ប្រវត្តិ​តស៊ូ​និង​ស្នាដៃ​របស់​កសិករ​មួយ​រូប​នៅ​តាកែវ​ក្នុង​ការ​ច្នៃប្រឌិត​លើ​វិស័យ​កសិកម្ម

0:00 / 0:00

បុរស​វ័យ ៥៦​ឆ្នាំ​មួយ​រូប នៅ​ក្នុង​ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ទទួល​បាន​ប័ណ្ណ​សរសើរ​ពី​ក្រសួង​កសិកម្ម និង​អង្គការ​កសិកម្ម​ផ្សេងៗ ទទួល​ស្គាល់​ស្នាដៃ​កែច្នៃ និង​គំនិត​ប្លែកៗ​របស់​លោក ដែល​បាន​ជួយ​ដល់​វិស័យ​កសិកម្ម។ ភាព​ល្បីល្បាញ​នេះ បាន​ធ្វើ​អោយ​គាត់​ក្លាយ​ជា​គ្រូបង្រៀន​បច្ចេកទេស​កសិកម្ម​នៅ​ក្នុង​ប្រទេស និង​នៅ​ក្រៅ​ប្រទេស ស្ដីពី​វិធីសាស្ត្រ​រក​ឃើញ​របស់​គាត់​រហូត​ធ្វើ​ឲ្យ​អ្នក​កាសែត​បរទេស​ចុះ​ដល់​ផ្ទះ​គាត់​ថត​ផ្ដិត​យក​រូបភាព​ផ្សព្វផ្សាយ​នៅ​លើ​ពិភពលោក។

ស្នូរ​កាប់​ចិញ្ច្រាំ​បន្លឺ​ចេញ​ពី​ផ្ទះ​មួយ​នៅ​ខាង​ក្រោយ​វត្ត​ចមពល ក្នុង​ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។ នៅ​ពេល​ដើរ​ចូល​ទៅ​ដល់​ក្នុង​លំនៅឋាន​នោះ យើង​ឃើញ​មនុស្ស​ប្រុស ស្រី ក្មេង ចាស់ រវល់​ការងារ​គ្រប់​គ្នា។ អ្នក​ខ្លះ​ប្រមូល​សំរាម ខ្លះ​ចិញ្ច្រាំ​ទន្ទ្រានខេត្ត ខ្លះ​កាយ​ច្របល់​ដី​ជាមួយ​អង្កាម​ខ្លោច ខ្លះ​ចាក់​អង្កាម​ពី​ស្បោង ខ្លះ​រៀបចំ​បង្កាត់​ភ្លើង​ដើម្បី​ដុត​អង្កាម​នោះ។

បុរស​ម្នាក់​ពាក់​អាវ​ឆ្នូត​ពណ៌​ផ្កា​ឈូក សម្ដែង​នូវ​កិរិយា​រាក់ទាក់ និង​ទាញ​កៅអី​ជ័រ​មក​រៀប​ឲ្យ​ភ្ញៀវ​អង្គុយ ដោយ​លើក​ប៉ាន់​តែ និង​កែវ​ទឹក​មក​ជាមួយ​ផង។

លោក​បា្រប់​ថា លោក​ឈ្មោះ រស់ ម៉ៅ បាន​រៀន​ជំនាញ​កសិកម្ម​ពី​អង្គការ​សេដាក៖ «ខ្ញុំ​ចាប់​ផ្ដើម​អភិវឌ្ឍ ឆ្នាំ​២០០៤។ អ៊ីចឹង​មិន​មែន​អនុវត្ត​ភ្លាម​បាន​ជោគជ័យ​ទេ។ សេដាក​គ្រាន់​តែ​ថា បើ​ចង់​បាន​អុស គ្រាន់​តែ​ប្រាប់​ថា នោះ​ភ្នំ​នៅ​ទី​នោះ ហើយ​បើ​ចង់​បាន​ត្រី សេដាក​ប្រាប់​ពី​បឹង នៅ​ទី​នោះ​បឹង យើង​រក​យ៉ាង​ម៉េច​បាន​គឺ​រក​ទៅ ហើយ​ធ្វើ​ម៉េច​បាន​គឺ​ត្រូវ​តែ​ធ្វើ»

