សមត្ថកិច្ច​ដោះលែង​ពលរដ្ឋ​២៣​នាក់​ដែល​ធ្វើ​ដំណើរ​ចូល​ទៅ​ឃុំ​ក្បាលរមាស​ខេត្ត​ស្ទឹងត្រែង

0:00 / 0:00

អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង សម្រេច​ដោះលែង​ជនជាតិ​ដើម​ភាគតិច ២៣​នាក់​វិញ​ហើយ​នៅ​ល្ងាច​ថ្ងៃ​ទី​២៣ កក្កដា បន្ទាប់​ពី​សមត្ថកិច្ច​ឃាត់​ខ្លួន​ពួក​គាត់ នៅ​គ្រា​ដែល​កំពុង​ធ្វើ​ដំណើរ​ដោយ​រថយន្ត​ពី​ខែត្រ​មណ្ឌលគិរី ទៅ​ឃុំ​ក្បាលរមាស​ចាស់ កាល​ពី​ម៉ោង ១២​ថ្ងៃ​ត្រង់។ ការ​សម្រេច​ចិត្ត​ដោះលែង​នេះ ក្រោយ​ពី​មាន​ការ​តវ៉ា​ពី​ពលរដ្ឋ​ដែល​បដិសេធ​មិន​ទទួល​សំណង​ពី​ផល​ប៉ះពាល់​នៃ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ រស់នៅ​ឃុំ​ស្រែគរ និង​ឃុំ​ក្បាលរមាស។

ជនជាតិ​ដើម​ភាគតិច​ព្នង ចាត់​ទុក​ការ​ឃាត់​ខ្លួន​ពលរដ្ឋ ២៣​នាក់​របស់​អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង ថា​ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​ជនជាតិ​ដើម​ភាគតិច ផ្ទុយ​ពី​ក្របខ័ណ្ឌ​ច្បាប់។

លេខាធិការដ្ឋាន​សម្ព័ន្ធ​ជនជាតិ​ដើម​ភាគតិច​កម្ពុជា លោក ឡូ រ៉ង់ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៣ កក្កដា ថា ជនជាតិ​ដើម​ភាគតិច​ព្នង ២៣​នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ខែត្រ​ស្ទឹងត្រែង ឃាត់​ខ្លួន​នោះ មក​ពី​ខែត្រ​មណ្ឌលគិរី។ លោក​ថា ក្រោយ​ពី​សមត្ថកិច្ច​ដោះលែង ពួក​គាត់​បាន​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ខែត្រ​មណ្ឌលគិរី វិញ​ហើយ។ លើស​ពី​នេះ ជនជាតិ​ដើម​ភាគតិច​ទាំងនោះ ស្ម័គ្រ​ចិត្ត​ធ្វើ​ដំណើរ​មក​ឃុំ​ក្បាលរមាស និង​ឃុំ​ស្រែគរ ក្នុង​ខែត្រ​ស្ទឹងត្រែង បំណង​ជួយ​កាប់​ឫស្សី​ធ្វើ​ក្បូន​បណ្ដែត​ទឹក​ឲ្យ​ពលរដ្ឋ​ដែល​បដិសេធ​មិន​ទទួល​សំណង។

