គណៈកម្មការសហគមន៍ព្រៃឈើភ្នំទទឹង នៅខេត្តកំពត អះអាងថា ពួកគាត់រងការគំរាមកំហែងពីឈ្មួញដី និងអាជ្ញាធរមួយចំនួន ក្រោយពេលចេញមុខប្តឹងផ្តល់ករណីកាប់រានទន្ទ្រានដីព្រៃសហគមន៍កាលពីពេលថ្មីៗនេះ។ មន្ត្រីសិទ្ធិមនុស្ស ចាត់ទុកការគំរាមកំហែងនេះ ថាជាការបំបាក់ស្មារតីអ្នកការពារធនធានធម្មជាតិ ហើយជាទង្វើខុសច្បាប់។
តំណាងបណ្ដាញសហគមន៍ព្រៃឈើ និងជាបេឡាសហគមន៍ព្រៃឈើភ្នំទទឹង ស្រុកទឹកឈូ ខេត្តកំពត លោក អ៊ុំ វិចិត្រ អះអាងប្រាប់អាស៊ីសេរី នៅថ្ងៃទី១០ ខែមេសា ថា គណៈកម្មការសហគមន៍ព្រៃឈើភ្នំទទឹង បានរងការគំរាមកំហែងដោយផ្ទាល់ និងដោយប្រយោលពីឈ្មួញដីដែលនៅពីក្រោយការកាប់រានទន្ទ្រានដីព្រៃសហគមន៍។ ការគំរាមកំហែងនេះ បន្ទាប់ពីគណៈកម្មការសហគមន៍បានប្ដឹងករណីកាប់រានទន្ទ្រានដីព្រៃសហគមន៍យកធ្វើជាកម្មសិទ្ធិ ប្រព្រឹត្តដោយបុគ្គលមានលុយ និងមានអំណាច ទៅកាន់តុលាការខេត្ត និងសាលាឧទ្ធរណ៍៖ « ករណីនេះមានការគំរាមកំហែងតាមទូរស័ព្ទផង និងការនិយាយបង្ហើរតាមកន្លែងផ្សេងៗផង។ ឈ្មួញដីគេគំរាមថា គណៈកម្មការសហគមន៍ត្រៀមជាប់គុក ឬរត់ចោលស្រុក បើសិនជាហ៊ានប្ដឹងគេ។ គេគំរាមឲ្យដកពាក្យបណ្ដឹងចេញពីតុលាការ។ គេថាបើសិនជាប្ដឹង គេទាមទារជំងឺចិត្ត។ គេនឹងទារវិញឲ្យចាស់ដៃ » ។
សហគមន៍ព្រៃឈើភ្នំទទឹង ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១០ ដោយមានការទទួលស្គាល់ពីអាជ្ញាធរខេត្តកំពត។ សហគមន៍នេះមានផ្ទៃដី ១១៥ហិកតារ ស្ថិតក្នុងឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត។ ធនធានរបស់សហគមន៍ព្រៃឈើនេះរួមមាន សត្វព្រៃ និងព្រៃធម្មជាតិ ដូចជាព្រៃឈើ និងព្រៃឫស្សី ជាដើម។ សហគមន៍ព្រៃឈើមួយនេះ ជាទីអាស្រ័យផលរបស់ប្រជាពលរដ្ឋរាប់រយគ្រួសារដែលរស់នៅក្នុងឃុំស្ទឹងកែវ និងតំបន់នៅជុំវិញនោះ។
លោក អ៊ុំ វិចិត្រ បញ្ជាក់ថា បទល្មើសកាប់រានទន្ទ្រានដីព្រៃសហគមន៍នេះ បានកើតឡើងកាលពីឆ្នាំ២០១៦ ដោយបុគ្គលមួយចំនួនបានចូលទៅរុករាន និងរំលោភយកដីព្រៃសហគមន៍អស់ជាង ១០ហិកតារ។ នៅខែកញ្ញា ឆ្នាំ២០១៦ គណៈកម្មការសហគមន៍ដោយមានការជួយជ្រោមជ្រែងផ្នែកច្បាប់ពីសមាគមអាដហុក (ADHOC) ក៏បានដាក់ពាក្យប្ដឹងបុគ្គលឈ្មោះ ពេជ្រ គឿន និងបក្ខពួកមួយចំនួនទៀតទាក់ទងនឹងការកាប់បំផ្លាញព្រៃឈើសហគមន៍ និងរំលោភយកដីមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ក៏ប៉ុន្តែពាក្យបណ្ដឹងនេះត្រូវបានព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពត លោក ខៃ សម្ផស្ស សម្រេចតម្កល់រឿងទុកឥតចាត់ការ។
ទោះបីជាយ៉ាងណា កាលពីពាក់កណ្ដាលខែមីនា កន្លងទៅថ្មីៗនេះ គណៈកម្មការសហគមន៍ក៏បានសម្រេចប្ដឹងឧទ្ធរណ៍នឹងដីកាសម្រេចតម្កល់រឿងទុកឥតចាត់ការរបស់តំណាងអយ្យការអមសាលាដំបូងខេត្តកំពត។
