បណ្ដាញ​យុវជន​ជំរុញ​រដ្ឋសភា​ឲ្យ​ពិនិត្យ​ការងារ​របស់​រដ្ឋាភិបាល

បណ្ដាញ​យុវជន​កម្ពុជា ជំរុញ​ឲ្យ​រដ្ឋសភា​ពិនិត្យ​ការងារ​របស់​រដ្ឋាភិបាល ដែល​មាន​ការ​ចោទ​ប្រកាន់​ពី​មជ្ឈដ្ឋាន​នានា ថា​បាន​បណ្ដែត​បណ្តោយ​ឲ្យ​មាន​សកម្មភាព​បំផ្លាញ​បរិស្ថាន​យ៉ាង​ធ្ងន់ធ្ងរ នៅ​ក្នុង​វេទិកា​តស៊ូ​មតិ​មួយ​នៅ​ព្រឹក​ថ្ងៃ​ទី៥ ខែ​មិថុនា ដោយ​មាន​ការ​ចូលរួម​ពី​ក្រុម​យុវជន​ប្រមាណ​ជិត ១០០​នាក់។

0:00 / 0:00

ក្រុម​យុវជន​ជួបជុំ​គ្នា​ដង្ហែ​ក្បួន​តាម​ផ្លូវ​ជុំវិញ​រដ្ឋសភា បន្ទាប់​មក​ធ្វើ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​ដាក់​ញត្តិ​ជូន​រដ្ឋសភា ដើម្បី​បង្ហាញ​ពី​ក្តី​កង្វល់​របស់​យុវជន​ចំពោះ​បញ្ហា​បរិស្ថាន។ ស្រប​ពេល​ប្រទេស​នៅ​លើ​ពិភពលោក​បាន​នាំគ្នា​ប្រារព្ធ​ទិវា​បរិស្ថាន​ពិភពលោក​លើក​ទី៤១។

សមាជិក​បណ្ដាញ​យុវជន​កម្ពុជា ដែល​ស្ថិត​ក្នុង​សម្លៀកបំពាក់​អាវ​ពណ៌​ស មាន​រូប​ដើម​ឈើ​ពណ៌​បៃតង ដៃ​កាន់​បដា​សរសេរ​ថា ខ្ញុំ​ស្រឡាញ់​បរិស្ថាន បញ្ឈប់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ។ អ្នក​ខ្លះ កាន់​រូប​គំនូរ​សត្វ​ស្វា​ធ្វើ​មុខ​ជូរ អង្គុយ​លើក​កំណាត់​ឈើ​កាប់​រួច​សល់​តែ​គល់។

ក្រុម​យុវជន​ច្រៀង​បទ​ចំរៀង​រំលឹក​ពី​អតីត​សកម្មជន​ការពារ​ព្រៃ​ឈើ​ដ៏​ល្បី លោក ឈុត វុទ្ធី ដែល​បាន​ស្លាប់​ដោយសារ​មូលហេតុ​ការពារ​ព្រៃ​ឈើ និង​ស្រែក​ព្រមៗ​គ្នា ទាមទារ​ឲ្យ​រដ្ឋសភា​ទទួល​ខុស​ត្រូវ​ក្នុង​នាម​ជា​តំណាង​ឲ្យ​ជាតិ​ខ្មែរ​ទាំង​មូល ដែល​មាន​តួនាទី​ឃ្លាំ​មើល​ការ​ដឹកនាំ​ប្រទេស​របស់​រាជ​រដ្ឋាភិបាល។

ប្រធាន​បណ្ដាញ​យុវជន​កម្ពុជា លោក ទឹក ម៉ាឡៃ មាន​ប្រសាសន៍​ថា កាល​ពី​ឆ្នាំ​មុន ក្រុម​យុវជន​ធ្លាប់​បាន​ស្នើ​ទៅ​រដ្ឋសភា​ម្តង​រួច​ទៅ​ហើយ ឲ្យ​ពិនិត្យ​មើល​ការងារ​របស់​រាជ​រដ្ឋាភិបាល ដែល​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ស្ទើរ​ទូទាំង​ប្រទេស នាំ​ឲ្យ​មាន​ជម្លោះ​ដីធ្លី ការ​បំផ្លាញ​ព្រៃ​ឈើ ការ​បំពុល​បរិយាកាស​ជាដើម។ លោក​បន្ត​ថា រដ្ឋាភិបាល​បាន​ផ្អាក​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​បន្ត​ទៀត ប៉ុន្តែ​ទំហំ​នៃ​ការ​បំផ្លាញ​ព្រៃ​ឈើ​កាន់​តែ​រីក​ធំ និង​បង្ក​ក្តី​ព្រួយ​បារម្ភ។ លោក​បន្ត​ថា សមាជិក​បណ្ដាញ​យុវជន​កម្ពុជា មិន​ចង់​ឲ្យ​ប្រវត្តិសាស្ត្រ​ជេរ​ស្តី​ថា ពួក​គេ​ជា​ពលរដ្ឋ​ខ្មែរ​ដែល​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ តែ​បែរ​ជា​បណ្តោយ​ឲ្យ​ជន​ខិល​ខូច​មួយ​ចំនួន បំផ្លាញ​សម្បត្តិ​ជាតិ​ដូច​សព្វថ្ងៃ​នេះ​ឡើយ។

