អគ្គស្នងការនគរបាលជាតិ បានបង្ហាញតួលេខនៃចំនួនកម្មកររោងចក្រកាត់ដេរសំលៀកបំពាក់ក្នុងតំបន់សេដ្ឋកិច្ចពិសេស សេវេន.អេន.ជី (7NG) ស្រុកខ្សាច់កណ្ដាល ថាមានចំនួនអ្នកដួលសន្លប់ ៣៥០នាក់។
គេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ ចេញផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឲ្យដឹងថា កម្មករ កម្មការិនីទាំងនោះ បម្រើការងារនៅក្នុងរោងចក្រកាត់ដេរចំនួន ៤ គឺរោងចក្រ ទ្រីមថយ រោងចក្រ ខេមតេកាង រោងចក្រ ខេមបូនីសូល និងរោងចក្រជីនវីន ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស 7NG ស្រុកខ្សាច់កណ្តាល បានដួលសន្លប់កាលពីថ្ងៃទី២០ ខែវិច្ឆិកា។ ប៉ុន្តែអគ្គស្នងការពុំបានបញ្ជាក់ប្រាប់ពីមូលហេតុដែលបណ្ដាលឲ្យដួលសន្លប់នោះទេ។
ទោះយ៉ាងណា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ មានប្រសាសន៍នៅថ្ងៃទី២០ ខែវិច្ឆិកា ថា ក្រុមការងារជំនាញបានធ្វើសេចក្ដីសន្និដ្ឋានជាជំហានដំបូងថា គឺមកពីក្លិនថ្នាំគីមីជាសារធាតុពុលដែលប្រជាពលរដ្ឋធ្វើស្រែក្បែររោងចក្របានប្រើប្រាស់សម្រាប់បាញ់ដាក់ក្នុងស្រូវ។ ប៉ុន្តែក្រសួងបានដាក់រោងចក្រទាំងនោះឲ្យស្ថិតនៅក្រោមការឃ្លាំមើល។
កម្មករកម្មការិនីធ្វើការនៅរោងចក្រមួយចំនួនដូចជា រោងចក្រដំបូលស អាគារទី១ អាគារទី៣ អាគារទី៤ អាគារទី៧ រោងចក្រ ញូអឹសសេន អ៊ីនធឺណេសិនណល និងរោងចក្រស្ដារឡៃ (Star Light) ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុមហ៊ុន សេវិន.អេន.ជី ដែលបានផ្ដល់សម្ភាសន៍ឲ្យវិទ្យុអាស៊ីសេរី បានប្រាប់ថា រោងចក្រពួកគេមានកម្មករប្រមាណពី ៤០ ទៅ ៥០នាក់ បានដួលសន្លប់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកព្រែកតាមាក់ និងមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។