ពលរដ្ឋ​ត្អូញត្អែរ​ពី​ការ​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ​ក្នុង​ក្រុង​ព្រះសីហនុ

ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​ជិត ៣​ឆ្នាំ​ចុង​ក្រោយ​នេះ ទឹក​ដែល​ប្រើប្រាស់​រួច​នៅ​តាម​ផ្ទះ​សំណាក់ សណ្ឋាគារ និង​ភោជនីយដ្ឋាន ត្រូវ​គេ​បង្ហូរ​ចូល​ទៅ​ក្នុង​សមុទ្រ តាម​រយៈ​អូរ​ធម្មជាតិ​មួយ​ចំនួន​ក្នុង​ក្រុង​ព្រះសីហនុ ហើយ​ករណី​នេះ​វា​បាន​បង្ក​ប៉ះពាល់​ធ្ងន់ធ្ងរ​ទាំង​បរិស្ថាន និង​ជីវចម្រុះ​នៅ​ជុំវិញ​នោះ។

0:00 / 0:00

សំឡេង៖ «អា​នេះ​វា​មូរ​មក​ទីក្រុង​ទាំងអស់​ហ្មង ទឹក​កន្លែង​ហ្នឹង។ វា​ប៉ះពាល់ ហើយ​វា​ប៉ះពាល់​ដល់​ភ្ញៀវ​ទេសចរ​ទាំងអស់​ហ្នឹង វា​ស្អុយ។ ឥឡូវ​វា​គ្រាន់​តែ​ស្អុយ​បន្តិច ហើយ​ខែ​ហ្នឹង​រាល់​ដង​ស្អុយ​ខ្លាំង​មែន​ទែន»

ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០១០ មក ការ​បង្ហូរ​កាក​សំណល់ និង​ទឹក​ស្អុយ​ដែល​បាន​ប្រើប្រាស់​រួច​នៅ​ក្នុង​ក្រុង​ព្រះសីហនុ មួយ​ផ្នែក​ធំ​ត្រូវ​បាន​គេ​ទម្លាយ​ចេញ​មក​ក្នុង​សមុទ្រ ដែល​ធ្វើ​ឲ្យ​បរិស្ថាន​នៅ​ជុំវិញ​ទីតាំង​នោះ​ក្លាយ​ទៅ​សភាព​ក្រខ្វក់ និង​មាន​ក្លិន​ឆ្អេះឆ្អាប ហើយ​អាច​ប៉ះពាល់​ដល់​សុខភាព​ភ្ញៀវ​ទេសចរ ព្រម​ទាំង​ពលរដ្ឋ​រស់នៅ​ជុំវិញ​នោះ​ថែម​ទៀត។

ស្ថិត​ក្នុង​វ័យ​ជាង ៤០​ឆ្នាំ លោកស្រី ឡុង សុភក្តិ មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី១៤ មិថុនា ថា ចាប់​តាំង​ពី​ទឹក​ស្អុយ​ដែល​ត្រូវ​គេ​បង្ហូរ​ចូល​មក​ក្នុង​សមុទ្រ ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ប្រកប​មុខរបរ​នេសាទ​នៅ​តាម​ព្រែក​ដំណាក់ ឆ្នេរ​អូរឈើទាល បាន​ឈប់។ លោកស្រី​បន្ត​ថា ការ​ដែល​បោះបង់​របរ​នេសាទ​ដែល​ធ្លាប់​ជួយ​ចិញ្ចឹម​ជីវិត​នៅ​គ្រា​ដោះ​ទាល់​ម្ដងម្កាល​នេះ ព្រោះ​តែ​ត្រី បង្គា និង​ជីវចម្រុះ​នានា​នៅ​ក្នុង​ដៃ​ព្រែក​ឆ្នេរ​អូរឈើទាល នេះ ព្រម​ទាំង​អូរ​ធម្មជាតិ​ត្រូវ​រង​ការ​បំផ្លាញ​ទាំង​ស្រុង ដោយ​កាក​សំណល់ និង​ទឹក​ស្អុយ​ដែល​គេ​បង្ហូរ​ចេញ​ពី​ក្នុង​ក្រុង​ព្រះសីហនុ ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ។

