រដ្ឋសភាសម្រេចមិនបញ្ជូនសំណើរបស់លោក សុន ឆ័យ ទៅក្រសួងរ៉ែ និងថាមពល ឡើយ ដោយសំអាងថា មាត្រាយោងនៃរដ្ឋធម្មនុញ្ញ និងខ្លឹមសារនៃលិខិតស្នើនោះ មិនពាក់ព័ន្ធនឹងគ្នា។ ផ្ទុយពីនេះ លោក សុន ឆ័យ និងអ្នកវិភាគនយោបាយអះអាងថា សំណើបែបនេះរបស់អ្នកតំណាងរាស្ត្រ គឺស្របតាមរដ្ឋធម្មនុញ្ញដែលចែងថា តំណាងរាស្ត្រមានសិទ្ធិចោទសួរមន្ត្រីរដ្ឋាភិបាល។
អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង បញ្ជាក់ប្រាប់អាស៊ីសេរីនៅថ្ងៃទី១ សីហា ថា មូលហេតុដែលរដ្ឋសភាមិនបញ្ជូនលិខិតរបស់លោក សុន ឆ័យ ទៅក្រសួងរ៉ែ និងថាមពល នោះ គឺដោយសារតែសំណើមួយចំនួនដែលលោក សុន ឆ័យ បានសរសេរក្នុងលិខិតនោះ មិនមានចែងនៅក្នុងសារាចរស្ដីពីវិធានការគ្រប់គ្រងការធ្វើអាជីវកម្មខ្សាច់ក្នុងប្រព័ន្ធស្ទឹងនៃខេត្តកោះកុង របស់ក្រសួងរ៉ែ និងថាមពល។
លើសពីនេះ រដ្ឋសភាគិតថាលិខិតនោះមានលក្ខណៈជាការជ្រៀតជ្រែកកិច្ចការងាររបស់រដ្ឋាភិបាល ដូច្នេះទើបស្ថាប័ននីតិប្បញ្ញត្តិមួយនេះមិនបញ្ជូនទៅ៖ « អត់បញ្ជូនទៅទេ បើបញ្ជូនទៅ វាដូចជាអនុញ្ញាតឲ្យរដ្ឋសភាចូលជ្រៀតជ្រែកកិច្ចការងាររបស់រដ្ឋាភិបាល។ វាខុសទៅនឹងរដ្ឋាភិបាល ខុសនឹងគោលការណ៍បែងចែកអំណាចរបស់រដ្ឋធម្មនុញ្ញ » ។
កាលពីថ្ងៃទី៣១ កក្កដា កន្លងទៅ ប្រធានក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ បានផ្ញើលិខិតមួយច្បាប់ទៀតទៅរដ្ឋសភា ដើម្បីបញ្ជូនទៅរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម ស្នើឲ្យរដ្ឋមន្ត្រីរូបនេះបង្ហាញពីគម្រោងសកម្មភាពនៃការចុះរុះរើការដ្ឋានលាងខ្សាច់នៅតំបន់អភិរក្សជម្រកសត្វព្រៃតាតៃ និងការដកចេញគ្រឿងចក្រ និងសម្ភារៈទាញយកខ្សាច់ខ្នាតមធ្យម និងខ្នាតធំទូទាំងខេត្តកោះកុង។
លិខិតស្នើថ្មីនេះ គឺយោងតាមមាត្រា៦៩ និងមាត្រា៩៦ នៃរដ្ឋធម្មនុញ្ញ។

ក្នុងលិខិតនោះ លោក សុន ឆ័យ ស្នើឲ្យក្រសួងរ៉ែ និងថាមពល លុបបំបាត់ទាំងស្រុងនូវវត្តមានគ្រឿងចក្រ សម្ភារៈ និងកប៉ាល់ដឹកខ្សាច់គ្រប់ប្រភេទនៅខេត្តកោះកុង រុះរើការដ្ឋានលាងខ្សាច់នៅតំបន់កោះស្មាច់ ព្រមទាំងលុបបំបាត់ទាំងស្រុងនូវអាជីវកម្មខ្សាច់តាមប្រព័ន្ធស្ទឹងក្នុងខេត្តកោះកុង ដែលមិនមានបញ្ជាក់ក្នុងសារាចររបស់ក្រសួង។ លោកក៏ស្នើឲ្យក្រសួងរ៉ែ និងថាមពល ពន្យល់ឲ្យលម្អិតអំពីយន្តការដែលបានបង្កើតឡើង ដើម្បីធានាថា បម្រាម និងសារាចរថ្មីដែលក្រសួងទើបដាក់ចេញ នឹងត្រូវអនុវត្តប្រកបដោយប្រសិទ្ធភាព។
