សង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងសិទ្ធិមនុស្ស បានរិះគន់កងកម្លាំងសមត្ថកិច្ចដែលបានចាប់ខ្លួនក្រុមយុវជន ៣នាក់ របស់អង្គការចលនាមាតាធម្មជាតិ ខណៈពួកគេចេញមុខតវ៉ាជំរុញឲ្យរដ្ឋសភាបញ្ឈប់ និងប្រឆាំងសកម្មភាពក្រុមហ៊ុនបូមខ្សាច់នៅក្នុងខេត្តកោះកុង នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៥។
សង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងសិទ្ធិមនុស្សរិះគន់ថា ការចាប់ខ្លួនក្រុមយុវជន និងមន្ត្រីសង្គមស៊ីវិល ជាការរំលោភសិទ្ធិបញ្ចេញមតិ និងជារឿងខុសច្បាប់។
ការរិះគន់នេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចខណ្ឌចំការមន ប្រមាណជិត ១០០នាក់ បានចាប់ខ្លួនយុវជន ៣នាក់ ជាសមាជិកចលនាអង្គការមាតាធម្មជាតិ មានឈ្មោះ សន ចាន់ដារ៉ា ឌឹម គុណឌី និង ចេក នីត្រា ព្រមទាំងមន្ត្រីព័ត៌មានរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ម្នាក់ទៀត គឺលោក ឌិត សុធី ខណៈមន្ត្រីសង្គមស៊ីវិលរូបនេះចុះឃ្លាំមើលការតវ៉ាប្រឆាំងសកម្មភាពក្រុមហ៊ុនបូមខ្សាច់នៅក្នុងខេត្តកោះកុង របស់ក្រុមយុវជន។
ទាក់ទងនឹងការចាប់ខ្លួនក្រុមយុវជនសមាជិកចលនាអង្គការមាតាធម្មជាតិនេះ មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃសមាគមអាដហុក ដែលបានចុះឃ្លាំមើលសកម្មភាពតវ៉ានៅកន្លែងកើតហេតុផ្ទាល់ លោក យី សុខសាន្ត ចាត់ទុកថា ការចាប់ខ្លួនក្រុមយុវជនដែលគ្រាន់តែតវ៉ាទាមទារដើម្បីការពារបរិស្ថាននៅកម្ពុជា គឺជាការរំលោភសិទ្ធិសេរីភាពរបស់យុវជន។
លោក យី សុខសាន្ត បន្តថា នៅពេលយុវជនកម្ពុជា មានសកម្មភាពផុសផុលការពារផលប្រយោជន៍បរិស្ថាន រដ្ឋាភិបាលក៏ដូចជាសមត្ថកិច្ច គួរតែយកចិត្តទុករក្សាសណ្ដាប់ធ្នាប់ និងជួយសម្រួលដល់សកម្មភាពយុវជន៖ «ខ្ញុំយល់ថា នេះរំលោភសិទ្ធិបញ្ចេញមតិ ព្រោះក្រុមនិស្សិតទាំងអស់នោះ គាត់បានយកញត្តិទៅដាក់មានគោលដៅត្រឹមត្រូវ ដោយយកទៅដាក់នៅរដ្ឋសភា អ៊ីចឹងការរារាំង ឬការចាប់ខ្លួនណាមួយគឺជារំលោភសិទ្ធិមនុស្ស»។
សមាគមសិទ្ធិមនុស្សអាដហុក បានសម្ដែងការសោកស្ដាយចំពោះទង្វើរបស់សមត្ថកិច្ចដែលបានចាប់ខ្លួនក្រុមយុវជន និងមន្ត្រីព័ត៌មានរបស់សមាគមអាដហុក នៅពេលនេះ ថាគឺជារឿងខុសច្បាប់ និងបានដាក់ការសង្ស័យថា សកម្មភាពរបស់ក្រុមសមត្ថកិច្ចនៅពេលនេះ គឺមានចេតនារារាំងដល់សកម្មភាពរបស់សង្គមស៊ីវិល ព្រះសង្ឃ និងសហជីព ដែលគ្រោងធ្វើយុទ្ធនាការបញ្ឈប់ការអនុម័តច្បាប់ស្ដីពីការគ្រប់គ្រង់អង្គការ សមាគម និងសហជីព ដែលមានអ្នកចូលរួមជាង ៥០០នាក់ ខាងមុខរដ្ឋសភា ចាប់ពីថ្ងៃទី២៨ ខែមិថុនា ខាងមុខនេះ។
ឆ្លើយតបនឹងការរិះគន់នេះ អភិបាលរងខណ្ឌចំការមន លោក ជ គឹមស៊ អះអាងថា វិធានការចាប់ខ្លួនរបស់សមត្ថកិច្ច គឺដើម្បីរៀបចំសណ្ដាប់ធ្នាប់សាធារណៈ បញ្ចៀសការកកស្ទះចរាចរណ៍ ម្យ៉ាងទៀតដោយសារក្រុមយុវជនទាំងនោះមិនបានជូនដំណឹងទៅខណ្ឌជាមុន។
ទោះជាយ៉ាងណា នៅម៉ោងជាង ១១ព្រឹក សមត្ថកិច្ចខណ្ឌចំការមន បានដោះលែងក្រុមយុវជនទាំងនោះវិញ ក្រោយពីមានការផ្ដិតមេដៃលើកិច្ចសន្យាថា មុនពេលដាក់ញត្តិ ត្រូវសុំការអនុញ្ញាត និងជូនដំណឹងទៅអាជ្ញាធរជាមុនសិន។
យ៉ាងណាក៏ដោយ ក្រុមយុវជននៃចលនាអង្គការមាតាធម្មជាតិ ចាត់ទុកថា ការរារាំងរបស់ក្រុមសមត្ថកិច្ច មិនសមហេតុផល ហើយយុវជនទាំងនោះនឹងបន្តសកម្មភាពតវ៉ាបញ្ឈប់សកម្មភាពក្រុមហ៊ុនបូមខ្សាច់ International Rainbow Co., Ltd. នៅក្នុងខេត្តកោះកុង បន្តទៀត ព្រោះក្រុមហ៊ុននេះបានធ្វើអាជីវកម្មខ្សាច់ជាច្រើនឆ្នាំ ធ្វើឲ្យប៉ះពាល់ធនធានធម្មជាតិ និងជីវភាពរស់នៅរបស់ពលរដ្ឋជាច្រើនពាន់គ្រួសារនៅក្នុងខេត្តកោះកុង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។