ពលរដ្ឋ​នៅ​កោះកុង​បន្ត​បិទ​ផ្លូវ​​នៅ​​តំបន់​ស្ទឹង​អារ៉ែង

0:00 / 0:00

ជនជាតិ​ដើម​ភាគ​តិច​ជង រស់​នៅ​តំបន់​មាន​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី ស្ទឹង​អារ៉ែង ក្នុង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង នៅ​បន្ត​បិទ​ផ្លូវ​តវ៉ា មិន​ឲ្យ​ក្រុម​សិក្សាស្រាវជ្រាវ​ពី​ផល​ប៉ះពាល់ និង​បុគ្គលិក​ក្រុមហ៊ុន​ចិន ស៊ីណូ ហាយត្រូ (Sino hydro) ដែល​ជា​ម្ចាស់​គម្រោង ចូល​ទៅ​កាន់​តំបន់​របស់​ពួក​គាត់​រស់​នៅ​នោះ​ទេ។

ការ​តវ៉ា​ដោយ​បិទ​ផ្លូវ​ដែល​មាន​រយៈពេល​ជិត ១០​ថ្ងៃ​កន្លង​មក​ហើយ​នេះ អាជ្ញាធរ​ពុំ​ទាន់​មាន​សកម្មភាព​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​នៅ​ឡើយ​ទេ។

ក្រុម​មន្ត្រី​អាជ្ញាធរ​ស្រុក​ថ្មបាំង បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សៅរ៍ ទី​២២ មីនា ថា ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ​ផល​ប៉ះពាល់​បន្ថែម​នៃ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ស្ទឹង​អារ៉ែង និង​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ដែល​គ្រោង​នាំ​ចូល​ទៅ​តំបន់​នោះ តាំង​ពី​ពាក់​កណ្ដាល​ខែ​មីនា​នេះ បាន​ដក​ខ្លួន​ចេញ​មក​វិញ​អស់​ហើយ។

អភិបាល​រង​ស្រុក​ថ្មបាំង លោក កែវ នីបូរា មាន​ប្រសាសន៍​ថា កម្លាំង​សមត្ថកិច្ច​លោក​មិន​ទាន់​ចាត់​វិធានការ​ចំពោះ​សកម្មភាព​បិទ​ផ្លូវ​របស់​អ្នក​ភូមិ​នោះ​ទេ ដោយ​មិន​ចង់​ឲ្យ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា ម្យ៉ាង​ការ​រារាំង​នោះ ក្រៅ​ពី​ការងារ​ក្រុមហ៊ុន និង​ក្រុម​សិក្សា​ស្រាវជ្រាវ​ គឺ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​នោះ​ទេ។

លោក កែវ នីបូរា៖ «ព្រោះ​គាត់​ត្រៀម​ចាំ​តែ​ដុត​របស់​គេ​អ៊ីចឹង ហើយ​អ្នក​ហ៊ាន​ចូល​ចាំ​មើល​ខាង​ខេត្ត​មាន​បទបញ្ជា​សិន។ និយាយ​ម៉េច​បើ​គាត់​កំពុង​ក្តៅ​ឆេវ ព្រោះ​មាន​គេ​អ្នក​នាំ​គាត់ ចាំ​តែ​កាន់​សាំង​ស្រោច​អ៊ីចឹង​ហើយ​ធ្វើ​ម៉េច។ ទុក​ឲ្យ​ថ្ងៃ​ណា​ស្ងាត់​ស្ងៀម​ខ្លួន​គាត់​សិន​ទៅ ឲ្យ​តែ​មាន​គេ​ដឹក​អង្ករ​ដឹក​អី​ឲ្យ​ហូប ចេះ​តែ​ធ្វើ​សិន​ទៅ ព្រោះ​គាត់​ចង់​បាន​ផល​ប្រយោជន៍​របស់​គាត់​ដែរ»

