ក្រុមសកម្មជនការពារធនធានរ៉ែរបស់ពលរដ្ឋនៅភាគឦសានប្រទេសចំនួនបីខេត្ត បានជួបជុំគ្នាបង្ហាញបទពិសោធន៍ និងរៀបចំគម្រោងការងារទាក់ទិនកិច្ចការពារធនធានរ៉ែដែលកំពុងប្រឈមទៅនឹងគម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល។ អ្នកភូមិបារម្ភពីផលប៉ះពាល់បណ្ដាលមកពីការធ្វើអាជីវកម្មរ៉ែ និងការសិក្សាស្រាវជ្រាវរ៉ែរបស់ក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណវិនិយោគវិស័យរ៉ែនេះ។
ជនបង្គោលមកពីខេត្តមណ្ឌលគិរី រតនគិរី និងខេត្តព្រះវិហារ សុទ្ធតែបានបង្ហាញការបារម្ភពីផលប៉ះពាល់មកលើសហគមន៍របស់ខ្លួន ខណៈគម្រោងសិក្សាស្រាវជ្រាវ និងធ្វើអាជីវកម្មរ៉ែកំពុងកើតមាននៅតំបន់ពួកគាត់រស់នៅ។
ជនបង្គោលប្រមាណ៣០នាក់ជាតំណាងមកពីសហគមន៍នានានៅខេត្តទាំងបីបានជួបជុំគ្នានៅសាលប្រជុំសណ្ឋាគារ សុល ឆេង ក្នុងក្រុងបានលុង ខេត្តរតនគិរី នៅថ្ងៃទី១៤ ខែមិថុនា និងនាំគ្នាធ្វើបទបង្ហាញពីការអនុវត្តគម្រោងផែនការតស៊ូមតិ និងបច្ចុប្បន្នភាពនៃផលប៉ះពាល់ស្ដីពីបញ្ហារ៉ែដែលកើតមានចំពោះពលរដ្ឋ។
ជនបង្គោលមកពីខេត្តមណ្ឌលគិរី មណ្ឌលគិរី អ្នកស្រី វង្ស សុជាតិ បញ្ជាក់ថា ក្រុមហ៊ុនរ៉ែមួយដែលអះអាងថា មានអាជ្ញាប័ណ្ណធ្វើអាជីវកម្មរ៉ែបានបង្ខំឲ្យអ្នកភូមិបោះបង់ដីស្រែចម្ការដោយសារតំបន់នោះឋិតក្នុងតំបន់ស្រាវជ្រាវ ឬធ្វើអាជីវកម្មរ៉ែរបស់ក្រុមហ៊ុន។ អ្នកស្រីបន្តថា ក្រុមអាជ្ញាធរមូលដ្ឋានក៏មិនបានយកចិត្តទុកដាក់លើកង្វល់របស់ពលរដ្ឋទេ ផ្ទុយទៅវិញ មន្ត្រីមូលដ្ឋានប្រើវិធានការបណ្ដេញចេញ ឬរុះរើខ្ទមចម្ការពលរដ្ឋចោលប្រសិនប្រជាពលរដ្ឋមិនព្រមប្រគល់ដីតំបន់នោះទៅឲ្យក្រុមហ៊ុន៖ «មានប្រជាពលរដ្ឋខ្លះជីករបងជុំវិញផ្ទះ ដល់ពេលនោះគេឲ្យដកចោល គេថា ដីហ្នឹងបរិវេណរបស់រ៉ែទាំងអស់ អត់ឲ្យប្រជាពលរដ្ឋប៉ះពាល់ធ្វើស្រែចម្ការ»។
