សកម្មជន និងអ្នកជំនាញខាងធនធានធម្មជាតិអះអាងថា សកម្មភាពអាជីវកម្មឈើប្រណីតនៅក្នុងឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ កាន់តែកើនឡើង។ ឈ្មួញទាំងនោះភាគច្រើនបានប្រមូលទិញឈើ និងកាប់ឈើមិនមែនប្រភេទប្រណីតលេខ១ ដើម្បីដឹកចូលទៅកន្លែងស្តុកឈើធំៗនៅក្នុងស្រុកព្រែកប្រសប់។
អ្នកជំនាញទាំងនោះបញ្ជាក់ថា ប្រសិនបើសកម្មភាពកាប់ឈើមិនមានការបង្ក្រាបណាមួយឱ្យមានប្រសិទ្ធភាពខ្ពស់ទេ ព្រៃឈើនៅកម្ពុជា នឹងត្រូវវិនាសក្នុងពេលខាងមុខនេះ។
សកម្មជនព្រៃឡង់ដែលតែងតែឃ្លាំមើលពីសកម្មភាពធ្វើអាជីវកម្មឈើយ៉ាងអនាធិបតេយ្យនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ អះអាងថា សកម្មភាពធ្វើអាជីវកម្មឈើនៅក្នុងតំបន់ព្រៃឡង់កាន់តែកើនឡើង។ ការកើនឡើងនោះ ដោយសារតែមានខាងក្រុមអ្នកមានលុយ បាននាំគ្នាទៅប្រមូលទិញឈើ និងកាប់ឈើពីតំបន់ព្រៃឡង់ មកស្តុកទុកនៅដេប៉ូធំៗនៅក្នុងស្រុកព្រែកប្រសប់។
សកម្មជនព្រៃឡង់ម្នាក់ ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ឱ្យដឹងថា សកម្មភាពធ្វើអាជីវកម្មឈើប្រភេទឈើលេខពីរ បន្ទាប់ពីប្រភេទឈើប្រណីតលេខ១ រួមមាន ធ្នង់ ក្រញូង បេង នាងនួន ត្រូវបានគេកាប់អស់ទៅហើយនៅតំបន់ដែលលោកឃ្លាំងមើលនោះ។ លោកបន្តថា ក្រុមឈ្មួញទាំងនោះបានប្រមូលកៀងគរប្រជាពលរដ្ឋដែលមានរណាយន្ត ដើម្បីឱ្យកាប់ឈើមកលក់ឱ្យខ្លួន ឬក៏ជួលអ្នកមានរណាទាំងនោះមកធ្វើការឱ្យខ្លួន ដោយឈ្មួញធានាខុសត្រូវចំពោះប្រជាពលរដ្ឋទាំងនោះទៀតផង។
លោកបន្ថែមទៀតថា ឈើទាំងនោះនឹងដឹកជញ្ជូនទៅទុកក្នុងដេប៉ូធំៗ នៅក្នុងស្រុកព្រែកប្រសប់ ខេត្តក្រចេះ ហើយចែកចាយបន្តក្នុងប្រទេស និងទៅក្រៅប្រទេស ចំណែកអាជ្ញាធរវិញហាក់ធ្វើមិនដឹងមិនឮចំពោះសកម្មភាពអាជីវកម្មឈើទាំងនោះឡើយ៖ «ដែលប្រមូលឈើជាឈើប្រណីតគ្រឿង ៥ដប់៥ ដើម្បីស្តុកនៅដេប៉ូនៅត្រពាំងត្រយឹង ហើយដេប៉ូមួយទៀតនៅទួលខ្លុង ហៅថាផ្លូវទៅភ្នំជី។ ហើយអ៊ីចឹង សកម្មភាពនេះមិនថយចុះទេ ក្រោយពេលបំផ្លាញឈើធ្នង់ដែលត្រូវផុតពូជហើយ បន្តយកឈើហ្នឹងបន្តទៀត។ នេះជាគម្រោងរបស់ឧកញ៉ានេះ ដែលកំពុងធ្វើបន្តដោយមានការអះអាងពីថៅកែចន ជាអ្នកប្រមូលទិញ។ គេអះអាងថា មេព្រៃក៏មិនហ៊ានធ្វើអី នរណាក៏មិនហ៊ានធ្វើអីដែរ ដោយគេមានច្បាប់ធ្វើឈើទាំងអស់ហ្នឹង»។
លោកបន្ថែមទៀតថា តំបន់ដែលទទួលរងការគំរាមកំហែងពីសំណាក់ឈ្មួញឈើទាំងនោះ គឺមានទំហំ ៥ម៉ឺនហិកតារ ស្ថិតនៅក្នុងឃុំចំនួនពីរ គឺឃុំកំពង់ចាម និងឃុំបឹងចារ ហើយប្រសិនបើតំបន់នោះត្រូវហិនហោច កម្ពុជា នឹងត្រូវបាត់បង់គម្របព្រៃដ៏ធំជាក់ជាមិនខាន។ ប្រភេទឈើលេខពីរនោះរួមមាន ឈើទាល ផ្ដៀក ខ្លុង ត្រាច ខ្វាវ និងគគីរ ជាដើម។