លោក​រៀប​រាប់​ថា ១០​ឆ្នាំ​មុន ជីវភាព​គ្រួសារ​គាត់​លំបាក​ខ្លាំង ព្រោះ​ធ្វើ​ស្រែ​យក​ផល​ពី​ក្នុង​ដី ២០​អារ គ្រួសារ​គាត់​ហូប​ខ្វះ​អង្ករ ៤ ទៅ ៥​ខែ ក្នុង ១​ឆ្នាំ។ គាត់​ស្វែង​រក​លុយ​ទិញ​អង្ករ​ដោយ​រត់​ម៉ូតូឌុប​ផង ស៊ី​ឈ្នួល​រែក​ដី​ផង លក់​នំ​បញ្ចុក​ផង ក៏​នៅ​តែ​មិន​អាច​ចាយ​គ្រប់គ្រាន់​ប្រចាំ​ឆ្នាំ។

នៅ​ឆ្នាំ​២០០១ អង្គការ​សេដាក មក​ពន្យល់​កសិករ​ឲ្យ​ធ្វើ​ស្រែ​តាម​វិធី​ប្រើ​ពូជ​ស្រូវ​តិច គឺ​ណែនាំ​ឲ្យ​ដាំ​ស្រូវ​មួយ​ដើម​ក្នុង​១​ដំណោត ហើយ​ឲ្យ​ប្រើ​តែ​ជី​ធម្មជាតិ​ដែល​ផលិត​ពី​លាមក​សត្វ​និង​ស្លឹក​ឈើ។ រូប​គាត់​និង​កសិករ​ដទៃ​មិន​យល់​ស្រប​ទេ ព្រោះ​ធ្លាប់​ស្ទូង​សំណាប ៣ ទៅ ៤​ដើម ដាំ ១​ដំណោត លុះ​ដល់​ផល​ស្រូវ​បាន​មក​យក​ទៅ​កិន​ហូប​មិន​គ្រាន់ ចុះ​ទម្រាំ​ដាំ​ស្រូវ​មួយ​ដើម​តើ​វា​ដុះ​ដែរ​ទេ?

លោក រស់ ម៉ៅ៖ «ប៉ុន្តែ​សេដាក បង្ហាត់​បង្ហាញ​ពី​បទពិសោធន៍ បច្ចេកទេស​ផ្សេងៗ​មក​យើង គឺ​ការ​ទស្សនកិច្ច។ អ៊ីចឹង​ពេល​ខ្ញុំ​ចាប់​ផ្ដើម​ធ្វើ​គំនិត​ថ្មី​ហ្នឹង ដោយសារ​តែ​មាន​កសិករ​សេដាក មួយ​ហៅ​តា ប្រាក់ ច្រេស គាត់​ចាប់​ផ្ដើម​អនុវត្ត​ធ្វើ​តាំង​ពី​ឆ្នាំ​២០០១ មក​នោះ បើ​អ៊ីចឹង​ពួក​ខ្ញុំ​ទៅ​មើល ឃើញ​កសិដ្ឋាន​គាត់ ខ្ញុំ​មក​វិញ គឺ​ខ្ញុំ​ចាប់​ផ្ដើម​មាន​គំនិត​ចង់​ធ្វើ ប៉ុន្តែ​ខ្ញុំ​ជ្រើសរើស​ដី​ណា​ដែល​ដី​ហ្នឹង​វា​អន់ ហើយ​ខ្ញុំ​ធ្វើ​ដី​ហ្នឹង។ បើ​គិត​តាម​ទម្លាប់​ចាស់ កន្លែង​ហ្នឹង ២០​អារ គឺ​ធ្វើ​ស្រូវ​អត់​បាន ១០​ថាំង​ទេ ក្រោយ​មក​ខ្ញុំ​ធ្វើ​ប្រព័ន្ធ​ធ្វើ​ប្រឡាយ ធ្វើ​ស្រះ​ទឹក​អី​ហ្នឹង ដី​ហ្នឹង​នៅ​សល់​តែ ១៣​អារ​ទេ គឺ​ស្រូវ​កើន​ដល់ ២៥​ថាំង ដោយសារ​ខ្ញុំ​ធ្វើ​តាម​គោលការណ៍​ធម្មជាតិ ស្រូវ បវស ហ្នឹង»