ស្រដៀងគ្នានេះដែរ ជនបង្គោលជនជាតិដើមភាគតិចចារ៉ាយ មកពីខេត្តរតនគិរី លោក សេវ ហ្លីត ថ្លែងថា អ្នកភូមិប្រឆាំងដាច់ខេត្តមិនអនុញ្ញាតឲ្យក្រុមហ៊ុនចូលស្រាវជ្រាវ ឬធ្វើអាជីវកម្មរ៉ែអ្វីនោះទេ បើទោះបីរាជរដ្ឋាភិបាលផ្ដល់អាជ្ញាប័ណ្ណទៅឲ្យក្រុមហ៊ុនរួចហើយក្តី ពីព្រោះអ្នកភូមិបារម្ភពីផលប៉ះពាល់ច្រើនផ្នែកនឹងកើតមានចំពោះពលរដ្ឋទៅថ្ងៃខាងមុខ។ លោកថា អ្នកភូមិមិនបានយល់ដឹងពីបញ្ហាអភិវឌ្ឍន៍ជាក់លាក់នោះទេ ក៏ប៉ុន្តែការអភិរក្សតំបន់អ្នកភូមិរស់នៅគឺជាកត្តាសំខាន់ដែលអ្នកភូមិត្រូវរក្សាប្រពៃណីវប្បធម៌ និងជីវភាពរស់នៅសហគមន៍ដោយផ្សារភ្ជាប់ជាមួយធនធានធម្មជាតិមានព្រៃឈើ និងធនធានរ៉ែជាដើម៖ «សហគមន៍ប្រកាន់ដោយសារតំបន់គាត់ធ្លាប់កាប់ចម្ការវិលជុំ។ គាត់ធ្លាប់រកបន្លែក្នុងព្រៃប្រពៃណីហ្នឹងហើយ វាប៉ះពាល់។ ជំហរគឺមិនឲ្យតែម្ដងតែគេធ្វើហើយប៉ះពាល់ហើយ សហគមន៍ថាអ៊ីចឹង»។
កាលពីខែធ្នូ ឆ្នាំ២០១៥ អង្គការ ឌី.ភី.អេ (DPA) បានរៀបចំវគ្គបណ្ដុះបណ្ដាលដល់ជនបង្គោលទាំង ៣០នាក់នៅសកលវិទ្យាល័យបៀលប្រាយ ខេត្តរតនគិរី ក្នុងគោលបំណងឲ្យជនបង្គោលទាំងនោះរៀបចំគម្រោងតាមដាន និងស្វែងយល់ពីគម្រោងវិនិយោគរបស់ក្រុមហ៊ុន និងបើកវគ្គបណ្ដុះបណ្ដាលផ្សព្វផ្សាយពីការតស៊ូមតិដល់សហគមន៍មូលដ្ឋាន។
ជនបង្គោលមកពីខេត្តរតនគិរី លោក សូ សុផាត កត់សំគាល់ថា បញ្ហាប្រឈមរបស់ជនបង្គោលគឺអាជ្ញាធរមូលដ្ឋានមិនបានគាំទ្រការតស៊ូមតិការពារផលប៉ះពាល់របស់ពលរដ្ឋនោះទេ។ លោកថា ដោយសារការយល់ដឹងរបស់សហគមន៍មានកម្រិត ហេតុនេះក្រុមអាជ្ញាធរតែងប្រើប្រាស់អំណាចបំពានសិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋ៖ «ចុះផ្សព្វផ្សាយសហគមន៍មានការលំបាក ត្រង់សិទ្ធិនិងអំណាច។ យើងថា យើងសហគមន៍មានសិទ្ធិពេញទីក្នុងការដឹងព័ត៌មានក្នុងការកាន់កាប់ប្រើប្រាស់ តែអាជ្ញាធរគាត់ថា គាត់មានអំណាច។ នេះជាការលំបាក»។
ក្រុមហ៊ុនសម្បទានរ៉ែមួយចំនួនដែលសហគមន៍អះអាងថា កំពុងទទួលបានសិទ្ធិវិនិយោគនៅតំបន់ពួកគាត់រស់នៅមានក្រុមហ៊ុន ចី.អ.ឌី (GRD) ក្រុមហ៊ុន ជី.អូ ប៉ាស៊ីហ្វិក (G.O Pacific) ក្រុមហ៊ុន ស៊ី.អាយ.ឌី.ជី (CIDG) ក្រុមហ៊ុនអង្គរ ហ្គោល (Angkor Gold) និងក្រុមហ៊ុន មេស្កូ ហ្គោល (Mesco Gold)។
