ជម្លោះ​រវាង​អ្នក​នេសាទ​វៀតណាម​និង​អាជ្ញាធរ​ខេត្ត​កំពង់ធំ

អាជ្ញាធរ​ខេត្ត​កំពង់ធំ បាន​ឃាត់​ខ្លួន​ជនជាតិ​វៀតណាម នេសាទ​ខុស​ច្បាប់​មួយ​ក្រុម។ ក្រោយ​ការ​ចាប់​ខ្លួន​នោះ ក៏​មាន​ជនជាតិ​វៀតណាម ផ្សេង​ទៀត លើក​គ្នា​មក​តដៃ​ជាមួយ​សមត្ថកិច្ច ដើម្បី​រំដោះ​យក​អ្នក​នេសាទ​ខុស​ច្បាប់​វៀតណាម​នោះ ពី​អាជ្ញាធរ។ តែ​ក្រោយ​មក អាជ្ញាធរ​ចាប់​បាន​អ្នក​នេសាទ​ខុស​ច្បាប់​នោះ​វិញ។

0:00 / 0:00

មេបញ្ជាការ​ប៉េអិម នៅ​ខេត្ត​កំពង់ធំ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៤ កុម្ភៈ ឲ្យ​ដឹង​ថា អ្នក​នេសាទ​ជនជាតិ​វៀតណាម ចំនួន ២​នាក់ ដែល​មាន​គ្នា​ប្រណាណ ១០០​នាក់​បាន​មក​រំដោះ​ចេញ​ពី​កន្លែង​ឃាត់​ខ្លួន​នៅ​ការិយាល័យ​រដ្ឋបាល​ជលផល​ខាង​ជើង​បឹង​ទន្លេ​សាប កាល​ពី​ថ្ងៃ​ទី​២២ កុម្ភៈ នោះ បាន​ត្រូវ​អាជ្ញាធរ​ឃាត់​ខ្លួន ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ហើយ។

លោក​មេបញ្ជាការ​ប៉េអិម ខេត្ត​កំពង់ធំ ឈ្មោះ ហង្ស ថុល បាន​ឲ្យ​ដឹង​ថា ពិត​មែន​តែ​ក្រុម​អ្នក​នេសាទ​ជនជាតិ​វៀតណាម មាន​ការ​តដៃ និង​រំដោះ​គ្នីគ្នា​ចេញ​ពី​កណ្ដាប់​ដៃ​អាជ្ញាធរ​ក៏ដោយ ក៏​អាជ្ញាធរ​នឹង​មាន​វិធានការ​បង្ក្រាប​បទល្មើស​នេសាទ​ខុស​ច្បាប់​នោះ​ឲ្យ​ទាល់​តែ​បាន។

លោក ហង្ស ថុល៖ «បាទ! វា​ត​ដៃ​មែន តែ​ក្រោយ​មក​ពេល​ដែល​យើង​នាំ​វា​មក​ដល់​សង្កាត់​ជលផល​នោះ ពួក​នោះ​វា​នាំ​គ្នា​មក​រំដោះ​យក ប៉ុន្តែ​យើង​បាន​ទាក់ទង​ទៅ​ខាង​កំពង់ឆ្នាំង ក្រោយ​មក​ខាង​កំពង់ឆ្នាំង គេ​ឃាត់​ខ្លួន​ឲ្យ»

លោក​មេបញ្ជាការ​ប៉េអិម​បាន​ឲ្យ​ដឹង​ថា មក​ទល់​ពេល​នេះ​អាជ្ញាធរ​កំពុង​ស្រាវជ្រាវ​ដើម្បី​ចាប់​ខ្លួន​ជន​ដៃដល់​មួយ​ចំនួន​ទៀត ដែល​ជា​បក្ខពួក​បង្កើត​ឲ្យ​មាន​ការ​តដៃ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច។

លោក​មេ​ឃុំ​ផាត់សណ្ដាយ ឈ្មោះ ហេង មនោ ដែល​គ្រប់គ្រង​តំបន់​កើត​ហេតុ បាន​រៀបរាប់​ឲ្យ​ដឹង​ថា ការ​ចាប់​ខ្លួន​អ្នក​នេសាទ​វៀតណាម ២​នាក់ នៅ​ខេត្ត​កំពង់ធំ​នេះ កើត​ឡើង​ដោយសារ​កាល​ពី​ថ្ងៃ​ទី​២២ កុម្ភៈ មាន​ទូក​វៀតណាម ដែល​រស់​នៅ​លើ​ទឹក​ទន្លេសាប បាន​ចូល​មក​នេសាទ​ត្រី​ក្នុង​តំបន់​ឡូតិ៍ អភិរក្ស​លេខ ២​ស្ទួន នៅ​ក្នុង​ឃុំ​ផាត់សណ្ដាយ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ។