ទោះ​យ៉ាង​ណា លោក​ថា បញ្ហា​នេះ​លោក​បាន​ធ្វើ​របាយការណ៍​ជូន​ទៅ​ថ្នាក់​ខេត្ត​រួច​ហើយ ហើយ​គ្រោង​នឹង​ប្រជុំ​ពិភាក្សា​ដោះស្រាយ​នៅ​ថ្ងៃ​ច័ន្ទ ទី​២៤ ខាង​មុខ​នេះ។

តំណាង​ក្រុម​អ្នក​តវ៉ា​ម្នាក់​ជា​ជន​ជាតិ​ដើម​ភាគ​តិច​ជង ឈ្មោះ ហឹង ពៅ បាន​បញ្ជាក់​ដែរ​ថា ក្រុមហ៊ុន​សាវ៉ាក់ ដែល​ជា​ក្រុមហ៊ុន​សិក្សា​ស្រាវជ្រាវ​ពី​ផល​ប៉ះពាល់​ឲ្យ​ក្រសួង​បរិស្ថាន និង​ក្រុមហ៊ុន​ចិន បាន​ដក​ខ្លួន​ថយ​បណ្ដោះអាសន្ន​ហើយ ប៉ុន្តែ​ក្រុម​អ្នក​ភូមិ​មិន​ទុក​ចិត្ត ខ្លាច​ពួក​គេ​មក​ជា​ថ្មី​ទៀត ម្យ៉ាង​អាជ្ញាធរ​ខេត្ត ឬ​រដ្ឋាភិបាល មិន​ទាន់​មាន​ការ​ដោះស្រាយ ឬ​ផ្ដល់​ចម្លើយ​តប​យ៉ាង​ណា​ឡើយ ចំពោះ​ការ​ទាមទារ​របស់​ពលរដ្ឋ​ដែល​មិន​ចង់​ឲ្យ​មាន​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​តំបន់​គាត់​រស់​នៅ​នោះ។

លោក ហឹង ពៅ៖ «ប្រជាជន​ទាំង​អស់​គ្នា​អត់​គាំទ្រ​ការ​សិក្សា​របស់​អង្គការ​ហ្នឹង​ទេ គាត់​ខ្លាច​ដល់​ពេល​សិក្សា​ហើយ គាត់​ធ្វើ​របាយការណ៍​កាឡៃ​មួយ​ចំនួន គាត់​ប៉ាន់​ស្មាន​តំបន់​យើង​មាន​ព្រៃ​ឈើ មាន​សត្វ​ព្រៃ​ច្រើន​​អី​អ៊ីចឹង ខ្លាច​តែ​គាត់​សិក្សា​ហើយ​យក​គម្រោង​ហ្នឹង​ទៅ​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ឲ្យ​ប្រជាជន​គាត់​ភ័យ​ខ្លាច ដល់​អ៊ីចឹង​ប្រជាជន​អត់​ឲ្យ​គាត់​ចូល​ទេ»

ទាក់ទង​បញ្ហា​នេះ មន្ត្រី​សម្របសម្រួល​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ប្រចាំ​ខេត្ត​កោះកុង លោក អ៊ិន គង់ជិត ដែល​កំពុង​ឃ្លាំ​មើល​សកម្មភាព​បិទ​ផ្លូវ​នោះ មាន​ប្រសាសន៍​ថា នេះ​ជា​ការ​សម្ដែង​ឆន្ទៈ​របស់​អ្នក​ភូមិ​ជនជាតិ​ដើម​ភាគ​តិច​នៅ​តំបន់​ព្រៃ​ភ្នំ និង​ជា​ការ​ផ្ញើ​សារ​មួយ​ទៅ​រដ្ឋាភិបាល​ឲ្យ​ដឹង​ថា ពួក​គាត់​ត្រូវ​ការ​អភិរក្ស​ធនធាន​ធម្មជាតិ​ដ៏​មាន​តម្លៃ​នៅ​ក្នុង​តំបន់​របស់​គាត់ ដោយ​មិន​ចង់​ឲ្យ​មាន​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​នោះ​ទេ។

