អ្នកភូមិកោះគ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល ជាង ១០០នាក់ នាំគ្នាលើកបដាតវ៉ានៅព្រឹកថ្ងៃទី១១ មិថុនា ដើម្បីរកអន្តរាគមន៍ពីអាជ្ញាធរឲ្យបញ្ឈប់ការបូមខ្សាច់ពីបាតទន្លេក្នុងតំបន់ពួកគាត់រស់នៅ ដោយសារតែពួកគាត់ព្រួយបារម្ភអំពីការបាក់ច្រាំងទន្លេ។
អ្នកភូមិកោះគ ឃុំរកាខ្ពស់ ស្រុកស្អាង ទាំងជាង ១០០នាក់ ដែលរស់នៅជាប់មាត់ទន្លេបាសាក់ត្រើយខាងលិច តាមបណ្ដោយផ្លូវលេខ២១ (A) នាំគ្នាលើកបដាតវ៉ា ព្រោះតែពួកគាត់បារម្ភ និងខ្លាចបាក់ដីច្រាំង និងផ្ទះចូលទៅក្នុងទន្លេជាបន្តទៀត។
លោកស្រី លាង ស៊ុនហេង អ្នកភូមិកោះគ មានប្រសាសន៍នៅឯកន្លែងច្រាំងទន្លេដែលបានបាក់កាលពីពេលថ្មីៗថា ការតវ៉ានេះព្រោះចង់បានអន្តរាគមន៍ពីអាជ្ញាធរ ឲ្យបញ្ឈប់ការបូមខ្សាច់ពីបាតទន្លេក្នុងតំបន់ពួកគាត់តទៅទៀត៖ « បញ្ឈប់ពីថ្ងៃហ្នឹងទៅ ឈប់បូមខ្សាច់ ព្រោះបូមខ្សាច់ហ្នឹងប៉ះពារដល់ប្រជាពលរដ្ឋបាក់ដីបាក់ផ្ទះច្រើនណាស់ តាមដងទន្លេអត់មានដីនៅទេ។ ឥឡូវចាប់ស្រុតអស់ច្រើនណាស់ » ។
បដាដែលពួកគាត់លើកនៅទីនោះសរសេរថា "បូមខ្សាច់ បំផ្លាញសហគមន៍ និងទន្លេពួកខ្ញុំ" "យើងមិនចង់បានការបូមខ្សាច់ទេ" ហើយថា "ការបូមខ្សាច់ រំខានមកដល់ពួកខ្ញុំ"។
អ្នកមានផ្ទះនៅច្រាំងទន្លេ គឺលោក វ៉ាន់ ភា និងលោក លី ហួត មានប្រសាសន៍ថា ពួកលោកដែលរស់នៅទីនោះ រងការលំបាក និងការរំខានជាច្រើនពីម៉ាស៊ីនបូមខ្សាច់៖ « ក្រៅពីសំឡេង បញ្ហារំខាន គឺគាត់ចេញចូលសាឡង់ដែលគាត់ដឹកខ្សាច់មកពេញៗហ្នឹង ធ្វើឲ្យប៉ះពាល់ច្រាំងនៅក្បែរៗហ្នឹង ដែលអាចនឹងឲ្យបាក់។ គាត់បូមពីកណ្ដាលមក គាត់យកអាដីបូមឡើងវិញ។ បូមអ៊ូដើម្បីចេញខ្សាច់ទៅ វាញ័រ ហើយរំខានថ្លង់ គឺនិយាយស្ដាប់គ្នាអត់បាន ហើយក្នុងមួយថ្ងៃហ្នឹង គឺបូមពីម៉ោង ៦ព្រឹកដល់ម៉ោង ៦ល្ងាចវិញ។ សំណូមពរគាត់ថាឲ្យឈប់រយៈពេលម៉ោង ១១ ទៅដល់ម៉ោង ១២កន្លះ ក៏អត់ដែលបានឈប់ទេ។ តែបានបូម គឺចេញមួយចូលមួយរហូត » ។
យុវជនមាតាធម្មជាតិ គឺលោក ថុន រដ្ឋា បដិសេធការសង្ស័យថា លោកជាអ្នកដឹកនាំការតវ៉ានេះ ហើយថាលោកជាយុវជនត្រូវតែឈឺឆ្អាលចំពោះការបារម្ភពីការបូមខ្សាច់នេះ៖ « គ្មានការអូសទាញពីខ្ញុំទេ គឺគាត់ប្រើការឈឺចាប់របស់គាត់រយៈពេលជិតមួយឆ្នាំនៃការបូមខ្សាច់ ដែលធ្វើឲ្យគាត់មានបញ្ហាទាក់ទងនឹងការបាក់ដីដូចយើងឃើញស្រាប់ ហើយមួយទៀតទឹកល្អក់នៅកន្លែងហ្នឹង បរិស្ថានប៉ះពាល់ ហើយគាត់ថាខ្សាច់មួយចំនួន គឺបូមតែកន្លែងដដែលៗ។ អាហ្នឹងវាជាការឈឺចាប់ ហើយប្រជាពលរដ្ឋខ្មែរមិនថាជាយុវជន មិនថាជានរណា ស្ថាប័នណាទេ គាត់អាចមានសិទ្ធិចូលរួមការពារធនធានធម្មជាតិ ចូលរួមការងារការពារផលប្រយោជន៍ប្រជាពលរដ្ឋដែលទន់ខ្សោយ ដែលត្រូវបានខាងរដ្ឋរំលោភធ្វើបាបរំលោភពួកគាត់ » ។
