លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសជំរុញឲ្យបង្ក្រាបបទល្មើសរត់ពន្ធខ្សាច់ខុសច្បាប់ និងត្រូវចាប់ខ្លួនជនល្មើសយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ផងដែរ។ ទោះជាយ៉ាងណា ការប្រកាសរបស់ប្រមុខរដ្ឋាភិបាល ត្រូវបានសង្គមស៊ីវិលផ្នែកការពារបរិស្ថាន ចាត់ទុកថា មិនមានប្រសិទ្ធភាពឡើយ ហើយដើម្បីទប់ស្កាត់កុំឲ្យមានបទល្មើសរត់ព័ន្ធខ្សាច់ខុសច្បាប់តទៅទៀត គឺលោក ហ៊ុន សែន គួរដាក់បញ្ជាហាមមិនឲ្យមានការនាំខ្សាច់ទៅលក់នៅក្រៅប្រទេសតទៅទៀត។
ភាពចម្រូងចម្រាសនៃការនាំខ្សាច់ទៅលក់នៅក្រៅប្រទេសដែលគេរកឃើញថា ធ្វើឲ្យបាត់ប្រាក់ចំណូលរាប់លានដុល្លារទៅក្នុងអំពើពុករលួយនោះ គឺនៅតែបន្តស្ថិតក្នុងភាពសង្ស័យនៅឡើយ និងពុំទាន់មានការបកស្រាយឲ្យបានជាក់លាក់ ដើម្បីឲ្យពលរដ្ឋស្ងប់អារម្មណ៍នៅឡើយទេ។
ស្របពេលគ្នានេះ នៅក្នុងកម្មវិធីគម្រប់ខួបថ្ងៃជ័យជម្នះ ៧ មករា លើកទី៣៨ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសជំរុញឲ្យបង្ក្រាបបទល្មើសនាំខ្សាច់ទៅលក់នៅក្រៅប្រទេសដោយខុសច្បាប់ ហើយជនល្មើស គឺត្រូវចាប់យកទៅផ្ដន្ទាទោសតាមផ្លូវច្បាប់៖ « ជំរុញការអនុវត្តនូវយុទ្ធនាការដើម្បីប្រយុទ្ធការកាប់ឈើខុសច្បាប់ ការនេសាទខុសច្បាប់ និងការធ្វើអាជីវកម្មខុសច្បាប់ ហើយត្រូវចាប់ជនល្មើស គឺត្រូវទទួលទោសតាមច្បាប់ » ។
ទោះជាយ៉ាងណា ប្រសាសន៍របស់ប្រមុខរដ្ឋាភិបាលបែបនេះ ត្រូវបានស្ថាបនិកអង្គការមាតាធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alexandro Gonzales Davidson) ដែលតាមដានការនាំខ្សាច់ទៅលក់នៅក្រៅប្រទេសកន្លងទៅ ចាត់ទុកថា ពុំមានប្រសិទ្ធភាពឡើយ ហើយលោក ហ៊ុន សែន ក៏គ្មានឆន្ទៈពិតប្រាកដក្នុងកិច្ចការនេះដែរ ព្រោះអ្នកពាក់ព័ន្ធនឹងការនាំខ្សាច់ទៅលក់នៅក្រៅប្រទេស គឺមិនមែនជាពលរដ្ឋសាមញ្ញនោះទេ តែជាក្រុមមន្ត្រីមួយចំនួនដែលនៅក្រោមឱវាទរបស់លោកនាយករដ្ឋមន្ត្រី៖ « ការនាំខ្សាច់ទៅឥណ្ឌា និងសិង្ហបុរី ខ្ញុំជឿថាសុទ្ធតែជាមន្ត្រីមានអំណាចក្នុងជួររដ្ឋាភិបាលហ្នឹង អាចមានរហូតដល់រដ្ឋមន្ត្រីតែម្ដង » ។
ការនាំខ្សាច់ដែលក្លាយជាបញ្ហាមន្ទិលសង្ស័យនេះ បន្ទាប់ពីទិន្នន័យតួលេខរបស់រដ្ឋាភិបាល និងតួលេខរបស់អង្គការសហប្រជាជាតិ (UN Comtrade)បង្ហាញពីការនាំខ្សាច់ទៅលក់នៅក្រៅប្រទេស ជាពិសេសប្រទេសសិង្ហបុរី គឺមានភាពខុសគ្នាឆ្ងាយ ហើយនាំឲ្យមានការសង្ស័យថា លុយរាប់រយលានដុល្លារ អាចធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់អ្នកមានលុយ និងអ្នកមានអំណាចក្នុងជួររដ្ឋាភិបាល។
តួលេខនាំខ្សាច់ខុសគ្នានោះ គឺអង្គការសហប្រជាជាតិ រកឃើញថា ចាប់ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៥ គឺកម្ពុជា នាំខ្សាច់ទៅលក់នៅប្រទេសសិង្ហបុរី មានជាង ៧៣លានតោន រីឯក្រសួងរ៉ែ វិញអះអាងថា ការនាំខ្សាច់ទៅប្រទេសមួយនេះមានជាង ១៦លានតោនប៉ុណ្ណោះ ដែលធ្វើឲ្យទឹកប្រាក់ខុសគ្នាជាង ៧០០លានដុល្លារ។
