សហគមន៍​កោះ​ស្រឡៅ​ទាមទារ​ឲ្យ​ក្រសួង​រ៉ែ​ចុះ​រុះរើ​ការដ្ឋាន​លាង​ខ្សាច់​នៅ​ខេត្ត​កោះកុង

0:00 / 0:00

សហគមន៍​កោះ​ស្រឡៅ អំពាវនាវ​ឲ្យ​ក្រសួង​រ៉ែ និង​ថាមពល ចាត់​វិធានការ​ចុះ​រុះរើ​សំណង់​ការដ្ឋាន​លាង​ខ្សាច់​ខ្នាត​ធំ​មួយ​កន្លែង ដែល​ស្ថិត​នៅ​តំបន់​កោះ​ស្មាច់ ក្នុង​តំបន់​អភិរក្ស​ជម្រក​សត្វ​ព្រៃ​តាតៃ នៃ​ខេត្ត​កោះកុង។ ការ​អំពាវនាវ​របស់​សហគមន៍​នេះ ធ្វើ​ឡើង​ស្រប​ពេល​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​លិខិត​មួយ​ច្បាប់​ទៀត​ទៅ​រដ្ឋសភា ដើម្បី​ផ្ញើ​ជូន​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម ឲ្យ​បង្ហាញ​ពី​គម្រោង​សកម្មភាព​របស់​ក្រសួង ចំពោះ​ការ​ចុះ​រុះរើ​ការដ្ឋាន​លាង​ខ្សាច់​មួយ​នេះ។

សេចក្តី​អំពាវនាវ​របស់​សហគមន៍​កោះ​ស្រឡៅ​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ពួក​គេ​បាន​ចុះ​ទៅ​ពិនិត្យ​ដោយ​ផ្ទាល់​ដល់​ទីតាំង​ការដ្ឋាន​លាង​ខ្សាច់ ហើយ​សង្កេត​ឃើញ​ថា សំណង់​ខ្នាត​ធំ​មួយ​នោះ​មិន​ទាន់​ត្រូវ​បាន​រុះរើ​ចេញ​ពី​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​តាតៃ​នៅ​ឡើយ។

ប្រធាន​បណ្ដាញ​យុវជន​នៃ​សហគមន៍​កោះ​ស្រឡៅ កញ្ញា អ៊ុត រីឌី បញ្ជាក់​ប្រាប់​អាស៊ីសេរី​នៅ​រសៀល​ថ្ងៃ​ទី​៣១ កក្កដា ភ្លាមៗ​ក្រោយ​ពេល​ដែល​កញ្ញា និង​សកម្មជន​ដទៃ​ទៀត​ទើប​វិល​ត្រឡប់​ពី​ទីតាំង​ការដ្ឋាន​លាង​ខ្សាច់​នោះ​ថា ក្រុមហ៊ុន​បាន​ដក​បុគ្គលិក​ភាគច្រើន​ចេញ​ពី​ការដ្ឋាន​នោះ​ហើយ ទុក​តែ​អ្នក​យាម​ចំនួន ៤​នាក់​ប៉ុណ្ណោះ​ឲ្យ​នៅ​មើល​ការដ្ឋាន ហើយ​សកម្មភាព​សាងសង់​ផ្សេង​ទៀត​ក៏​ត្រូវ​បាន​ផ្អាក​ដូច​គ្នា។