នៅ​ពេល​នោះ ក្រុម​អាជ្ញាធរ​ចម្រុះ​ដែល​មាន​មន្ត្រី​ជលផល មន្ត្រី​ប៉េអិម មន្ត្រី​ប៉ូលិស និង​សហគមន៍​នេសាទ​បាន​ចាប់​ទូក​វៀតណាម ដែល​ចូល​ចាប់​ត្រី​ក្នុង​តំបន់​ហាម​ឃាត់​នោះ។ តែ​ដោយ​ទូក​ក្រុម​អ្នក​នេសាទ​ខុស​ច្បាប់​វៀតណាម​នោះ​មាន​គ្នា​ច្រើន កម្លាំង​អាជ្ញាធរ​ចាប់​បាន​តែ​ទូក​មួយ​គ្រឿង ២​នាក់​ប្តី​ប្រពន្ធ​យក​មក​ដាក់​នៅ​ទីស្នាក់ការ​ការិយាល័យ​រដ្ឋបាល​ជលផល​ខាង​ជើង​បឹង​ទន្លេសាប។

ក្នុង​ពេល​បង្ក្រាប​នោះ​មាន​ការ​តដៃ​ពី​ក្រុម​អ្នក​នេសាទ​វៀតណាម ខុស​ច្បាប់ បាន​តដៃ​មន្ត្រី​មាន​សមត្ថកិច្ច ដោយ​មាន​គប់​ដប​ទឹក​សុទ្ធ ចាន​បាយ​ជាដើម ធ្វើ​ឲ្យ​ក្រុម​កងកម្លាំង​មាន​សមត្ថកិច្ច​រង​របួស​តិច​តួច។

លោក​មេ​ឃុំ​ឲ្យ​ដឹង​ថា នៅ​ពេល​បញ្ជូន​ជនល្មើស​នេសាទ​ខុស​ច្បាប់​នោះ​មក​ដល់ អធិការដ្ឋាន​ជលផល​ខាង​ជើង​ទន្លេ​សាប ប្រចាំ​នៅ​ឃុំ​ផាត់សណ្ដាយ​នោះ ដោយ​មាន​ដាក់​ខ្នោះ​ផង ស្រាប់​តែ​មាន​ក្រុម​អ្នក​នេសាទ​វៀតណាម ប្រមាណ​ពី ៥០ ទៅ ៦០​ទូក ផ្ទុក​មនុស្ស​ប្រហែល ១០០​នាក់ បាន​មក​រំដោះ​យក​អ្នក​នេសាទ ២​នាក់​ប្ដី​ប្រពន្ធ ដែល​អាជ្ញាធរ​បាន​ចាប់​ខ្លួន​នោះ​យក​ទៅ​វិញ​បាត់។

ក្រុម​អ្នក​នេសាទ​វៀតណាម ទាំង​នោះ បាន​ចេញ​ទូក​ពី​ដែន​ទឹក​ក្នុង​ខេត្ត​កំពង់ធំ ទៅ​ក្នុង​ដែន​ទឹក​របស់​ខេត្ត​កំពង់ឆ្នាំង​វិញ៖ «អា​ហ្នឹង​គាត់​ការពារ​មិន​ឲ្យ​ចាប់​យក​គ្នា​គាត់​ទៅ​អ៊ីចឹង​ណា ដើម្បី​យក​រួច​ខ្លួន។ អា​ហ្នឹង​ទុក​លើ​ច្បាប់​វិនិច្ឆ័យ​ទៅ។ កន្លែង​នោះ ប្រជាជន​ឃុំ​ខ្ញុំ​មិន​ហ៊ាន​ទៅ​ក្បែរ​ទេ ដឹង​ថា​អភិរក្ស​ហើយ មាន​តែ​ខំ​ជួយ​ការពារ។ អា​ហ្នឹង​បង​ប្អូន​មក​ពី​ឃុំ​ឆ្នុកទ្រូ​ទេ»

លោក​មេ​ឃុំ​បាន​ឲ្យ​ដឹង​ថា ក្រោយ​មក​មាន​ដំណឹង​ថា ជនល្មើស​នេសាទ​ខុស​ច្បាប់​វៀតណាម ២​នាក់​ប្តី​ប្រពន្ធ​នោះ ត្រូវ​ប៉ូលិស​ឃុំ​ឆ្នុកទ្រូ ខេត្ត​កំពង់ឆ្នាំង ចាប់​ខ្លួន​បាន​ហើយ ដោយសារ​ពួក​គេ​ទៅ​បង្ហាញ​ខ្លួន​នៅ​ប៉ុស្តិ៍​ប៉ូលិស ដោយ​មាន​យក​ខ្នោះដៃ​ទៅ​ជាមួយ។

លោក​មេឃុំ​ផាត់សណ្តាយ ហេង មនោ បាន​ឲ្យ​ដឹង​បន្ថែម​ថា ការ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​តំបន់​ការពារ និង​អភិរក្ស​ត្រី​នេះ មាន​ការ​លំបាក​ណាស់ ហើយ​ការ​តដៃ​របស់​អ្នក​នេសាទ​ខុស​ច្បាប់​ក្នុង​ទ្រង់ទ្រាយ​ធំ​បែប​នេះ ទើប​តែ​កើត​មាន​ជា​លើក​ទី​១ ប៉ុណ្ណោះ។

