រថយន្ត​ធុន​ធំ​២០​គ្រឿង​ដឹក​ឈើ​ចេញ​ពី​ខេត្ត​មណ្ឌលគិរី

ប្រជាពលរដ្ឋ​ខេត្ត​មណ្ឌលគិរី ឲ្យ​ដឹង​ថា មាន​រថយន្ត​ធុន​ធំ ឬ​ឡាន​ម៉ាក​យីឌុប ចំនួន ២០​គ្រឿង ផ្ទុក​ដោយ​ឈើ​ពេញ​ប្រៀប បាន​ធ្វើ​ដំណើរ​កាត់​ក្រុង​សែន​មនោរម្យ ខេត្ត​មណ្ឌលគិរី។ ពលរដ្ឋ​សង្ស័យ​ថា ឈើ​ទាំង​នោះ​អាច​នឹង​ត្រូវ​គេ​នាំ​យក​ទៅ​លក់​នៅ​ទឹក​ដី​វៀតណាម។

0:00 / 0:00

ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់​នៅ​ក្នុង​ក្រុង​មនោរម្យ ខេត្ត​មណ្ឌលគិរី ឲ្យ​ដឹង​ថា កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៦ ខែ​កក្កដា ​មាន​ឡាន​យីឌុប ដឹក​ឈើ​ពេញ​ប្រៀប​ប្រហែល ២០​គ្រឿង បើក​បន្ត​កន្ទុយ​គ្នា​នាំ​យក​ឈើ​ចេញ​ពី​ទឹក​ដី​ខេត្ត​មណ្ឌលគិរី ទំនង​ជា​ទៅ​លក់​នៅ​វៀតណាម ត្រង់​ព្រំ​ប្រទល់​ស្រុក​ស្នួល ខេត្ត​ក្រចេះ។

ប្រជាពលរដ្ឋ​ដែល​សុំ​មិន​បញ្ចេញ​សំឡេង​តែ​ប្រាប់​ថា ឈ្មោះ សុធី ឲ្យ​ដឹង​ថា ឈើ​ដែល​ដឹក​ចេញ​ពី​ខេត្ត​ទាំង ២០​ឡាន​នោះ សុទ្ធ​​តែ​​ឈើ​កាប់​ថ្មីៗ ហើយ​ឈ្មួញ​នឹង​ដឹក​ទៅ​លក់​ឲ្យ​វៀត​ណាម ម្ដុំ​ព្រំដែន​កម្ពុជា-​វៀតណាម ស្រុក​ស្នួល ខេត្ត​ក្រចេះ។ លោក​បន្ត​ថា ឈើ​នេះ​មិន​ដឹង​ថា ខុស​ច្បាប់ ឬ​ស្រប​ច្បាប់​នោះ​ទេ តែ​កាប់​ឈើ​ជា​ចំណែក​មួយ​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​បរិស្ថាន និង​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ។ លោក​បញ្ជាក់​ថា ពលរដ្ឋ​ខ្លះ​កាប់​ឈើ​មួយ​ដើម ​ពីរ​ដើម​ធ្វើ​ក្រោលគោ​មិន​បាន​ផង តែ​ឈ្មួញ​ធំៗ​កាប់​ឈើ​ម្ដងៗ​រាប់​រយ​ម៉ែត្រ​គូប។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ នាយក​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌលគិរី លោក កែប តក់ នៅ​ថ្ងៃ​ទី​១៧ ខែ​កក្កដា មាន​ប្រសាសន៍​ថា ឈើ​ដែល​ដឹក​តាម​ឡាន​យីឌុប ២០​ឡាន​នោះ ជា​ឈើ​ស្រប​ច្បាប់​ដែល​កាប់​ចេញ​ពី​ដី​ព្រៃ​សម្បទាន​តំបន់​ឡៅកា។ លោក​បន្ត​ថា សមត្ថកិច្ច​ជំនាញ​មិន​អាច​អនុញ្ញាត​ឲ្យ​នាំចេញ​ឈើ​ខុស​ច្បាប់​បាន​ទេ។