ទោះ​ជា​យ៉ាង​ណា​ក្តី មិន​មាន​តំណាង​រដ្ឋសភា​ណា​ម្នាក់​ចេញ​មក​ទទួល​ញត្តិ​ដែល​ក្រុម​យុវជន​ដាក់​ជូន​រដ្ឋសភា​ឡើយ។ ប៉ុន្តែ គណៈកម្មការ​ជំនាញ​រដ្ឋសភា​បាន​អនុញ្ញាត​ឲ្យ​តំណាង​យុវជន​ចូល​ជួប​ពិភាក្សា និង​សន្យា​ថា យក​ញត្តិ​នោះ​ទៅ​ជូន​តំណាង​រាស្ត្រ​ពាក់ព័ន្ធ​ពិនិត្យ។ ការ​ដង្ហែ​ញត្តិ​ទៅ​ដាក់​ជូន​រដ្ឋសភា​នៅ​ពេល​នេះ គឺ​ស្រប​ពេល​គ្នា​ដែល​គណៈកម្មការ​អចិន្ត្រៃយ៍​របស់​រដ្ឋសភា កំពុង​មមាញឹក​ប្រជុំ​ពិនិត្យ​សេចក្តី​ស្នើ​ច្បាប់​ប្រឆាំង​អ្នក​ដែល​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​ក្នុង​របប​ខ្មែរ​ក្រហម ដែល​ជា​ច្បាប់​ដែល​ស្នើ​ឡើង​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ នៅ​ក្នុង​គេហទំព័រ​របស់​ក្រសួង​បរិស្ថាន វិញ មិន​បាន​បង្ហាញ​ព័ត៌មាន​ទាក់ទង​នឹង​ទិវា​បរិស្ថាន​ពិភពលោក ថ្ងៃ​ទី៥ ខែ​មិថុនា នា​ឆ្នាំ​នេះ ឬ​ព័ត៌មាន​ទាក់ទង​ពី​ការ​បំផ្លាញ​បរិស្ថាន​ឡើយ តែ​បាន​បង្ហាញ​រូបភាព និង​អត្ថបទ​តាំង​ពី​ឆ្នាំ​២០១១ មួយ​ចំនួន ដែល​និយាយ​ពី​ការ​ប្រជុំ​នានា និង​កម្រង​ឯកសារ​ច្បាប់​បរិស្ថាន។

១-ក្រុម​យុវជន​ដែល​ស្រឡាញ់​បរិស្ថាន​ដង្ហែ​ក្បួន​នៅ​មុខ​រដ្ឋសភា។

២-ក្រុម​យុវជន​លើក​ផ្ទាំង​បដា និង​រូប​គំនូរ​បង្ហាញ​ពី​ការ​ប៉ះពាល់​ដល់​បរិស្ថាន។

៣-ក្រុម​យុវជន​បង្ហាញ​ពី​គំនូរ​វិនាសកម្ម​ព្រៃ​ឈើ​នៅ​កម្ពុជា។

៤-យុវជន​គូរ​រូប​ស្លឹក​ឈើ​ពណ៌​ខៀវ​នៅ​លើ​ផ្ទៃ​មុខ​ជា​សញ្ញា​សម្គាល់​ដល់​ការ​ស្រលាញ់ និង​ការពារ​បរិស្ថាន។

៥-ក្រុម​យុវជន​ពាក់​រូប​មុខ​សត្វ​ព្រៃ បង្ហាញ​ថា សត្វ​ទាំង​នោះ​កំពុង​វិនាស។

៦-ក្រុម​យុវជន​លើក​បដា​សុំ​ឲ្យ​រដ្ឋាភិបាល​អន្តរាគមន៍​បញ្ឈប់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ។

