មន្ត្រីរដ្ឋាភិបាល និងសង្គមស៊ីវិល លើកឡើងថា គោលការណ៍ណែនាំថ្នាក់តំបន់ស្ដីពីការវាយតម្លៃហេតុផលប៉ះពាល់បរិស្ថានដែលបានបង្កើតឡើងកាលពីឆ្នាំ២០១៥ ដោយក្រុមការងារបច្ចេកទេសថ្នាក់តំបន់មកពីស្ថាប័នរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលនៃប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម គ្រោងនឹងបញ្ចប់ ហើយដាក់ជូនរដ្ឋាភិបាលប្រទេសរបស់ខ្លួននៅដើមឆ្នាំ២០១៧ ខាងមុខនេះ។
ក្រសួងបរិស្ថាន និងសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងកិច្ចការពារបរិស្ថាន ចាត់ទុកគោលការណ៍ណែនាំថ្នាក់តំបន់ស្ដីពីការវាយតម្លៃហេតុផលប៉ះពាល់បរិស្ថានមានសារសំខាន់ក្នុងការជំរុញឲ្យមានការចូលរួមជាសាធារណៈប្រកបដោយប្រសិទ្ធភាពក្នុងដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថានក្នុងតំបន់មេគង្គ។
ការលើកឡើងរបស់ក្រសួងបរិស្ថាន និងសង្គមស៊ីវិល នៅពេលនេះ ធ្វើឡើងនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីសេចក្ដីព្រាងគោលការណ៍ណែនាំថ្នាក់តំបន់ស្ដីពីការវាយតម្លៃហេតុផលប៉ះពាល់បរិស្ថានដែលរៀបចំឡើងនាថ្ងៃទី២៨ ខែតុលា។
អនុរដ្ឋលេខាធិការនៃក្រសួងបរិស្ថាន លោក ស៊ូ សាវុធ មានប្រសាសន៍ថា គោលការណ៍ណែនាំស្ដីពីការវាយតម្លៃហេតុផលប៉ះពាល់បរិស្ថានដែលមាន ១១ជំពូក គឺជាគោលការណ៍ដែលជួយឲ្យមានការចូលរួមពីសាធារណជនក្នុងការកសាងអភិវឌ្ឍន៍លើគម្រោងនានា។ ជាងនេះទៀត ប្រសិនបើរោងចក្រ សហគ្រាស ក្រុមហ៊ុនណាមួយធ្វើការអភិវឌ្ឍនៅតំបន់ណាមួយ ហើយប៉ះពាល់បរិស្ថាន ពលរដ្ឋអាចចូលរួមផ្ដល់យោបល់បញ្ឈប់សកម្មភាពនោះ ឬស្នើឲ្យមានការអភិវឌ្ឍអ្វីទៀតនៅតំបន់នោះបាន។
អនុរដ្ឋលេខាធិការនៃក្រសួងបរិស្ថានរូបនេះ អះអាងថា គោលការណ៍នេះនឹងផ្ដល់ឲ្យក្រុមហ៊ុនបានដឹងពីអ្វីដែលមិនឱ្យប៉ះពាល់ ឬកាត់បន្ថយផលប៉ះពាល់បរិស្ថាននៅកម្ពុជា៖ «វាជាលក្ខណៈមួយចាំបាច់ដែលក្រសួងបរិស្ថាន និងរដ្ឋាភិបាល ត្រូវតែយកចិត្តទុកដាក់ និងត្រូវតែបំពេញលក្ខខណ្ឌនេះ ព្រោះការចូលរួមសាធារណៈ វាពាក់ព័ន្ធនឹងជីវិតរស់នៅពិតប្រាកដរបស់ពលរដ្ឋយើង ដូច្នេះយើងត្រូវតែសិក្សាឲ្យបានម៉ត់ចត់ មុននឹងអនុញ្ញាតឲ្យមានការអភិវឌ្ឍនៅតំបន់ណាមួយ ហេតុនេះត្រូវមើលទៅលើគោលការណ៍នេះជាចាំបាច់»។

