ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារគម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោមពីរនៅខេត្តស្ទឹងត្រែង ចោទមន្ត្រីមូលដ្ឋានថា គំរាមមិនឲ្យអ្នកភូមិលើកបដាតវ៉ា និងមិនឲ្យចាកចេញពីលំនៅឋាន។ ក៏ប៉ុន្តែមន្ត្រីអាជ្ញាធរអះអាងថា ក្រុមការងារថ្នាក់មូលដ្ឋានចុះធ្វើការអប់រំប្រជាពលរដ្ឋឲ្យចូលរួមដោយស្ម័គ្រចិត្ត ដើម្បីផ្តល់ទិន្នន័យដីធ្លី ទ្រព្យសម្បត្តិពលរដ្ឋ ដើម្បីក្រុមហ៊ុនដោះស្រាយសំណងផលប៉ះពាល់។
ការចោទប្រកាន់នេះ ធ្វើឡើងបន្ទាប់ពីក្រុមអាជ្ញាធរមូលដ្ឋានមានមន្ត្រីក្រុមប្រឹក្សាឃុំ ប្រធានភូមិ នៅព្រឹកថ្ងៃទី៧ ខែមេសា បានចុះទៅតាមលំនៅឋានប្រជាពលរដ្ឋជាង ៤០គ្រួសារដែលតវ៉ាមិនព្រមចុះបញ្ជីស្រង់ទិន្នន័យដីធ្លី ទ្រព្យសម្បត្តិ ហើយប្រាប់អ្នកភូមិឲ្យដកចេញបដាដែលអ្នកភូមិដាក់នៅតាមលំនៅឋាន។
ចាប់តាំងពីដើមខែមេសា រហូតមក ពាក្យស្លោកមានន័យថា ស៊ូស្លាប់មិនចាកចេញ ត្រូវបានប្រជាពលរដ្ឋឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង ជាង ៤០គ្រួសារ សរសេរនៅលើបដាដាក់នៅតាមជញ្ជាំងផ្ទះ ឬក្រោមផ្ទះ បង្ហាញពីឆន្ទៈមិនទទួលយកសំណងផលប៉ះពាល់ស្ដីពីគម្រោងសាងសង់វារីអគ្គិសនី។
ប្រជាពលរដ្ឋភូមិស្រែគរ១ លោក ហ្វុត ឃឿន អះអាងថា មន្ត្រីមូលដ្ឋាន ៦នាក់បានបង្ខំឲ្យអ្នកភូមិទម្លាក់បដាចេញវិញ បើមិនដូច្នេះទេអាជ្ញាធរនឹងធ្វើរបាយការណ៍ជូនអាជ្ញាធរពីគ្រួសារណារឹងទទឹង។ លោកបន្តថា ក្រុមការងារព្រមានបន្ថែមថា ប្រធានក្រុមប្រឹក្សាឃុំនឹងត្រូវចាប់ខ្លួន ប្រសិនបើអ្នកភូមិនៅតែបន្តលើកបដាពាក្យស្លោកនេះ៖ «បើមិនដកចេញគេថានឹងចាប់មេភូមិ ក្រុមប្រឹក្សាឃុំ។ ប្រជាពលរដ្ឋខ្លះដកស្លាកចេញ ហើយផ្ដិតមេដៃឲ្យគេ ខ្លះអត់ដកចេញទេ»។
ផ្ទុយពីការអះអាងនេះ ប្រធានភូមិស្រែគរ១ លោក លៀង សារឿន មានប្រសាសន៍ថា មេឃុំស្រែគរ គឺជាអ្នកចាត់តាំងក្រុមការងារចុះផ្សព្វផ្សាយឲ្យអ្នកភូមិទម្លាក់បដាតវ៉ាដោយស្ម័គ្រចិត្ត ហើយចូលរួមផ្តល់ទិន្នន័យដីធ្លី ទ្រព្យសម្បត្តិ ផលដំណាំរបស់ពលរដ្ឋ ដើម្បីក្រុមការងារថ្នាក់ខេត្តប្រមូលទិន្នន័យទាំងនោះ រៀបចំដោះស្រាយគោលនយោបាយផ្តល់សំណងផលប៉ះពាល់ប្រជាពលរដ្ឋ។
