ស្ថានភាពគ្រោះថ្នាក់ដោយសារទឹកជំនន់នៅក្នុងអាងត្រពាំងថ្ម ឋិតនៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដែលបានគំរាមកំហែងលំនៅឋានអ្នកស្រុកជាច្រើនពាន់គ្រួសារ ឲ្យរុះរើទ្រព្យសម្បត្តិចាកចេញពីផ្ទះទៅកាន់ទីទួលសុវត្ថិភាពជាបណ្ដោះអាសន្ន កាលពីល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៣ នោះ ឥឡូវនេះមានស្ថានភាពធូរស្រាលឡើងវិញ។
មេឃុំប៉ោយចារ លោក ប៉េង ប៊ុនថារ៉ា បញ្ជាក់ឲ្យដឹងកាលពីថ្ងៃទី១៣ ខែតុលា ថា ប្រជាពលរដ្ឋចំនួន ៤ភូមិ ឋិតក្នុងឃុំប៉ោយចារ ត្រូវបានអាជ្ញាធរមូលដ្ឋានប្រកាសអាសន្នឲ្យពួកគាត់ជម្លៀសចេញពីលំនៅឋានទៅកាន់ទីទួលសុវត្ថិភាពទាំងយប់ បន្ទាប់ពីលំនៅឋានរបស់ពួកគេរងការគំរាមកំហែងដោយសារទឹកនៅក្នុងអាងត្រពាំងថ្ម។
លោក ប៉េង ប៊ុនថារ៉ា៖ «ពេលចេញហ្នឹងមាន ៤ភូមិ គឺភូមិប៉ោយតាអុង ភូមិត្រពាំងថ្មជើង ភូមិត្រពាំងថ្មកណ្ដាល និងភូមិត្រពាំងថ្មត្បូង ទាំងអស់ជាង ១ពាន់គ្រួសារ ប៉ុន្តែខ្លះនៅឆ្ងាយពីទឹកគាត់គិតថា មិនទាន់ចេញ ដោយគិតថា លំនៅឋានរបស់គាត់រឹងម៉ាំ គាត់នៅចាំមើលអ្នកនៅចំមុខទឹក កន្លែងរកបាក់ហ្នឹងត្រូវចេញមកទាំងអស់»។
កាលពីថ្ងៃទី១៣ ខែតុលា ទំនប់អាងនៅខាងកើត និងឋិតនៅផ្នែកខាងជើងស្ពានទី១ នៃអាងត្រពាំងថ្ម មានស្នាមប្រេះ និងស្រុតដីរកលកចង់បាក់ ទើបបណ្ដាលឲ្យអាជ្ញាធរមូលដ្ឋានប្រកាសអាសន្នឲ្យប្រជាពលរដ្ឋចាកចេញពីលំនៅឋានទៅកាន់ទីទួលសុវត្ថិភាពជាបណ្ដោះអាសន្ន។ ទន្ទឹមគ្នានេះអាជ្ញាធរខេត្តបន្ទាយមានជ័យ និងមន្ត្រីជំនាញក្រសួងធនធានទឹក និងកងកម្លាំងសមត្ថកិច្ចចម្រុះជាច្រើនរយនាក់ បានចាត់វិធានការទប់ស្កាត់ជាបន្ទាន់ កាលពីល្ងាចថ្ងៃទី១៣ ខែតុលា ដើម្បីការពារ ទំនប់អាងត្រពាំងថ្ម កុំឲ្យបាក់ធ្លាយ។
ក្រុមការងារចម្រុះបានយកគ្រឿងចក្រជាច្រើនគ្រឿង ជីកដីទប់ទំនប់ អ្នកខ្លះទៀតរួមគ្នាចុះដោតឈើនៅក្រោមផ្នែកក្រោមជើងទំនប់ និងខ្លះយកដីច្រកបាវ លើកយកទៅទប់ទំនប់នៅកន្លែងដែលមានស្នាមប្រេះស្រាំ។
អភិបាលខេត្តបន្ទាយមានជ័យ លោក ទ្រី ណារិន គូសបញ្ជាក់ថា ស្ថានភាពគំរាមកំហែងរកលកចង់បាក់ទំនប់អាងត្រពាំងថ្ម នោះ ឥឡូវនេះមានស្ថានភាពធូរស្រាលឡើងវិញហើយ។ ក្រុមការងារត្រូវបានបញ្ជូនទៅប្រចាំការនៅទីនោះ ហើយបានចាត់វិធានការទប់ស្កាត់ទាន់ពេលវេលា។
លោកបញ្ជាក់ថា មូលហេតុដែលទំនប់អាងត្រពាំងថ្ម មានស្នាមប្រេះនិងស្រុតដីនោះ គឺបណ្ដាលមកពីទំនប់នោះមានរន្ធនាគ ហើយមានទឹកហូរច្រោះ៖ «មានការប្រេះមែន ដោយសារតែមានរន្ធនាគមួយ ប៉ុន្តែឥឡូវនេះ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងធនធានទឹក លឹម គៀនហោ បានបញ្ជាឲ្យធ្វើហើយតាំងពីម្សិលមិញ ទល់យប់ ឥឡូវនេះអត់មានបញ្ហាអ្វីទេ យើងទប់បាន យើងអត់ធ្វើឲ្យបងប្អូនគាត់ផ្អើលទេ បើទប់មិនបានយើងធ្វើ ប៉ុន្តែកម្លាំងយើងត្រៀមអស់ហើយសម្រាប់ជួយប្រជាពលរដ្ឋ។ យប់មិញនេះកម្លាំងត្រៀមទាំងយប់ មកដល់ម៉ោងនេះរន្ធនាគត្រូវបានយើងបិទទាំងស្រុងអត់មានបញ្ហាអីទេ»។
