សកម្មជនការពារព្រៃឈើ និងធនធានធម្មជាតិ ស្នើសមត្ថកិច្ចបើកការស៊ើបអង្កេតដើម្បីឈានដល់ចាត់វិធានការបញ្ឈប់ការកាប់ឈើ និងរកស៊ីឈើខុសច្បាប់របស់ក្រុមហ៊ុនលោក គិត ម៉េង ដែលទទួលបានសិទ្ធិក្នុងការសម្អាតផ្ទៃបាតអាងសេសានក្រោម២ នៅខេត្តស្ទឹងត្រែង។ ការស្នើរបស់សកម្មជនការពារព្រៃឈើនេះ បន្ទាប់ពីគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហោះព័ត៌មានពាក់ព័ន្ធការរកស៊ីខុសច្បាប់របស់ក្រុមហ៊ុន គិត ម៉េង តែព័ត៌មាននេះត្រូវបានដកចេញវិញដោយអះអាងថា ជាបញ្ហាបច្ចេកទេស។
ការដកចេញវិញពីគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នូវព័ត៌មានពាក់ព័ន្ធបទល្មើសព្រៃឈើប្រព្រឹត្តដោយក្រុមហ៊ុនរបស់លោកឧកញ៉ា គិត ម៉េង ដែលស្និទ្ធនឹងរដ្ឋាភិបាល កំពុងធ្វើឲ្យមនុស្សងឿងឆ្ងល់ចំពោះបញ្ហានេះ។
កាលពីថ្ងៃទី១៦ ឧសភា គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិបានបង្ហោះព័ត៌មានដែលថា ក្រុមហ៊ុនរបស់លោក គិត ម៉េង ដែលគេដឹងថាទទួលបានសិទ្ធិក្នុងការសម្អាតផ្ទៃបាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ តាំងពីឆ្នាំ២០១២ នោះ បានយកឈើដែលកាប់ខុសច្បាប់មកពីតំបន់ផ្សេង មកស្តុកទុកក្នុងតំបន់ផ្ទៃបាតអាង។ ប៉ុន្តែព័ត៌មាននេះ ត្រូវបានអគ្គស្នងការដ្ឋាននគរបាលជាតិ ដកចេញពីគេហទំព័ររបស់ខ្លួនវិញនៅពេលបន្ទាប់មក ដោយពុំដឹងមូលហេតុ។
អាស៊ីសេរី បានព្យាយាមទាក់ទងអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធិ ដើម្បីសុំការបំភ្លឺពីបញ្ហានេះកាលពីថ្ងៃទី២៣ ឧសភា ប៉ុន្តែទូរស័ព្ទចូលគ្មានមនុស្សលើក។
ទោះជាយ៉ាងណា លោក គៀត ច័ន្ទថារិទ្ធិ បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា បុគ្គលិកផ្នែកគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហោះច្រឡំព័ត៌មាននេះ ដោយលោកចាត់ទុកថាជាការធ្វេសប្រហែស។ ប៉ុន្តែលោក គៀត ច័ន្ទថារិទ្ធិ មិនបានបញ្ជាក់ទេថា តើព័ត៌មានដែលបង្ហោះនោះពិត ឬមិនពិតយ៉ាងណានោះ។
ផ្ទៃអាងទំនប់វារីអគ្គិសនីសេសានក្រោម២ មានផ្ទៃដី ៣៦.០០០ហិកតារ ឋិតក្នុងស្រុកសេសាន ខែត្រស្ទឹងត្រែង ដែលមានក្រុមហ៊ុនឈ្មោះ អាំង អែន អាសូស៊ីអែត ឡយ័រ (Ang & Associate Lawyer Co., Ltd) របស់ឧកញ៉ា គិត ម៉េង ទទួលសិទ្ធិសម្អាតបាតអាងតាំងពីឆ្នាំ២០១២។
កន្លងទៅ សហគមន៍ និងពលរដ្ឋរស់នៅឃុំស្រែគរ អះអាងថា មានមនុស្សជាច្រើនក្រុមនាំគ្នាកាប់ឈើនៅតំបន់ភ្នំក្រឡាពស់ នៃស្រុកសេសាន និងតំបន់ព្រៃអភិរក្ស នៃស្រុកសៀមប៉ាង ដោយប្រើគោយន្ត និងរថយន្តប៉ាកុងជាមធ្យោបាយដឹកមកផ្ទុកនៅបាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២។ ប៉ុន្តែការអះអាងរបស់ពលរដ្ឋនេះ ត្រូវបានតំណាងក្រុមហ៊ុនសម្អាតបាតអាងនៃទំនប់វារីអគ្គិសនីសេសានក្រោម២ លោក អ៊ុំ រ៉េត បដិសេធថាពុំមានការដឹកជញ្ជូនឈើពីក្រៅចូលផ្ទៃអាង ដូចការលើកឡើងរបស់ពលរដ្ឋនោះទេ។ ភាគីក្រុមហ៊ុនអះអាងថា បច្ចុប្បន្ន ក្រុមហ៊ុនកំពុងប្រមូលឈើក្នុងផ្ទៃអាងជាង ៣ម៉ឺនហិកតារពុំទាន់អស់នៅឡើយ ហើយឈើដែលប្រមូលបាននោះមួយចំនួន សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ដោយមានការត្រួតពិនិត្យត្រឹមត្រូវពីមន្ទីរកសិកម្ម ខែត្រស្ទឹងត្រែង ឬមន្ត្រីរដ្ឋបាលព្រៃឈើ។
