អាកាសធាតុព្យុះភ្លៀងចាប់ផ្ដើមបង្កឲ្យជន់លិចលង់តំបន់មួយចំនួន ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយ ព្រមានអំពីទឹកជំនន់បន្ថែមទៀត ហើយក៏អំពាវនាវដល់ពលរដ្ឋនៅតាមដងទន្លេ ឲ្យប្រុងប្រយ័ត្នក្នុងរយៈពេលពីរបីថ្ងៃទៅមុខទៀត។
អនុប្រធានព័ត៌មាន និងទំនាក់ទំនងនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក កែវ វី មានប្រសាសន៍នៅរសៀលថ្ងៃទី២៧ កក្កដា ថា កម្ពស់ទឹកទន្លេមេគង្គនៅខេត្តស្ទឹងត្រែង នឹងឡើងដល់កម្រិតប្រកាសអាសន្ននៅថ្ងៃទី២៨ កក្កដា៖ «ខ្ញុំបានទទួលថា វាឡើងដល់កម្ពស់ ១០ម៉ែត្រ ៥៥សង់ទីម៉ែត្រហើយ។ ដូច្នេះវាជាកម្រិតមួយសល់ ប្រហែលជាមួយតឹកអីទៀត ប្រហែលជាស្អែកវាអាចឡើងដល់កម្រិតប្រកាសអាសន្នហើយ ហើយនៅក្នុងខេត្តក្រចេះ ប្រហែលជាខានស្អែកអីបានដល់កម្រិតហ្នឹង។ បើខេត្តកំពង់ចាម នៅច្រើនណាស់ ប្រហែលជា ២ម៉ែត្រអីទៀតបានដល់កម្រិតប្រកាសអាសន្ន។ ដូច្នេះយើងមានការប្រុងប្រយ័ត្នតែក្នុង ខេត្តទាំងពីរលើហ្នឹងទេ តែនៅតាមបណ្ដាខេត្តតាមដងទន្លេមេគង្គ ជុំវិញទន្លេសាបហ្នឹង ខាងអាជ្ញាធរខេត្តបានប្រកាសជូនដំណឹងឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នហើយ»។
ស្របនឹងការព្រមាននេះដែរ រដ្ឋបាលខេត្តស្ទឹងត្រែង បានប្រកាសឲ្យពលរដ្ឋនៅក្នុងខេត្តនេះប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងដោយទឹកជំនន់ ក្រោយពេលមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់។
ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ មានខេត្តមួយចំនួនបានលិចលង់ ដូចជាខេត្តព្រះវិហារ ឧត្ដរមានជ័យ កំពង់ធំ និងខេត្តកំពត។ លោក កែវ វី ឲ្យដឹងថា ការខូចខាតធ្ងន់ធ្ងរជាងគេ គឺខេត្តព្រះវិហារ៖ «ព្រឹកមិញនេះ គឺឡើងដល់កម្រិត ១៣ម៉ែត្រ ហើយនៅក្នុងហ្នឹង ហើយតាមការរាយការណ៍ គឺមានស្រុកជាំក្សាន្ត ស្រុកឆែប ស្រុកគូលែន ហើយនិងក្រុងព្រះវិហារ ហ្នឹង។ ដំណាំស្រូវដែលប៉ះពាល់ដោយសារការលិចទឹកហ្នឹង មានចំនួនជាង ៤ពាន់ហិកតារ ហើយនៅក្នុងស្រុកជាំក្សាន្ត យើងមាន រងគ្រោះស្លាប់ចំនួន ២នាក់ គឺស្ត្រីម្នាក់ និងកុមារម្នាក់។ ស្ត្រីហ្នឹងគាត់មានជំងឺ ប៉ុន្តែគាត់ខ្យល់គដួល ក្នុងទឹកហ្នឹង គាត់ស្លាប់ទៅ។ មានការជម្លៀសប្រជាពលរដ្ឋមួយចំនួននៅក្នុងភូមិធម្មជាតិ ឃុំស្រអែម ដោយសារទំនប់មួយ វាអាចរងការខូចខាត។ ដូច្នេះយើងបានជម្លៀសប្រជាពលរដ្ឋភាគច្រើនជាគ្រួសាររបស់កងទ័ពឲ្យទៅនៅក្នុងបន្ទាយរបស់កងទ័ព»។
លោកថា បន្ទាប់ពីខេត្តព្រះវិហារ គឺខេត្តឧត្ដរមានជ័យ ក៏មានការខូចខាតធ្ងន់ធ្ងរបង្គួរដែរ ដូចជាបាក់ទំនប់នៅស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ហើយជម្លៀសពលរដ្ឋចេញចំនួន ៤ឃុំ។ រីឯខេត្តកំពង់ធំ វិញ មានស្រុកសណ្ដាន់ និងស្រុកកំពង់ស្វាយ មានទឹកលិចលង់ខ្លះ ប៉ុន្តែប្រសិនបើទឹកស្ទឹងសែនក្នុងខេត្តកំពង់ធំ ឡើងជាង ៣តឹកទៀត នឹងដល់កម្រិតប្រកាសអាសន្ន៖ «ខេត្តកំពង់ធំ វាមួយ ឬពីរថ្ងៃទៀតលិច បើសិនជាភ្លៀងនៅឯលើ។ ប៉ុន្តែនៅលើស្រឡះហើយប៉ុន្មាន ថ្ងៃនេះ»។
ចំពោះទឹកជំនន់នៅខេត្តកំពត ដែលលិចលង់ស្រុកទឹកឈូ កាលពីថ្ងៃទី២៦ កក្កដា លោក កែវ វី ថាមិនមានការខូចខាតធ្ងន់ធ្ងរទេ ព្រោះទឹកនោះលិចមានរយៈពេលខ្លី ដែលបណ្ដាលមកពីការបើកទ្វារទំនប់វារីអគ្គិសនីកំចាយ៖ «ខេត្តកំពត វាមានការលិចលង់ចំនួន ៤ភូមិ ប៉ុន្តែអត់ប៉ះពាល់អីច្រើនទេ ដោយសារអាហ្នឹងការបើក ទឹកពីវារីអគ្គិសនីមកផង។ ទឹកច្រើនវាបើកមក ប៉ុន្តែថ្ងៃនេះ ដូចជាអត់មានការឡើងអីថែមទៀតទេ»។
ដូចជាការលិចផ្លូវជាតិលេខ៤ ក្នុងស្រុកកំពង់សីលា ដែរ នៅពេលនេះលោកថា ទឹកនៅតំបន់ទាំងនេះបានស្រកខ្លះហើយ។
ទោះជាយ៉ាងនេះក្ដី លោក កែវ វី អនុប្រធានព័ត៌មាន និងទំនាក់ទំនងនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្លែងថា នៅពេលនេះ អាជ្ញាធរមូលដ្ឋាននៅតាមបណ្ដាខេត្ត និងថ្នាក់ជាតិ បានត្រៀមវិធានការសង្គ្រោះបន្ទាន់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។