លោក​ចាត់​ទុក​ការ​ឃាត់​នេះ ថា​ជា​ចេតនា​រារាំង​ពលរដ្ឋ​មិន​ឲ្យ​ចូល​ជួយ​គ្នា​គ្រា​មាន​អាសន្ន ព្រោះ​សហគមន៍​ដែល​បដិសេធ​មិន​ទទួល​សំណង​ដោយសារ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ នៅ​ឃុំ​ក្បាលរមាស និង​ឃុំ​ស្រែគរ ជិត ២០០​គ្រួសារ កំពុង​ប្រឈម​ទឹក​ពន្លិច​ភូមិ ខណៈ​ក្រុមហ៊ុន​កំពុង​ប្រតិបត្តិការ​បិទ​ទ្វារ​ទឹក​សាកល្បង​អស់​រយៈពេល​ជាង ១​សប្ដាហ៍​មក​ហើយ។ ចំណែក​កម្ពស់​ទឹក​នៅ​តែ​បន្ត​កើន​ឡើង នឹង​អាច​ពន្លិច​ភូមិ​ពួក​គាត់​នៅ​ពេល​ឆាប់ៗ​នេះ ហេតុ​នេះ​អ្នក​ភូមិ​ចង់​ឲ្យ​ជនជាតិ​ដើម​ភាគតិច​ព្នង មក​ពី​ខែត្រ​នានា​ចូលរួម​ជួយ​គ្នា​កាប់​ឫស្សី​បណ្ដែត​ក្បូន និង​ជួយ​រុះរើ​សម្ភារៈ​នានា​ចេញ មុន​ពេល​ទឹក​លិច​ភូមិ៖ « ព្រោះ​ ក្នុង​នាម ​ពលរដ្ឋ​កម្ពុជា ទាំងមូល យើង​ អាច​ជួយ ​គ្នា​ ទៅ​វិញ​ទៅ​មក ​បាន។ ចុះ​ហេតុ​អី ពលរដ្ឋ​ មក​ជួយ ​ពលរដ្ឋ បែរ​ជា​ យើង​ហាមឃាត់​ បែប​នេះ ទៅ​វិញ ដោយ​មិន​មាន​ហេតុផល។ ចឹង​មើល​ទៅ​ហាក់​ដូចជា​ គេ​ចង់​ការពារ​ក្រុមហ៊ុន​ច្រើន​ គេ​ច ង់​ សុខ​ទុក្ខ និង​បញ្ហា​ធ្ងន់ធ្ងរ​ដែល​សហគមន៍​ឃុំ​ក្បាលរមាស កំពុង​ ជួប​ប្រទះ ពេល​នេះ »

លោក ឡូ រ៉ង់ បន្ថែម​ថា ជនជាតិ​ដើម​ភាគតិច​ព្នង ដែល​គ្រោង​លើក​គ្នា​មក​ឃុំ​ក្បាលរមាស ប្រមាណ​ជិត ១០០​នាក់ មក​ពី​ខែត្រ​ក្រចេះ ព្រះវិហារ ពោធិ៍សាត់ ក្រចេះ រតនគិរី និង​ខែត្រ​មណ្ឌលគិរី បំណង​ជួយ​កាប់​ឫស្សី​ធ្វើ​ក្បូន​បណ្ដែត​ទឹក និង​ជញ្ជូន​សម្ភារៈ​ផ្សេងៗ ជាដើម។

ពលរដ្ឋ​តវ៉ា​នៅ​ច្រក​ចូល​ឃុំ​ក្បាលរមាស និង​ឃុំ​ស្រែគរ ចំណុច​ផ្លូវ​លេខ​៧៨ ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះលែង​ពលរដ្ឋ ១៨​នាក់​នៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០១៧។ Photo Provided
ពលរដ្ឋ​តវ៉ា​នៅ​ច្រក​ចូល​ឃុំ​ក្បាលរមាស និង​ឃុំ​ស្រែគរ ចំណុច​ផ្លូវ​លេខ​៧៨ ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះលែង​ពលរដ្ឋ ១៨​នាក់​នៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០១៧។ Photo Provided (Photo Provided)

ឆ្លើយតប​រឿង​នេះ អ្នក​នាំ​ពាក្យ​សាលា​ខែត្រ​ស្ទឹងត្រែង លោក ម៉ែន គុង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៣ កក្កដា ថា សមត្ថកិច្ច​ឃាត់​ខ្លួន​ពលរដ្ឋ​ទាំងនោះ​គ្រាន់​តែ​អប់រំ​ណែនាំ និង​បញ្ជូន​ពួក​គាត់​ទៅ​លំនៅឋាន​វិញ ជៀសវាង​ធ្វើ​សកម្មភាព​ផ្ទុយ​ពី​ក្របខ័ណ្ឌ​ច្បាប់។ ចំណែក​ប្រធាន​ក្រុម​ដឹកនាំ​ពលរដ្ឋ​ឲ្យ​ធ្វើ​សកម្មភាព​អនាធិបតេយ្យ​ប៉ះពាល់​សន្តិសុខ សណ្ដាប់ធ្នាប់ សមត្ថកិច្ច​នឹង​ឃាត់​ខ្លួន​អនុវត្ត​ច្បាប់។

