បណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម សហការជាមួយអង្គការផ្សេងទៀត គ្រោងនឹងរៀបចំសន្និសីទកាសែតនៅថ្ងៃពុធ ទី១៨ កុម្ភៈ នាភោជនដ្ឋានបៃតង ដើម្បីប្រឆាំងទៅនឹងសេចក្ដីសម្រេចរបស់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបដិសេធមិនព្រមពន្យារពេលទិដ្ឋាការដល់លោក អេឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ជាសកម្មជនការពារព្រៃឈើយ៉ាងសកម្មនៅកម្ពុជា។
លោក អេឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន ជាប្រធានចលនាមាតាធម្មជាតិ ជនជាតិអេស្ប៉ាញ មួយរូប ដែលបានចូលមកប្រទេសកម្ពុជា រយៈពេលជាង ១២ឆ្នាំមកហើយ។ លោកបានធ្វើការយ៉ាងសកម្មក្នុងការការពារព្រៃឈើដែលនៅសេសសល់ក្នុងប្រទេសកម្ពុជា។ សកម្មភាពរបស់លោកបច្ចុប្បន្ន គឺប្រយុទ្ធប្រឆាំងខ្លាំងក្នុងការការពារព្រៃឈើនៅតំបន់អារ៉ែង ខែត្រកោះកុង។
លោកកំពុងប្រឈមមុខនឹងការបណ្ដេញចេញពីប្រទេសកម្ពុជា បើសិនជារដ្ឋាភិបាលមិនផ្ដល់ទិដ្ឋាការជូនលោកទេនោះ ហើយនៅថ្ងៃទី២០ កុម្ភៈ នេះ លោកត្រូវបាននាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ កោះហៅទៅសួរអំពីករណីទិដ្ឋាការអស់សុពលភាពនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។