នាយកវេទិកានៃអង្គការក្រៅរដ្ឋាភិបាលស្ដីពីកម្ពុជា (NGO Forum) លោក តឹក វណ្ណារ៉ា ដែលជាសមាជិកក្រុមការងារបច្ចេកទេសតំណាងឲ្យសង្គមស៊ីវិលកម្ពុជា លើកឡើងដែរថា គោលការណ៍នេះនៅមានភាពខ្វះចន្លោះមួយចំនួន ដូចជាពាក្យពេចន៍ ដូច្នេះត្រូវទុកពេលមួយចំនួនសម្រាប់ឱ្យសង្គមស៊ីវិលផ្ដល់យោបល់បន្ថែមទៀត។ លោកបន្តថា គោលការណ៍ដែលនឹងបញ្ចប់នៅដើមឆ្នាំ២០១៧ នេះ គឺជាសូចនាករមួយមានសារសំខាន់ណាស់សម្រាប់កម្ពុជា ដែលធានាការការពារបរិស្ថាន ធានាឱ្យមានតុល្យភាពក្នុងការអភិវឌ្ឍ និងការអភិរក្ស ពិសេសរបាយការណ៍ប៉ះពាល់បរិស្ថានដ៏ត្រឹមត្រូវមួយពីសាធារណជន៖ «ការចូលរួមរបស់សាធារណជន វាមានសារសំខាន់ណាស់ក្នុងកិច្ចការពារបរិស្ថាន ដើម្បីធានាថា របាយការណ៍ហេតុផលប៉ះពាល់បរិស្ថានគឺត្រូវបានផលិតចេញឆ្លើយតបទៅនឹងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ ដែលរស់នៅតំបន់គម្រោង និងជុំវិញគម្រោងអភិវឌ្ឍន៍នោះ ដែលមិនធ្វើប៉ះពាល់ដល់សង្គម និងធនធានធម្មជាតិ»។
មន្ត្រីក្រសួងបរិស្ថានក្រៅពីអះអាងថា គោលការណ៍ណែនាំថ្នាក់តំបន់ស្ដីពីការវាយតម្លៃហេតុផលប៉ះពាល់បរិស្ថាន នឹងបញ្ចប់នៅដើមឆ្នាំ២០១៧ ខាងមុខនេះ។ សិក្ខាសាលាពិគ្រោះយោបល់នេះ មន្ត្រីក្រសួងបរិស្ថានក៏អះអាងថា ក្រសួងបរិស្ថានក៏នឹងឈានទៅបញ្ចប់ច្បាប់មួយមានឈ្មោះថា "ក្រមបរិស្ថាន" នឹងធ្វើឲ្យចេញនៅចុងឆ្នាំនេះ ដើម្បីឲ្យកិច្ចការពាររាល់ធនធានធម្មជាតិមានប្រសិទ្ធភាព ហើយលោកថា "ក្រមបរិស្ថាន" នេះ នឹងក្លាយជាមគ្គុទ្ទេសក៍សម្រាប់ស្ថាបនា និងគ្រប់គ្រងបរិស្ថាននៅកម្ពុជា ឲ្យមាននិរន្តរភាព។
ទោះបីជាយ៉ាងណា សង្គមស៊ីវិលជាតិ និងអន្តរជាតិមកពីអង្គការសហប្រជាជាតិ និងការិយាល័យសន្តិសុខស្បៀង និងបរិស្ថាននៃទីភ្នាក់ងារសហរដ្ឋអាមេរិក (USAID) ដែលមានវត្តមានក្នុងសិក្ខាសាលានោះ បានជំរុញឲ្យរដ្ឋាភិបាល ពិសេសក្រសួងបរិស្ថាន ពង្រឹងច្បាប់បរិស្ថានដែលមានស្រាប់ឲ្យមានតម្លាភាព និងប្រសិទ្ធភាព ដើម្បីដោះស្រាយបញ្ហាបរិស្ថាននៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។