លោក ហេង មនោ៖ «កន្លង​មក​វា​មាន​ដែរ តែ​វា​មិន​ដែល​មាន​ទ្រង់ទ្រាយ​ធំ​បែប​នេះ។ វា​មាន​តិចតួច ដេញ​ទៅ​វា​រត់​ទៅ។ ជួនកាល​ចាប់​យក​តែ​ម្ដង ហើយ​លែង​ទៅ ព្រោះ​ឃើញ​ក្រ​ទៅ​អាណិត គេ​យក​តែ​មង​តែ​អី ហើយ​គេ​ឲ្យ​ទៅ​វិញ​ទៅ វា​មិន​ដែល​មាន​បញ្ហា​អ៊ីចឹង​ទេ។ ណែនាំ​វា​មិន​ស្ដាប់​ទេ ខំ​អប់រំ​គាត់ តែ​គាត់​មិន​ស្ដាប់​ទេ។ ដេញ​ទៅ​ហើយ​មក​វិញ ដូច​ដេញ​ចាប​អ៊ីចឹង»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​ជលផល​នៅ​ខេត្ត​កំពង់ធំ ដើម្បី​សុំ​ការ​រៀបរាប់​បន្ថែម​អំពី​ហេតុការណ៍​បង្ក្រាប​បទល្មើស​នៅ​តំបន់​ឃុំ​ផាត់សណ្ដាយ នោះ​បាន​ឡើយ។

លោក រ៉ុង ឈុន ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា បាន​រិះគន់​ថា ការ​ប្រព្រឹត្ត​បទល្មើស​នេសាទ​ដោយ​ក្រុម​ជនជាតិ​វៀតណាម នៅ​ទន្លេ​សាប​នោះ ហើយ​ហ៊ាន​តដៃ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​កម្ពុជា​នោះ វា​ជា​រឿង​មួយ​មិន​ត្រឹមត្រូវ​ឡើយ។

លោក រ៉ុង ឈុន៖ «ខ្ញុំ​យល់​ឃើញ​ថា ជនអន្តោប្រវេសន៍​យួន​ខុស​ច្បាប់​នេះ មក​រស់​នៅ​លើ​ទឹក​ដី​ខ្មែរ ហើយ​នេសាទ​ខុស​ច្បាប់ ពេល​អាជ្ញាធរ​ឃាត់​ខ្លួន​បែរ​ជា​នាំ​គ្នា​ធ្វើ​ការ​ទាមទារ អា​នេះ​វា​ជា​រឿង​បង្ហាញ​ការ​មិន​គោរព​ច្បាប់ បាន​បង្ហាញ​ការ​មិន​កោត​ខ្លាច​អាជ្ញាធរ និង​ច្បាប់​យើង​ឡើយ។ មាន​ន័យ​ថា គេ​មិន​ក្រែងរអែង​អាជ្ញាធរ​កម្ពុជា​ទេ ដោយសារ​គេ​គិត​ថា អាជ្ញាធរ​កម្ពុជា មាន​អតីតកាល​ធ្លាប់​នៅ​ក្រោម​ការ​រៀបចំ​របស់​រដ្ឋាភិបាល​យួន ដូច្នេះ​គេ​មិន​ខ្លាច និង​គោរព​ច្បាប់​កម្ពុជា​យើង​ទេ»

ការ​ហ៊ាន​តដៃ​របស់​អ្នក​នេសាទ​ជនជាតិ​វៀតណាម នៅ​ទន្លេសាប​នេះ ជា​មេរៀន​មួយ​សម្រាប់​អាជ្ញាធរ​មាន​សមត្ថកិច្ច ដើម្បី​រៀបចំ​ការ​បង្ក្រាប​លើក​ក្រោយ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន និង​ធានា​ថា ជនល្មើស​ត្រូវ​ផ្ដន្ទាទោស​តាម​ច្បាប់ ដើម្បី​ការពារ​មច្ឆាជាតិ កុំ​ឲ្យ​វិនាស​បាត់បង់​ដោយសារ​សកម្មភាព​នេសាទ​ខុស​ច្បាប់។

កន្លង​មក​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​អំពាវនាវ​សុំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស រួម​គ្នា​ទប់ស្កាត់​បទ​ល្មើស​នេសាទ តែ​អនុញ្ញាត​ឲ្យ​មាន​ការ​នេសាទ​ជា​លក្ខណៈ​គ្រួសារ។
លោក​នាយក​រដ្ឋមន្ត្រី​បាន​ហាម​ឃាត់​ដាច់​ខាត​ការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុស​ច្បាប់ និង​ត្រូវ​រួម​គ្នា​ការ​ពារ​តំបន់​អភិរក្ស​ត្រី​ក្នុង​បឹង​ទន្លេសាប ជួយ​ផ្ដល់​ព័ត៌មាន​អំពី​ជន​ខិលខូច​ដែល​នាំ​គ្នា​ចូល​ទៅ​បំផ្លាញ​ធនធាន​មច្ឆា​ជាតិ​ក្នុង​តំបន់​អភិរក្ស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។