ទាក់ទងបញ្ហានេះ នាយខណ្ឌរដ្ឋបាលព្រៃឈើនៅខេត្តក្រចេះ លោក សូយ សារិទ្ធិ មិនមានប្រសាសន៍អ្វីនោះទេ នៅថ្ងៃទី២១ ឧសភា ប៉ុន្តែកាលពីពេលកន្លងទៅ លោកធ្លាប់មានប្រសាសន៍បដិសេធថា សកម្មភាពធ្វើអាជីវកម្មឈើនៅក្នុងខេត្តក្រចេះ មិនមានកើនឡើងនោះទេ។
នាយកអង្គការការពារធនធានធម្មជាតិ លោក ឈឹម សាវុធ មានប្រសាសន៍ថា មិនមែនមានតែខេត្តក្រចេះ មួយនោះទេ ដែលមានបទល្មើសព្រៃឈើកើនឡើងនោះ នៅខេត្តភូមិភាគឦសានទាំងអស់ក៏មានការធ្វើអាជីវកម្មឈើយ៉ាងអនាធិបតេយ្យដែរ។ លោកបន្តថា បើទោះបីជាជម្លោះរវាងប្រទេសចិន និងវៀតណាម កើតឡើង ហើយឈើស្រុកខ្មែរមួយភាគធំត្រូវឆ្លងកាត់ប្រទេសវៀតណាម ក៏ដោយ ក៏មិនបានធ្វើឱ្យសកម្មភាពឈ្មួញទុច្ចរិតរកស៊ីឈើនៅស្រុកខ្មែរ ត្រូវថយចុះនោះឡើយ៖ «ការនាំចេញរបស់ឈ្មួញទុច្ចរិតខ្មែរនៅតែបន្តអ៊ីចឹង។ បើមិននាំចេញតាមច្រកវៀតណាម ទេ ឈ្មួញទាំងអស់ហ្នឹងបែរទិសទៅតាមច្រកឡាវ ឬក៏ច្រកសមុទ្រ។ យើងគិតថា អ្វីដែលកំពុងតែធ្វើនេះលុះណាតែរដ្ឋាភិបាលខ្មែរយើងមានឆន្ទៈពិតប្រាកដ ក្នុងការទប់ស្កាត់បញ្ចប់បញ្ហាបានៗ។ ហើយបើសិនជាអត់ទេ បើទោះបីជាមានបញ្ហារវាងប្រទេសវៀតណាម និងប្រទេសចិន ក៏ដោយ ក៏ខ្មែរយើងជនទុច្ចរិតរកស៊ីនាំចេញទៅកន្លែងផ្សេងៗទៀត ព្រោះនៅលើពិភពលោក ប្រទេសណាក៏ត្រូវការឈើដែរឥឡូវ»។
លោកបន្ថែមទៀតថា ក្រៅពីយកឆន្ទៈ និងច្បាប់មកអនុវត្តហើយនោះ រាជរដ្ឋាភិបាលគប្បីបញ្ឈប់នូវគោលនយោបាយផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅដល់ក្រុមហ៊ុនតទៅទៀត ហើយពង្រឹងកម្លាំងជំនាញដើម្បីអភិរក្សព្រៃ និងឈើប្រណីតដែលសេសសល់នោះ ទើបអាចធានាបានថា ព្រៃស្រុកខ្មែរនឹងកើតឡើងវិញ។
ចំណែកឯអ្នកវិភាគបញ្ហាសង្គម លោកបណ្ឌិត កែម ឡី មានប្រសាសន៍ថា សកម្មភាពកាប់បំផ្លាញឈើប្រណីត និងប្រភេទឈើផ្សេងៗ កាន់តែកើនឡើងដោយសារតម្រូវការប្រើប្រាស់ក្នុងស្រុក និងក្រៅស្រុក មានកាន់តែច្រើន និងការផ្តល់ដីសម្បទានសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលដ៏ច្រើនលើសលប់៖ «ចង់ឬមិនចង់ គេត្រូវតែបំផ្លាញឈើហ្នឹង ដើម្បីយកដីធ្វើជាកសិឧស្សាហកម្ម។ ហើយបំផ្លាញឈើហ្នឹង បើទោះបីជាឈើហ្នឹងនាំចេញបាន ឬមិនបានក៏ដោយ ក៏គាត់ត្រូវតែបំផ្លាញឈើហ្នឹង ដើម្បីយកដីប្រកបអាជីវកម្ម។ អ៊ីចឹងខ្ញុំគិតថា មិនថយទេ ព្រោះខ្ញុំគិតថា ជាតម្រូវការចាំបាច់។ វាលែងតែរដ្ឋាភិបាលកែប្រែនូវគោលនយោបាយ កែប្រែនូវវិធានការរឹតបន្តឹងនូវវិធានការ។ កែប្រែវិធានការហ្នឹងស៊ីជម្រៅណាស់ មានការចូលរួមពីសហគមន៍ព្រៃឈើ»។
លោកបន្តថា បច្ចុប្បន្ននេះខេត្តដែលនៅមានព្រៃឈើនៅកម្ពុជា គឺមានមិនដល់ ១០ខេត្តផង ក្រៅពីនោះបានហិនហោចអស់ទៅហើយៗ ខេត្តដែលនៅសេសសល់នោះកំពុងតែរងការគំរាមកំហែងកាន់តែខ្លាំងឡើងៗទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។