មន្ត្រីបរិស្ថានទាំងពីរនាក់ដែលរងគ្រោះ គឺម្នាក់ឈ្មោះ ប៊ុន បឿន អាយុ ២០ឆ្នាំ បានស្លាប់ និងម្នាក់ទៀតឈ្មោះ អ៊ឹម វុទ្ធី អាយុ ៣០ឆ្នាំ បានរងរបួសធ្ងន់ធ្ងរ កំពុងជួយសង្គ្រោះនៅឯមន្ទីរពេទ្យ។
លោក កែវ តាន់ ជាអធិការនគរបាលស្រុកត្រពាំងប្រាសាទ។ លោកបានមានប្រសាសន៍ថា ប៉ូលិសបានទទួលព័ត៌មានជុំវិញហេតុការណ៍នោះនៅវេលាម៉ោងប្រហែលជា ៤ទៀតភ្លឺទៅហើយ ក៏ប៉ុន្តែលោកបានប៉ាន់ប្រមាណថា វេលាកើតហេតុ ប្រហែលជាក្នុងអំឡុងម៉ោងប្រហែលជាង ៣ទៀបភ្លឺ ថ្ងៃច័ន្ទ ទី២៥ ខែកុម្ភៈ។
លោកអធិការនគរបាលបានឱ្យដឹងថា ទោះយ៉ាងណា អ្នកដែលដៃដល់ក្នុងការសម្លាប់មន្ត្រីបរិស្ថាននោះ ត្រូវគេស្គាល់មុខថា មានគ្នាពីរនាក់ មានរបរជាអ្នកកាប់ឈើ ហើយបានទៅស្នាក់នៅក្នុងកន្លែងមន្ត្រីបរិស្ថាននោះចំនួន ២ថ្ងៃមកហើយ។
ប៉ូលិសបានសន្និដ្ឋានជាជំហានដំបូងថា អំពើឃាតកម្មទៅលើមន្ត្រីបរិស្ថានផ្នែកឧទ្យានុរក្សទាំង ២នោះ គឺអាចជាអំពើប្លន់យកសម្ភារៈ មិនមែនជាគំនុំទេ ពីព្រោះជនដៃដល់បានយកម៉ូតូហុងដា ឌ្រីម (HONDA DREAM 125) សេរីឆ្នាំ២០១២ របស់ជនរងគ្រោះ ១គ្រឿងទៅបាត់៖ «យើងគិតថា បើគំនុំវាគ្រាន់តែវាយ គ្រាន់តែកាប់ គ្រាន់តែចាក់អីទៅ មិនមានការខូចខាតបាត់បង់ទេ តែនេះសម្លាប់ហើយយកម៉ូតូ ១គ្រឿងទៅ ហើយសម្ភារៈជាប់នឹងខ្លួននោះ មានយកទូរស័ព្ទដៃផងដែរ ហើយអ្នកបង្កនេះ តាមការបំភ្លឺពីជនរងគ្រោះដែលនៅនិយាយកើត គឺគាត់ស្គាល់ គឺអ្នកដែលមកស្នាក់នៅក្នុងកន្លែងជាមួយគ្នា បាន ២ថ្ងៃហើយ»។
សមត្ថកិច្ចចម្រុះកំពុងរាយបណ្ដាក់កម្លាំងជាច្រើន ដើម្បីរុករកនៅក្នុងព្រៃ និងមួយចំនួនទៀតបានរាយបណ្ដាក់នៅតាមផ្លូវ ដើម្បីតាមស្ទាក់ចាប់ជនសង្ស័យទាំងពីរនាក់នោះ។
សាក្សីដែលដឹងរឿងឃាតកម្មនោះ បាននិយាយថា មន្ត្រីបរិស្ថានផ្នែកឧទ្យានុរក្សទាំងពីរនាក់ ដែលទទួលរងគ្រោះថ្នាក់ គឺជាអ្នកដែលយាមប្រចាំការក្នុងតំបន់ដីសម្បទានរបស់ក្រុមហ៊ុនវៀតណាម ឈ្មោះ តៃនិញ ដែលស្ថិតក្នុងភូមិសាស្រ្តនៃភូមិអូរក្រូច ឃុំត្រពាំងប្រាសាទ។
សាក្សីម្នាក់និយាយថា គាត់បានដឹងហេតុការណ៍នោះ បន្ទាប់ពីមន្ត្រីបរិស្ថានផ្សេងទៀតបានទូរស័ព្ទមកប្ដឹងសមត្ថកិច្ច ថាមានអំពើឃាតកម្មមកលើមន្ត្រីរបស់ពួកគេ៖ «ជនរងគ្រោះដែលស្លាប់នោះ គឺនៅលើអង្រឹង កំពុងតែដេកលក់ គឺកាប់តែម្ដង កាប់នឹងពូថៅ។ សាកសពដែលស្លាប់ហ្នឹង គឺកាប់ ១ពូថៅចំកញ្ចឹងកខាងឆ្វេង ដោយឡែកជនរងគ្រោះដែលបញ្ជូនទៅមន្ទីរពេទ្យនោះ ឮថា កាប់ត្រូវច្រើនដែរ ប៉ុន្តែវាមិនដឹងរឿងកាប់ត្រូវហ្នឹងវាមានកន្លែងណាខ្លះ ដោយសារគេបញ្ជូនទៅហើយសមត្ថកិច្ចខ្លះក៏ទៅអត់ទាន់»។
ប្រភពពីអ្នកភូមិបានឱ្យដឹងថា កន្លែងដែលគេសម្លាប់មន្ត្រីឧទ្យានុរក្សនោះ គឺជាធម្មតាមានមន្ត្រីបរិស្ថានចំនួន ៣នាក់ និងកងរាជអាវុធហត្ថចំនួន ៣នាក់ដែរ តែងយាមប្រចាំការនៅទីនោះ ក៏ប៉ុន្តែកាលពីថ្ងៃទី២៤ ខែកុម្ភៈ កម្លាំងកងរាជអាវុធហត្ថចំនួន ៣នាក់ មិនបាននៅកន្លែងទេ ចំណែកឯមន្ត្រីបរិស្ថានម្នាក់ទៀត ក៏បានទៅចូលរួមមង្គលការ ហើយទុកឱ្យមន្ត្រីតែ ២នាក់ប៉ុណ្ណោះនៅចាំកន្លែង ជាហេតុដែលធ្វើឱ្យជនដៃដល់បានឱកាសល្អ ក៏សម្លាប់មន្ត្រីបរិស្ថានដែលនៅចាំកន្លែងទាំងពីរនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។