លោក រស់ ម៉ៅ ដាក់​ជី​លើ​ដំណាំ​ដែល​គាត់​ដាំ​ក្នុង​ឡាំង​ស្នោ នា​កសិដ្ឋាន​របស់​លោក​ក្នុង​ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​៩ កុម្ភៈ ឆ្នាំ​២០១៤។
លោក រស់ ម៉ៅ ដាក់​ជី​លើ​ដំណាំ​ដែល​គាត់​ដាំ​ក្នុង​ឡាំង​ស្នោ នា​កសិដ្ឋាន​របស់​លោក​ក្នុង​ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​៩ កុម្ភៈ ឆ្នាំ​២០១៤។ (RFA/Ouk Savborey)

នៅ​ឆ្នាំ​២០០៤ ២០០៥ ប្រទេស​កម្ពុជា រាំង​ស្ងួត​ជាប់ៗ​គ្នា ដំណាំ​ស្រូវ និង​បន្លែ​ផ្លែ​ឈើ​ខ្វះ​ទឹក ងាប់​ស្វិត​អស់ បណ្ដាល​ឲ្យ​គ្រាប់​ពូជ​ស្រូវ​និង​បន្លែ​ដាច់​ពូជ។

លោក រស់ ម៉ៅ ក៏​សម្រេច​ចិត្ត​ទៅ​សុំ​ខ្ចី​លុយ ១០​ម៉ឺន​រៀល​ពី​សមាគម​សន្សំ​ប្រាក់​របស់​អង្គការ​សេដាក។ ចាប់​ពី​ពេល​នោះ​មក គាត់​បាន​ចូល​ជា​សមាជិក​អង្គការ​សេដាក។ គាត់​ចាប់​ផ្តើម​រៀន​ធ្វើ​ស្រែ និង​ចិញ្ចឹម​សត្វ​តាម​បច្ចេកទេស​កសិកម្ម ដែល​ណែនាំ​ដោយ​បុគ្គលិក​អង្គការ​សេដាក។ គាត់​ក៏​ទទួល​កសិផល​រីក​ចម្រើន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​មក​ដល់​បច្ចុប្បន្ន។ នៅ​ពេល​គាត់​ពិសោធ​បាន​ជោគជ័យ ទាំង​ការ​ដាំ​ស្រូវ ដាំ​បន្លែ ការ​ទុក​ដាក់​គ្រាប់​ពូជ និង​ផលិត​ជី​ធម្មជាតិ​បាន​ជោគជ័យ​នោះ គាត់​បាន​បង្រៀន​ចំណេះ​នេះ​ទៅ​ដល់​កសិករ​ណា​ដែល​ចង់​ចេះ ចង់​អនុវត្ត។

លោក រស់ ម៉ៅ៖ «ក្រោយ​មក​ខ្ញុំ​ចាប់​ផ្ដើម​អនុវត្ត​ខ្លះ សេដាក​មាន​បទពិសោធន៍​ខ្លះ គឺ​ខ្ញុំ​បូក​រួម​នឹង​បទពិសោធន៍​ខ្ញុំ​ផ្សេងៗ​ខ្លះ គឺ​ខ្ញុំ​រក​ឃើញ​ការ​ដាំដុះ​ហ្នឹង ហើយ​និង​ការ​ដាំ ដូច​ជា​ដាំ​ត្រឡាច​មួយ​គុម្ព​បាន ៥០​ផ្លែ ដាំ​ល្ហុង​មិន​ឲ្យ​ដួល ឲ្យ​ញី​ទាំង​អស់​អី​ហ្នឹង គឺ​ខ្ញុំ​រក​ឃើញ​ដោយ​ខ្លួន​ឯង ហើយ​ការ​ដាំ​ក្នុង​កំប៉ុង ក្នុង​ដប ខ្ញុំ​រក​ឃើញ​ដោយ​ខ្លួន​ឯង​ខ្លះ សេដាក​បង្រៀន​ខ្លះ ក្នុង​ការ​បម្រែបម្រួល​អាកាសធាតុ​ហ្នឹង។ អ៊ីចឹង​ខ្ញុំ​ធ្វើ​តាំង​ពី​២០០៤ មក​ដល់ ២០០៦ ២០០៧ បាន​ជោគជ័យ មិន​មែន​ធ្វើ​១​ថ្ងៃ ២​ថ្ងៃ​ហើយ​ទេ»

