អាជ្ញាធរខេត្តស្ទឹងត្រែង បារម្ភថា ប្រទេសឡាវ នៅតែបន្តគម្រោងសាងសង់ទំនប់វារីអគ្គិសនីដនសាហុង (Don Sahong)។ ក្តីបារម្ភនេះ ធ្វើឡើងបន្ទាប់ពីប្រទេសឡាវ បានកសាងស្ពានជិតរួចរាល់ហើយក្នុងភូមិវ៉ឺនខាំ ឆ្ពោះទៅកោះស្តាំ ឆ្លងទៅទីតាំងគម្រោងកសាងទំនប់ដនសាហុង។ ចំណែកអាជ្ញាធរមូលដ្ឋានដាក់ការសង្ស័យថា ការកសាងស្ពាននេះទំនងជាប្រទេសឡាវ ងាយស្រួលធ្វើចរាចររថយន្តដឹកគ្រឿងចក្រ ដើម្បីកសាងទំនប់វារីអគ្គិសនីដនសាហុង តាមផែនការ។
បើទោះបីជាឯកអគ្គរាជទូតឡាវ ធ្លាប់អះអាងថា រដ្ឋាភិបាលឡាវ បានសម្រេចផ្អាកការសាងសង់ទំនប់វារីអគ្គិសនីដនសាហុង យ៉ាងណាក៏ដោយ ក៏អាជ្ញាធរមូលដ្ឋានជាប់ព្រំដែនកម្ពុជា-ឡាវ នៅខេត្តស្ទឹងត្រែង នៅតែបារម្ភជាថ្មីទៀត អំឡុងពេលពួកគាត់ឃើញសកម្មភាពកសាងស្ពានប្រវែងជាង ៥០០ម៉ែត្រ សម្រេចបាន ៨០ភាគរយ ដែលមានចម្ងាយជាង ២គីឡូម៉ែត្រពីប្រទេសកម្ពុជា។
មេភូមិអន្លង់ស្វាយ ឃុំព្រះនង្គ័ល ស្រុកថាឡាបរិវ៉ាត់ ដែលចេះនិយាយភាសាឡាវ ស្ទាត់ជំនាញ លោក ដន ដាន់ ឲ្យដឹងនៅថ្ងៃទី២៨ មិថុនា ថា ដូចការគ្រោងទុក ប្រទេសឡាវ មានផែនការកសាងស្ពានដើម្បីងាយស្រួលដឹកជញ្ជូនសម្ភារៈកសាងទំនប់វារីអគ្គិសនីដនសាហុង ទៅថ្ងៃខាងមុខ។ លោកសង្កត់ធ្ងន់ថា ប្រទេសឡាវ ចាត់ទុកគម្រោងសាងសង់ទំនប់វារីអគ្គិសនីដនសាហុង ស្ថិតនៅមួយផ្នែកនៃទន្លេមេគង្គ។ លោកបញ្ជាក់ថា ឡាវ ពិតជាមានមហិច្ឆតាមានះចង់កសាងទំនប់នេះ បើទោះបីរងការរិះគន់យ៉ាងណាក៏ដោយ៖ «ការធ្វើស្ពាននេះ គឺគោលបំណងគេដឹកគ្រឿងចក្រមកធ្វើវារីអគ្គិសនីហ្នឹងហើយ វាសំខាន់ ព្រោះខាងឡាវ គេបាននិយាយរួចហើយថា ប្រទេសគេបើគ្មានភ្លើងទេ គ្មានសេដ្ឋកិច្ចទេ»។
គម្រោងសាងសង់ទំនប់វារីអគ្គិសនីដនសាហុង ក្នុងខេត្តចំប៉ាសាក់ ប្រទេសឡាវ គឺជាប្រធានបទដ៏ចម្រូងចម្រាសមួយរងការរិះគន់ថា មិនបានសិក្សាស្រាវជ្រាវដោយឯករាជ្យពីផលប៉ះពាល់ជីវចម្រុះឆ្លងដែន ដើម្បីដាក់ជូនទៅគណៈកម្មការទន្លេមេគង្គពិនិត្យសម្រេច មុនពេលចាប់ផ្ដើមសាងសង់។
អ្នកជំនាញផ្នែកបរិស្ថានវាយតម្លៃថា ប្រជាជនចំនួន ៦០លាននាក់ ដែលកំពុងរស់នៅក្នុងតំបន់នៃអាងទន្លេមេគង្គខាងក្រោម នឹងត្រូវប្រឈមហានិភ័យធ្ងន់ធ្ងរ ប្រសិនបើគម្រោងនេះដំណើរការ។
