ពលរដ្ឋ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​ទប់​ស្កាត់​សកម្មភាព​ដឹក​​ឈើ

ប្រជាពលរដ្ឋ​ជា​សហគមន៍​ការពារ​ព្រៃឈើ​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​កាប់​សំអាត​ផ្ទៃ​អាង​ស្តុក​ទឹក​នៃ​គម្រោង​សាង​សង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ នៅ​ខេត្ត​ស្ទឹងត្រែង បាន​ប្រមូល​ទិញ​ឈើ​ប្រណិត​ខុស​ច្បាប់​ពី​តំបន់​ក្រៅ​គម្រោង​ហើយ​ដឹក​ជញ្ជូន​ចេញ​តាមរយៈ​អាជ្ញាប័ណ្ណ​ប្រមូល​ឈើ​ពី​ការ​សំអាត​ផ្ទៃ​អាង។

0:00 / 0:00

សហគមន៍​ការពារ​ព្រៃ​ឈើ ឃុំ​ស្រែគរ ស្រុក​សេសាន អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង ទប់​ស្កាត់​ជា​បន្ទាន់​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ប្រណិត​ខុស​ច្បាប់​ដែល​កំពុង​កើត​មាន​អនាធិបតេយ្យ​និង​គ្មាន​ការ​បង្ក្រាប។

សេចក្ដី​អំពាវនាវ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុមហ៊ុន អាំង អែន អាសូស៊ីអេត ឡយ័រ (ANG & Associates Lawyer) ទទួល​បាន​អាជ្ញា​ប័ណ្ណ​កាប់​ឈើ​និង​នាំ​ចេញ​ឈើ​តាម​រោងចក្រ​ដែល​បាន​ប្រមូល​ពី​ការ​សំអាត​អាង​ស្តុក​ទឹក ប៉ុន្តែ​ក្នុង​ការ​នាំ​ចេញ​ឈើ​ជាក់​ស្ដែង គឺ​ក្រុមហ៊ុន​មិន​បាន​អនុវត្ត​ត្រឹម​ត្រូវ​តាម​គោលការណ៍​កំណត់​ក្នុង​អាជ្ញាប័ណ្ណ​នោះ​ឡើយ។ សមាជិក​សហគមន៍​ការពារ​ព្រៃ​ឈើ​ភូមិ​ស្រែគរ សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃ​អាទិត្យ ទី​៤ ខែ​សីហា មាន​ប្រសាសន៍​បញ្ជាក់​ថា ឈើ​ប្រណិត​ប្រភេទ​ឈើ​អារ​ជ្រុង​ត្រូវ​គេ​ដឹក​ជញ្ជូន​តាម​សាឡង់ ឆ្លង​ទន្លេ​ពី​ត្រើយ​ម្ខាង​ភូមិ​ស្រែគរ​២ ហើយ​ឡើង​មក​កំពង់​ទឹក​ភូមិ​ស្រែគរ​មួយ និង​មាន​រថយន្ត​ដឹក​ជញ្ជូន​ធំៗ​ប្រភេទ​ឡាន​យីឌុប ចាំ​ដឹក​ជញ្ជូន​ចេញ​ពី​ភូមិ​ដោយ​មិន​មាន​សមត្ថកិច្ច​ជំនាញ​ទប់​ស្កាត់។

ប្រជាពលរដ្ឋ​ដដែល​ឲ្យ​ដឹង​ទៀត​ថា សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ធ្វើ​ឡើង​កាល​ពី​ដើម​សប្ដាហ៍​កន្លង​ទៅ ហើយ​ក្នុង​មួយ​ថ្ងៃ​យ៉ាង​ហោច​ណាស់​មាន​ឈើ​ប្រណិត ៥ ទៅ ១០​រថយន្ត ត្រូវ​បាន​គេ​ដឹក​ជញ្ជូន​ចេញ៖ «អូ! ដឹក​តាំង​ពី​មុន​បោះឆ្នោត​នោះ នៅ​ដឹក​តើ! ដំបូង​គេ​យក​ទូក ក្រោយ​មក​គេ​យក​សាឡាងៗ​ធុន​តូច​គេ​យក​មក​ដឹក ឥឡូវ​គេ​ដឹក​បាន​ពីរ​ថ្ងៃៗ​នេះ​ហើយ ឡើង​កន្លែង​លើ​វត្ត​បន្តិច​នេះ។ ឈើ​ឆ្នុង ២​ម៉ែត្រ​កន្លះ​ក៏​មាន ២.២​ម៉ែត្រ​ក៏​មាន បណ្ដោយ​មុខ​ចាប់​ពី ២៥ ឡើង​ដល់ ៥០»