នៅ​ក្នុង​បរិវេណ​នៃ​ភូមិឋាន​របស់​កសិករ រស់ ម៉ៅ មាន​បន្លែ​ចម្រុះ​ដុះ​ពី​ដី​ក្នុង​ឡាំង​ស្នោ​ចាស់ៗ ដប​ទឹក​ក្រូច​ចាស់ៗ កែវជ័រ​ចាស់ៗ និង​ស្បោង​ចាស់ៗ ដែល​ដាក់​តម្រៀប​ជា​ជួរ ព័ទ្ធ​ជុំវិញ​ស្រះ​ទឹក​តូចៗ​ជា​ច្រើន ដែល​មាន​ត្រី​អណ្ដែង និង​ត្រីឆ្ពិន ច្រើន​ម៉ឺន​ក្បាល​រស់​នៅ​ក្នុង​ស្រះ​ទឹក ៤ ទៅ ៥​នោះ។ អណ្ដូង​ស្នប់​មួយ​បាន​បន្ត​ទុយយោ​ខ្វាត់ខ្វែង​ក្នុង​រង​បន្លែ​និង​ពាង​ទឹក។ នៅ​ក្រោម​ដើម​ចេក​ក្រោយ​ផ្ទះ មាន​រង​គំនរ​ចំបើង​រៀប​ដាក់​បញ្ឈរ​ដូច​គេ​គ្រប​រង​ផ្សិត។

លោក​ថា នោះ​គឺ​ជា​រង​ជី​ដែល​គាត់​ទើប​ផ្សំ​ថ្មី៖ «អ៊ីចឹង​អង្កាម​នេះ​យើង​មិន​មែន​ដុត​ទៅ​ជា​ផេះ​ទេ ឲ្យ​​ទៅ​ជា​ធ្យូង។ អ៊ីចឹង​ធ្យូង​វា​មាន​ប្រយោជន៍​វា​ច្រើន​ណាស់។ ទី​១ ដី​វា​មាន​សំណើម ទី​២ វា​កាត់​បន្ថយ​នូវ​ជាតិ​ពុល ទី​៣ វា​ជួយ​ឲ្យ​ដី​វា​មាន​ជីជាតិ ដែល​សំខាន់​បំផុត គឺ​សត្វ​មាន​ប្រយោជន៍ វា​ចូល​ចិត្ត​លាក់​ខ្លួន​វា​នៅ​ក្នុង​ហ្នឹង។ អ៊ីចឹង​ធ្យូង​អង្កាម​នេះ យើង​ដាក់ ១​ឆ្នាំ គឺ​ដី​ល្អ​ដល់​ទៅ ៣​ឆ្នាំ។ អ៊ីចឹង​បើ​យើង​ដាក់​រាល់​ថ្ងៃ​ទៅ ដី​យើង​មាន​សំណើម»

លោក រស់ ម៉ៅ​ បាន​ប្រើ​ទឹ្រស្តី ៣​ឃ្លា​ថា «ក្នុង​ទឹក​ត្រូវ​មាន​ត្រី លើ​ដី​ត្រូវ​មាន​សត្វ​និង​បន្លែ ក្នុង​ស្រែ​ត្រូវ​មាន​ស្រូវ»។ ពាក្យ ៣​ឃ្លា​នេះ បាន​ធ្វើ​ឲ្យ​ជីវភាព​គាត់​ផ្លាស់ប្ដូរ​រហ័ស​ពី​ទន់​ខ្សោយ​ទៅ​មធ្យម ចាប់​ពី​ឆ្នាំ​២០០៥ មក បន្ទាប់​ពី​លោក​ចេះ​ពិត​ប្រាកដ​នូវ​បច្ចេកទេស​កសិកម្ម​ពី​អង្គការ​សេដាក និង​ការ​ព្យាយាម​រក​គំនិត​ប្លែកៗ​ក្នុង​វិស័យ​ដាំ​ដុះ ដើម្បី​បង្កើន​ជីវភាព​របស់​គាត់។