លោក​បញ្ជាក់​ថា ពលរដ្ឋ​ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​ទាំងនោះ ហាក់​មាន​រៀប​ផែនការ​មុន បំណង​រៀបចំ​លំនៅឋាន​ថ្មី​នៅ​តំបន់​នោះ៖ « អត់​ អាច​ធ្វើ ​ចឹង​ បាន​ទេ ព្រោះ​នៅ​ខែត្រ​ មិន​ទាន់​បាន ​ស្នើសុំ​ជំនួយ​ពលរដ្ឋ​ខែត្រ​ផ្សេង ហើយ​ មិន​ទាន់ បាន​ធ្វើ លិខិត​ផ្លូវកា ទំនាក់ទំនង​ការទូត​ណា​មួយ​ទៅ​ថ្នាក់​ដឹកនាំ​ខែត្រ​មណ្ឌលគិរី ដើម្បី​សុំ​ឲ្យ​ចាត់​ពលរដ្ឋ ឬ​កម្លាំង​ណា​មួយ​មក​ជួយ​ធ្វើ​អន្តរាគមន៍​កាប់​ឫស្សី​បណ្ដែត​ក្បូន​អី យើង​អត់​អាច​ធ្វើ​ចឹង​បាន​ទេ។ ចឹង​គឺ​ជា​សកម្មភាព​អនាធិបតេយ្យ​ហើយ​លោក »

អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ លោក អ៊ុំ រ៉េត ដើម្បី​សុំ​ការ​ឆ្លើយតប​ការ​តវ៉ា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២៣ កក្កដា ព្រោះ​ទូរស័ព្ទ​ហៅ​ចូល តែ​ពុំ​មាន​អ្នក​ទទួល។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល យល់​ថា ការ​ចូលរួម​ជួយ​គ្នា​របស់​ជនជាតិ​ដើម​ភាគតិច គឺ​ជា​សេរីភាព​របស់​ពលរដ្ឋ​ដែល​មាន​ចែង​ក្នុង​ក្របខ័ណ្ឌ​ច្បាប់​ជាតិ និង​អន្តរជាតិ ក៏ប៉ុន្តែ​បើ​ពួក​គាត់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន គឺ​ជា​ទម្រង់​នៃ​ការ​គំរាម​កំហែង​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច។ លោក​ថា សមត្ថកិច្ច​គួរ​ជជែក​សួរនាំ​ពី​ហេតុផល និង​រក​វិធី​ណា​មួយ​ដើម្បី​ឲ្យ​ពលរដ្ឋ​យល់​ជា​មុន​សិន ជៀសវាង​ឃាត់​ខ្លួន​នាំ​ឲ្យ​រំខាន​ដល់​សកម្មភាព និង​សិទ្ធិ​របស់​ពលរដ្ឋ៖ « ខ្ញុំ​មើល​ទៅ ​ដូច​ មិន​មាន ខុស​ច្បាប់ ​ទេ ព្រោះ​នេះ ​ជា​សិទ្ធិ​ របស់​គាត់ សិទ្ធិ​ ជួប ជុំ ឬ​មួយ ​សិទ្ធិ​ដើរ​ ហើរ ឬ​មួយ​សិទ្ធិ​ប្រាស្រ័យ ​ទាក់ទង​គ្នា អា​ហ្នឹង ​មាន​ក្នុង​រដ្ឋធម្មនុញ្ញ​ទាំងអស់។ ប្រសិន​អាជ្ញាធរ​ធ្វើ​ចឹង​ដូចជា​បំបិទ​សិទ្ធិ និង​ បំបាក់​ស្មារតី ​ពលរដ្ឋ »

ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ បាន​សាងសង់​ទំនប់​ជិត​រួច​រាល់​ហើយ នឹង​បើក​ឲ្យ​ដំណើរការ​តួប៊ីន​ទី​មួយ​នៅ​ពេល​ឆាប់ៗ​នេះ ក៏ប៉ុន្តែ​ពលរដ្ឋ​រស់នៅ​ឃុំ​ស្រែគរ ចំនួន ១២៤​គ្រួសារ និង​ឃុំ​ក្បាលរមាស ចំនួន ៥៨​គ្រួសារ មិន​ទាន់​យល់ព្រម​ទទួល​សំណង និង​មិន​ទាន់​ចាកចេញ​ពី​ភូមិ​ចាស់​ទៅ​តាំង​ទីលំនៅ​ថ្មី​នៅ​ឡើយ​ទេ ខណៈ​ក្រុមហ៊ុន​បាន​បិទ​ទ្វារ​ទឹក​សាកល្បង​កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា ធ្វើ​ឲ្យ​កម្ពស់​ទឹក​កើន​ឡើង នឹង​លិចលង់​ភូមិ​អ្នក​ភូមិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។