ព្រៃឈើទំហំជិត ២.០០០ហិកតារ ក្នុងសហគមន៍ជាំពេន នៅឃុំរម្យទម ស្រុករវៀង ខេត្តព្រះវិហារ ជាប់គ្នានឹងដែនជម្រកសត្វព្រៃបឹងពែរ កំពុងទទួលរងការកាប់យកទៅជួញដូរខុសច្បាប់យ៉ាងអនាធិបតេយ្យ ដោយអាជ្ញាធរពាក់ព័ន្ធហាក់មិនសូវយកចិត្តទុកដាក់បង្ក្រាបទេ។ ក្រុមប្រជាពលរដ្ឋរស់នៅភូមិបង្កើនផល បានសំដែងការព្រួយបារម្ភខ្លាចបាត់បង់ព្រៃឈើនៅជិតតំបន់ពួកគេរស់នៅ ហើយបានរួមគ្នាប្រឹងប្រែងការពារដោយខ្លួនឯង។
ប្រជាពលរដ្ឋនៅភូមិបង្កើនផល នៃឃុំរម្យទម ស្រុករវៀង កំពុងរួមគ្នាដើរល្បាតការពារព្រៃឈើនៅតំបន់ជាំពេន រយៈពេលជិត ២សប្ដាហ៍មកហើយ។
ការចាត់កម្លាំងល្បាតដើរការពារព្រៃទំហំជិត ២.០០០ហិកតារនេះ គឺនៅស្របពេលដែលមានមនុស្សមកពីស្រុកស្ទោង និងស្រុកប្រាសាទបល្ល័ង្គ ជាច្រើននាក់ តែងលបលួចចូលកាប់ឈើ ហើយដឹកជញ្ជូនយកទៅជួញដូរខុសច្បាប់ ប៉ុន្តែអាជ្ញាធរបែរជាមិនយកចិត្តទុកដាក់បង្ក្រាបទេ។
តំណាងសហគមន៍ការពារព្រៃឈើ ភូមិបង្កើតផល គឺលោក រស់ លីន។ លោកមានប្រសាសន៍កាលពីរសៀលថ្ងៃពុធ ទី២៤ ខែកុម្ភៈ ថាអ្នកភូមិរបស់លោកបានទទួលការពារព្រៃជាំពេន ទំហំជិត ២.០០០ហិកតារ តាំងពីអំឡុងឆ្នាំ២០០៦ មក ក៏ប៉ុន្តែបច្ចុប្បន្នព្រៃឈើដែលជាប់គ្នានឹងតំបន់ដែនជម្រកសត្វព្រៃបឹងពែរ មួយនេះ កំពុងមានមនុស្សមកពីខេត្តផ្សេងចូលលួចកាប់យកទៅលក់ដូរខុសច្បាប់ស្ទើរតែរៀងរាល់ថ្ងៃ។
តំណាងសហគមន៍ដដែលបញ្ជាក់ថា ក្រុមអ្នកភូមិប្រឹងប្រែងការពារព្រៃឈើទាំងនេះ ដោយខំដើរល្បាត ក៏ប៉ុន្តែបែរទៅអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញវិញធ្វើជាមិនដឹងមិនឮចំពោះសកម្មភាពកាប់ឈើទាំងនោះ៖ «ពួកកាប់ឈើនៅតែរុករានបន្ត ប៉ុន្តែដោយសារតែពួកខ្ញុំដេញ ដូចជាដេញមាន់ស៊ីស្រូវអ៊ីចឹង។ ពួកហ្នឹងមកពីស្រុកស្ទោង និងស្រុកស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ»។
កាលពីថ្ងៃទី១៧ ខែកុម្ភៈ ក្រុមសហគមន៍បានចាប់ខ្លួនអ្នកលួចចូលទៅកាប់ឈើខុសច្បាប់ចំនួន ១០នាក់ ព្រមទាំងរទេះដឹកឈើចំនួន ២គ្រឿង ដោយពួកគេបានត្រឹមតែជូនដំណឹងឱ្យអាជ្ញាធរ និងមន្ត្រីរដ្ឋបាលព្រៃឈើរវៀង បានដឹង ក៏ប៉ុន្តែមិនប្រគល់អ្នកកាប់ឈើទាំងនោះទៅឱ្យមន្ត្រីរដ្ឋបាលព្រៃឈើទេ គឺគេសុខចិត្តបញ្ជូនទៅតុលាការខេត្តព្រះវិហារ ដោយខ្លួនឯង។
ទោះយ៉ាងណា វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអាជ្ញាធរស្រុករវៀង មន្ត្រីបរិស្ថាន និងមន្ត្រីរដ្ឋបាលព្រៃឈើសង្កាត់រវៀង ដើម្បីសុំការអធិប្បាយជុំវិញរឿងបទល្មើសព្រៃឈើនៅសហគមន៍ជាំពេននោះ បានថាយ៉ាងណានៅឡើយ។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តព្រះវិហារ លោក ឡោ ចាន់ ឱ្យដឹងថា បច្ចុប្បន្នព្រៃឈើនៅជាំពេន គឺពិតជាកំពុងទទួលរងការកាប់យកទៅជួញដូរខុសច្បាប់មែន។
លោក ឡោ ចាន់ បញ្ជាក់ទៀតថា អ្នកមានអំណាច និងឈ្មួញខ្លះ នៅតែជួលមនុស្សឱ្យលួចចូលទៅកាប់ឈើនៅសហគមន៍បង្កើនផល ក៏ប៉ុន្តែអាជ្ញាធររដ្ឋាភិបាលជាច្រើនស្ថាប័នដែលនៅទីនោះហាក់មានវិធានការបង្ក្រាបសកម្មភាពនោះតិចតួច៖ «គាត់អស់ជំនឿទៅលើសង្កាត់រដ្ឋបាលព្រៃឈើរវៀង ហើយ។ កាលពីលើកមុនគាត់ចាប់បានទាំងអ្នកកាប់ឈើ ចាប់បានទាំងវត្ថុតាងបទល្មើស ប៉ុន្តែបែរជាមន្ត្រីរដ្ឋបាលព្រៃឈើដោះលែងទៅវិញ»។
កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៥ កន្លងទៅ សហគមន៍ធ្លាប់ព័ន្ធចាប់អ្នកកាប់ឈើខុសច្បាប់ចំនួន ៨នាក់ ព្រមទាំងរឹបអូសឈើ ៥៣ចម្រៀក គោយន្តចំនួន ២គ្រឿង និងអាវុធស្នាតេះផងយកទៅប្រគល់ជូនមន្ត្រីអភិរក្សដែនជម្រកសត្វព្រៃបឹងពែរ ក៏ប៉ុន្តែ ៣ថ្ងៃក្រោយមក មន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃបានដោះលែងអ្នកកាប់ឈើទាំងនោះ ដោយមិនបញ្ជូនទៅតុលាការទេ ជាហេតុធ្វើឲ្យក្រុមអ្នកកាប់ឈើយកទៅជួញដូរខុសច្បាប់មិនរាងចាល ហើយនៅតែលួចចូលទៅកាប់ឈើស្ទើរតែរៀងរាល់ថ្ងៃរហូតមកដល់ពេលនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។