ទាក់ទិនគម្រោងវិនិយោគក្រុមហ៊ុនរ៉ែទាំងនោះ ប្រធានកម្មវិធីសិទ្ធិទទួលបានយុត្តិធម៌នៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក ឡាយ សុវត្ថរ៉ា កត់សំគាល់ថា សិទ្ធិទទួលការវិនិយោគវិស័យធនធានរ៉ែ តែងតែមានការប៉ះទង្គិចជាមួយសហគមន៍ ជាពិសេសផលប៉ះពាល់ប្រពៃណី និងជីវភាពរស់នៅរបស់ពលរដ្ឋ។
លោកថា ក្រុមហ៊ុន មន្ត្រីជំនាញ មន្ត្រីមូលដ្ឋាន និងមន្ត្រីអង្គការសង្គមស៊ីវិលមានតួនាទីសំខាន់ធ្វើយ៉ាងណាឲ្យគម្រោងអភិវឌ្ឍន៍ និងការព្រួយបារម្ភរបស់ពលរដ្ឋត្រូវបានដោះស្រាយសមស្របទៅតាមច្បាប់កំណត់ និងរក្សាបានផលប្រយោជន៍រវាងការអភិវឌ្ឍន៍ និងផលប្រយោជន៍ពលរដ្ឋ។ បន្ថែមលើនេះដែរ សហគមន៍ត្រូវស្វែងយល់ពីទិដ្ឋភាពច្បាប់ និងសារប្រយោជន៍នៃគម្រោងអភិវឌ្ឍន៍ ហើយសម្រេចចិត្តសហការល្អជាមួយគម្រោងអភិវឌ្ឍន៍ដើម្បីផលប្រយោជន៍សង្គម៖ «ជាធម្មតាទេពលរដ្ឋយើងគាត់នៅមានការយល់ដឹងនៅមានកម្រិត អ៊ីចឹងការយល់ខុសរបស់គាត់ក៏យើងមិនអាចប្រកាន់។យើងគិតថា នេះជាសិទ្ធិរបស់គាត់ដែលគាត់ការពារ ហើយជាការទិតៀនមួយដ៏ត្រឹមត្រូវ។ ដើម្បីដោះស្រាយនិងបំពេញបញ្ហានេះបាន សុំឲ្យសហគមន៍និងក្រុមហ៊ុនស្វែងរកការជួបគ្នា រកដំណោះស្រាយ។ បើសិនជាការអភិវឌ្ឍប្រកាន់រៀងខ្លួន ការអភិវឌ្ឍទាំងនោះអត់បានជោគជ័យទេ»។
អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល លោក ម៉េង ស័ក្ធារ៉ា ថ្លែងថា យន្តការអប់រំប្រជាពលរដ្ឋពីផលប្រយោជន៍ការអភិវឌ្ឍវិស័យរ៉ែ គឺជាកត្តាសំខាន់ដែលក្រុមហ៊ុនត្រូវបន្តធ្វើជាមួយពលរដ្ឋប្រកបដោយតម្លាភាព និងយុត្តិធម៌។
វគ្គបណ្ដុះបណ្ដាលជនបង្គោលទាំង ៣០នាក់មកពីខេត្តទាំងបី នឹងបន្តធ្វើរហូតដល់ថ្ងៃទី១៥ ខែមិថុនា។ តាមការគ្រោងទុក អ្នករៀបចំកម្មវិធីនឹងអញ្ជើញតំណាងក្រុមហ៊ុន អង្គរ ហ្គោល និងមេស្កួ ហ្គោល មកធ្វើបទបង្ហាញលក្ខណៈបច្ចេកទេសស្ដីពីការស្រាវជ្រាវ និងធ្វើអាជីវកម្មរបស់ក្រុមហ៊ុន និងបង្ហាញពីគោលការណ៍ដោះស្រាយផលប៉ះពាល់ប្រជាពលរដ្ឋទាក់ទិនគម្រោងវិនិយោគនេះ។ ចំណែកជនបង្គោលបានឯកភាពគ្នាដាក់សំណួរផ្សេងៗពាក់ព័ន្ធគម្រោងវិនិយោគរបស់ក្រុមហ៊ុនទាំងពីរឲ្យឆ្លើយបំភ្លឺជូនសហគមន៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។