ចោទ​អ្នក​ម៉ៅការ​ក្រុមហ៊ុន​លោក គិត ម៉េង កាប់​ឈើ​ខុស​ច្បាប់

0:00 / 0:00

ក្រសួង​កសិកម្ម​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ​របស់​លោក​ឧកញ៉ា គិត ម៉េង កាប់​ឈើ​សំអាត​ផ្ទៃ​អាង​ស្តុក​ទឹក​នៃ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​នៅ​ខេត្ត​ស្ទឹងត្រែង។ ក៏​ប៉ុន្តែ​អ្នក​ភូមិ​ដែល​រស់​នៅ​ក្នុង​តំបន់​នៃ​អាង​ស្តុក​ទឹក​អះអាង​ថា ក្រុម​អ្នក​ម៉ៅ​ការ​កាប់​ឈើ​បាន​ដឹក​ជញ្ជូន​គ្រឿងចក្រ​ទៅ​កាប់​ឈើ​ប្រណិត​ពី​តំបន់​ព្រៃ​ក្រៅ​ផ្ទៃ​អាង​ទៅ​វិញ។

មន្ត្រី​ក្រុមប្រឹក្សា​ឃុំ​ស្រែគរ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​អាទិត្យ ទី​៣១ ខែ​មីនា ឆ្នាំ​២០១៣ ចោទ​ប្រកាន់​ក្រុម​អ្នក​ម៉ៅការ​កាប់​ប្រមូល​ឈើ​នៃ​គម្រោង​សំអាត​ផ្ទៃ​អាង​ស្តុក​ទឹក​របស់​ក្រុមហ៊ុន អាំង អែន អាសូស៊ីអេត ឡយ័រ (ANG & ASSOCIATES LAWYER) ថា បាន​កាប់​ឈើ​ប្រណិត​ខុស​ច្បាប់​ក្រៅ​តំបន់​គម្រោង​អាង​ស្តុក​ទឹក។

មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ មាន​ប្រសាសន៍​បញ្ជាក់​ថា ឈើ​ប្រណិត​នៅ​តំបន់​ព្រៃស្រោង​ចំណុច​ញើន ជាប់​ព្រំ​ប្រទល់​ស្រុក​វ៉ឺនសៃ ខេត្ត​រតនគិរី ត្រូវ​គេ​កាប់​ហើយ​ដឹក​ជញ្ជូន​មក​ស្តុក​ទុក​នៅ​ដេប៉ូ​ស្តុក​ឈើ​របស់​ក្រុមហ៊ុន​សំអាត​អាង​នៅ​ខាង​កើត​មាត់​ទន្លេ​សេសាន ក្នុង​ភូមិ​ស្រែគរ​២។

លោក​បន្ត​ថា ប្រមាណ​មួយ​សប្ដាហ៍​កន្លង​ទៅ​នេះ ក្រុមហ៊ុន​ប្រមូល​ឈើ​បាន​ចូល​មក​បង្កើត​ទីតាំង​ស្តុក​ឈើ​ពីរ​កន្លែង​នៅ​ក្នុង​ឃុំ​ស្រែគរ ហើយ​មិន​បាន​ជូន​ដំណឹង​មក​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជា​សហគមន៍​បាន​ដឹង​ពី​ករណី​នេះ​ឡើយ៖ «ឈើ​ដែល​កាប់​មក​ដាក់​ចំណុច​ត្រើយ​ម្ខាង​ឈ្មោះ​ចំណុច​ពោន ជាប់​ទន្លេ កន្លែង​គេ​ដាក់​ដេប៉ូ​ឈើ ត្រើយ​ម្ខាង​ខាង​កើត​ឃុំ​ស្រែគរ»

ប្រធាន​ក្រុមហ៊ុន អាំង អែន អាសូស៊ីអេត ឡយ័រ លោក គិត ម៉េង កាល​ពី​ខែ​មករា ឆ្នាំ​២០១៣ បាន​ចាត់​តាំង​ឲ្យ​លោក លឹម ប៊ុណ្ណា និង​លោក ហាស វិបុល ការពារ​តំបន់​ព្រៃ​ឈើ​ក្នុង​អាង​ស្តុក​ទឹក​នៃ​គម្រោង​វារីអគ្គិសនី​សេសាន​ក្រោម​២ មាន​ទំហំ​ដី​ប្រមាណ ៣៦.០០០​ហិកតារ នៅ​ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង។ ប៉ុន្តែ​អ្នក​ភូមិ​ស្រែគរ ឲ្យ​ដឹង​ថា អ្នក​ម៉ៅការ​សំអាត​អាង​ទឹក​មាន​ឋានៈ​ជា​ឧកញ៉ា ឈ្មោះ ខ្នារ និង​មាន​មេការ​ពីរ​នាក់​មាន​ឈ្មោះ រិទ្ធ និង​ឈ្មោះ សឿន ធឿន បាន​ដឹក​ជញ្ជូន​គ្រឿងចក្រ​ទៅ​កាប់​ឈើ​ក្នុង​ព្រៃ​ក្រៅ​បរិវេណ​ផ្ទៃ​អាង​ទឹក។

វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​អាទិត្យ ទី​៣១ ខែ​មីនា មិន​អាច​ទាក់ទង​មន្ត្រី​ក្រុមហ៊ុន​ណា​ម្នាក់​អធិប្បាយ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ ពីព្រោះ​លេខ​ទូរស័ព្ទ​មាន​ចុះ​ក្នុង​ឯកសារ​របស់​ក្រុមហ៊ុន​មិន​អាច​ទាក់ទង​បាន។ ចំណែក​លោក សឿន ធឿន បដិសេធ​ថា មិន​មាន​ការ​កាប់​ឈើ​នោះ​ទេ ហើយ​លោក​ក៏​មិន​មាន​តួនាទី​ទទួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​ការងារ​ប្រមូល​ឈើ​នោះ​ឡើយ៖ «អត់​មាន​ទេ ខ្ញុំ​ក៏​អត់​ដឹង​ដែរ ខ្ញុំ​អ្នក​បម្រើ​គេ​ទេ គេ​ប្រើ​ទៅ​ណា រឿង​មេការ​មេកោយ​ខ្ញុំ​អត់​ដឹង​ទេ។ រឿង​ថា​ក្រុមហ៊ុន​ចូល​មក​ថ្ងៃ​ណា​ខ្ញុំ​ក៏​អត់​ដឹង​ដែរ»

នាយក​ខុទ្ទកាល័យ​សាលា​ខេត្ត​ស្ទឹងត្រែង លោក ដួង ពៅ មាន​ប្រសាសន៍​បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​កំពុង​ចាត់​វិធានការ​ស៊ើប​អង្កេត​ករណី​កាប់​ឈើ​នោះ​ហើយ។ លោក​បន្ត​ថា រាជរដ្ឋាភិបាល​ក្រសួង​ពាក់ព័ន្ធ និង​អាជ្ញាធរ​ខេត្ត បាន​ឯកភាព​លើ​គោលការណ៍​ឲ្យ​ក្រុមហ៊ុន​សំអាត​ផ្ទៃ​អាង​រួច​ហើយ ប៉ុន្តែ​ប្រតិបត្តិការ​បោស​សំអាត​អាង​មិន​ទាន់​ធ្វើ​បាន​នៅ​ឡើយ រង់ចាំ​ក្រុម​ជំនាញ​ចុះ​វាស់វែង​កំណត់​ទីតាំង​ជាក់​ស្ដែង​សិន៖ «អត់​ទាន់​ទេ យើង​នៅ​សិក្សា​ស្រាវជ្រាវ​គូរ​ប្លង់​ជាមួយ​ខាង​បច្ចេកទេស​សិន។ ខាង​រដ្ឋបាល​ព្រៃ​ឈើ​កំពុង​ចុះ​ទៅ​ពិនិត្យ​ហើយ តើ​ការ​កាប់​ហ្នឹង​មាន​ច្បាប់​អនុញ្ញាត​កម្រិត​ណា? ទំហំ​អាង វិសាលភាព​អាង​ធ្វើ​ត្រឹម​ណា។ បើ​សិន​ជា​បាន​កាប់​គេ​នឹង​ឃាត់​ទុក​ហើយ»

អ្នក​ឃ្លាំមើល​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​នៃ​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី លោក មាច មៀន បាន​កត់​សំគាល់​ថា រហូត​មក​ទល់​ពេល​នេះ​ប្រជាពលរដ្ឋ​អ្នក​រង​ផល​ប៉ះពាល់​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ជាក់លាក់​ពី​គម្រោង​បោស​សំអាត​អាង​នោះ​នៅ​ឡើយ។

លោក​បន្ត​ថា ការ​បិទ​បាំង​ព័ត៌មាន​នេះ នឹង​នាំ​ឲ្យ​ជន​ឆ្លៀត​ឱកាស​កាប់​បំផ្លាញ​ព្រៃ​ឈើ​ខុស​គោលការណ៍​កំណត់៖ «ជំនាញ​ហ្នឹង​ចុះ​វាស់វែង​ធ្វើការ​ត្រឹមត្រូវ កំណត់​ព្រំ​ប្រទល់​អាង​ទឹក វា​មាន​ព្រំដែន​ប៉ុណ្ណា ជា​ជាង​ក្រុម​ឆ្លៀត​ឱកាស​យក​ផល​ចំណេញ​ទៅ​លើ​ហ្នឹង»

យ៉ាង​នេះ​ក្ដី អាជ្ញាធរ​ឃុំ​ស្រែគរ និង​តំណាង​ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​មិន​បាន​ជូន​ដំណឹង​ស្ដីពី​ផែនការ​សំអាត​អាង​ស្តុក​ទឹក​នេះ​ទេ។ អ្នក​ភូមិ​សំណូមពរ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ផ្ដល់​ព័ត៌មាន ឬ​ជូន​ដំណឹង​ជាក់លាក់​ដើម្បី​ប្រជាពលរដ្ឋ​ចូល​រួម​ឃ្លាំមើល​សកម្មភាព​បោស​សំអាត​អាង​ស្តុក​ទឹក ចៀសវាង​មាន​បាតុភាព​កាប់​ឈើ​ខុស​ច្បាប់​កើត​មាន​បន្ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។