លោក អ៊ិន គង់ជិត៖ «អ៊ីចឹង​គឺ​គាត់​ប្រើ​សិទ្ធិ​នេះ​ត្រឹមត្រូវ​តាម​ច្បាប់ តាម​កតិកា​សញ្ញា​អន្តរជាតិ​ផ្សេងៗ ពីព្រោះ​កន្លង​មក រដ្ឋាភិបាល​ធ្វើ​ការ​សម្រេច​ចិត្ត​តែ​ខ្លួន​ឯង​រួច​ហើយ បាន​ទម្លាក់​រឿង​ទាំង​អស់​ហ្នឹង​មក​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន និង​ពួកគាត់​ឲ្យ​ទទួល​យក​ដោយ​បង្ខំ អា​ហ្នឹង​ពួកគាត់​មិន​អាច​ទទួល​យក​បាន​ទេ»

អ្នក​ភូមិ​បិទ​ផ្លូវ​នោះ​ស្ថិត​នៅ​ត្រង់​ចំណុច​ខ្ពង់រាប ឬ​ខ្នង​ភ្នំ​ច្រាំងត្រឡាច ភូមិ​ត្រពាំងឈើត្រាវ ឃុំ​ឫស្សីជ្រំ ​ដែល​មាន​ចម្ងាយ​ពី​ទីរួម​ស្រុក​ថ្មបាំង ប្រមាណ ៤​គីឡូម៉ែត្រ ឬ​ចម្ងាយ​ពី​តំបន់​អារ៉ែង ប្រមាណ ២០​គីឡូម៉ែត្រ។

ការ​តវ៉ា​នោះ​មួយ​ថ្ងៃ​មាន​គ្នា​ប្រមាណ ៣០​នាក់ ដោយ​អ្នក​ភូមិ​ផ្លាស់វេន​គ្នា​យាម​ទាំង​ថ្ងៃ​ទាំង​យប់ និង​មាន​ព្រះសង្ឃ​មក​ពី​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ប្រមាណ ១០​អង្គ ព្រម​ទាំង​មាន​ក្រុម​និស្សិត​មហា​នគរ​មួយ​ចំនួន​ទៀត​ចូល​រួម​គាំទ្រ​សកម្មភាព​នេះ​ដែរ។

ក្រុមហ៊ុន​ចិន​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មីនា បាន​នាំ​គ្រឿងចក្រ​ចូល​សិក្សា​ប្រមូល​ទិន្នន័យ​បន្ថែម សម្រាប់​គម្រោង​វារីអគ្គិសនី​ស្ទឹង​អារ៉ែង ស្ថិត​ក្នុង​ឃុំ​ថ្មដូនពៅ ដោយ​មិន​ទាន់​កំណត់​ពេល​សាងសង់​នៅ​ឡើយ​ទេ។
គម្រោង​នេះ​បាន​ទទួល​ការ​អនុញ្ញាត​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ហើយ​គ្រោង​នឹង​បន្ត​ដល់​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០១៤។

ទំនបន់​​វារីអគ្គិសនី​ស្ទឹង​អារ៉ែង​នោះ អាច​ប៉ះពាល់​ឃុំ​ចំនួន​បី គឺ​ឃុំ​ជំនាប់ ឃុំ​ប្រឡាយ និង​ឃុំ​ថ្មដូនពៅ ក្នុង​ស្រុក​ថ្មបាំង ដែល​មាន​ប្រជាពលរដ្ឋ​ត្រូវ​រង​ផល​ប៉ះពាល់​ប្រមាណ​ជាង ៦០០​គ្រួសារ ត្រូវ​ផ្លាស់ប្ដូរ​ទី​លំនៅ​ថ្មី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។