អ្នកសម្របសម្រួលអង្គការបណ្ដាញការពារទន្លេបី លោក មៀច មាន លើកឡើងថា គម្រោងទំនប់វារីអគ្គិសនីដនសាហុង គណៈកម្មការទន្លេមេគង្គបានធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលឡាវ ដែលគេនឹងឲ្យផ្អាក ឬបញ្ឈប់តែម្តង បើមានការជំទាស់ពីប្រទេសដែលជាសមាជិកគណៈកម្មការទន្លេមេគង្គ។ តែទោះយ៉ាងណា ដំណើរការនៃការសាងសង់ស្ពានឆ្លងទន្លេ ត្រង់តំបន់ឆ្ពោះទៅទីតាំងគម្រោងកសាងទំនប់វារីអគ្គិសនីដនសាហុង វាជាចំណុចសង្ស័យទាក់ទងទៅនឹងគម្រោងកសាងទំនប់វារីអគ្គិសនីដនសាហុង ប្រសិនបើមានការប្រែប្រួល៖ «ភាគីខាងឡាវ គេតែងតែដោះសាថាដនសាហុង គឺជាផ្នែកមួយនៃទន្លេមេគង្គ ប្រទេសទាំងអស់របស់ទន្លេមេគង្គអះអាងថា វាជាទន្លេមូលរបស់ទន្លេមេគង្គ»។
លោក មៀច មាន បារម្ភថា ប្រសិនបើទំនប់វារីអគ្គិសនីនេះសាងសង់ ទំហំនៃផលប៉ះពាល់ធំធេងបំផុតសម្រាប់ប្រទេសកម្ពុជា ដូចជា ទីតាំងអន្លង់ត្រីផ្សោតនៅអន្លង់អូរឈើទាល ខេត្តស្ទឹងត្រែង ដែលមិនអាចឲ្យត្រីចរាចរខួបប្រាំងខួបវស្សាបាន ហើយត្រីកម្រមួយចំនួនផុតពូជ ជាពិសេសគឺប្រភេទត្រីផ្សោត។ ក្រៅពីប្រឈមនឹងការផុតពូជត្រីផ្សោត មានប្រភេទត្រីមួយចំនួនដែលជួយទ្រទ្រង់ដល់សេដ្ឋកិច្ចកម្ពុជា ដូចជាត្រីរាជ ត្រីកែ ត្រីរំអិលពណ៌ស ត្រីគល់រាំង និងត្រីក្អែក ជាដើម។

មន្ត្រីឃ្លាំមើលបរិស្ថាននៃសមាគមអាដហុក (adhoc) ខេត្តស្ទឹងត្រែង លោក ហូ សំអុល យល់ថា ប្រទេសឡាវ បានសម្រេចជាឯកតោភាគីទៅលើការកសាងទំនប់វារីអគ្គិសនីសាយ៉ាបូរី ឬដនសាហុង គណៈកម្មការទន្លេមេគង្គត្រូវតែថ្កោលទោសចំពោះគម្រោងរបស់ភាគីឡាវ ដែលប្រទេសនេះក៏ជាសមាជិកនៃកិច្ចព្រមព្រៀងគណៈកម្មការទន្លេមេគង្គ។ លោកអំពាវនាវគណៈកម្មការទន្លេមេគង្គ និងភាគីឡាវ ជូនដំណឹងជាសាធារណៈស្ដីពីការបញ្ឈប់ការសាងសង់ទំនប់ដល់សាធារណជន ដើម្បីឲ្យពួកគេជ្រាប និងស្ងប់ចិត្តលែងបារម្ភទាក់ទិនគម្រោងនេះ៖ «មានការដឹកជញ្ជូនដែកស្ពាន ប៉ុន្តែចំណុចហ្នឹងដែលគេសិក្សាធ្វើទំនប់វារីអគ្គិសនីហើយ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការអធិប្បាយបញ្ហានេះពីគណៈកម្មការទន្លេមេគង្គកម្ពុជា បានទេ នៅថ្ងៃទី២៨ មិថុនា។
ទំនប់វារីអគ្គិសនីសាយ៉ាបូរី ឬដនសាហុង មានកម្លាំង ២៦០មេហ្គាវ៉ាត់ ឆ្លងកាត់ផ្នែកមួយនៃទន្លេមេគង្គ ដែលមានចម្ងាយពីព្រំដែនកម្ពុជា ខេត្តស្ទឹងត្រែង ២គីឡូម៉ែត្រ។
ទោះយ៉ាងណា អ្នកជំនាញផ្នែកបរិស្ថានលើកឡើងថា សមាជិកនៃកិច្ចព្រមព្រៀងគណៈកម្មការទន្លេមេគង្គ មានប្រទេសកម្ពុជា វៀតណាម ថៃ និងប្រទេសឡាវ ដែលជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងឆ្នាំ១៩៩៥។ មន្ត្រីសង្គមស៊ីវិលរកឃើញថា ប្រទេសឡាវ ពុំខ្វះអគ្គិសនីប្រើប្រាស់នោះទេ។ ផ្ទុយទៅវិញ ប្រទេសនេះបានលក់អគ្គិសនីមកឲ្យប្រទេសកម្ពុជា ថែមទៀត ដូចជានៅខេត្តស្ទឹងត្រែង ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។