ក្រសួងអប់រំយុវជន និងកីឡា ធ្វើយុទ្ធនាការប្រឡងប្រណាំងសាលារៀនស្អាត បរិស្ថានល្អ នៅក្នុងរាជធានីភ្នំពេញ។
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ មិនស្វាគមន៍កម្មវិធីនេះឡើយ ប៉ុន្តែជំរុញឲ្យក្រសួងពង្រឹងគុណភាពអប់រំ និងផ្គត់ផ្គង់ប្រាក់ខែដល់គ្រូបង្រៀនឲ្យមានជីវភាពរស់នៅសមរម្យទើបជាការប្រសើរ។
ក្រសួងអប់រំ បង្កើតគណៈកម្មការមួយដើម្បីតាមដាន និងវាយតម្លៃកម្មវិធីប្រឡងប្រណាំងសាលារៀនស្អាត បរិស្ថានល្អនេះ ហើយបានប្រកាសជាផ្លូវការកាលពីថ្ងៃចន្ទ ទី១២ ខែធ្នូ។
រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា លោក ហង់ ជួនណារ៉ុន មានប្រសាសន៍កាលពីថ្ងៃច័ន្ទ ថា នេះជាលើកទីមួយហើយដែលក្រសួងបង្កើតកម្មវិធីនេះឡើង ដើម្បីបណ្ដុះគំនិតសិស្សានុសិស្សឲ្យចេះស្រលាញ់បរិស្ថាន អនាម័យស្អាត លើកទឹកចិត្តឲ្យពួកគេចេះសហការគ្នាល្អដើម្បីធ្វើកិច្ចការនេះផ្ទាល់តែម្ដង៖ «ចង់បង្រៀនសិស្សឲ្យចេះដឹកនាំការងារដោយខ្លួនឯង និងចេះសម្អាតដោយខ្លួនឯង...»។
លោកបញ្ជាក់ទៀតថា សាលាដែលជាប់ចំណាត់ថ្នាក់ គឺទាល់តែសាលានោះមានបរិស្ថានបៃតងល្អស្អាត ទាំងនៅទីធ្លាសាលា និងក្នុងថ្នាក់រៀន។
ប្រធានស្ដីទីនៃសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកគ្រូ អ៊ុក ឆាយ៉ាវី មានប្រសាសន៍ថា អ្នកគ្រូមិនចាប់អារម្មណ៍លើយុទ្ធនាការនេះប៉ុន្មាននោះទេ ពីព្រោះអ្នកគ្រូគិតថា ក្រសួងធ្វើឲ្យតែល្អមើល ចំណែកលទ្ធផលនឹងមិនបានល្អប្រសើរឡើយ ព្រោះទាំងគ្រូ ទាំងសិស្ស នៅខ្វល់ច្រើនលើបញ្ហាជីវភាពប្រចាំថ្ងៃ។
អ្នកគ្រូបន្តថា យុទ្ធនាការនេះអាចជោគជ័យទៅបានទាល់តែក្រសួងពង្រឹងគុណភាពអប់រំ និងផ្គត់ផ្គង់ប្រាក់ខែឲ្យលោកគ្រូ អ្នកគ្រូក្នុងកម្រិតមួយឲ្យពួកគាត់មានជីវភាពរស់សមរម្យជាចម្បង៖ «ដើម្បីប្រកួតប្រជែងឲ្យបានល្អលុះត្រាតែលោកគ្រូ អ្នកគ្រូ រស់នៅមានជីវភាពសមរម្យ ហើយសិស្សានុសិស្សទទួលបានការអប់រំដោយភាពថ្លៃថ្នូរ»។
ក្រសួងអប់រំយុវជន និងកីឡា កាលពីថ្ងៃទី១២ ខែធ្នូ បានប្រកាសបើកយុទ្ធនាការចលនាប្រឡងប្រណាំងសាលារៀនស្អាត ក្នុងចំណោមសាលារៀនគោលដៅទាំង១២ នៃខណ្ឌទាំង១២ នៃរាជធានីភ្នំពេញ។
គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃក្នុងរឿងនេះ រួមមានថ្នាក់ដឹកនាំរបស់ក្រសួង តំណាងសាលារាជធានីភ្នំពេញ អាជ្ញាធរដែនដី បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃសាលានីមួយៗ ដៃគូអភិវឌ្ឍន៍ និងស្ថាប័នពាក់ព័ន្ធដទៃទៀត។
កាលពី ៣ឆ្នាំមុន ក្រសួងក៏មានកម្មវិធីប្រឡងប្រណាំងស្រដៀងគ្នានេះដែរ ប៉ុន្តែបេក្ខជនគឺជានាយកគ្រប់គ្រងសាលាទូទាំងប្រទេសជាអ្នកចូលរួម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។