ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារគម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោមពីរ នៅឃុំចំនួនពីរក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង ដាក់ញត្តិជូនគណៈកម្មការដោះស្រាយផលប៉ះពាល់នៃអាជ្ញាធរខេត្តតវ៉ាជុំវិញគោលនយោបាយដំណោះស្រាយផលប៉ះពាល់ប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋនៅឃុំចំនួនពីរក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង ធ្វើការតវ៉ាបែបអហិង្សានៅព្រឹកថ្ងៃទី២៩ ខែកញ្ញា បដិសេធមិនទទួលយកគោលនយោបាយសំណងរបស់ក្រុមហ៊ុន និងមិនចាកចេញពីភូមិចាស់ទៅតាំងទៅលំនៅថ្មី ដោយសារគម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ នោះទេ។
ការតវ៉ានេះធ្វើឡើងតាមរយៈតំណាងប្រជាពលរដ្ឋ ១៧នាក់មកពីឃុំស្រែគរ និងឃុំក្បាលរមាស បាននាំយកលិខិតចំហមានស្នាមមេដៃអ្នកភូមិជនជាតិព្នង ជនជាតិឡាវ និងខ្មែររស់នៅតាមដងទន្លេស្រែពក និងទន្លេសេសាន ជិត ១ពាន់នាក់ដាក់ជូនមន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ទីរបរិស្ថាន មន្ទីររ៉ែនិងឋាមពល។ ចំណែកសាលាខេត្តស្ទឹងត្រែង និងការិយាល័យក្រុមហ៊ុនសាងសង់ទំនប់មិនមានអ្នកទទួលយកញត្តិនោះទេ។
តំណាងអ្នកភូមិស្រែគរ អ្នកស្រី ផា វី មានប្រសាសន៍បញ្ជាក់ថា ក្រុមហ៊ុនកំពុងដំណើរការសាងសង់ទំនប់បាន ២០ភាគរយហើយ ក៏ប៉ុន្តែសំណងផលប៉ះពាល់ជាមួយពលរដ្ឋមិនទាន់ឯកភាពតាមតម្លៃដែលក្រុមហ៊ុនបានកំណត់ ហេតុនេះប្រជាពលរដ្ឋទាមទារឲ្យផ្អាកការសាងសង់ហើយស្ថាប័នពាក់ព័ន្ធចូលរួមពិភាក្សាពីសំណងជាក់លាក់ រួមទាំងការប្ដូរទីតាំងថ្មីដែលប្រជាពលរដ្ឋអាចទទួលយកបាន៖ «ប្រជាពលរដ្ឋឃុំស្រែគរ គាត់មានការប៉ះពាល់ គាត់មិនព្រមចេញទេពីស្រែគេ ប៉ះពាល់ផ្នូរឪពុកម្ដាយ ផ្ទះសម្បែងដីធ្លីទាំងឡាយ»។
ចំណែកតំណាងប្រជាពលរដ្ឋឃុំក្បាលរមាស អ្នកស្រី ជឿន ស្រីមុំ រៀបរាប់ដែរថា អ្នកភូមិបានតវ៉ាច្រើនលើកស្ដីពីដំណោះស្រាយផលប៉ះពាល់ ក៏ប៉ុន្តែអាជ្ញាធរពាក់ព័ន្ធមិនយកចិត្តទុកដាក់ដោះស្រាយតាមសំណូមពរប្រជាពលរដ្ឋ។ អ្នកស្រីព្រមានថា បាតុកម្មប្រឆាំងការសាងសង់ទំនប់ទ្រង់ទ្រាយធំនឹងកើតមានប្រសិនអាជ្ញាធរនៅតែអូសបន្លាយពេលវេលាដោះស្រាយតទៅទៀត៖ «ទាមទារឲ្យបញ្ឈប់ទំនប់តែម្ដង ពួកខ្ញុំអត់និយាយរឿងសំណងទេ។ វាប៉ះពាល់ធំធេងមែនទែន ជនជាតិដើមភាគតិចយើងខ្ញុំ»។
វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៩ ខែកញ្ញា មិនអាចទាក់ទងសុំការបញ្ជាក់ពីប្រធានគណៈកម្មការដោះស្រាយផលប៉ះពាល់ថ្នាក់ខេត្តនិងជាអភិបាលខេត្តស្ទឹងត្រែង លោក កុល សំអុល បានទេ។ ចំណែកនាយខុទ្ទកាល័យសាលាខេត្ត លោក ដួង ពៅ មានប្រសាសន៍បញ្ជាក់ថា លោកកំពុងបំពេញបេសកកម្មនៅប្រទេសឡាវ មិនមានអ្នកទទួលញត្តិពលរដ្ឋបាន។ លោកអះអាងថា ក្រុមការងារថ្នាក់ខេត្តកំពុងសិក្សាពីសំណូមពរនិងការទាមទាររបស់ប្រជាពលរដ្ឋ ហេតុនេះលោកសំណូមពរឲ្យអ្នកភូមិអត់ធ្មត់រង់ចាំការសម្រេចរបស់អាជ្ញាធរ៖ «គេមិនទាន់ធ្វើការស្រួលបួលផងគាត់ទៅតវ៉ាស្អី រឿងការងារហ្នឹងគេធ្វើតាមជំហាន។ គម្រោងគេមានហើយក្នុងស្តង់ដារបារ៉ែម ដែលត្រូវសងហ្នឹង។ ដោយឡែកខ្វះខាតបន្តិចបន្តួចយើងនិយាយគ្នាទៀត»។
របាយការណ៍ពិសេសស្ដីពីសំណងនិងនយោបាយកែតម្រូវនៃគម្រោងសាងទំនប់វារីអគ្គិសនីសេសានក្រោម២ ឆ្នាំ២០១១ បង្ហាញថា ភូមិចំនួន៧ ក្នុងឃុំចំនួន៤ រងផលប៉ះពាល់។ ក្នុងនោះប៉ះពាល់ផ្ទះប្រជាពលរដ្ឋជាង ៥០០ផ្ទះនេះមិនទាន់រាប់បញ្ចូលផ្ទះប្រជាពលរដ្ឋ ៤៨ផ្ទះទៀតនៅភូមិក្របីជ្រំនិងភូមិខ្សាច់ថ្មីដែលអាចនឹងរកផលប៉ះពាល់ដូចគ្នា។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក ខេត្តស្ទឹងត្រែង លោក ហូ សំអុល អំពាវនាវសុំឲ្យស្ថាប័នពាក់ព័ន្ធប្រញាប់ចាត់វិធានការដោះស្រាយការតវ៉ារបស់ពលរដ្ឋ។ លោកសំដែងក្តីបារម្ភខ្លាចកើតមានបាតុភាពអវិជ្ជមានកាន់តែធំឡើង ខណៈដែលក្រុមហ៊ុនកំពុងសាងសង់ទំនប់ ចំណែកផលប៉ះពាល់ពលរដ្ឋមិនទាន់បានដោះស្រាយរួចរាល់៖ «ទំនប់ហ្នឹងវាដំណើរការ ដោយឡែកកន្លែងត្រូវផ្លាស់ប្ដូរ ឬមួយផលសំណងពួកគាត់មិនទាន់ឃើញលទ្ធផលស្អីទេ»។
ទំនប់វារីអគ្គិសនីសេសានក្រោមពីរ គ្រោងចំណាយថវិកាសាងសង់ប្រមាណជាង ៨ពាន់លានដុល្លារអាមេរិក ប៉ុន្តែការចំណាយនេះអាចកើនឡើងដល់ទៅជិត ១ពាន់លានដុល្លារអាមេរិក។ ប្រសិនដំណើរការសាងសង់បានល្អគម្រោងនេះនឹងបញ្ចប់នៅឆ្នាំ២០១៧។ កាលពីខែសីហា ប្រជាពលរដ្ឋភូមិស្រែគរ បានដើរចេញពីកិច្ចពិភាក្សាជាមួយក្រុមការងារដោះស្រាយផលប៉ះពាល់អាជ្ញាធរខេត្តស្ទឹងត្រែង ដោយចាត់ទុកថា ក្រុមហ៊ុនមិនបានអនុវត្តគោលនយោបាយផ្ដល់សំណងមានលក្ខណៈត្រឹមត្រូវ និងចំណុចខ្លះទៀតតម្លៃសំណងមិនសមស្របតាមតម្លៃទីផ្សារដែលប្រជាពលរដ្ឋអាចទទួលយកបាន។ ដោយឡែកអាជ្ញាធរភូមិក្បាលរមាស ឲ្យដឹងដែរថា ប្រជាពលរដ្ឋ ៦១គ្រួសារជំទាស់មិនព្រមជម្លៀសចេញពីភូមិចាស់ឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។