លោក អ៊ុំ វិចិត្រ បញ្ជាក់ថា គណៈកម្មការសហគមន៍មិនចុះញ៉មនឹងការគំរាមកំហែងណាមួយពីភាគីចុងចោទបាននោះទេ ព្រោះគណៈកម្មការសហគមន៍យល់ឃើញថា ប្រទេសមានច្បាប់ ដូច្នេះជនប្រព្រឹត្តិល្មើសត្រូវទទួលទោសតាមច្បាប់ ហើយកិច្ចការពារធនធានសហគមន៍ដើម្បីប្រយោជន៍សាធារណៈ គឺជារឿងត្រឹមត្រូវ៖ « យើងនៅតែពុះពារទៅមុខអត់មានខ្លបខ្លាចដោយប្រការណាមួយទេ។ កុំថាឡើយជាការគំរាមត្រឹមតែពាក្យសម្ដី និងផ្លូវច្បាប់ ទោះបីជាដល់អាយុជីវិត ក៏យើងនៅតែការពារដែរ។ ពួកខ្ញុំខំថែរក្សាលះបង់គ្រប់បែបយ៉ាង ទាំងថវិកា និងកម្លាំងនឿយហត់ទាំងឡាយនេះ គឺចង់ឲ្យបានព្រៃឈើមួយនេះទុកឲ្យជាប្រយោជន៍សម្បត្តិមនុស្សជាតិដ៏វែងឆ្ងាយតទៅមុខទៀត តកូនតចៅតែប៉ុណ្ណឹងទេ » ។
អាស៊ីសេរី មិនអាចរកប្រភពទាក់ទងចុងចោទឈ្មោះ ពេជ្រ គឿន ដែលរងការចោទប្រកាន់ថា បានកាប់ទន្ទ្រានដីព្រៃសហគមន៍ និងគំរាមកំហែងគណៈកម្មការសហគមន៍បាននោះទេ។
ចំណែកឯអភិបាលរងខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តកំពត លោក ស៊ឹម វុទ្ធា បញ្ជាក់ថា អាជ្ញាធរខេត្តបានដឹងពីបញ្ហានេះហើយ ហើយលោកស្នើកុំឲ្យគណៈកម្មការសហគមន៍ព្រួយបារម្ភរឿងនេះ ព្រោះជនដែលប្រព្រឹត្តល្មើស នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៖ « ជាគោលការណ៍ និងជាបំណងរួមរបស់រដ្ឋបាលខេត្ត គឺយើងការពារដាច់ខាតនូវទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។ សូមឲ្យខាងសហគមន៍អនុវត្តទៅតាមតួនាទី ភារកិច្ច សិទ្ធិ និងការទទួលខុសត្រូវរបស់គាត់ដែលរដ្ឋបាលខេត្តបានដាក់នៅក្នុងលក្ខន្តិកៈសហគមន៍របស់គាត់។ អ៊ីចឹងកុំបារម្ភចំពោះការគំរាមកំហែង ពីព្រោះការគំរាមកំហែងទាំងឡាយណាអាចធ្វើជាលក្ខណៈបុគ្គល ឬក្រៅច្បាប់ទេ ដូច្នេះអត់មានអ្នកណានៅពីក្រោយខ្នង ឬគ្មានការការពារណាលើបុគ្គលល្មើសច្បាប់ហ្នឹងទេ » ។
ទាក់ទងនឹងបញ្ហានេះដែរ មន្ត្រីស៊ើបអង្កេតសមាគមអាដហុក ប្រចាំខេត្តកំពត លោក ហេង ភារៈ ចាត់ទុកការគំរាមកំហែងថាជាការបំបាក់ស្មារតីអ្នកការពារធនធានធម្មជាតិ កុំឲ្យបន្តសកម្មភាពរបស់ខ្លួនតទៅទៀត។ លោកស្នើឲ្យអាជ្ញាធរពាក់ព័ន្ធអន្តរាគមន៍ដោះស្រាយបញ្ហារបស់សហគមន៍ព្រៃឈើភ្នំទទឹង ទាំងការកាប់រានទន្ទ្រានដីព្រៃ និងទាំងការគំរាមកំហែងលើគណៈកម្មការសហគមន៍៖ « ការគំរាមកំហែងទៅលើគណៈកម្មការសហគមន៍ និងការមិនចាត់វិធានការការពារព្រៃនេះ យើងឃើញថាវាប៉ះពាល់ដល់សតិស្មារតីរបស់គណៈកម្មការសហគមន៍យ៉ាងធ្ងន់ធ្ងរ ហើយសហគមន៍នេះប្រឈមទៅនឹងការបាត់បង់ព្រៃ បើសិនជាសហគមន៍បាត់បង់ស្មារតីក្នុងការថែរក្សា » ។
មន្ត្រីសិទ្ធិមនុស្សរូបនេះបញ្ជាក់ថា ការគំរាមកំហែង គឺជាបទល្មើសឧក្រិដ្ឋមួយផ្សេងទៀតដែលគណៈកម្មការសហគមន៍អាចដាក់ពាក្យបណ្ដឹងទៅតុលាការ ហើយខាងសមាគមអាដហុក នឹងជួយជ្រោមជ្រែងផ្នែកច្បាប់ចំពោះករណីនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។