បច្ចុប្បន្ន​លោក​បញ្ជូន​កូន​នៅ​លីវ​ឲ្យ​បាន​រៀន​មហាវិទ្យាល័យ។ ចំណែក​កូន​បែក​មាន​គ្រួសារ គាត់​បង្កើត​កសិដ្ឋាន​ច្រើន​ហិកតារ ដែល​មាន​ដាំ​បន្លែ​និង​ចិញ្ចឹម​សត្វ​នៅ​ខេត្ត​ព្រះសីហនុ ឲ្យ​កូន​ចៅ​រក​ស៊ី​បន្ត​ទៀត។ នៅ​ក្នុង​ភូមិ គាត់​បាន​ទិញ​ដី​កសិកម្ម​បន្ថែម​ដើម្បី​ពង្រីក​ការ​ស្រាវជ្រាវ​ដាំ​ដុះ​និង​ចិញ្ចឹម​សត្វ។ ចំណែក​ប្រាក់​ចំណូល គាត់​បាន​ពី​ការ​ដើរ​បង្រៀន​ផង ការ​ចុះ​ទស្សនកិច្ច​សិក្សា​របស់​កសិករ​មក​ដល់​ផ្ទះ​គាត់​ផង ដោយ​ពួក​គេ​បាន​ជួយ​ទិញ​ពូជ​បន្លែ ពូជ​ស្រូវ ពូជ​ដំណាំ សត្វ​មាន់ ទា ជន្លេន ជី​ធម្មជាតិ​ជាដើម ហើយ​គេ​បាន​យក​ទៅ​អនុវត្ត​បន្ត ទើប​មាន​ការ​ពង្រីក​អ្នក​បន្ថយ​ប្រើ​ជី​គីមី​ក្នុង​ការ​ដាំដុះ​បាន​ខ្លះ​ដែរ។

លោក រស់ ម៉ៅ ឲ្យ​ដឹង​ថា គាត់​បាន​បង្រៀន​កសិករ​ក្នុង​ខេត្ត​តាកែវ កំពត កំពង់ឆ្នាំង ខេត្ត​ព្រៃវែង ជាដើម ឲ្យ​គេ​អនុវត្ត​បន្ត​នូវ​អ្វី​ដែល​គាត់​បាន​ពិសោធន៍​ជោគជ័យ។

លោក​ថា ក្រៅ​ពី​ការ​បង្រៀន​ក្នុង​ប្រទេស គាត់​ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​ទៅ​បង្រៀន​កសិករ​វៀតណាម និង​ថៃ ពី​វិធី​ថែរក្សា​ដី​ដោយ​ប្រើ​ជី​ធម្មជាតិ។ ក្រៅ​ពី​នោះ​ប្រទេស​ឥណ្ឌា អញ្ជើញ​គាត់​ឲ្យ​ទៅ​បង្រៀន​បច្ចេកទេស​កសិកម្ម ៣​ខែ​ដែរ តែ​គាត់​មិន​បាន​ទៅ ព្រោះ​ចោល​ដំណាំ​គាត់​យូរ​ខែ​ពេក៖ «អ៊ីចឹង​ខ្ញុំ​រាល់​ថ្ងៃ​ក៏​សប្បាយ​ចិត្ត​ដែរ ដោយសារ​តែ​ភាព​ក្រីក្រ​ពី​មុន​មក​ដែល​យើង​កែ​មក​បាន​មក​ជោគជ័យ​ដល់​សព្វ​ថ្ងៃ​នេះ ហើយ​ខ្ញុំ​អត់​លាក់​ដែរ ដល់​ពេល​ខ្ញុំ​ស្លាប់​ទៅ គឺ​អត់​បាន​អី​ជួយ​ដល់​ជាតិ​ទេ អ៊ីចឹង​ខ្ញុំ​យក​បទពិសោធន៍​ដែល​ខ្ញុំ​មាន ខ្ញុំ​ជួយ​ដល់​ប្រជាកសិករ​ផ្សេងៗ​ទៀត»