ដើម្បីកុំឲ្យមានបទល្មើសរត់ពន្ធខ្សាច់ខុសច្បាប់ដូចពាក្យរបស់លោក ហ៊ុន សែន លើកឡើង ជនជាតិអេស្ប៉ាញ និងជាស្ថាបនិកអង្គការមាតាធម្មជាតិ ដែលធ្វើការពាក់ព័ន្ធនឹងបរិស្ថាននៅកម្ពុជា លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន ជំរុញឲ្យលោក ហ៊ុន សែន គួរចេញបញ្ជាដើម្បីបញ្ឈប់ជាបន្ទាន់នូវការនាំខ្សាច់តាមមាត់សមុទ្រ ជាពិសេសនៅក្នុងខេត្តកោះកុង តែម្ដង៖ « ខ្ញុំគិតថារឿងដែលល្អបំផុត គឺរដ្ឋាភិបាលរបស់លោក ហ៊ុន សែន គួរតែបញ្ឈប់ជាបន្ទាន់ការនៃខ្សាច់ទៅលក់នៅក្រៅប្រទេស » ។
ក្រៅពីតួលេខខុសគ្នានៃការនាំខ្សាច់ទៅលក់នៅប្រទេសសិង្ហបុរី ជាមួយគ្នានោះ ទិន្នន័យពីភ្នាក់ងារគយឥណ្ឌា បង្ហាញថា ប្រទេសពួកគេបានទិញខ្សាច់ពីកម្ពុជា ជាង ១០ម៉ឺនតោន គិតជាទឹកប្រាក់ ៣លានដុល្លារ ប៉ុន្តែការបញ្ជាក់នេះ ត្រូវបានក្រសួងរ៉ែ និងថាមពល បដិសេធថា ពុំមានតួលេខណាបង្ហាញពីការនាំខ្សាច់ទៅលក់នៅប្រទេសឥណ្ឌា ឡើយ។
ថ្វីត្បិតតែយ៉ាងនេះក្ដី ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ធ្លាប់បញ្ជាក់ប្រាប់អាស៊ីសេរីថា តំណាងរាស្ដ្របក្សប្រឆាំង នឹងកោះហៅមន្ត្រីរដ្ឋាភិបាលមកសួរនាំក្នុងរដ្ឋសភាម្ដងទៀត ជុំវិញការនាំខ្សាច់ទៅលក់នៅក្រៅប្រទេស ជាពិសេសទៅកាន់ប្រទេសឥណ្ឌា។
លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន បញ្ជាក់ថា ក្រៅពីមេធាវីនៅក្នុងប្រទេសសិង្ហបុរី របស់លោកកំពុងប្រមូលភស្តុតាង ដើម្បីប្ដឹងប្រទេសសិង្ហបុរី ដែលនាំខ្សាច់ពីកម្ពុជា ធ្វើឲ្យប៉ះពាល់ដល់ជីវចម្រុះ និងបរិស្ថានយ៉ាងធ្ងន់ធ្ងរនោះ លោកក៏កំពុងរៀបចំដើម្បីដាក់ពាក្យបណ្ដឹងស្រដៀងគ្នានេះទៅប្រទេសឥណ្ឌា និងអាចទៅដល់អង្គការព្រហ្មទណ្ឌអន្តរជាតិ (ICC) ផងដែរ។ លោកថា បណ្ដឹងទាំងនេះ គឺទាមទារឲ្យប្រទេសសិង្ហបុរី និងឥណ្ឌា បញ្ឈប់ការនាំខ្សាច់ពីកម្ពុជា និងដើម្បីទាមទារសំណងឲ្យពលរដ្ឋមូលដ្ឋានដែលរងផលប៉ះពាល់ដោយសារក្រុមហ៊ុនឯកជន នាំខ្សាច់ទៅលក់នៅក្រៅប្រទេស។
ក្រសួងពាណិជ្ជកម្ម ធ្លាប់បង្ហាញទិន្នន័យថា ការនាំខ្សាច់របស់កម្ពុជា ទៅលក់ក្រៅប្រទេស គឺមានចំនួន ៥ប្រទេសប៉ុណ្ណោះ ដូចជាប្រទេសសិង្ហបុរី ថៃ វៀតណាម កូរ៉េខាងត្បូង និងកោះតៃវ៉ាន់។
សង្គមស៊ីវិលលើកឡើងថា ជុំវិញភាពមិនប្រក្រតីនៃទិន្នន័យនាំខ្សាច់ទៅលក់នៅក្រៅប្រទេស គឺក្រសួងរ៉ែ និងថាមពល មានឯកសារពាក់ព័ន្ធទាំងអស់នៅក្នុងដៃ ដូចជាឯកសារស្ដីពីផលប៉ះពាល់បរិស្ថាន និងសង្គម ឬក៏អាជ្ញាប័ណ្ណលក់ខ្សាច់ចេញ ជាដើម គឺស្ថាប័នពាក់ព័ន្ធដូចជាអង្គភាពប្រឆាំងអំពើពុករលួយ អាចយកធ្វើភស្តុតាង និងឈានទៅដល់ការស៊ើបអង្កេតស្វែងរកការពិត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។