ប្រជាពលរដ្ឋរស់នៅឃុំសេកុង ស្រុកសៀមប៉ាង ឲ្យដឹងនៅថ្ងៃច័ន្ទ ទី១ ខែកក្កដា ថា សាឡង់រែងមាសពីរគ្រឿងរបស់ក្រុមហ៊ុនចិន មួយ កំពុងធ្វើអាជីវកម្មរុករកមាសនៅក្នុងទន្លេមេគង្គ។
ប្រជាពលរដ្ឋខ្មែរមួយរូបសុំមិនឲ្យបញ្ចេញឈ្មោះ រៀបរាប់ថា សាឡង់រែងមាសមួយកន្លែងស្ថិតនៅតំបន់កោះដាតធំ ចម្ងាយជាង ២គីឡូម៉ែត្រ ពីបញ្ជាការដ្ឋានប៉ុស្តិ៍យោធានៃវរយោធាការពារព្រំដែនលេខ១០១ និងចម្ងាយជាង ៨គីឡូម៉ែត្រ ពីព្រំដែនប្រទេសឡាវ ក្នុងឃុំសេកុង។ ចំណែកសាឡង់រែងមាសមួយកន្លែងទៀត ស្ថិតនៅតំបន់កោះត្បែង និងកោះស៊ីឡោក ក្នុងឃុំស្រែសម្បូរណ៍។
ប្រជាពលរដ្ឋដដែលបន្តថា សាឡង់រែងមាសនេះធ្វើអាជីវកម្មរុករកមាសចាប់ពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ១០យប់ ប្រមាណមួយខែកន្លងទៅនេះ៖ «ចម្លែកការរកស៊ីរបស់យើងខាងនេសាទ វាអត់សូវបាន បាត់បង់ត្រី ទឹកក៏ល្អក់ កោះវាចេះតែកើនឡើងរហូត ផ្លូវដែលយើងចុះឡើងវារាក់ ទន្លេចេះតែរាក់ទៅៗ ប៉ះពាល់ទាំងអស់ឲ្យតែខាងក្រោម។ ផាបាំង ហើយខាងស៊ុមធំពីរឃុំហ្នឹង គេបម្រុងបាតុកម្ម»។
ដូចគ្នានេះដែរ ប្រជាពលរដ្ឋឃុំសេកុង មួយរូបទៀតសុំមិនឲ្យបញ្ចេញឈ្មោះ សម្ដែងទុទ្ទិដ្ឋិនិយមថា ការរែងរកមាសក្នុងទន្លេនេះបង្កឲ្យមានដីល្បាប់ធ្វើឲ្យទឹកទន្លេរាក់ ខូចគុណភាពទឹក ធ្វើឲ្យប៉ះពាល់ផលត្រីក្នុងទន្លេ និងប៉ះពាល់សុខភាពប្រជាពលរដ្ឋអ្នកប្រើប្រាស់ទឹកទន្លេ៖ «វាប៉ះពាល់ដល់កូនក្មេងតូចៗផឹកទឹកមានតែរាកមានតែរូស អ្នកខ្លះចាក់ថ្នាំទាន់ក៏ទាន់ អ្នកខ្លះចាក់ថ្នាំមិនទាន់ក៏ស្លាប់ងាប់ទៅហ្នឹង ហើយពីរបីនាក់ហើយ។ ដឹងពុលដឹងស្អី ព្រោះថាវាកើតអ៊ីចឹងមិនដឹងថាដោយសារគេរែងមាសពុល ឬដោយសារអ្វី ខ្ញុំក៏អត់ដឹងដែរ»។
វិទ្យុអាស៊ីសេរី នៅថ្ងៃទី១ ខែកក្កដា មិនអាចស្វែងរកអាសយដ្ឋានក្រុមហ៊ុនរែងមាសនៅតំបន់នោះ សុំបំភ្លឺករណីនេះបានទេ។
ទាក់ទិនករណីនេះដែរ មេបញ្ជាការយោធាប៉ុស្តិ៍ការពារព្រំដែនកោះឫស្សី នៃវរការពារព្រំដែន១០១ លោក ម៉ី ប៊ុនប៉ន បដិសេធថា កងយោធានៅតំបន់នោះមិនឃើញមានសាឡង់រែងមាសនោះឡើយ។ លោកអះអាងថា ក្រុមហ៊ុនចិន មានអាជ្ញាប័ណ្ណសិក្សាស្រាវជ្រាវរែងនៅតំបន់នោះមែន ប៉ុន្តែពួកគេមិនបានបោះទីតាំងអចិន្ត្រៃយ៍ និងធ្វើអាជីវកម្មរែងរកមាសក្នុងទន្លេនោះទេ៖ «ប្រជាជនហ្នឹង គាត់ចេះតែនិយាយអ៊ីចឹង ហើយលើកមុននិយាយអ៊ីចឹង មានសមត្ថកិច្ចរបស់ខេត្តចុះមកពិនិត្យអត់មានផង។ មានតែក្រុមហ៊ុនគេឡើងមកសិក្សាកាយដីមើលមួយភ្លែត ហើយគេត្រឡប់ទៅវិញមាន»។
ចំណែកនាយខុទ្ទកាល័យសាលាខេត្តស្ទឹងត្រែង លោក ដូង ពៅ បានកត់សម្គាល់ថា កន្លងទៅនេះមានក្រុមហ៊ុនចិន មួយមានអាជ្ញាប័ណ្ណស្រាវជ្រាវរ៉ែពីក្រសួងឧស្សាហកម្មមែន ក៏ប៉ុន្តែក្រុមហ៊ុនមិនបានសហការជាមួយអាជ្ញាធរខេត្តឡើយ។ លោកបញ្ជាក់ថា ប្រសិនមានការរែងរកមាសមែន គឺជាករណីខុសច្បាប់ ដូច្នេះលោកនឹងស្រាវជ្រាវករណីនេះ៖ «គេអត់បានយកច្បាប់មកឆ្លងខេត្តទេ គេគ្រាន់តែចម្លងជូនឲ្យខេត្ត។ អ៊ីចឹង ការធ្វើសកម្មភាពរបស់គេ គឺជាសកម្មភាពមួយដែលមិនបានទទួលស្គាល់ពីអាជ្ញាធរខេត្តទេ។ ខ្ញុំទើបដឹងដំណឹងទេ ប្រហែលខ្ញុំត្រូវទាក់ទងទៅអភិបាលស្រុក ដើម្បីហាមឃាត់សួរនាំគេសិន»។
ទោះជាយ៉ាងនេះក៏ដោយ ប្រជាពលរដ្ឋអ្នកនេសាទដែលឆ្លងកាត់កន្លែងរែងរកមាសនោះ អះអាងថា មានជនជាតិចិន វៀតណាម មួយចំនួន កំពុងធ្វើសកម្មភាពរែងមាសពីបាតទន្លេ និងមួយចំនួនទៀតបានបោះទីតាំងនៅផ្នែកដីគោកក្បែរកន្លែងរែងមាសនោះ តាំងពីឆ្នាំ២០១២ មក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។