ព្រៃព្រះរកា ដែលជាតំបន់ដែនជម្រកសត្វព្រៃដ៏សំខាន់ និងសម្បូរទៅដោយដើមឈើធំៗប្រណីតៗ នៅក្នុងភូមិសាស្ត្រ ៣ស្រុក គឺស្រុកជាំក្សាន្ត ស្រុកឆែប និងស្រុកត្បែងមានជ័យ របស់ខេត្តព្រះវិហារ កំពុងទទួលរងការកាប់បំផ្លាញដើម្បីរុករានយកដីធ្វើកម្មសិទ្ធិ និងកាប់ឈើអារច្រៀកយកទៅលក់ដូរខុសច្បាប់យ៉ាងអនាធិបតេយ្យ។
ដោយសារមានសកម្មភាពកាប់ឈើខុសច្បាប់នៅក្នុងតំបន់ព្រៃការពារដ៏ធំធេង ហើយគ្មានសមត្ថកិច្ច និងមន្ត្រីជំនាញណាពុំសូវយកចិត្តទុកដាក់បង្ក្រាបផងនោះ ធ្វើឲ្យសហគមន៍ប្រជាពលរដ្ឋដែលរស់នៅជុំវិញ ហើយតែងពឹងផ្អែកអាស្រ័យផលពីព្រៃឈើនោះផង កំពុងសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងទៅលើមហន្តរាយព្រៃឈើនៅពេលខាងមុខដ៏ខ្លី។
ក្រុមប្រជាពលរដ្ឋ និងជនជាតិដើមភាគតិចកួយ ប្រមាណពី ៣០នាក់ ទៅ ៤០នាក់ ដែលរស់នៅក្នុងស្រុកចំនួន៣ របស់ខេត្តព្រះវិហារ បានប្រមូលផ្ដុំគ្នាដើរល្បាតការពារព្រៃព្រះរកាជាច្រើនថ្ងៃមកហើយ ចាប់តាំងតែពីថ្ងៃទី២២ ខែតុលា រហូតមកដល់ពេលនេះ។
ការដែលប្រជាសហគមន៍ និងជនជាតិដើមភាគតិចកួយ ប្រមូលផ្ដុំគ្នាដើរល្បាតនេះ ដោយសារតែគេឃើញថា បច្ចុប្បន្នតំបន់ព្រៃព្រះរកា ដែលស្ថិតក្នុងភូមិសាស្ត្រប្រជុំស្រុកចំនួន៣ នៃខេត្តព្រះវិហារ គឺស្រុកជាំក្សាន្ត ស្រុកឆែប និងស្រុកត្បែងមានជ័យ កំពុងទទួលរងការកាប់ឈើយកទៅជួញដូរខុសច្បាប់ និងការកាប់រានព្រៃដើម្បីយកដីពីក្រុមជនចំណាកស្រុកយ៉ាងអនាធិបតេយ្យ ប៉ុន្តែមន្ត្រីជំនាញ និងសមត្ថកិច្ចរបស់រដ្ឋាភិបាល បែរជាមិនសូវយកចិត្តទុកដាក់បង្ក្រាបមក។
សមាជិកសហគមន៍ជនជាតិកួយ ដែលរស់នៅឃុំប្រមេរ ស្រុកត្បែងមានជ័យ ក្នុងចំណោមសមាជិកសហគមន៍ជាច្រើនទៀត គឺអ្នកស្រី នួន ម៉ុន។ អ្នកស្រីមានប្រសាសន៍ថា ជារៀងរាល់ថ្ងៃ ក្រុមជនដែលរកស៊ីកាប់ឈើយកទៅលក់ដូរខុសច្បាប់ តែងចូលទៅកាប់បំផ្លាញដើមឈើធំៗប្រណីតៗ ព្រមទាំងដើមជ័រច្បោះរបស់ក្រុមជនជាតិដើមភាគតិចនៅក្នុងតំបន់ព្រះរកា។ ក្រុមអ្នកកាប់ឈើទាំងនោះ តែងប្រើរណារយន្តកាប់ផ្ដួលរំលំ និងអារច្រៀកឈើដោយគ្មានកោតញញើតមន្ត្រីជំនាញ ឬក៏សមត្ថកិច្ចរដ្ឋាភិបាលទេ។ អ្នកស្រី នួន ម៉ុន បញ្ជាក់ថា ដោយសារតែសកម្មភាពកាប់បំផ្លាញព្រៃឈើយកទៅជួញដូរខុសច្បាប់ កើតមានយ៉ាងគគ្រឹកគគ្រេង ហើយគ្មានការបង្ក្រាបនេះ ទើបសហគមន៍ប្រជាពលរដ្ឋប្រមូលផ្ដុំគ្នា ដើម្បីដើរល្បាតការពារព្រៃព្រះរកាដោយខ្លួនឯងជាច្រើនថ្ងៃមកហើយ ចាប់តាំងតែពីថ្ងៃទី២២ ខែតុលា រហូតមក។ ក្រុមសហគមន៍ដែលដើរល្បាតការពារព្រៃព្រះរកាទាំងនោះ ក៏ទទួលរងការគំរាមកំហែងពីក្រុមអ្នកកាប់ឈើខុសច្បាប់ជាញឹកញាប់ដែរ៖ «កន្លែងមួយនោះខាងអ្នកកំពត ពួកគេទៅបោះទីតាំងដាក់តង់ដាក់អីដេកធ្វើអាជីវកម្មអារឈើ គំរាមកំហែងសហគមន៍មិនឲ្យដេញពួកគេចេញទេ»។
ក្រុមប្រជាពលរដ្ឋ និងសហគមន៍ជនជាតិដើមភាគតិចកួយ បានរិះគន់ថា នៅជុំវិញតំបន់ព្រៃព្រះរកា បច្ចុប្បន្ន គឺមានទីស្នាក់ការរដ្ឋបាលព្រៃឈើ មានមន្ត្រីបរិស្ថាន និងសមត្ថកិច្ចរដ្ឋាភិបាលជាច្រើនស្ថាប័ន ក៏ប៉ុន្តែគេមិនសូវឃើញសមត្ថកិច្ចទាំងនោះមានវិធានការបង្ក្រាបទៅលើសកម្មភាពកាប់ឈើ ដើម្បីជួញដូរខុសច្បាប់នោះទេ។
ទោះយ៉ាងណា វិទ្យុអាស៊ីសេរី មិនអាចទាក់ទងនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ លោក អ៊ិត ភូមិរ៉ា និងនាយសង្កាត់រដ្ឋបាលព្រៃឈើត្បែងមានជ័យ លោក ឆិញ សេង ដើម្បីសុំការអធិប្បាយជុំវិញការរិះគន់របស់ប្រជាពលរដ្ឋនេះបានថាយ៉ាងណានៅឡើយ នៅថ្ងៃទី២៥ តុលា។

ចំណែកមេឃុំប្រមេរ លោក ណែម ថាំង ទទួលស្គាល់ថា បច្ចុប្បន្ន ព្រៃព្រះរកាដែលនៅជិតតំបន់ពួកលោករស់នៅ គឺពិតជាកំពុងទទួលរងការកាប់យកទៅជួញដូរខុសច្បាប់មែន។ លោកមេឃុំប្រមេរ បញ្ជាក់ថា ជាយូរលង់មកហើយ ក្រុមជនជាតិកួយពួកលោក គឺរស់នៅពឹងផ្នែកទៅលើមុខរបរដងជ័រទឹក និងអនុផលព្រៃឈើ ប៉ុន្តែនៅពេលដែលព្រៃព្រះរកា កំពុងទទួលរងការកាប់បំផ្លាញយ៉ាងធ្ងន់ធ្ងរនេះ គឺលោកដែលជាអាជ្ញាធរមូលដ្ឋាន បែរជាមិនមានអំណាចបង្ក្រាប បានត្រឹមតែអប់រំ និងពន្យល់ពួកអ្នកកាប់ឈើទាំងនោះតិចតួចប៉ុណ្ណោះ៖ «វាពិបាកដែររឿងនេះ ជាសមត្ថកិច្ចរបស់មេព្រៃ ដូចខ្ញុំដូចអីគ្រាន់តែថា អប់រំណែនាំឲ្យបងប្អូនចាប់អារម្មណ៍ពីរឿងខុសច្បាប់ ប៉ុន្តែឲ្យខ្ញុំចុះទៅចាប់ដល់ទីកន្លែងនោះវាមិនអាចទេ»។