អាជ្ញាធរ​ឃុំ​ពពេល លោក ឆឹង មាស ថ្លែង​ថា នៅ​ខេត្ត​តាកែវ និង​ខេត្ត​កំពត អ្នក​ណា​ក៏​ល្បី​ថា លោក រស់ ម៉ៅ ជា​អ្នក​ដាំ​បន្លែ​ធម្មជាតិ និង​ជា​កសិករ​ព្យាយាម​បង្កើត​គំនិត​ប្លែកៗ។ ចំណែក​ការ​ចិញ្ចឹម​សត្វ​វិញ លោក រស់ ម៉ៅ បង្រៀន​ពី​វិធី​ចិញ្ចឹម​បែប​ណា​ដែល​សត្វ​មិន​ងាប់ និង​លក់​បាន​ថ្លៃ។

គ្រូ​កសិកម្ម​របស់​អង្គការ​សេដាក លោក ប៉ាន សុភាព ឲ្យ​ដឹង​ថា លោក រស់ ម៉ៅ ជា​កសិករ​គំរូ​បាន​ធ្វើ​ឲ្យ​កសិករ​ក្នុង​និង​ក្រៅ​ប្រទេស និង​អ្នក​កាសែត​បរទេស​ចុះ​រៀន​សូត្រ​ពី​គំនិត​ប្លែកៗ និង​វិធី​ច្នៃប្រឌិត​របស់​គាត់ ធន់ទ្រាំ និង​សមស្រប​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ហើយ​ផ្សព្វផ្សាយ​បន្ត​ឲ្យ​កសិករ​នៅ​លើ​ពិភពលោក​យក​ទៅ​រៀន​សូត្រ។

ប្រធាន​អង្គការ​សេដាក បណ្ឌិត យ៉ង សាំងកុមារ បាន​ថ្លែង​ថា មាន​កសិករ​ជិត ៥​ម៉ឺន​គ្រួសារ កំពុង​អនុវត្ត​ការ​ដាំដុះ​ដោយ​បន្ថយ​ការ​ប្រើ​ប្រាស់​ជី​គីមី មក​ប្រើ​ជីកំប៉ុស រួម​ចំណែក​កែប្រែ​ដី​កសិកម្ម​ពី​ខូច​រេចរឹល​មក​ដី​មាន​សំណើម ធ្វើ​ឲ្យ​ជីវចម្រុះ​កើត​ឡើង​វិញ​ដោយសារ​កសិករ​រៀន​ត​គ្នា​នេះ។

លោក រស់ ម៉ៅ ឲ្យ​ដឹង​ថា ក្នុង​១​ឆ្នាំៗ គាត់​ពង្រីក​ការ​ពិសោធ​អំពី​ការ​ដាំ​ដំណាំ​បែប​ណា​ធន់ទ្រាំ ឬ​សមស្រប​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។ លោក​ថា តំបន់​ដែល​ទឹក​ជន​យូរ​ខែ​អាច​ដំា​ដំណាំ​លើ​រាន​ដោយ​ចង​ខ្សែ​ងាយ​ស្រួល​ចល័ត។ បើ​តំបន់​ដែល​ខ្វះ​ទឹក គឺ​ត្រូវ​ជីក​កូន​ស្រះ​សន្សំ​ទឹក​ភ្លៀង​ទុក និង​សន្សំ​ជីកំប៉ុស​ឲ្យ​បាន​ច្រើន ព្រោះ​ជីកំប៉ុស​ប្រើ​ក្នុង​​ដី​ដាំ​ដំណាំ​វា​ធ្វើ​ឲ្យ​ដី​មាន​សំណើម។ លោក​បន្ថែម​ថា ដោយសារ​តែ​គាត់​រៀន​សូត្រ​តាម​ការ​ណែនាំ​ពី​មន្ត្រី​កសិកម្ម​នានា ទើប​គាត់​អាច​កែប្រែ​ជីវភាព​ពី​លំបាក​លំបិន​មក​ធូរធារ​បែប​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។