សហគមន៍ការពារព្រៃឈើខេត្តស្ទឹងត្រែង អំពាវនាវឲ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ចុះស៊ើបអង្កេតពីភាពមិនប្រក្រតីនៃការបំពេញកាតព្វកិច្ចរបស់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង ដែលមិនយកចិត្តទុកដាក់អភិរក្សព្រៃឈើនៅមូលដ្ឋានឲ្យគង់វង្ស ថែមទាំងបើកដៃឲ្យឈ្មួញកាប់ព្រៃរានយកដីតាមអំពើចិត្ត។
ការអំពាវនាវនេះ បន្ទាប់ពីសហគមន៍ភូមិអន្លង់ក្រមួន ប្រទះឃើញឈ្មួញសម្រុកកាប់ព្រៃរានយកដីជាច្រើនហិកតារជាច្រើនឆ្នាំកន្លងមក រហូតបច្ចុប្បន្នពុំមានការទប់ស្កាត់ឡើយ។
សហគមន៍ការពារព្រៃឈើភូមិអន្លង់ក្រមួន ស្រុកថាឡាបរិវ៉ាត់ រិះគន់ពីភាពព្រងើយកន្តើយរបស់មន្ត្រីរដ្ឋបាលព្រៃឈើ អាជ្ញាធរភូមិ-ឃុំ និងស្រុក ថាមិនមានឆន្ទៈអភិរក្សព្រៃសហគមន៍។
សមាជិកសហគមន៍ភូមិអន្លង់ក្រមួន លោក ថាន់ វ៉ន រៀបរាប់ថា បច្ចុប្បន្ន ព្រៃសហគមន៍ភូមិអន្លង់ក្រមួន មួយផ្នែកធំ បានក្លាយជាវាល និងគ្រប់គ្រងជាកម្មសិទ្ធិឯកជន ក្នុងនោះមួយផ្នែកជាកម្មសិទ្ធិរបស់អាជ្ញាធរមូលដ្ឋាន និងសមាជិកក្រុមប្រឹក្សាស្រុកថាឡាបរិវ៉ាត់។ លោកថា បច្ចុប្បន្ន ព្រៃសហគមន៍ប្រមាណ ៤០០ហិកតារ កំពុងគ្រប់គ្រងជាកម្មសិទ្ធិឯកជនរបស់ឈ្មួញឈ្មោះ មាស សុខសាន និង ដេត អាជ្ញាធរឃុំ-ស្រុក និងពលរដ្ឋចំណាកស្រុក បន្ទាប់ពីកម្មករសម្រុកកាប់រានឲ្យក្លាយទៅជាទីវាល៖ « កាប់ខ្ទេចខ្ទីអស់ហើយ។ ថ្ងៃមុនខ្ញុំឃើញអ្នកកាប់ ខ្ញុំដាក់ពាក្យបណ្ដឹងទៅស្រុក បើចៅហ្វាយស្រុកថា មុននឹងធ្វើអីឲ្យជូនដល់គាត់។ ដល់ជូនដល់ គាត់ជិតមួយខែហើយមិនទាន់មានប្រតិកម្មកើតឡើងផង។ សុំឲ្យរដ្ឋាភិបាលត្រួតពិនិត្យមើលមេភូមិ និងមេឃុំឡើងវិញ »។
លោក ថាន់ វ៉ន សង្កត់ធ្ងន់ថា ភាពហិនហោចបាត់បង់ព្រៃសហគមន៍នេះ គឺជាចេតនាមិនអើពើរបស់អាជ្ញាធរភូមិ-ឃុំ និងស្រុក រួមទាំងមន្ត្រីរដ្ឋបាលព្រៃឈើដែលបណ្តោយឲ្យឈ្មួញជួលកម្មករសម្រុកកាប់រានយកដីជាកម្មសិទ្ធិឯកជនតាំងពីឆ្នាំ២០១៣ រហូតបច្ចុប្បន្ន នៅតែពុំមានការទប់ស្កាត់ឡើយ។ លោកចាត់ទុកការបាត់បង់ព្រៃសហគមន៍ភូមិអន្លង់ក្រមួន ដូចជាការកាត់ផ្តាច់ដង្ហើមនៃរបរចិញ្ចឹមជីវិតរបស់ពលរដ្ឋជនជាតិដើមភាគតិចកួយ ដ្បិតប្រាក់ចំណូលរបស់ជនជាតិដើមភាគតិចកួយ បានមកពីអនុផលព្រៃឈើ គឺដងជ័រទឹក ដាក់អន្ទាក់សត្វ បេះបន្លែផ្លែឈើ រកឃ្មុំ និងបោចវល្លិ ជាដើម៖ « រដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ មិនឃើញមានការទប់ស្កាត់អីទេ មានតែការពារជនល្មើស។ ពេលល្ងាចៗមើលតាមដងផ្លូវទៅ ផ្លូវទៅឃុំចម្ការលើ ហើយផ្លូវមកយើងនេះ លបមើលទៅឃើញសំកុកចាំតែយកលុយពួកអ្នកកាប់ឈើលក់ »។