ដូចគ្នានេះដែរ មេឃុំស្រែគរ លោក សៀក មេគង្គ បញ្ជាក់ថា អាជ្ញាធរឃុំមានគោលការណ៍ជាក់លាក់ចាត់តាំងក្រុមការងារចុះអប់រំដោយសន្តិវិធី ដើម្បីឲ្យប្រជាពលរដ្ឋយល់ពីគម្រោងការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល។ លោកថា មូលហេតុដែលប្រជាពលរដ្ឋធ្វើការតវ៉ាដោយសារតែប្រជាពលរដ្ឋមិនទាន់ឃើញជាក់ស្តែងពីសំណងផលប៉ះពាល់ ដែលក្រុមហ៊ុនបានកំណត់ថា ប្រជាពលរដ្ឋនឹងត្រូវទទួលសំណងស្មើ ឬលើសការខូចខាតរបស់ពលរដ្ឋ៖ «មិនមែនថាគំរាមកំហែងគាត់ទេ ឲ្យគាត់ទម្លាក់ស្លាកដោយសន្តិវិធី។ យកគោលការណ៍អភិវឌ្ឍន៍ជម្រាបជូនគាត់ ព្យាយាមផ្សព្វផ្សាយជូនពួកគាត់ពីរឿងសំណង»។
ឃុំស្រែគរ មានភូមិចំនួនពីរ គឺភូមិស្រែគរ១ និងភូមិស្រែគរ២ និងមានប្រជាពលរដ្ឋជាង ៥០០គ្រួសារ។ រហូតបច្ចុប្បន្ន មានប្រជាពលរដ្ឋជាង ៥០ភាគរយមិនយល់ព្រមផ្តល់ទិន្នន័យដីធ្លីទ្រព្យសម្បត្តិ ផលដំណាំ ដើម្បីទទួលសំណងផលប៉ះពាល់។
ទាក់ទិនការតវ៉ារបស់ពលរដ្ឋ មន្ត្រីសម្របសម្រួលអង្គការទន្លេបី លោក មៀច មាន ចាត់ទុកថាជាសេរីភាពរបស់ពលរដ្ឋ។ លោកថា ការពិភាក្សាណាមួយដែលពលរដ្ឋទទួលយក ឬមិនទទួលយក គឺអាស្រ័យទៅលើការសម្រេចដោយស្ម័គ្រចិត្ត និងគ្មានការបង្ខិតបង្ខំ៖ «ការពិភាក្សាគ្នាទាក់ទងគម្រោងអភិវឌ្ឍន៍ បើសិនសហគមន៍មិនព្រមចេញ នេះជាសិទ្ធិសេរីភាពរបស់ពួកគាត់»។
របាយការណ៍របស់គណៈកម្មការស្រង់ទិន្នន័យរបស់អាជ្ញាធរខេត្តស្ទឹងត្រែង ប្រជាពលរដ្ឋរងផលប៉ះពាល់ស្ដីពីការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ មានភូមិចំនួន៧ ក្នុងឃុំចំនួនបី មានប្រជាពលរដ្ឋជាង ១ពាន់គ្រួសារ។ បច្ចុប្បន្នមានប្រជាពលរដ្ឋជាង ៧០ភាគរយ បានយល់ព្រមផ្តល់ទិន្នន័យ។
ទោះជាយ៉ាងនេះក៏ដោយ ប្រធានគណៈកម្មការស្រង់ទិន្នន័យ និងជាអភិបាលរងខេត្តស្ទឹងត្រែង លោក ដួង ពៅ មានប្រសាសន៍ថា គ្មានគោលការណ៍ណាមួយបង្ខំឲ្យអ្នកភូមិទទួលយកសំណង ឬផ្តល់ទិន្នន័យនោះទេ។ លោកថា អាជ្ញាធរនឹងព្យាយាមអប់រំប្រជាពលរដ្ឋឲ្យយល់ដឹងពីកិច្ចអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ហើយយល់ព្រមទទួលយកសំណងផលប៉ះពាល់ដោយស្ម័គ្រចិត្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។