ដូច​គ្នា​នេះ​ដែរ មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ មាន​ប្រសាសន៍​បញ្ជាក់​ដែរ​ថា ឈើ​ដែល​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ចេញ​មិន​មែន​ជា​ឈើ​ប្រមូល​បាន​ពី​ការ​សំអាត​អាង​នោះ​ទេ គឺ​ជា​ឈើ​ប្រមូល​ទិញ​ពី​អ្នក​កាប់​នៅ​ក្នុង​ព្រៃ​ក្រៅ​បរិវេណ​អាង​ស្តុក​ទឹក។ លោក​បន្ត​ថា ក្រុមហ៊ុន​កំពុង​ធ្វើ​ឲ្យ​ផ្លូវ​លំ​ធ្វើ​ដំណើរ​របស់​អ្នក​ភូមិ​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​ដោយសារ​ការ​ដឹក​ជញ្ជូន​ឈើ​នេះ៖ «ប្រជាពលរដ្ឋ​តវ៉ា​មែន​ទែន​រឿង​ខូច​ផ្លូវ។ ខ្ញុំ​ថា មិន​មែន​រឿង​សំអាត​អាង​ទឹក​ទេ​យក​តែ​ឈើ​ប្រណិត។ បាន​អាជ្ញាប័ណ្ណ​ពី​រដ្ឋាភិបាល​ហើយ​ចេះ​តែ​ធ្វើៗ​តាម​អំពើ​ចិត្ត។ ក្នុង​នាម​អាជ្ញាធរ​ខ្ញុំ​ព្រួយ​បារម្ភ​អស់​រលីង​ហើយ»

ឆ្លើយ​តប​ការ​អះអាង​នេះ តំណាង​ក្រុមហ៊ុន អាំង អែន អាសូស៊ីអេត ឡយ័រ លោក សាន ចយ មាន​ប្រសាសន៍​បញ្ជាក់​ថា ឈើ​ដែល​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ចេញ​គឺ​ជា​ឈើ​ប្រមូល​បាន​មក​ពី​ការ​សម្អាត​អាង​ស្តុក​ទឹក ហើយ​ការ​ដឹក​ជញ្ជូន​ចេញ​នេះ គឺ​មាន​អាជ្ញាប័ណ្ណ​ពី​ស្ថាប័ន​រដ្ឋបាល​ព្រៃ​ឈើ​ត្រឹមត្រូវ។

លោក​បន្ត​ថា ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជួស​ជុល​ផ្លូវ​សង​វិញ​បន្ទាប់​ពី​ការ​ដឹក​ជញ្ជូន​ឈើ​ធ្វើ​រួចរាល់៖ «ក្រុមហ៊ុន​ហ្នឹង​បង់​ពន្ធ​រួច​ហើយ​អស់​ជាង ១​លាន​ដុល្លារ​មុន​បោះ​ឆ្នោត​ប្រហែល​មួយ​ខែ​ជាង។ មិន​ជឿ​ទេ​សួរ​ទៅ​រដ្ឋបាល​ព្រៃ​ឈើ​ទៅ ព្រោះ​បង់​ទាំង​ឈើ​ប្រណិត​ឈើ​លេខ​១ លេខ​២ ទាំង​អស់​វា​ស៊ី​ចូល​ជាង ៥​ពាន់​ម៉ែត្រ​គូប»

នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ស្ទឹងត្រែង លោក អ៊ី ឯកសាវត្តី នៅ​ថ្ងៃ​អាទិត្យ ទី​៤ ខែ​សីហា បាន​បិទ​ទូរស័ព្ទ​នៅ​ពេល​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី សួរ​សំណួរ​សុំ​ការ​បញ្ជាក់​ទាក់​ទិន​ករណី​នេះ។

កាល​ពី​ចុង ខែ​ឧសភា កន្លង​ទៅ​សហគមន៍​ភូមិ​ស្រែគរ​មួយ រាយការណ៍​ដែរ​ថា ឈើ​ប្រមាណ ១៥​រថយន្ត​ត្រូវ​គេ​ដឹក​តាម​ទូក និង​សាឡង់​ពី​ត្រើយ​ម្ខាង​ទន្លេ​ក្នុង​ភូមិ​ស្រែគរ​២ ហើយ​រថយន្ត​រង់​ចាំ​ដឹក​ជញ្ជូន​ចេញ​ពី​ត្រើយ​ម្ខាង​ទន្លេ​ក្នុង​ភូមិ​ស្រែគរ​មួយ ចេញ​មក​ផ្លូវ​ជាតិ​លេខ​៧៨ និង​បន្ត​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម។ ឈើ​ទាំង​អស់​នោះ​មួយ​ចំណែក​ធំ​កាប់​ចេញ​ពី​តំបន់​ភ្នំ​ក្រឡាពស់ ក្រៅ​ផ្ទៃ​សំអាត​អាង​ស្តុក​ទឹក​ដោយ​ខុស​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។