លោកស្រី ឡុង សុភក្តិ៖ «នៅ​នេះ​ប្រើ​ទឹក​អត់​កើត​ផង បើ​ជីក​អណ្ដូង​ប្រើ​កូន​ដេក​ទៅ អើ​មុជ​ទៅ​វា​រមាស់ ទឹក​កៀនៗ​ហ្នឹង ទាល់​តែ​ទិញ​ទឹក​ឡាន​គេ។ ក្នុង​នេះ​រក​អត់​បាន​ទេ បើ​ត្រី​វា​ពុល​អស់​ហើយ រក​បាន​តែ​ក្រៅៗ​ទេ។ ខ្ញុំ​មិន​ដឹង​ដែរ ដឹង​ថា​ដល់​ពេល​យូរៗ​បង្ហូរ​ម្ដង​មក»

ចំណែក​យុវជន គា ជុន ដែល​ធ្លាប់​ប្រកប​រប​នេសាទ​នៅ​តាម​ឆ្នេរ​អូរឈើទាល នេះ​ដែរ​នោះ ឲ្យ​ដឹង​ថា បច្ចុប្បន្ន​កុំ​ថា​ឡើយ​ត្រី ឬ​បង្គា សូម្បី​ការ​បង្ក​កំណើត​របស់​មច្ឆាជាតិ​ទាំង​នៅ​តាម​អូរ​ធម្មជាតិ និង​នៅ​ក្នុង​សមុទ្រ ក៏​ត្រូវ​ផុត​ពូជ​ពុំ​មាន​សេសសល់​អ្វី​នោះ​ទេ។ បន្ថែម​លើ​នេះ គា ជុន បន្ត​ថា ជា​ពិសេស​កាក​សំណល់​ដូច​ជា​ល្បាប់​ភក់​នៅ​តាម​ឆ្នេរ​សមុទ្រ និង​នៅ​តាម​មាត់​ព្រែក​ជាដើម បាន​បង្ក​ផល​លំបាក​ដល់​អ្នក​ភូមិ​ជា​ច្រើន ដូច​ជា កើត​កម​រមាស់ ឬ​ជំងឺ​សើស្បែក​ដទៃ​ទៀត។ បញ្ហា​នេះ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គាត់​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ក្នុង​ជីវិត​រស់នៅ​នា​ថ្ងៃ​អនាគត ប្រសិន​បើ​អាជ្ញាធរ ឬ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ មិន​ចាត់​វិធាន​ការ​ទប់ស្កាត់​ជា​បន្ទាន់​ណា​មួយ​ទេ​នោះ។

យុវជន គា ជុន៖ «ខ្ញុំ​បារម្ភ​ដែរ​បង ព្រោះ​ថា​ក្លិន​ថា​ស្អុយ ឥឡូវ​ឥត​មាន​កូន​ត្រី​នៅ​ក្នុង​នេះ​ទេ។ តែ​ទឹក​ស្អុយ​មក គឺ​ងាប់​ទាំងអស់ ទាំង​កូន​បង្គា និង​កូន​ត្រី​តូចៗ​អី​ងាប់​ទាំងអស់ ហើយ​ស្អុយ​ទៀត។ សូម​លុប​បំបាត់​អា​រឿង​ទឹក​ស្អុយ​ហ្នឹង​ហ្មង ហ្នឹង​ហើយ។ តែ​លុប​បំបាត់​ទឹក​ស្អុយ​ទៅ កាល​ណា​មាន​ត្រី​មាន​អី​នៅ​ក្នុង​ព្រែក។ ហើយ​ណា​មួយ​វា​ឥត​រមាស់ កាល​ណា​ចុះ​ភក់​ក៏​រមាស់​ជើង​ដែរ។ ទឹក​ស្អុយ​ហ្នឹង​មក វា​ជាប់​នៅ​ជាមួយ​ភក់​អ្ហា»

ផ្ទាំង​ទឹក​ពណ៌​ខ្មៅ​ខ្មួលខ្មាញ់ បោកបក់​តាម​កម្លាំង​ខ្យល់​ដោយ​នាំ​មក​ជាមួយ​នូវ​ក្លិន​ស្អុយ​ចេញ​ពី​ក្នុង​សមុទ្រ។ រលក​សមុទ្រ​នៅ​តាម​ឆ្នេរ​ព្រែក​ដំណាក់​ស្ដេច នៅ​ពេល​នេះ ប្រែ​ក្លាយ​ជា​ទឹក​មាន​ពណ៌​ខ្មៅ និង​ពុំ​មែន​ជា​ទី​ចាប់​អារម្មណ៍​របស់​ភ្ញៀវ​ទេសចរ​ដូច​កាល​ពី​ជាង ៣​ឆ្នាំ​មុន​ទៀត​ទេ ព្រោះ​តែ​ក្លិន​ស្អុយ និង​បង្ក​ជា​ជំងឺ​ដល់​អ្នក​ភូមិ ដែល​ពុំ​អាច​បម្រើ​សេវា​សម្រាប់​ភ្ញៀវ​ទេសចរ និង​អ្នក​ប្រកប​របរ​នេសាទ​បាន​ត​ទៅ​ទៀត​នោះ។

