ប្រភពព័ត៌មានពីប្រជាពលរដ្ឋខ្លះនៅស្រុកសង្គមថ្មី ខេត្តព្រះវិហារ ឱ្យដឹងថា បច្ចុប្បន្ននេះមានមនុស្សមួយក្រុមតែងលួចចូលទៅកាប់ឈើប្រណីត នៅក្នុងបរិវេណប្រាសាទបុរាណព្រះខ័ន កំពង់ស្វាយ ដើម្បីយកទៅលក់ដូរខុសច្បាប់។
ការលួចកាប់ឈើនេះ ច្រើនតែកើតមានពេលយប់ក្នុងពេលដែលក្រុមឈ្មួញមួយចំនួនកំពុងប្រមូលទិញឈើប្រណីតយកទៅឱ្យក្រុមហ៊ុនរបស់លោកឧកញ៉ា ទ្រី ភាព។
ក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ និងឆ្មាំប្រាសាទមួយចំនួន បានអំពាវនាវឱ្យអាជ្ញាធរខេត្តព្រះវិហារ និងមន្ត្រីពាក់ព័ន្ធដទៃទៀត ត្រូវតែទប់ស្កាត់ និងបង្ក្រាបជាបន្ទាន់ទៅលើក្រុមអ្នកលួចកាប់ឈើខុសច្បាប់នៅក្នុងបរិវេណប្រាសាទបុរាណព្រះខ័ន កំពង់ស្វាយ។
ការអំពាវនាវបានធ្វើឡើងនៅស្របពេលដែលគេឃើញថា សកម្មភាពលួចចូលកាប់ឈើប្រណីតនៅបរិវេណប្រាសាទបូរាណទីនោះ កំពុងកើតមានកាន់តែច្រើនឡើងៗ ធ្វើឱ្យប៉ះពាល់ដល់សម្រស់ធម្មជាតិ ព្រមទាំងគំរាមកំហែងដល់ការខូចខាតប្រាសាទផង។
មន្ត្រីប៉ូលិសមួយរូបដែលតែងទៅប្រចាំការពារប្រាសាទព្រះខ័ន កំពង់ស្វាយ មិនហ៊ានបញ្ចេញឈ្មោះ។ គាត់មានប្រសាសន៍កាលពីរសៀលថ្ងៃអាទិត្យ ទី២៥ ខែឧសភា ថា ស្ទើរតែរៀងរាល់យប់ គឺមានក្រុមជនខិលខូចលួចចូលទៅកាប់ឈើប្រភេទធ្នង់ នៅជុំវិញបរិវេណប្រាសាទបូរាណ។
ប៉ូលិសដដែលបញ្ជាក់ថា ដោយសារតែប្រាសាទព្រះខ័ន កំពង់ស្វាយ នៅឆ្ងាយពីភូមិ ហើយមិនមានអ្នកយាមការពារនៅពេលយប់ គឺក្រុមជនខិលខូចតែងលួចចូលទៅកាប់ឈើប្រភេទធ្នង់ យកទៅលក់ដូរជាបន្តបន្ទាប់៖ «គេកាប់ពេលយប់ តំបន់នៅប្រាសាទព្រះខ័ន យប់ អត់មាននរណានៅទេ។ ប៉ះថ្ងៃណាដឹងសភាពការណ៍អីបានទៅទប់ស្កាត់ម្ដង ប៉ុន្តែបទល្មើសខ្លះ សមត្ថកិច្ចទៅហើយឃាត់ទប់អត់ឈ្នះទេ គឺគេមានកាំបិត ពូថៅ។ កាលពីខែមេសា នោះ ទាំងអធិការនគរបាលស្រុកសង្គមថ្មី ទៅជួយឃាត់ផង ប៉ុន្តែវាសុខចិត្តកាន់ឈើធ្វើមិនដឹង»។
មន្ត្រីប៉ូលិសដដែលមានប្រសាសន៍បន្ថែមថា កន្លងទៅ ឆ្មាំប្រាសាទធ្លាប់រាយការណ៍បញ្ហានេះទៅអាជ្ញាធរខេត្តព្រះវិហារ ក៏ប៉ុន្តែហាក់មិនមានវិធានការទប់ស្កាត់អ្វីឡើយ។
ប្រាសាទបូរាណព្រះខ័ន កំពង់ស្វាយ ដែលបច្ចុប្បន្នស្ថិតនៅចម្ងាយប្រមាណជាង ២គីឡូម៉ែត្រ ពីភូមិកន្សែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី កំពុងទទួលរងពីក្រុមអ្នកកាប់ឈើខុសច្បាប់។
មគ្គុទ្ទេសក៍ទេសចរណ៍ម្នាក់ដែលទើបតែនាំភ្ញៀវទៅទស្សនា គឺលោក សារ៉ាន់ មានប្រសាសន៍ថា លោកមានការសោកស្ដាយ និងខកចិត្តជាខ្លាំងនៅពេលដែលឃើញដើមធ្នង់ជាច្រើនទំហំមុខប្រហែលជា ២ ឬក៏ ៣តឹក ត្រូវគេលួចកាប់ស្ទើរតែរៀងរាល់ថ្ងៃនោះ។
លោកអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធត្រូវចាត់វិធានការជាបន្ទាន់ ចំពោះការកាប់ឈើនៅតំបន់ប្រាសាទបុរាណនោះ៖ «គេកាប់ដើម្បីលក់ដូរតែម្ដង អស់ច្រើន យករណាដៃមកអារទៀត ដើម្បីកុំឱ្យគេឮ។ គ្រាន់តែយើងប្រជាជនស្ដាយដើមធ្នង់ដើមអីដែលធំៗ ហើយគេកាប់ខាងខេត្ត ខាងប្រាសាទ ខាងវប្បធម៌ ពាក់ព័ន្ធខាងប្រាសាទខាងអី គេអត់ចុះមកអ៊ីចឹងទៅ»។
ទោះយ៉ាងណា វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើទីនោះ ដើម្បីសុំការពន្យល់បានថាយ៉ាងណានៅឡើយ។
ចំណែកប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ លោក គង់ វិបុល មានប្រសាសន៍ថា លោកមិនទាន់ដឹងអំពីរឿងនោះនៅឡើយ ដោយសារតែលោកកំពុងជាប់រវល់បេសកកម្មនៅក្រៅខេត្ត ហើយម្យ៉ាងទៀត ទាក់ទងរឿងព្រៃឈើមិនមែនជាសមត្ថកិច្ចរបស់លោកទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។