លោកបន្តថា កងទ័ពចំនួន ៤០០នាក់ បានដាក់ត្រៀមការពារសន្តិសុខនៅផ្នែកខាងលើខ្នងទំនប់អាងត្រពាំងថ្ម និងបានយកគ្រឿងចក្រទំនើបៗជាច្រើនគ្រឿងទៅធ្វើសកម្មភាពកាយដីទប់ទំនប់ពេញមួយយប់ទល់ភ្លឺ។
អាងត្រពាំងថ្ម មានប្រវែងបណ្ដោយ ១៥គីឡូម៉ែត្រ និងទទឹង ១១គីឡូម៉ែត្រ ដែលអាចផ្ទុកទឹកបានចំនួន ២០០លានម៉ែត្រគូប ប៉ុន្តែជំនន់ទឹកភ្លៀងដែលហូរមកពីខេត្តឧត្តរមានជ័យ និងប្រទេសថៃ បណ្ដាលឲ្យមានកម្ពស់កើតឡើងជាបន្តបន្ទាប់។
មេឃុំប៉ោយចារ លោក ប៉េង ប៊ុនថារ៉ា បញ្ជាក់ថា វិសាលភាពទឹកនៅក្នុងអាងត្រពាំងថ្ម មានបរិមាណច្រើននិងមានកម្រិតខ្ពស់។ លោកថា បើមានការបាក់ធ្លាយទំនប់អាងមែននោះ លំនៅឋាន ប្រជាពលរដ្ឋនឹងត្រូវដួលរលំខូចខាងទាំងស្រុង៖ «បើសិនជាបាក់ចំចំណុចយើងនេះ ផ្ទះប្រជាពលរដ្ឋមិនអាចគ្រប់គ្រងបានទេ វាអាចដួលរលំ ១០០% ព្រោះទំហំទឹកអាងវាខ្ពស់ ចំណុះទឹក ២០០លានម៉ែត្រគូប ប៉ុន្តែឥឡូវនេះវាមានហួសពីការកំណត់របស់យើងទៀត បើសិនយើងមិនបានប្រកាសឲ្យប្រជាពលរដ្ឋទេ អាចមានគ្រោះថ្នាក់ យើងគួរឲ្យគាត់ចេញបណ្ដោះអាសន្នទៅការទប់ស្កាត់យើងនាំគ្នាទប់»។
នៅខេត្តបន្ទាយមានជ័យ បានទទួលគ្រោះដោយសារជំនន់ទឹកភ្លៀងលិចគ្រប់ស្រុកក្រុងទាំងអស់នៅទូទាំងខេត្ត។ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ លំនៅឋាន សាលារៀន វត្តអារាម ផលដំណាំស្រូវ ត្រូវបានទឹកជន់លិច។ អភិបាលខេត្តបន្ទាយមានជ័យ លោក ទ្រី ណារិន បញ្ជាក់ថា បច្ចុប្បន្ន ថ្វីត្បិតស្ថានភាពជំនន់ដោយសារទឹកភ្លៀងនៅខេត្តបន្ទាយមានជ័យ បានស្រកចុះទៅវិញ ជាបណ្ដើរក៏ដោយ ប៉ុន្តែខាង អាជ្ញាធរខេត្តនៅពុំទាន់អាចវាយតម្លៃពីផលប៉ះពាល់ និងការខូចខាតដោយសារទឹកជំនន់នោះបានឡើយ។
លោក ទ្រី ណារិន៖ «ផលប៉ះពាល់យើងគិតពីចំនួនបាន ប៉ុន្តែការខូចខាត នៅថ្ងៃទី១៧ ខែតុលា ប្រជុំជាមួយជំនាញទាំងអស់ ព្រោះនៅថ្ងៃទី១៧ បានទឹកស្រកទៅ។ ពាក់ព័ន្ធហេដ្ឋារចនាសម្ព័ន្ធហើយនិងដំណាំ ជាពិសេសដំណាំស្រូវបងប្អូនប្រជាពលរដ្ឋនេះ ផ្ទៃដីស្រែសាបបាន ២០ម៉ឺនហិកតារ គឺលិចទាំងស្រុង ប៉ះពាល់ប៉ុណ្ណឹង ប៉ុន្តែការប៉ាន់ស្មានប្រហែល ៥ពាន់ហិកតារ ប៉ុន្តែអត់ទាន់ច្បាស់ទេ»។
ក្រៅពីការជន់លិចដំណាំស្រូវ ជំនន់ទឹកភ្លៀងនៅខេត្តបន្ទាយមានជ័យនេះ បណ្ដាលឲ្យមនុស្ស ៥នាក់ស្លាប់។ មូលហេតុនៃការស្លាប់នោះ គឺបណ្ដាលមកពីការធ្វេសប្រហែស និងករណីប្រជាពលរដ្ឋចុះទៅរាយមងជាដើម។
លោក ទ្រី ណារិន បញ្ជាក់ថា បញ្ហាចំពោះមុខនៅពេលទឹកកំពុងស្រកចុះទៅវិញនេះ អាជ្ញាធរខេត្ត ត្រូវគិតពីបញ្ហាស្រូវពូជផ្ដល់ឲ្យកសិករ និងការស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំងអស់នៅក្នុងខេត្តបន្ទាយមានជ័យ ដែលបានរងការខូចខាតដោយសារទឹកជំនន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ៕