បុរស​ជា​អ្នក​នេសាទ​វ័យ​ជាង ៥០​ឆ្នាំ​ម្នាក់ រស់នៅ​ក្នុង​សង្កាត់​បួន ក្រុង​ព្រះសីហនុ ដែល​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា កាល​ពី ២​ឆ្នាំ​កន្លង​ទៅ ពលរដ្ឋ​រាប់​រយ​គ្រួសារ​រស់នៅ​ក្នុង​តំបន់​នេះ ក៏ប៉ុន្តែ​បច្ចុប្បន្ន នៅ​មិន​ដល់ ១០​គ្រួសារ​ផង ហើយ​ភ្ញៀវ​ទេសចរ​ជាច្រើន​ហូរហែ​តែង​មក​កម្សាន្ត​នៅ​ទី​នេះ។ ក៏ប៉ុន្តែ ពេល​នេះ​មិន​ដូច​មុន​ទៀត​ឡើយ៖ «កាល​ឥត​ទាន់​បង្ហូរ​អត់​មាន​ក្លិន​អី ភ្ញៀវ​ទេសចរ​អី​មក​លេង​ព្រោងព្រាត​នៅ​ហ្នឹង​ពេញ​ដែរ។ ដល់​ពេល​អ៊ីចឹង​ទៅ អត់​មាន រហូត​ម្ដុំ​ហ្នឹង​អត់​មាន​ទេសចរ​មក។ លើ​ភ្នំ​ហ្នឹង​ក៏​អត់​មាន​គេ​មក អត់​សូវ​មាន​មក​ដេក​ស្នាក់​នៅ​ដែរ វា​ក្លិន​ពេក។ ហើយ​ត្រី​សាច់​ក្នុង​ហ្នឹង​ក៏​ងាប់​អស់ គ្មាន​ត្រី​គ្មាន​អី។ ពី​មុន​អី គ្រាន់​រក​បាន​លុយ​ចាយ​អី​មួយ​យប់ បួន​ប្រាំ​ម៉ឺន»

ក៏ប៉ុន្តែ គេ​សង្កេត​ឃើញ​ថា នៅ​ក្បែរ​មាត់​សមុទ្រ​ជិត​តំបន់​នោះ​មាន​ស្លាក​មួយ​របស់​មន្ទីរ​បរិស្ថាន ដែល​ដាក់​ដោយ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​នាំគ្នា​ចូលរួម​ការពារ​បរិស្ថាន​ឲ្យ​បាន​ស្អាត។

យ៉ាង​ណា​ក៏ដោយ​ចុះ ពលរដ្ឋ​និយាយ​ថា មន្ត្រី​ជំនាញ​របស់​ក្រុង​ព្រះសីហនុ ធ្លាប់​បាន​ចុះ​មក​ត្រួត​ពិនិត្យ​ដែរ ក៏ប៉ុន្តែ​លទ្ធផល​រហូត​មក​ដល់​ពេល​នេះ គេ​នៅ​សង្កេត​ឃើញ​ថា​មិន​ទាន់​មាន​ការ​កែប្រែ​អ្វី​នោះ​ឡើយ។