លោក​បញ្ជាក់​ថា ឈើ​ទាំង​នោះ​សម្រាប់​ប្រើ​ប្រាស់​នៅ​ក្នុង​ស្រុក​ប៉ុណ្ណោះ មិន​មែន​យក​ទៅ​លក់​នៅ​វៀតណាម​ឡើយ៖ «ខេត្ត​អី​សុទ្ធតែ​បាន​ដឹង​ទាំង​អស់ ជា​ឈើ​ដែល​គេ​ចេញ​ទៅ... ចេញ​ពី​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច គេ​យក​ទៅ​ប្រើប្រាស់​ក្នុង​ខេត្ត​ព្រៃវែង ផង ស្វាយរៀង ផង ​និង​ខេត្ត​កំពង់ចាម ផង។ ម្សិលមិញ​ហ្នឹង​គេ​ដឹក​ចេញ​ពី​ក្រុមហ៊ុន​ឈ្មោះ​អី​ទេ ​នៅ​តំបន់​ឡៅកា ជា​ដី​ស្ថិត​នៅ​ក្រោម​ក្រសួង​បរិស្ថាន»

ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​សម្របសម្រួល​របស់​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា មាន​ប្រសាសន៍​ថា អាជ្ញាធរ​ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​ដឹក​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ គួរ​ណាស់​តែ​ជូន​ដំណឹង​ឲ្យ​ប្រជាពលរដ្ឋ​បាន​ដឹង​ដើម្បី​បញ្ចៀស​ការ​សង្ស័យ។

លោក​បន្ត​ថា ការ​កាប់​ឈើ​ចេញ​ពី​ដី​សម្បទាន​ពិត​ជា​មិន​ខុស​ច្បាប់​ទេ ​តែ​ការ​ផ្ដល់​ដី​សម្បទាន​ទៅ​វិញ​ទេ ដែល​ជា​ករណី​ត្រូវ​សិក្សា។ លោក​បញ្ជាក់​ថា តាម​ច្បាប់​ការ​ផ្ដល់​ដី​សម្បទាន​ត្រូវ​ធ្វើ​ទៅ​បាន​ដរាប​ណា​ដី​នៅ​តំបន់​នោះ​ជា​ព្រៃ​រេចរឹល តែ​ដី​នៅ​តំបន់​ឡៅកា ជា​ព្រៃ​ដ៏​ក្រាស់ និង​សំបូរ​ទៅ​ដោយ​ឈើ​ប្រណិតៗ ហេតុ​អ្វី​ត្រូវ​​ផ្ដល់​សម្បទាន?

ឈើ​ដែល​ដឹក​តាម​ឡាន​យីឌុប ទាំង ២០​ឡាន​នោះ ភាគ​ច្រើន​គ្រប​ជិត​ឈឹង ​ដោយ​ដឹក​កាត់​មុខ​ស្នងការ​នគរបាល​ខេត្ត ស្ថាប័ន​បរិស្ថាន​ក្រុង និង​បន្ត​ដំណើរ​លើ​ផ្លូវ​ជាតិ​ចេញ​ពី​ខេត្ត​មណ្ឌលគិរី ឆ្ពោះ​ទៅ​ស្រុក​កែវសីម៉ា ប៉ុន្តែ​គេ​មិន​បាន​ដឹង​ឡើយ​ពី​ចំនួន​ពិត​ប្រាកដ​នៃ​ឈើ​ទាំង​នោះ។

អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី មិន​ដែល​ទម្លាយ​ឲ្យ​សាធារណជន​ដឹង​ឡើយ​ថា ក្នុង​ខេត្ត​នេះ​មាន​ដី​សម្បទាន​ប៉ុន្មាន​កន្លែង និង​មាន​ទំហំ​សរុប​ប៉ុន្មាន​នោះ​ទេ។ ក្រុម​ពលរដ្ឋ​បញ្ជាក់​ថា ដី​សម្បទាន​ភាគ​ច្រើន​សុទ្ធតែ​មាន​ចំណែក​របស់​មន្ត្រី​ធំៗ​ក្នុង​ខេត្ត​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។