក់ បណ្ដាលឲ្យមនុស្សបន្តរំលោភអំណាច និងប្រព្រឹត្តអំពើពុករលួយក្នុងជំនួញជួញដូរឈើប្រណីត។
លោក ធម ចនសុន៖ «អ្វីដែលគួរឲ្យកើតមាននោះ គឺប្រទេសចិន ត្រូវបានងើបឈរឡើង ហើយទទួលខុសត្រូវចំពោះពាណិជ្ជកម្មនៅក្រៅប្រទេស និងព្យាយាមកែប្រែការនាំចូល ដើម្បីធានាថា ការនាំចូលនូវឈើប្រណីតទាំងនោះ ធ្វើឡើងដោយស្របច្បាប់។ ប្រទេសចិន ក៏ទទួលខុសត្រូវចំពោះផលប៉ះពាល់ទាំងឡាយ កើតឡើងដោយសារពាណិជ្ជកម្មចិន ក្រៅប្រទេសនៅលើពិភពលោក»។
លោកបន្តថា ប្រភេទឈើប្រណីតនាំចូលពីកម្ពុជា និងប្រទេសទន្លេមេគង្គផ្សេងទៀតត្រូវបានប្រើប្រាស់សម្រាប់ផលិតឧបករណ៍តន្ត្រី គ្រឿងសង្ហារិម និងលក់បន្តទៅសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ ជាពិសេសជាងនេះទៀត ពាណិជ្ជករចិន ទិញឈើប្រណីតទាំងនោះសម្រាប់ស្តុកទុក ហើយលក់ចេញវិញនៅពេលតម្លៃឡើងថ្លៃ។ លោកបន្តថា ពាណិជ្ជករចិន បានប្រើប្រាស់ទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីស្រូបយកឈើប្រណីត បណ្ដាលឲ្យកើតមានអំពើពុករលួយ និងការចុះទន់ខ្សោយក្នុងការគ្រប់គ្រងធម្មជាតិនៅតាមបណ្ដាប្រទេសទន្លេមេគង្គ។
របាយការណ៍ទីភ្នាក់ងារស៊ើបអង្កេតផ្នែកបរិស្ថាន បង្ហាញថា ប្រភេទឈើប្រណីតប្រមាណ ៣លាន ៥សែនម៉ែត្រគូប នាំចូលទៅប្រទេសចិន គឺជិតពាក់កណ្ដាលនៃចំនួននេះ ជាឈើនាំចេញពីកម្ពុជា និងផ្សេងទៀតពីប្រទេសទន្លេមេគង្គ ចាប់ពីឆ្នាំ២០០០ និងឆ្នាំ២០១៣។ របាយការណ៍ពីគយចិន បង្ហាញថា ចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៣ ប្រាក់ចំណូលនាំឈើចូលពីកម្ពុជា មានចំនួនជិត ១៣៧លានដុល្លាអាមេរិក (១៣៦.៥៥១.៣៣១ដុល្លារ)។ ដោយឡែកប្រទេសកម្ពុជា បាននាំចេញឈើប្រណីតកើនឡើងបីដង ធៀបទៅនឹងឆ្នាំ២០១២ និងឆ្នាំ២០១៣ ដែលមានចំនួនតែ ៦.៨០០ម៉ែត្រគូប។ របាយការណ៍បន្ថែមទៀតថា ចាប់តាំងពីឆ្នាំ២០១០ មក ប្រភេទឈើប្រណីតប្រមាណ ៤៩តោន និងឈើប្រភេទផ្សេងរាប់ពាន់ដុំទៀត ត្រូវបានរឹបអូស។
លោក ឈឹម សាវុធ នាយកអង្គការការពារធនធានធម្មជាតិ ដែលបានឃ្លាំមើលការកាប់បំផ្លាញព្រៃឈើនៅកម្ពុជា ឲ្យដឹងថា ប្រសិនបើការកាប់បំផ្លាញព្រៃឈើមានលក្ខណៈធ្ងន់ធ្ងរដូចបច្ចុប្បន្ននៅបន្តទៅមុខទៀត កម្ពុជា នឹងអស់ប្រភេទឈើប្រណីតនៅចុងឆ្នាំ២០១៤។ លោកបន្តថា បច្ចុប្បន្ន ឈ្មួញឈើបានដឹកឈើតាមប្រទេសវៀតណាម ទៅលក់នៅប្រទេសចិន ហើយខ្លះទៀតដឹកចេញតាមផែចំនួនពីរនៅខេត្តព្រះសីហនុ។
«សំឡេង»
មន្ត្រីរដ្ឋាភិបាលនៅមិនទាន់ឆ្លើយតបនឹងរបាយការណ៍ទីភ្នាក់ងារស៊ើបអង្កេតផ្នែកបរិស្ថាននៅឡើយទេ កាលពីថ្ងៃទី១៤ ឧសភា។
របាយការណ៍ក៏រកឃើញថា សមត្ថកិច្ចបានរឹបអូសឈើខុសច្បាប់របស់ក្រុមហ៊ុន ទ្រី ភាព ជាក្រុមហ៊ុនដែលមានទំនាក់ទំនងនឹងរដ្ឋាភិបាលកម្ពុជា ប្រមាណ ៥ពាន់ម៉ែត្រគូប មានតម្លៃប្រមាណជាង ៣លានដុល្លារ។ ក្រុមហ៊ុន ទ្រី ភាព នេះតែងដឹកជញ្ជូនឈើទៅលក់នៅប្រទេសវៀតណាម តាមច្រកព្រំដែនប៉ែកខាងជើងភាគខាងកើត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។