៧-ក្រុម​យុវជន​បង្ហាញ​ពី​ការ​បាត់​បង់​សត្វ​ព្រៃ និង​ព្រៃ​ឈើ។

៨-អ្នក​រៀបចំ​កម្មវិធី​កំពុង​ថ្លែង​ទៅ​កាន់​អ្នក​ចូល​រួម​ពី​សារប្រយោជន៍​នៃ​ការ​ការពារ​បរិស្ថាន និង​ព្រៃ​ឈើ។

៩-យុវជន​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ជិត ៣០០​នាក់ ពាក់​មុខ​រូប​ដំរី ស្រែក​ទាមទារ​ឲ្យ​ថែ​រក្សា​ព្រៃ​ឈើ។

១០-ក្រុម​យុវជន​បង្ហាញ​ពី​ការ​បាត់​បង់​សត្វ​ព្រៃ និង​ព្រៃ​ឈើ។

១១-ក្រុម​យុវជន​បង្ហាញ​ពី​គំនូរ​វិនាសកម្ម​ព្រៃឈើ​នៅ​កម្ពុជា។

១២-ក្រុម​អ្នក​ធ្វើ​ទិវា​បរិស្ថាន​ពិភពលោក​កំពុង​តែ​ដាក់​ញត្តិ​នៅ​រដ្ឋសភា។

១៣-ក្រុម​អ្នក​ធ្វើ​ទិវា​បរិស្ថាន​ពិភពលោក​កំពុង​តែ​ដាក់​ញត្តិ​នៅ​រដ្ឋសភា។

ចំណែក​ឯ​សេចក្តី​ថ្លែងការណ៍​រួម​ចុះ​ហត្ថលេខា​ដោយ​សង្គម​ស៊ីវិល ចំនួន​៥ ដូចជា សមាគមន៍​បណ្ដាញ​យុវជន​កម្ពុជា សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា សមាគម​មន្ត្រី​រាជការ​ឯករាជ្យ​កម្ពុជា សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ និង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ និង​សេវាកម្ម​កម្ពុជា។ សេចក្តី​ថ្លែងការណ៍​រួម​លើក​ឡើង​ថា នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​បំផ្លាញ​ព្រៃ​ឈើ​កាន់​តែ​រីក​រាល​ដាល ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ក្នុង​តំបន់​មួយ​ចំនួន រួម​មាន​ព្រៃ​ឡង់ តំបន់​ជម្រក​សត្វ​ព្រៃ​បឹងពែ ជម្រក​សត្វ​ព្រៃ​ស្នួល ខេត្ត​ក្រចេះ ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ ខេត្ត​រតនគិរី ជាដើម។ ក្នុង​នោះ ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ស្ទឹងអារ៉ែង និង​ទន្លេ​សេសាន កំពុង​តែ​គំរាម​កំហែង​ដល់​ធនធាន​ធម្មជាតិ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ។

សង្គម​ស៊ីវិល ស្នើ​រដ្ឋសភា​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធាន​ការ​លើ​បញ្ហា​មួយ​ចំនួន ជាអាទិ៍ បញ្ឈប់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ពិនិត្យ​ដក​ហូត​ដី​ពី​ក្រុមហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច សម្បទាន​រ៉ែ និង​ទំនប់​វារីអគ្គិសនី ដែល​កំពុង​បំផ្លាញ​បរិស្ថាន បញ្ឈប់​ការ​គំរាម​កំហែង​គ្រប់​រូបភាព​ទៅ​លើ​សកម្មជន​ការពារ​បរិស្ថាន ត្រួត​ពិនិត្យ​លើ​ក្រុមហ៊ុន​វៀតណាម ស៊ី.អ.ស៊ី.ខេ (CRCK) ក្រុមហ៊ុន ហួង អាញ់ យ៉ាឡាយ (Hoang Anh Gia Lai = HAGL) ក្រុមហ៊ុន វៀតណាម រ៉ាប់ប៊ឺ គ្រូប (Vietnam Rubber Group = VRG) ដែល​សង្គម​ស៊ីវិល​អន្តរជាតិ បាន​រក​ឃើញ​ថា កំពុង​តែ​រំលោភ​សិទ្ធិ​មនុស្ស និង​បង្ក​វិនាសកម្ម​ដល់​ធនធាន​ធម្មជាតិ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។