ក្រុមយុវជន សកម្មជនបរិស្ថានចំនួន ៧នាក់ បានយកញត្តិស្ដីពីគម្រោងសាងសង់ទំនប់វារីអគ្គិសនីសំបូរនៅខេត្តក្រចេះ ដាក់ជូនក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៦ កញ្ញា ដើម្បីឲ្យក្រសួងពិនិត្យពីផលប៉ះពាល់នៃគម្រោងសាងសង់នេះ។ ក្រសួងបរិស្ថាន បានឆ្លើយតបជាវិជ្ជមានទៅនឹងសំណើរបស់ក្រុមយុវជនភ្លាមៗ បន្ទាប់ពីទទួលញត្តិ។
ដូចការគ្រោងទុក ក្រុមយុវជន សកម្មជនបរិស្ថាន បានដាក់ញត្តិនៅក្រសួងបរិស្ថាន ព្រមទាំងបានជជែកផ្ទាល់មាត់ជាមួយមន្ត្រីជាន់ខ្ពស់របស់ក្រសួងនៅព្រឹកថ្ងៃទី២៦ កញ្ញា។
បើតាមលោក ជុំ ហួត យុវជនម្នាក់ដែលបានចូលរួមជជែកពីបញ្ហានេះ ក្រសួងបរិស្ថាន ប្រាប់ថា ក្រសួងនឹងផ្ដល់ចម្លើយត្រឡប់វិញលើសំណើដែលបានស្នើក្នុងញត្តិ បន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌហើយ។ លោកថា ក្រសួងហាក់បញ្ជាក់ជំហរវិជ្ជមានសហការជាមួយយុវជន៖ « ជាការមួយដែលក្រសួងគាំទ្រអ្វីដែលយើងធ្វើ។ លទ្ធផល គឺក្រសួងគាំទ្រយើង។ ក្រសួងនឹងយកអ្វីដែលបានជជែកទៅពិភាក្សាជាមួយរដ្ឋមន្ត្រី ដើម្បីរកដំណោះស្រាយ »។
ញត្តិដែលដាក់លិខិតទៅក្រសួងបរិស្ថាន គឺទាមទារឲ្យរដ្ឋាភិបាលបង្ហាញឯកសារ និងព័ត៌មានជាក់លាក់ស្ដីពីគម្រោងសាងសង់ទំនប់វារីអគ្គិសនីសំបូរនៅខេត្តក្រចេះ។ ក្រុមសកម្មជនបរិស្ថាន ក៏ស្នើឲ្យរដ្ឋាភិបាលបង្ហាញលទ្ធផលនៃការសិក្សាផលប៉ះពាល់ផ្នែកបរិស្ថាន និងសង្គម និងស្នើឲ្យមានការពិគ្រោះយោបល់ជាមួយប្រជាជនមូលដ្ឋាន និងសង្គមស៊ីវិលជាមុន មុននឹងដំណើរការសាងសង់។
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC = Open Development Cambodia) បង្ហាញថា គម្រោងសាងសង់ទំនប់វារីអគ្គិសនីសំបូរនៅឃុំចាវ ស្រុកសំបូរ ខេត្តក្រចេះ រំពឹងថាអាចផលិតអគ្គិសនីបានចំនួន ៤៦៥មេហ្គាវ៉ាត់ ហើយវាកំពុងស្ថិតក្រោមការពិចារណាសាងសង់។
លោក ជុំ ហួត បញ្ជាក់ថា ក្រុមលោកក៏បានស្នើឲ្យក្រសួងសហការជាមួយសហគមន៍មូលដ្ឋាន និងសង្គមស៊ីវិល ពេលចុះទៅសិក្សាស្រាវជ្រាវគម្រោងនៅទីតាំងគម្រោងសាងសង់ទំនប់៖ « ខាងក្រសួងនឹងពិចារណាលើសំណូមពររបស់ពួកយើង។ យើងស្នើឲ្យគាត់កុំឲ្យធ្វើ ( សេចក្តីសម្រេចចិត្ត ) ដោយឡែក ធ្វើតែជាមួយក្រុមហ៊ុន ដោយមិនបានពិគ្រោះជាមួយសហគមន៍ដែលនឹងរងគ្រោះ »។
ទិន្នន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ឲ្យដឹងថា វិនិយោគិនចិន ជាអ្នកបណ្ដាក់ទុនវិនិយោគលើវិស័យសាងសង់ទំនប់វារីអគ្គិសនីធំជាងគេនៅកម្ពុជា។
គម្រោងវិនិយោគសាងសង់ទំនប់វារីអគ្គិសនី ដូចជាទំនប់សេសានក្រោម២ ជាដើម តែងត្រូវសហគមន៍មូលដ្ឋាន និងសង្គមស៊ីវិល រិះគន់ពីផលប៉ះពាល់បរិស្ថាន និងសង្គម ពិសេសការរំលោភសិទ្ធិមនុស្ស ដូចជាការបណ្ដាញពលរដ្ឋចេញពីលំនៅឋានដោយមិនផ្ដល់សំណងសមរម្យ។
អង្គការទិន្នន័យអំពីការអភិវឌ្ឍ ឲ្យដឹងថា សព្វថ្ងៃមានទំនប់វារីអគ្គិសនីចំនួន៦ កំពុងដំណើរការ រួមមានទំនប់វារីអគ្គិសនីគិរីរម្យ I (មួយ) (កំពង់ស្ពឺ) ទំនប់វារីអគ្គិសនីកំចាយ (កំពត) ទំនប់វារីអគ្គិសនីគិរីរម្យ III (បី) (កំពង់ស្ពឺ) ទំនប់វារីអគ្គិសនីស្ទឹងអាតៃ (ពោធិ៍សាត់) ទំនប់វារីអគ្គិសនីឫស្សីជ្រំក្រោម (កោះកុង) និងទំនប់វារីអគ្គិសនីតាតៃ (កោះកុង)។
ការសិក្សារបស់រដ្ឋបាលជលផលកម្ពុជា កាលពីឆ្នាំ២០១៣ រកឃើញថា គម្រោងសាងសង់ទំនប់វារីអគ្គិសនីសំបូរនៅខេត្តក្រចេះ និងគម្រោងសាងសង់ទំនប់វារីអគ្គិសនីនៅខេត្តស្ទឹងត្រែង អាចនឹងធ្វើឲ្យបរិមាណត្រីដែលជាប្រភពប្រូតេអ៊ីនដ៏សំខាន់មួយសម្រាប់ប្រជាជនកម្ពុជា ថយចុះ ដែលជាការគំរាមកំហែងដល់សន្តិសុខស្បៀងរបស់កម្ពុជា។
កន្លងទៅ អ្នកជំនាញផ្នែកបរិស្ថានតែងស្នើឲ្យរដ្ឋាភិបាល អនុវត្តការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមឲ្យបានត្រឹមត្រូវ មុននឹងអនុម័តគម្រោងសាងសង់ទំនប់វារីអគ្គិសនី ហើយប្រសិនបើទំនប់វារីអគ្គិសនីត្រូវគេសាងសង់ឡើងមែននោះ រដ្ឋាភិបាលត្រូវមានវិធានការទប់ស្កាត់ដោយផ្ដល់ជាសំណងសមរម្យដល់សហគមន៍ដែលប៉ះពាល់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។