ប្រជាពលរដ្ឋម្នាក់រស់នៅក្នុងភូមិត្រពាំងត្រាវ សង្កាត់បន្សាយរាក់ ក្នុងក្រុងសំរោង ដែលសុំមិនបញ្ចេញឈ្មោះ បានថ្លែងថា មានករណីយកាប់ព្រៃឈើយ៉ាងអនាធិបតេយ្យនៅតំបន់ដែលលោករស់នៅ ដោយក្រុមមន្ត្រីយោធាមានអំណាច និងក្រុមប្រជាពលរដ្ឋ ដោយអាជ្ញាធរពាក់ព័ន្ធហាក់បីដូចជាមិនសូវចាត់វិធានការទៅលើបញ្ហានេះប៉ុន្មានទេ៖ «សូមឲ្យលោកអភិបាលខេត្តអី ក៏ដូចជាលោកអភិបាលក្រុង លោកស្នងការខេត្តអីហ្នឹង ជួយមេត្តាត្រួតពិនិត្យបញ្ហានេះឡើងវិញ។ កុំឲ្យទ្រង់ទ្រាយធំពេក ឬមួយក៏លោកមិនបានដឹង។ បាទ! សូមឲ្យគាត់ត្រួតពិនិត្យរឿងនេះឡើងវិញណាអូន»។
ប្រធានសហគមន៍ការពារព្រៃឈើរំដួលវាសនា លោក មនី្ន ហឿន មានប្រសាសន៍ថា ពិតជាមានការកាប់ព្រៃឈើខុសច្បាប់កើតមានឡើងមែន ហើយការកាប់ឈើនេះកើតឡើងតាំងពីឆ្នាំ២០១០ មកម្ល៉េះ ប៉ុន្តែនៅក្នុងឆ្នាំ២០១៣ នេះមានការកាប់ជាទ្រង់ទ្រាយធំ។ លោកថា សហគមន៍ការពារព្រៃឈើរបស់លោកបានដាក់ពាក្យបណ្ដឹងដល់រដ្ឋបាលព្រៃឈើពីបញ្ហានេះជាច្រើនលើកច្រើនសារ តែមិនសូវមានចំណាត់ការណាមួយ ដែលធ្វើឡើងដែលគួរឲ្យទទួលយកបាននៅឡើយ។
លោកបន្តថា យោធាដែលការពារនៅតំបន់នោះ បានបើកដៃឲ្យប្រជាពលរដ្ឋចូលទៅកាប់ឈើក្រញូង នៅក្នុងសហគមន៍ការពារព្រៃឈើរំដួលវាសនា ក្នុងសង្កាត់បន្សាយរាក់៖ «បាទ! ទ្រង់ទ្រាយធំបង។ វាជាប់តាមក្រវាត់ព្រំដែន ព្រំដែនខ្មែរ-ថៃ ទៅ។ វាដែលគេឈូសធ្វើផ្លូវព្រំដែនទៅ។ ផ្លូវហ្នឹង គេធ្វើកាត់តាមព្រៃសហគមន៍។ ទាហានកាប់បំផ្លាញ ហើយដាក់ដំណឹងទៅកាន់ក្រសួងកសិកម្មហ្នឹង។ ក្រសួងកសិកម្ម ចេញឲ្យខេត្តកាលអភិបាលខេត្ត ប៉ិច សុខិន នៅមិនទាន់ស្លាប់ហ្នឹង អត់ទាន់ឃើញមានការដោះស្រាយ»។
ទាក់ទងនឹងបញ្ហានេះ ប្រធានខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យ លោក ទៀង ដេវីត ថ្លែងថា ខណ្ឌរដ្ឋបាលព្រៃឈើខេត្តបានចាត់វិធានការជាមួយអាជ្ញាធរខេត្ត និងក្រុមសហគមន៍ការពារព្រៃឈើនៅមូលដ្ឋានបានមួយចំនួនរួចមកហើយ។ ហើយថា ក្រុមការងាររបស់លោកកំពុងចាត់វិធានការស្វែងរក ថាតើអ្នកណាជាអ្នកបញ្ជានៅពីក្រោយនៃការកាប់ឈើខុសច្បាប់នេះ៖ «ប៉ិនអ្នកទៅកាប់ វាទៅលួច។ ដល់ពេលយើងចន្លោះប្រហោងវាទៅដល់។ ពេលយើងទៅដល់ វារត់បាត់។ អ៊ីចឹងបានជាទៅវាមិនទាន់»។
ប្រជាពលរដ្ឋដែលរស់នៅកន្លែងមានការកាប់ឈើខុសច្បាប់ ថ្លែងថា សកម្មភាពកាប់ឈើខុសច្បាប់កើតឡើងជាបន្តបន្ទាប់ ដោយគ្មានដំណោះស្រាយ ហើយអាជ្ញាធរហាក់ដូចជាមិនសូវចាត់វិធានការឲ្យបានមុតមាំនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។