អ្នកភូមិជនជាតិដើមភាគតិចព្នង នៅភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី អះអាងថា ក្រុមហ៊ុនវៀតណាមឈ្មោះ ប៊ិញ ភឿក ១ (Benh Phoeurk 1) លួចកាប់ឈើមូលពីព្រៃសហគមន៍ ហើយដឹកជញ្ជូនចូលក្រុមហ៊ុនដោយមិនមានសមត្ថកិច្ចណាទទួលខុសត្រូវបញ្ហានេះឡើយ។ ប្រជាពលរដ្ឋកំពុងមានក្តីបារម្ភចំពោះការកាប់ទន្ទ្រានព្រៃឈើក្នុងសហគមន៍ ធ្វើអាជីវកម្មដោយស្ថិតនៅក្រោមរូបភាពសម្អាតព្រៃលើដីសម្បទានសេដ្ឋកិច្ច។
ប្រជាពលរដ្ឋរស់នៅភូមិពូគង់ នៅថ្ងៃពុធ ទី១៤ ខែឧសភា អំពាវនាវសុំឲ្យអាជ្ញាធរខេត្តមណ្ឌលគិរី ចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើនេះឲ្យបានទាន់ពេលវេលា បើមិនដូច្នេះទេ ព្រៃឈើសហគមន៍អភិរក្ស នឹងត្រូវក្រុមហ៊ុនកាប់យកឈើមានតម្លៃអស់គ្មានសល់។
ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីសហគមន៍បានប្រទះឃើញបុគ្គលិកក្រុមហ៊ុន អមដោយកងប្រដាប់អាវុធ បានប្រើប្រាស់កម្មករវៀតណាម និងម៉ាស៊ីនកាត់ឈើ ចូលមកក្នុងព្រៃសហគមន៍ ហើយអាររំលំឈើមូល និងមានរថយន្តស្ទូចលើកឈើដាក់ឡាន ដឹកជញ្ជូនចូលបរិវេណដីក្រុមហ៊ុននៅវេលាយប់។
ប្រជាពលរដ្ឋភូមិពូគង់ សុំមិនឲ្យបញ្ចេញឈ្មោះបញ្ជាក់ថា នេះគឺជាសកម្មភាពលួចកាប់ឈើមូលថ្មីបន្ថែមទៀត ដែលក្រុមហ៊ុនវៀតណាម បានបំពានកាប់ឈើក្នុងព្រៃសហគមន៍អភិរក្សច្រើនឆ្នាំកន្លងទៅនេះ។ លោកបន្តថា មន្ត្រីមូលដ្ឋាន និងមន្ត្រីជំនាញនៅតំបន់នោះ មិនយកចិត្តទុកដាក់បង្ក្រាប ឬបំពេញតួនាទីរបស់ខ្លួនបានត្រឹមត្រូវនោះឡើយ៖ «រាល់តែថ្ងៃ វាដឹកទាំងយប់ វាមានរថយន្តដឹកយប់។ ឈើក្រំ គគីរ បួនដប់ម្ភៃដើម ឡានបីឡានបួន វាចូលមួយយប់ៗ ឮគគ្រឹកគគ្រេង។ វាអារម៉ោងបីម៉ោង៤ល្ងាច ថ្ងៃវាអត់ហ៊ានអារទេ វាខ្លាចយើងដែរ។ គេមានសុទ្ធតែអាវុធខាងទាហាន ខាងប៉េអិម គេមកចុះជាមួយឡាន»។
វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៤ ខែឧសភា មិនអាចស្វែងរកអត្តសញ្ញាណ ឬលេខទូរស័ព្ទទាក់ទងតំណាងក្រុមហ៊ុន ប៊ិញ ភឿក ១ សុំបញ្ជាក់ពីបញ្ហានេះបានទេ។
ចំណែកមេឃុំស្រែព្រះ លោក ពឿក ប៉េ បដិសេធចំពោះការចោទប្រកាន់របស់ប្រជាសហគមន៍ ព្រមទាំងបញ្ជាក់ថា សកម្មភាពលួចកាប់ឈើក្នុងព្រៃសហគមន៍ គឺជាក្រុមអនាធិបតេយ្យ មិនមែនកម្មករក្រុមហ៊ុននោះទេ។ លោកបញ្ជាក់ថា កាលពីថ្ងៃពុធ កន្លងទៅនេះ មន្ត្រីជំនាញព្រៃឈើបានចាប់រថយន្តដឹកឈើពីរគ្រឿង ដែលដឹកឈើចេញពីព្រៃសហគមន៍៖ «អត់មានក្រុមហ៊ុនណាមកចូលកាប់ទេ ប្រជាជនរាយការណ៍ខុសទេ។ ព្រំប្រទល់ក្រុមហ៊ុនជាមួយសហគមន៍ហ្នឹង គេកាយប្រឡាយរួចរាល់អស់ហើយ អាហ្នឹងពួកអនាធិបតេយ្យទេ ខ្ញុំចុះផ្ទាល់ហើយ»។
ព្រៃឈើសហគមន៍អភិរក្សនៅឃុំស្រែព្រះ មានទំហំជាង ៩ពាន់ហិកតារ។ កាលពីឆ្នាំ២០១៣ បានរងការកាប់យកឈើមានតម្លៃពីសំណាក់ក្រុមហ៊ុនសម្បទាននៅជាប់ព្រៃនោះ អស់ស្ទើរគ្មានសល់។
មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើសមាគមអាដហុក (adhoc) ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា កត់សម្គាល់ថា សហគមន៍បានស្វែងរកកិច្ចអន្តរាគមន៍ទប់ស្កាត់សកម្មភាពកាប់បំផ្លាញព្រៃឈើនោះច្រើនករណី។ លោកបញ្ជាក់ថា នេះគឺជាការទទួលខុសត្រូវរបស់មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាននៅតំបន់នោះ៖ «គាត់រាយការណ៍មកខ្ញុំរហូតហ្នឹង គាត់ថាប្ដឹងទៅភូមិប្ដឹងទៅឃុំ មិនត្រឹមតែប៉ុណ្ណឹងទេ ប្ដឹងទៅស្រុកទៀត មិនតិចដងទេ ច្រើនដងណាស់ ប្ដឹងទៅគេធ្វើហីទៅៗ។ នៅស្រុកកែវសីមា ហ្នឹងមានការកើតឡើងទៅលើការកាប់ព្រៃឈើអនាធិបតេយ្យច្រើនកន្លែងណាស់។ អ៊ីចឹងមន្ត្រីអាជ្ញាធរនៅមូលដ្ឋាន ជាពិសេសគឺរដ្ឋបាលព្រៃឈើ និងបរិស្ថានត្រូវតែចាត់វិធានការឲ្យបានតឹងរ៉ឹងបំផុត»។
នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី លោក កែប តក់ នៅព្រឹកថ្ងៃទី១៤ ខែឧសភា បដិសេធមិនឆ្លើយសំណួរអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ក្រោមហេតុផលលោកកំពុងធ្វើដំណើរនៅតំបន់ឆ្ងាយ សេវាទូរស័ព្ទរអាក់រអួលមិនអាចនិយាយស្តាប់គ្នាបាន។
ទោះយ៉ាងនេះក្តី ប្រជាពលរដ្ឋភូមិពូគង់ ដដែលអះអាងថា សហគមន៍មានភស្តុតាងគ្រប់គ្រាន់បង្ហាញថា ក្រុមហ៊ុនវៀតណាម ប៊ិញ ភឿក ១ ពិតជាបានលួចចូលកាប់ឈើក្នុងព្រៃសហគមន៍អស់រាប់ពាន់ដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។