បើ​ទោះ​បី​ជា​ការដ្ឋាន​លាង​ខ្សាច់​នោះ​មិន​មាន​សកម្មភាព​អ្វី​ក៏ដោយ តែ​សហគមន៍​កោះ​ស្រឡៅ នៅ​តែ​ទាមទារ​ឲ្យ​មាន​ការ​រុះរើ​សំណង់​នោះ​ចេញ​ដដែល ព្រោះ​ពួក​គាត់​ព្រួយ​បារម្ភ​ថា ថ្ងៃ​ណា​មួយ​ការដ្ឋាន​លាង​ខ្សាច់​នោះ​នឹង​មាន​សកម្មភាព​ឡើង​វិញ ដោយសារ​តែ​វា​ត្រូវ​បាន​សាងសង់​រួច​រាល់​ជា​ស្ថាពរ។ ហើយ​ម្យ៉ាង​វិញ​ទៀត អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក ម៉េង សក្តិធារ៉ា ធ្លាប់​បាន​បញ្ជាក់​ថា ការដ្ឋាន​លាង​ខ្សាច់​នោះ​ត្រូវ​តែ​រុះរើ​ចេញ ព្រោះ​វា​ជា​ការដ្ឋាន​ខ្នាត​ធំ « ពួក​ខ្ញុំ​មិន​ជឿជាក់ ( ក្រសួង​រ៉ែ ) ទេ គ្រាន់​តែ​ពាក្យ​ចេញ​ពី​មាត់​ប៉ុណ្ណឹង ព្រោះ​អ្វី​ដែល​សំខាន់ គឺ​ការដ្ឋាន​នោះ​នៅ​តែ​ដដែល អត់​មាន​ការ​រើ​ចេញ​សោះ។ សូម​ឲ្យ​ក្រសួង​ដក​ចេញ​ឲ្យ​លឿន កាន់​តែ​ឆាប់​កាន់​តែ​ល្អ ព្រោះ​ការដ្ឋាន​នោះ​ស្ថិត​ក្នុង​តំបន់​អភិរក្ស »

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក ម៉េង សក្តិធារ៉ា បាន​នៅ​ឡើយ​រហូត​មក​ទល់​នឹង​ថ្ងៃ​ទី​៣១ កក្កដា ដើម្បី​សុំ​ការ​ឆ្លើយតប​ពី​មន្ត្រី​រូប​នេះ អំពី​វិធានការ​ចុះ​រុះរើ​ការដ្ឋាន​លាង​ខ្សាច់​នៅ​តំបន់​កោះ​ស្មាច់​នោះ។ ចំណែក​ឯ​អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ និង​ថាមពល មួយ​រូប​ទៀត គឺ​លោក ឌិត ទីណា អាស៊ីសេរី ក៏​មិន​អាច​ទាក់ទង​បាន​ដូច​គ្នា។

ស្រប​ពេល​ដែល​សហគមន៍​កោះ​ស្រឡៅ​កំពុង​ទាមទារ​ឲ្យ​ក្រសួង​រ៉ែ និង​ថាមពល ចុះ​រុះរើ​សំណង់​ការដ្ឋាន​លាង​ខ្សាច់​នោះ នៅ​រាជធានី​ភ្នំពេញ​ឯណេះ​វិញ ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក សុន ឆ័យ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៀត​ទៅ​រដ្ឋសភា ដើម្បី​បញ្ជូន​ទៅ​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម ស្នើ​ឲ្យ​រដ្ឋមន្ត្រី​រូប​នេះ​បង្ហាញ​ពី​គម្រោង​សកម្មភាព​នៃ​ការ​ចុះ​រុះរើ​ការដ្ឋាន​លាង​ខ្សាច់​នៅ​តំបន់​អភិរក្ស​ជម្រក​សត្វ​ព្រៃ​តាតៃ និង​ការ​ដក​ចេញ​នូវ​គ្រឿងចក្រ និង​សម្ភារៈ​ទាញ​យក​ខ្សាច់​ខ្នាត​មធ្យម និង​ខ្នាត​ធំ​ទូទាំង​ខេត្ត​កោះកុង។

លោក សុន ឆ័យ ស្នើ​ឲ្យ​ក្រសួង​រ៉ែ និង​ថាមពល លុប​បំបាត់​ទាំងស្រុង​នូវ​វត្តមាន​គ្រឿងចក្រ សម្ភារៈ និង​កប៉ាល់​ដឹក​ខ្សាច់​គ្រប់​ប្រភេទ​នៅ​ខេត្ត​កោះកុង រុះរើ​ការដ្ឋាន​លាង​ខ្សាច់​នៅ​តំបន់​កោះ​ស្មាច់ ព្រម​ទាំង​លុប​បំបាត់​ទាំងស្រុង​នូវ​អាជីវកម្ម​ខ្សាច់​តាម​ប្រព័ន្ធ​ស្ទឹង​ក្នុង​ខេត្ត​កោះកុង ដែល​មិន​មាន​បញ្ជាក់​ក្នុង​សារាចរ​របស់​ក្រសួង។ លោក​ក៏​ស្នើ​ឲ្យ​ក្រសួង​រ៉ែ និង​ថាមពល ពន្យល់​ឲ្យ​លម្អិត​អំពី​យន្តការ​ដែល​បាន​បង្កើត​ឡើង ដើម្បី​ធានា​ថា បម្រាម និង​សារាចរ​ថ្មី​ដែល​ក្រសួង​ទើប​ដាក់​ចេញ នឹង​ត្រូវ​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព។

អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង បញ្ជាក់​ថា លិខិត​របស់​លោក សុន ឆ័យ នេះ នឹង​ត្រូវ​ដាក់​ជូន​ប្រធាន​រដ្ឋសភា លោក ហេង សំរិន ដើម្បី​ពិនិត្យ​នៅ​ថ្ងៃ​ទី​១ សីហា។

កាល​ពី​ថ្ងៃ​ទី​៣០ កក្កដា ថា លោក សុន ឆ័យ បាន​ថ្លែង​ថា ការ​ធ្វើ​អាជីវកម្ម​រ៉ែ​ខ្សាច់​នៅ​ខេត្ត​កោះកុង បាន​បង្ក​ផល​ប៉ះពាល់​ជាច្រើន​ដល់​បរិស្ថាន និង​ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន តែ​ផល​ប្រយោជន៍​បែរ​ជា​ធ្លាក់​ក្នុង​ដៃ​ក្រុម​ឈ្មួញ និង​មន្ត្រី​ខិលខូច ដូច្នេះ​នេះ​ជា​រឿង​ចាំបាច់​ត្រូវ​តែ​តាមដាន « យើង​នៅ​តែ​បន្ត​ទាមទារ​មិន​អាច​ឲ្យ​ក្រសួង​ហ្នឹង​បំភ្លេច​លិខិត​មុនៗ​របស់​យើង​ទេ ពាក់ព័ន្ធ​នឹង​ការ​បញ្ជាក់​ពី​ចំនួន​ខ្សាច់​ដែល​បាន​យក​ទៅ​លក់​រួច​ហើយ​ហ្នឹង​ច្រើន​តោន​ដោយ​ខុស​ច្បាប់ ហើយ​មិន​បាន​ចំណូល​ទៅ​ថវិកា​ជាតិ​នោះ ត្រូវ​តែ​មាន​ការ​ឆ្លើយ​បំភ្លឺ​ដែរ »

កាល​ពី​ខែ​មិថុនា កន្លង​ទៅ លោក សុន ឆ័យ តាម​រយៈ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន បាន​ផ្ញើ​លិខិត​ម្តង​រួច​ទៅ​ហើយ​ទៅ​លោក ស៊ុយ សែម ដើម្បី​ឲ្យ​រដ្ឋមន្ត្រី​រូប​នេះ​បង្ហាញ​ព័ត៌មាន និង​ឯកសារ​ផ្លូវការ​នានា​ទាក់ទង​នឹង​ការ​នាំ​ខ្សាច់​ស៊ីលីកា ឬ​ខ្សាច់​ស ចេញ​ទៅ​ក្រៅ​ប្រទេស ដែល​សកម្មជន​បរិស្ថាន​គិត​ថា កម្ពុជា អាច​នឹង​ខាតបង់​ទឹកប្រាក់​រាប់​សិប​លាន​ដុល្លារ​បន្ថែម​ទៀត​ពី​វិស័យ​មួយ​នេះ ក្រៅ​ពី​រឿង​អាស្រូវ​បាត់​ទឹកប្រាក់​ជាង ៧០០​លាន​ដុល្លារ​ពី​ការ​នាំ​ចេញ​ខ្សាច់​ទៅ​សិង្ហបុរី រយៈពេល ៨​ឆ្នាំ។

ទោះ​បី​ជា​យ៉ាង​ណា មក​ទល់​នឹង​ពេល​នេះ ក្រសួង​រ៉ែ និង​ថាមពល មិន​ទាន់​ឆ្លើយតប​នឹង​សំណើ​របស់​អនុប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា​រូប​នេះ​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។