ឆ្លើយតបការចោទប្រកាន់នេះ មេឃុំស្រែឫស្សី លោក លួន ណាន ទទួលស្គាល់ថា ព្រៃសហគមន៍រងការកាប់ទន្ទ្រានយកដីធ្វើកម្មសិទ្ធិដោយពលរដ្ឋយ៉ាងអនាធិបតេយ្យ ខណៈអាជ្ញាធរធ្លាប់រាយការណ៍ទៅមន្ទីររដ្ឋបាលព្រៃឈើ តែពុំមានចំណាត់ការ។ លោកថា ពលរដ្ឋចំណាកស្រុកបានសម្រុកមកទិញដីពលរដ្ឋនៅមូលដ្ឋាន ហើយកាប់រានពង្រីកផ្ទៃដីជាច្រើនគ្រួសារ ដែលបង្កការលំបាកដល់ការទប់ស្កាត់របស់អាជ្ញាធរ៖ « ព្រៃនោះ គឺពលរដ្ឋគាត់រុករានដោយភាពអនាធិបតេយ្យដោយខុសច្បាប់។ ដូច្នេះហើយ គាត់ចោទតែអាជ្ញាធរ។ ចំណែកអាជ្ញាធររាយការណ៍ទៅជំនាញ គេតាំងពីរដ្ឋបាលព្រៃឈើ និងស្រុក ប៉ុន្តែខាងលើគេធ្វើកន្តើយព្រងើយ »។
ព្រៃសហគមន៍ភូមិអន្លង់ក្រមួន មានផ្ទៃដីចំនួន ៨១០ហិកតារ ឋិតនៅឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដោយពុំទាន់ចុះបញ្ជីជាដីសមូហភាពសហគមន៍ស្របច្បាប់ឡើយ ក៏ប៉ុន្តែមានផែនទីកំណត់ទំហំផ្ទៃដីគ្រប់គ្រងរៀបចំដោយមន្ត្រីរដ្ឋបាលព្រៃឈើ និងជួយជ្រោមជ្រែងដោយអង្គការមិនមែនរដ្ឋាភិបាល។ សហគមន៍អះអាងថា អាជ្ញាធរឃុំធ្លាប់ទទួលស្គាល់ដីព្រៃសហគមន៍នេះ និងធ្លាប់ធ្វើលិខិតស្នើសុំទៅអាជ្ញាធរស្រុក ក៏ប៉ុន្តែត្រូវបានអាក់ខាន ដោយលោកអតីតអភិបាលស្រុកបដិសេធ។
សហគមន៍ភូមិអន្លង់ក្រមួន ធ្លាប់បានដាក់ពាក្យប្ដឹងអាជ្ញាធរឃុំ និងអ្នកពាក់ព័ន្ធជាឈ្មួញចំនួនពីរនាក់ទៀត គឺឈ្មោះ មាស សុខសាន និង ដេត ទៅតំណាងអយ្យការខេត្តស្ទឹងត្រែង តាំងពីឆ្នាំ២០១៣ ពីបទរួមគំនិតបើកដៃឲ្យជនល្មើសកាប់បំផ្លាញព្រៃសហគមន៍ ហើយរហូតបច្ចុប្បន្ន ពាក្យបណ្ដឹងនោះ តុលាការមិនទាន់ជំនុំជម្រះនៅឡើយ។
មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ហូ សំអុល ដែលបានចុះអង្កេតករណីនេះយល់ថា អាជ្ញាធរខេត្តគួរតែផ្តល់សិទ្ធិឲ្យសហគមន៍គ្រប់គ្រងដីព្រៃសហគមន៍ដោយស្របច្បាប់ និងប្រើប្រាស់ជាសមូហភាព បន្ទាប់ពីសហគមន៍ធ្លាប់បានស្នើទៅអាជ្ញាធរស្រុកកន្លងទៅ។ លោកថា ការពន្យារពេលផ្តល់សិទ្ធិឲ្យសហគមន៍គ្រប់គ្រងដីព្រៃសមូហភាពសហគមន៍ គឺជាឱកាសឲ្យឈ្មួញមានអំណាច និងមន្ត្រីមួយចំនួនបន្តកាប់រានព្រៃសហគមន៍៖ « ផ្ដន្ទាទោសមួយដូចជាកាប់ព្រៃ ឬជួញដូរឈើអី ត្រូវជាប់គុកប៉ុណ្ណេះឆ្នាំ ? ចឹងពួកឧក្រិដ្ឋជនក្រោយវាខ្លាចខ្លះដែរ ប៉ុន្តែនេះរាប់ឆ្នាំមកហើយ មិនដែលឃើញមានយកឧក្រិដ្ឋជនមកផ្ដន្ទាទោសនោះទេ »។
ច្បាប់ព្រៃឈើឆ្នាំ២០០២ មាត្រា១០០ ចែងថា សកម្មភាពទាំងឡាយណាដែលធ្វើឡើងដោយអាជ្ញាធរដែនដី ឬមន្ត្រីអាជ្ញាធរផ្សេងទៀត ដើម្បីធ្វើការអន្តរាគមន៍ផ្តល់ការអនុញ្ញាតដោយផ្ទាល់ ឬដោយប្រយោល ជួយដល់អាជីវកម្មព្រៃឈើ និងធ្វើសកម្មភាពគ្រប់យ៉ាងផ្ទុយពីបទបញ្ញត្តិនៃច្បាប់ ត្រូវចាត់ទុកជាបទល្មើសត្រូវផ្ដន្ទាទោសពី ១ឆ្នាំទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ១០លានរៀលទៅ ១០០លានរៀល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។