ទោះជាយ៉ាងណា ប្រធានអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា លោក អ៊ូច ឡេង ដែលធ្លាប់ចុះពិនិត្យ និងតាមដានបទល្មើសព្រៃឈើក្នុងខេត្តស្ទឹងត្រែង ថ្លែងថា ក្រុមហ៊ុនរបស់លោក គិត ម៉េង អាចមានពាក់ព័ន្ធនឹងអាជីវកម្មឈើខុសច្បាប់ ឬយកឈើកាប់ចេញពីតំបន់ផ្សេងមកផ្ទុកក្នុងតំបន់បាតអាងប្រាកដមែន។ លោកថា បើលោក គិត ម៉េង ចង់បង្ហាញថាខ្លួនជាមនុស្សស្អាតស្អំ លោក គិត ម៉េង គួរតែបិទរោងចក្រអារឈើរបស់ខ្លួននៅតំបន់នោះ និងដកខ្លួនចេញពីអាជីវកម្មឈើនៅកម្ពុជា។ លោក អ៊ូច ឡេង ស្នើឲ្យមានការស៊ើបអង្កេតហ្មត់ចត់ចំពោះបញ្ហានេះ៖ « មានរោងចក្រមួយយ៉ាងធំនៅមាត់ទន្លេ ហើយមានការដឹកឈើពិតប្រាកដមួយ សូម្បីតែសង្គមស៊ីវិល ឬក៏អ្នកកាសែតអីក៏មិនឲ្យចូលរោងចក្រអារឈើ ខ្លាចលួចថត បើសិនជាគេលក្ខណៈស្របច្បាប់ រឿងអីគេហាមឃាត់ ឃើញមានប៉េអិម (PM) យាមយ៉ាងតឹងរ៉ឹងគគ្រឹកគគ្រេង មិនឲ្យយើងធ្វើដំណើរឆ្លងកាត់ទៅកន្លែងអារឈើនោះទេ » ។
លោក អ៊ូច ឡេង ឲ្យដឹងថា កន្លងទៅ ឈើដែលគេយកមកស្តុកទុកនៅក្នុងផ្ទៃបាតអាងសេសានក្រោម២ ត្រូវបានគេដឹកចេញទៅកាន់ប្រទេសវៀតណាម និងចែកចាយទៅកាន់ដេប៉ូនានានៅក្នុងប្រទេសកម្ពុជា។
ដោយសារមានការរិះគន់ខ្លាំងពីសកម្មជនការពារបរិស្ថាន និងសង្គមស៊ីវិលពីអសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការកាប់ឈើ និងអាជីវកម្មឈើខុសច្បាប់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែកុម្ភៈ ឆ្នាំ២០១៦ បានបង្កើតគណៈកម្មការជាតិបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើ ដោយមានលោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាប្រធាន។ លោក ហ៊ុន សែន បានផ្តល់ឧទ្ធម្ភាគចក្រ ៣គ្រឿងសម្រាប់សកម្មភាពបង្ក្រាបនេះ និងបញ្ជាឲ្យលោក សៅ សុខា ប្រើគ្រាប់រ៉ុកកែតបាញ់កម្ទេចឈ្មួញកាប់ព្រៃឈើ បើមិនបញ្ឈប់សកម្មភាពបទល្មើសព្រៃឈើ។
លោក ហ៊ុន សែន ក៏បានបញ្ជាឲ្យបញ្ឈប់ការដឹកឈើទៅកាន់ប្រទេសវៀតណាម ទៀតផង។ ទោះជាយ៉ាងណា បទល្មើសព្រៃឈើ និងការនាំឈើចេញទៅកាន់ប្រទេសវៀតណាម នៅតែកើតមាន។
កាលពីថ្ងៃទី៨ ឧសភា ទីភ្នាក់ងារស៊ើបអង្កេតបរិស្ថាន អ៊ី.អាយ.អេ (EIA) បានចេញរបាយការណ៍រកឃើញថា ចន្លោះពីខែវិច្ឆិកា ឆ្នាំ២០១៦ ដល់ខែមីនា ឆ្នាំ២០១៧ ដែលស្ថិតក្នុងរយៈពេលនៃបម្រាមរបស់រដ្ឋាភិបាលកម្ពុជា ឈើខុសច្បាប់ចំនួនប្រមាណ ៣០ម៉ឺនម៉ែត្រគូប ត្រូវបានកាប់ ជាពិសេសពីតំបន់ព្រៃការពារក្នុងឧទ្យានជាតិ រួចដឹកយកទៅប្រទេសវៀតណាម។ របាយការណ៍របស់ អ៊ី.អាយ.អេ ស្ដីពីវិនាសកម្មព្រៃឈើនៅកម្ពុជា ដែលមានចំណងជើងថា "ជនល្មើសមុខដដែល៖ អាជីវកម្មជួញដូរឈើខុសច្បាប់របស់វៀតណាម គ្មានទីបញ្ចប់" ស្រាវជ្រាវឃើញថា មន្ត្រីកម្ពុជា ឃុបឃិតជាមួយយោធាអាជ្ញាធរវៀតណាម ដែលពុករលួយ បានប្រែរូបឈើខុសច្បាប់ពីកម្ពុជា ទៅជាឈើស្របច្បាប់វិញ ដើម្បីនាំចេញទៅលក់នៅទីផ្សារអន្តរជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។