មន្ត្រីផ្នែកតស៊ូមតិរបស់អង្គការពន្លកខ្មែរ លោក ប៉ិក សោភ័ណ ក៏សម្ដែងការព្រួយបារម្ភចំពោះការបាត់បង់តំបន់ព្រៃព្រះរកា ដោយសារតែមានអ្នកកាប់ឈើយកទៅជួញដូរខុសច្បាប់ដែរ។ លោក ប៉ិក សោភ័ណ បញ្ជាក់ថា បច្ចុប្បន្ន សកម្មភាពកាប់បំផ្លាញឈើនៅក្នុងព្រៃព្រះរកា គឺមិនមានការថយចុះទេ។ ក្រុមអ្នកកាប់ឈើយកទៅជួញដូរខុសច្បាប់ខ្លះ មានអ្នកមានអំណាចនៅពីក្រោយខ្នង ដោយហ៊ានគំរាមកំហែងទៅលើប្រជាសហគមន៍ដែលតែងតែដើរល្បាតការពារព្រៃនោះទៀតផង៖ «វាអត់មានការស្ងប់ស្ងាត់អីទេនៅក្នុងព្រៃព្រះរកា គឺវាមានការគំរាមកំហែងរហូតមកដល់ពេលបច្ចុប្បន្ននេះ»។
កាលពីថ្ងៃទី១៣ ខែតុលា កន្លងទៅ មន្ត្រីបណ្ដាញសកម្មភាពដើម្បីសហគមន៍នៅខេត្តព្រះវិហារ លោក ពេជ្រ ព័ន្ធ ធ្លាប់អះអាងថា មានជនចំណាកស្រុកជាច្រើន ព្រមទាំងទាហាន រួមជាមួយនឹងប្រជាពលរដ្ឋក្នុងតំបន់ខ្លះផង តែងនាំគ្នាចូលទៅកាប់ឈើខុសច្បាប់នៅក្នុងតំបន់ព្រៃព្រះរកា ដែលជាព្រៃការពារនេះ។
បណ្ដាញសហគមន៍ការពារព្រៃឈើ បានរិះគន់ថា ពេលបច្ចុប្បន្នមានសមត្ថកិច្ចជាច្រើនស្ថាប័ន ដូចជាខាងរដ្ឋបាលព្រៃឈើ កងរាជអាវុធហត្ថ និងប៉ូលិសសេដ្ឋកិច្ចជាដើម បានរាយបណ្ដាក់គ្នានៅតាមដងផ្លូវសំខាន់ៗដែលចេញចូលទៅកាន់តំបន់ព្រៃព្រះរកា ប៉ុន្តែសមត្ថកិច្ចទាំងនោះ មិនបង្ក្រាបសកម្មភាពកាប់បំផ្លាញព្រៃឈើខុសច្បាប់ទេ គឺរង់ចាំតែទារលុយពីអ្នកដឹកឈើប៉ុណ្ណោះ។
ព្រៃព្រះរកា គឺជាព្រៃធម្មជាតិសំខាន់ទី២ ដែលមានទំហំប្រមាណ ៩ម៉ឺន ៨ពាន់ហិកតារ បន្ទាប់ពីតំបន់ព្រៃឡង់ដ៏ធំ នៅជាប់ភូមិសាស្ត្រខេត្តកំពង់ធំ ខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង។ បច្ចុប្បន្ន ព្រៃព្រះរកា កំពុងទទួលរងការកាប់ឈើធ្វើអាជីវកម្មខុសច្បាប់យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីតំបន់ព្រៃឡង់ដ៏ធំ បានរលាយបាត់ព្រៃឈើស្ទើរទាំងស្រុងនៅតំបន់ខ្លះ ដោយសាររដ្ឋាភិបាលផ្ដល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនវិនិយោគដំណាំកសិឧស្សាហកម្ម ក្នុងរយៈពេល ៤-៥ឆ្នាំកន្លងទៅនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។