អ្នកភូមិវ័យ ៧៨ឆ្នាំ លោក ស្រ៊ុន ប្រៀបធៀបថា តាំងពីដូនតាលោកមក តំបន់កោះគ មិនសូវបាក់ច្រាំងទេ ហើយបាក់ខ្លាំងក្រោយពេលមានការបូមខ្សាច់៖ « តាំងពីសម័យ សីហនុ មក វាមិនដែលបាក់ថ្នល់ជាតិនេះទេ។ វាបាក់ដែរ បាក់ជាយៗបន្តិចៗ ហើយវាដុះវិញ។ ដល់ឥឡូវវាខ្លាំងរូងប្រេះរហូតជិត ( ឃុំ ) សិត្បូ ឯណោះ ប្រេះដីហែកទៅទន្លេតែម្ដង ហើយក្នុងនេះ កណ្ដាលថ្នល់នេះ ស្វានតែ ១៥ម៉ែត្រ គឺសុទ្ធតែខ្សាច់ តែបូមទៅវាទាញទៅហើយ » ។
អ្នកដាំបន្លែនៅភូមិកោះគ លោក ហែម ហឿន បារម្ភពីការបាក់ផ្ទះចូលទន្លេ បន្ទាប់ពីមានផ្ទះចំនួន ៩ខ្នង បាក់កាលពីពេលថ្មីៗនេះ៖ « ខ្ញុំដាំបន្លែដាំអី ហើយធ្វើផ្ទះមាត់ទន្លេ កាលណាបាក់ ខ្ញុំមានលុយឯណាធ្វើផ្ទះ ? ផ្ទះមួយៗ តែកូនខ្ទមមួយធ្វើអស់មួយពាន់ទៅពីរពាន់ដុល្លារ យើងមិនចង់បាននៅផង។ អ៊ីចឹងខ្ញុំសំណូមពរធ្វើម៉េចកុំឲ្យមានការបូមខ្សាច់។ បូមបាក់អស់ហើយផ្ទះប្រជាពលរដ្ឋ មិនមែនតែផ្ទះខ្ញុំមួយទេ » ។
នៅថ្ងៃដែលអ្នកភូមិតវ៉ា មានសាឡង់បូមខ្សាច់ជាង ១០គ្រឿងនៅចតទីនោះ ប៉ុន្តែមិនបានបូមទេ ដោយកម្មករប្រាប់ថា ម៉ាស៊ីនខូច។ ទាំងអ្នកភូមិ និងកម្មករ មិនដឹងថាក្រុមហ៊ុនមានឈ្មោះអ្វីទេ។
ឆ្លើយតបការតវ៉ា និងរកអន្តរាគមន៍របស់អ្នកភូមិកោះគ អំពីបញ្ហាបូមខ្សាច់នេះ អភិបាលរងខេត្តកណ្ដាល លោក ខឹម ច័ន្ទគិរី ប្រាប់ទៅអ្នកភូមិថា បាតទន្លេនៅតំបន់ច្រាំងបាក់ដែលពលរដ្ឋតវ៉ានេះមានជម្រៅជ្រៅហើយ ហើយខេត្តមិនបានផ្ដល់អាជ្ញាប័ណ្ណឲ្យក្រុមហ៊ុនណាមួយបូមខ្សាច់នៅទីនេះទេ។ លោកនឹងយកបញ្ហានេះបញ្ជូនទៅក្រសួងរ៉ែ និងឋាមពល៖ « កន្លែងនេះហានិភ័យ ខ្ញុំទទួលស្គាល់។ អ៊ីចឹងបើសិនមានការល្មើសពីក្រុមហ៊ុនណាមួយបន្តល្មើសនឹងបទបញ្ជា គឺត្រូវបិទទាំងស្រុងតែម្ដង។ ដាក់ black list ( ដាក់ក្នុងបញ្ជីខ្មៅ ) បើសិនជាមានការចាំបាច់។ អានេះ ( ខ្ញុំ ) ចង់បញ្ជាក់ជូនអ៊ីចឹង ហើយយើងខិតខំដោះរហូត បងប្អូននៅទីនេះជ្រាបហើយ ខ្ញុំមកញឹកជាងគេជាមួយឯកឧត្ដម ហេង ចាន់ធួន។ តែបើថាឲ្យឥតខ្ចោះតែម្ដង វាអត់ទាន់បាន ប៉ុន្តែយើងខិតខំរកចំណុចប្រសព្វជួបដើម្បីស្រាយ » ។
ទោះជាយ៉ាងណាក្ដី លោកអភិបាលរងខេត្តដដែលថា ការសម្រេចអនុញ្ញាតឲ្យក្រុមហ៊ុនណាមួយបូមខ្សាច់បាន រដ្ឋាភិបាលជាអ្នកវាយតម្លៃអំពីផលប៉ះពាល់បរិស្ថាន ហៅកាត់ថា EIA។ លោកមិនអាចឆ្លើយប្រាប់ពីបញ្ហានេះបានទេ ព្រោះលោកមិនមែនជាអ្នកជំនាញបច្ចេកទេស។
អ្នកភូមិបានសម្រេចរំសាយគ្នានៅព្រឹកថ្ងៃទី១១ មិថុនា ដដែល ដោយរង់ចាំមើលការដោះស្រាយរបស់អាជ្ញាធរខេត្តដែលចុះមកអន្តរាគមន៍។ ប៉ុន្តែអ្នកភូមិថានឹងតវ៉ារហូតដល់បិទផ្លូវ ប្រសិនបើការបូមខ្សាច់នេះនៅតែបន្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។