ចំណែក​ពលរដ្ឋ​ដែល​ក្រាញ​ននៀល​មិន​ចាក​ចេញ​មិន​ដល់ ១០​គ្រួសារ ព្រោះ​តែ​ជីវភាព និង​ពុំ​មាន​លំនៅឋាន​ផង​នោះ អះអាង​ថា សម្រាប់​រដូវ​វស្សា ឬ​រដូវ​ធ្លាក់​ភ្លៀង​នេះ ក្លិន​ស្អុយ​ដែល​ភាយ​ចេញ​ពី​ក្នុង​សមុទ្រ មិន​សូវ​ជះ​ក្លិន​ប៉ុន្មាន​ដូច​នៅ​រដូវ​ប្រាំង​នោះ​ទេ៖ «មួយ​ឆ្នេរ​ទាំងអស់ ឲ្យ​តែ​ទឹក​ហូរ​នាច​អ៊ីចឹង​ទៅ វា​ហូរ​ទៅ​ខាង​ណោះ ពេល​ទឹក​ហូរ​ជោរ វា​ហូរ​ទៅ​ខាង​នោះ។ ទឹក​វា​ហូរ​សៀ​ខាង​ទាំងអស់។ បាទ! ឆ្នេរ​ដំណាក់​ស្ដេច​ទៅ​ដល់​លើ​ណោះ​ឆ្នេរ​អូរឈើទាល»

អង្គការ​សង្គម​ស៊ីវិល​ដែល​ឃ្លាំ​មើល​បញ្ហា​នេះ បញ្ជាក់​ថា គេ​នៅ​មិន​ដឹង​ពី​មូលហេតុ​ដែល​ជំនាញ​ពាក់ព័ន្ធ​មិន​ទប់ស្កាត់​ការ​បង្ហូរ​កាក​សំណល់ និង​ទឹក​ដែល​ប្រើប្រាស់​រួច​នៅ​តាម​ផ្ទះ​សំណាក់ សណ្ឋាគារ និង​ភោជនីយដ្ឋាន បង្ហូរ​ចូល​មក​ក្នុង​សមុទ្រ​នេះ​ទេ។ ក៏ប៉ុន្តែ គេ​ដឹង​ថា បច្ចុប្បន្ន​នេះ​ក្រុង​ព្រះសីហនុ មាន​ស្ថានីយ​ចម្រោះ​ទឹក​ស្អុយ​មួយ​ទីតាំង មុន​នឹង​ត្រូវ​បង្ហូរ​ទឹក​ស្អុយ​ដែល​បាន​ចម្រោះ​រួច​នោះ​ឆ្លង​កាត់​បន្ត​ចូល​ទៅ​ក្នុង​សមុទ្រ។

ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​ព្រះសីហនុ លោក ណុប ហេង គិត​ថា ការ​ព្យាយាម​ដើម្បី​បញ្ចៀស​បញ្ហា​នេះ ត្រូវ​មាន​អន្តរាគមន៍​ពី​ថ្នាក់​លើ ពោល​គឺ​ត្រូវ​ទាមទារ​អ្នក​ជំនាញ និង​បច្ចេកទេស​ខ្ពស់​ពី​ក្រសួង។ លោក​បន្ត​ថា នៅ​ដើម​ឆ្នាំ​២០១៣ នេះ យ៉ាង​ហោច​ណាស់​មាន​ស្ថាប័ន​ចំនួន​បី ក្នុង​នោះ​មាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ក្រុមហ៊ុន​ចិន និង កូរ៉េ បាន​ចុះ​មក​សិក្សា​លើ​ផ្នែក​នេះ។ ទោះ​ជា​បែប​ណា លោក​ទទួល​ស្គាល់​ថា បច្ចុប្បន្ន​នៅ​ក្នុង​ក្រុង​ព្រះសីហនុ ពិត​ជា​ពុំ​មាន​ជម្រើស​ក្រៅ​ពី​ធ្វើ​ដូច្នេះ​ឡើយ។

លោក ណុប ហេង៖ «នៅ​ខាង​យើង​នៅ​ក្រុង​ហ្នឹង ប្រហែល​ជា​គ្រាន់​តែ​តំណ​អ៊ីចឹង វា ៣​ពាន់​ជាង ត​អត់​ទាន់​បាន​ផង។ ហើយ​ប្រជាជន​បើ​គិត​តាម​លំនៅឋាន មិន​ដឹង​ជា​ប៉ុន្មាន ប៉ុន្តែ​បើ​គិត​ស្មាន​មិន​ក្រោម ៥​ពាន់​ទេ តាម​មើល។ អ៊ីចឹង បញ្ហា​មាន​តែ​បញ្ហា​ហ្នឹង​ទេ ត្រូវ​ពិភាក្សា​គ្នា​ធ្វើ​អាង​បន្ថែម ហើយ​ការ​ត​ហ្នឹង គឺ​ថា​មាន​តែ​សម្រួល​ឲ្យ​ប្រជាពលរដ្ឋ​កុំ​ឲ្យ​យក​លុយ​គាត់​ត​មុន​ដំបូង​ហ្នឹង ហើយ​ចាំ​គិត​ត​ទៀត។ ហើយ​បើ​សិន​ជា​អ៊ីចឹង​ទេ គាត់​នៅ​តែ យើង​អត់​មាន​ច្បាប់​ណា​មួយ​ត្រូវ​តែ​ចាប់​បង្ខំ​ថា ត្រូវ​តែ​បើ​ត បើ​មិន​ត​ត្រូវ​មាន​ទោស​អី​អ៊ីចឹង វា​អត់​មាន»

