តំណាងបណ្ដាញសហគមន៍ព្រៃឡង់ លោក ហឿន សុភាព មានប្រសាសន៍ថា ពានរង្វាន់ដែលបណ្ដាញរបស់លោកទទួលបានមានឈ្មោះថា អេក្វាទ័រ អ៊ីនីត្យាទីវ ឆ្នាំ២០១៥ (Equator Initiative Prize 2015)។ ពានរង្វាន់នេះ ជាការផ្ដល់អោយសហគមន៍ ដែលមានគំនិតផ្ដួចផ្ដើមការពារព្រៃឡង់ ពីការបំផ្លិចបំផ្លាញ បើទោះជាពួកគេមិនទាន់អាចទប់ស្កាត់បទល្មើសក្នុងព្រៃដ៏ធំនេះបាននៅឡើយក៏ដោយ។
លោក ហឿន សុភាព៖ «ព្រៃឡង់ទោះបីជាវាមិនកាត់បន្ថយបទល្មើសទាំងអស់ក្ដី ក៏ប៉ុន្តែវាកាប់ដែរ តែវានៅពន្យារពេលបានយូរវាមិនអស់ភ្លាមៗ ហើយយើងក៏មើលឃើញសកម្មភាពមួយទៀតគឺការភ័យខ្លាចរបស់អ្នកកាប់ឈើនៅពេលដែលក្រុមពួកយើងចុះល្បាតគ្រាន់តែឮ គឺក្រុមអស់នោះអត់ហ៊ានចេញទេ សូម្បីតែឡានរបស់អ្នកធំអ្នកមានខ្នងប៉ុណ្ណាក៏អត់ហ៊ានចូលទៅដែរ។ យើងឃើញថា កម្លាំងសហគមន៍ ជាកម្លាំងដែលមិនស៊ីលុយ ដែលមិនពុករលួយ»។
បណ្ដាញសហគមន៍នឹងទទួលបានប្រាក់ចំនួន ១ម៉ឺនដុល្លារ ដែលនឹងផ្ដល់តាមរយៈកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ហៅកាត់ជាភាសាអង់គ្លេសថា UNDP។ តំណាងសហគមន៍ចំនួន ២រូប គឺលោក ហឿន សុភាព និងលោក ផុន សុភាក់ នឹងទៅទទួលរង្វាន់នៅទីក្រុងប៉ារីស ប្រទេសបារាំង (France) នៅថ្ងៃទី២៥ ខែវិច្ឆិកា ខាងមុខ។
លោក ហឿន សុភាព បញ្ជាក់ថា ថវិកាដែលទទួលបាននឹងត្រូវប្រើប្រាស់សម្រាប់សកម្មភាពការពារព្រៃឡង់ នៅពេលដែលសកម្មជននៃបណ្ដាញការពារព្រៃនេះភាគច្រើនបានធ្វើការងារដោយស្ម័គ្រចិត្ត៖ «លុយពីក្រៅជាលុយមួយដែលយើងស្នើសុំ ជួនកាលបានជួនកាលអត់ ប៉ុន្តែក្នុងនាមសហគមន៍ជាមួយប្រជាពលរដ្ឋចំនួន ៤ខេត្ត គឺនៅតែធ្វើការ ហើយចុះល្បាតបន្តទៀត»។
សកម្មជនរូបនេះ អំពាវនាវអោយភាគីពាក់ព័ន្ធចូលរួមការពារព្រៃឡង់ ពីការកាប់បំផ្លាញ ដើម្បីរក្សាទុកជាសម្បត្តិធម្មជាតិ ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការរក្សាលំនឹង បរិស្ថាន។
អនុក្រឹត្យស្ដីពីការបង្កើតតំបន់ព្រៃការពារ និងអភិរក្សជីវចម្រុះព្រៃឡង់ របស់រដ្ឋាភិបាលបញ្ជាក់ថា ព្រៃឡង់មានផ្ទៃដីទំហំជាង ៦១ម៉ឺនហិកតារ គ្របដណ្ដប់លើតំបន់ខ្លះនៃខេត្ត ៤ គឺខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ និងខេត្តស្ទឹងត្រែង។ យ៉ាងនេះក្តី គិតត្រឹមឆ្នាំ២០១៤ បណ្ដាញសហគមន៍ព្រៃឡង់ រកឃើញថា ទំហំព្រៃឡង់ បច្ចុប្បន្ននៅសល់ប្រមាណជា ៣៦ម៉ឺនហិកតារប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។