ផ្ទុយពីការលើកឡើងរបស់អ្នកនាំពាក្យរដ្ឋសភា លោក សុន ឆ័យ បញ្ជាក់ថា ការតាមដាន និងឃ្លាំមើលការអនុវត្តការងាររបស់មន្ត្រីរដ្ឋាភិបាលនេះ គឺជាការអនុវត្តស្របតាមរដ្ឋធម្មនុញ្ញ ដែលចែងអំពីតួនាទីរបស់អ្នកតំណាងរាស្ត្រ។ លោកមិនយល់ថា តើហេតុអ្វីបានជារដ្ឋសភាសម្រេចបែបនេះឡើយ ហើយលោកស្នើឲ្យថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិនេះ អនុវត្តការងារឲ្យបានត្រឹមត្រូវ៖ « អ្វីដែលយើងធ្វើនេះ គឺមិនមែនដើម្បីរករឿងរកហេតុជាមួយមន្ត្រីរដ្ឋាភិបាលទេ តែជាការជួយជំរុញមន្ត្រីរដ្ឋាភិបាលឲ្យបំពេញការងារបានត្រឹមត្រូវ ហើយជាការងារជួយដល់ប្រមុខរដ្ឋាភិបាលដែរ ព្រោះកូនចៅគាត់ខ្លះដែលប្រព្រឹត្តអំពើផ្ដេសផ្ដាស ហើយមិនទទួលខុសត្រូវនោះ គឺថាភ្នែករបស់ពលរដ្ឋ និងតំណាងរាស្ត្រជាអ្នកជួយតម្រង់ទិសពួកគាត់ » ។
លោក សុន ឆ័យ ទាមទារឲ្យរដ្ឋសភាឆ្លើយតបមកលោកវិញជាលាយលក្ខណ៍អក្សរ អំពីមូលហេតុដែលស្ថាប័នកំពូលរបស់ជាតិមួយនេះ មិនព្រមបញ្ជូនលិខិតនោះទៅក្រសួងរ៉ែ និងថាមពល នោះ។ អនុប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភារូបនេះ អះអាងថា លោកមិនបញ្ឈប់ការទាមទារឲ្យមន្ត្រីរដ្ឋាភិបាលបង្ហាញការទទួលខុសត្រូវរបស់ខ្លួនត្រឹមនេះទេ ហើយលោកគ្រោងនឹងលើកបញ្ហានេះទៅជជែកក្នុងកិច្ចប្រជុំណាមួយនៃរដ្ឋសភានៅពេលខាងមុខ។
អ្នកវិភាគនយោបាយ បណ្ឌិត ឡៅ ម៉ុងហៃ អះអាងថា ការមិនបញ្ជូនលិខិតរបស់តំណាងរាស្ត្រទៅមន្ត្រីរដ្ឋាភិបាល ឬការមិនឆ្លើយតបរបស់មន្ត្រីរដ្ឋាភិបាលចំពោះលិខិតរបស់តំណាងរាស្ត្រ គឺជាការរំលោភបំពានរដ្ឋធម្មនុញ្ញ។ លោកបន្តថា តំណាងរាស្ត្រមានសិទ្ធិចោទសួរដេញដោលប្រមុខរដ្ឋាភិបាល ឬមន្ត្រីរដ្ឋាភិបាល ហើយពួកគេត្រូវតែឆ្លើយតបចំពោះសំណួរទាំងនោះ៖ « ជាគោលការណ៍ គឺអំណាចទប់អំណាចដល់ពេលយើងមិនឲ្យសភាទៅត្រួតពិនិត្យមើលការប្រើប្រាស់អំណាចរបស់រដ្ឋាភិបាល នោះគឺខុសនឹងគោលការណ៍បែងចែកអំណាចផង និងគោលការណ៍អំណាចទប់អំណាច។ នេះសម្រេចសង្រួមមក គឺទៅជារបបផ្ដាច់ការ មិនមែនប្រជាធិបតេយ្យ សេរី ពហុបក្ស » ។
រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិត្រង់មាត្រា៩៦ ចែងថា តំណាងរាស្ត្រមានសិទ្ធិដាក់សំណួរដល់រដ្ឋាភិបាល ដោយសំណួរនេះត្រូវសរសេរជាលាយលក្ខណ៍អក្សរ ប្រគល់ជូនតាមរយៈប្រធានរដ្ឋសភា។ ចម្លើយរបស់រដ្ឋមន្ត្រី ឬនាយករដ្ឋមន្ត្រី អាចធ្វើដោយផ្ទាល់មាត់ ឬជាលាយលក្ខណ៍អក្សរក្នុងរយៈពេល ៧ថ្ងៃ បន្ទាប់ពីបានទទួលសំណួរ។
ទោះបីជាយ៉ាងណា អស់រយៈពេលជាងមួយខែទៅហើយដែលលោក សុន ឆ័យ តាមរយៈប្រធានរដ្ឋសភា លោក ហេង សំរិន បានផ្ញើលិខិតមួយច្បាប់ទៅលោក ស៊ុយ សែម ដើម្បីឲ្យរដ្ឋមន្ត្រីរូបនេះបង្ហាញព័ត៌មាន និងឯកសារផ្លូវការនានាទាក់ទងនឹងការនាំខ្សាច់ស៊ីលីកា ឬខ្សាច់ស ចេញទៅក្រៅប្រទេស ដែលសកម្មជនបរិស្ថានគិតថា កម្ពុជា អាចនឹងខាតបង់ទឹកប្រាក់រាប់សិបលានដុល្លារបន្ថែមទៀតពីវិស័យមួយនេះ ក្រៅពីរឿងអាស្រូវបាត់ទឹកប្រាក់ជាង ៧០០លានដុល្លារពីការនាំចេញខ្សាច់ទៅប្រទេសសិង្ហបុរី រយៈពេល ៨ឆ្នាំ។ តែមកទល់នឹងពេលនេះ ក្រសួងរ៉ែ និងថាមពល មិនទាន់ឆ្លើយតបនឹងសំណើរបស់តំណាងរាស្ត្ររូបនេះនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។