អ្នក​សម្រប​សម្រួល​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​ព្រះសីហនុ លោក ប៊ុន ណារិទ្ធ គិត​ថា ប្រសិន​បើ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​មិន​ចាត់​វិធាន​ការ​ទប់ស្កាត់​បញ្ហា​នេះ​ឲ្យ​បាន​ទាន់​ពេល​វេលា​ទេ ឥទ្ធិពល​នេះ​នឹង​បន្ត​រីកសាយ​ភាយ​ទៅ​ដល់​ឆ្នេរ​មួយ​ចំនួន​ផ្សេង​ទៀត ដូច​ជា​ឆ្នេរ​អូរឈើទាល និង​ឆ្នេរ​អូរត្រេះ ដែល​នៅ​ជិត​នោះ៖ «មាន​ប្រព័ន្ធ​មួយ​ចំនួន​បាន​បង្ហូរ​ទៅ​កាន់​អា​តំបន់​កន្លែង​ច្រោះ​ទឹក​នៅ​ខាង​អូរ​ត្រេះ ហ្នឹង។ ហើយ​ប្រព័ន្ធ​ផ្សេង​ទៀត​មួយ​ចំនួន​ទៀត វា​អត់​បាន​ចូល​ទៅ​តំបន់​ច្រោះ​ហ្នឹង​ទេ អ៊ីចឹង​អ្ហា ធ្វើ​ឲ្យ​ពេល​ភ្លៀង​ពេល​អី​ហ្នឹង វា​ហូរ​ទៅ​តាម​អូរ​ធម្មជាតិ​ហ្នឹង ចូល​ទៅ​កាន់​សមុទ្រ​យើង​ហ្នឹង។ ហើយ​ជាក់ស្ដែង គឺ​ថា​ពេល​ភ្លៀង​ម្ដង​ហូរ​សំរាម ហូរ​កាក​សំណល់​ហ្នឹង គឺ​ខ្លាំង​ណាស់ បាទ!»

ឆ្នេរ​សមុទ្រ​របស់​ប្រទេស​កម្ពុជា ត្រូវ​គេ​ចាត់​ទុក​ថា​ជា​ឆ្នេរ​ដែល​ស្អាត​ជាង​គេ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ នេះ។ ហើយ​ក្រសួង​ទេសចរណ៍​កាល​ពី​ឆ្នាំ​២០១១ ក៏​បាន​រៀបចំ​ពិធី​បុណ្យ​សមុទ្រ​ដ៏​ធំ​មួយ ដែល​ពុំ​ធ្លាប់​មាន ដោយ​រាប់​បញ្ចូល​ថា​ជា​ឆ្នេរ​មាន​លក្ខណៈ​ល្អ​ប្រណិត​របស់​ខ្លួន​ថែម​ទៀត។

ក៏ប៉ុន្តែ បច្ចុប្បន្ន មួយ​ផ្នែក​ធំ​នៃ​ជីវចម្រុះ ដូច​ជា​ត្រី និង​បង្គា នៅ​ក្នុង​សមុទ្រ និង​អូរ​ធម្មជាតិ​មួយ​ចំនួន​ក្នុង​ក្រុង​ព្រះសីហនុ ត្រូវ​រង​ការ​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ នឹង​ឈាន​ទៅ​បាត់បង់​ពូជ​មច្ឆាជាតិ​ទាំង​នោះ​ជា​បន្តបន្ទាប់ ព្រោះ​តែ​ការ​បង្ហូរ​ចូល​កាក​សំណល់ និង​ទឹក​ស្អុយ​ចូល​ទៅ​ក្នុង​សមុទ្រ​ជា​រៀងរាល់​ថ្ងៃ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។