មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល និងមន្ត្រីជំនាញសាខាកាំកុងត្រូលខេត្តព្រះសីហនុ បានរកឃើញសារធាតុគីមីនៅលើគ្រឿងសមុទ្រស្រស់ និងអាហារទទួលទានមួយចំនួន ដែលត្រូវអាជីវករដាក់លក់នៅលើទីផ្សារវាលរេញ ខេត្តព្រះសីហនុ។
ប្រជាពលរដ្ឋគាំទ្រមន្ត្រីជំនាញកាំកុងត្រូលខេត្តព្រះសីហនុ ដែលបានចុះត្រួតពិនិត្យគុណភាពចំណីអាហារ និងស្នើឲ្យចុះធ្វើសកម្មភាពជាប្រចាំទៅលើការគ្រប់គ្រងប្រភេទទំនិញ និងចំណីអាហារគ្រប់ប្រភេទនៅតាមទីផ្សារនានាទូទាំងខេត្តព្រះសីហនុ។
អគ្គនាយកដ្ឋានកាំកុងត្រូលកម្ពុជា បើកយុទ្ធនាការទ្រង់ទ្រាយធំដោយនាំយកមន្ទីរពិសោធន៍ចល័តមានស្តង់ដារអន្តរជាតិ ចុះត្រួតពិនិត្យរកសារធាតុគីមីនៅលើចំណីអាហារ បន្លែ ផ្លែឈើ និងគ្រឿងសមុទ្រស្រស់ៗ ដែលត្រូវអាជីវករដាក់លក់នៅផ្សារវាលរេញ ដោយបានរកឃើញសារធាតុគីមីដែលអាជីវករដាក់ទៅលើគ្រឿងសមុទ្រស្រស់មួយចំនួន។
អនុប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុ លោក ជា ប៉ិច ដែលបានដឹកនាំក្រុមការងារចុះត្រួតពិនិត្យនៅផ្សាវាលរេញ កាលពីព្រឹកថ្ងៃអង្គារ ទី១៧ ខែមករា ផ្តល់សម្ភាសថា ការត្រួតពិនិត្យដោយមន្ទីរពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋានកាំកុងត្រូល បានពិនិត្យទំនិញចំនួន ២០មុខផ្សេងគ្នា។
លោកថា មន្ត្រីជំនាញបានរកឃើញបង្គាស្រស់ និងស្ពៃជ្រក់មានផ្ទុកសារធាតុគីមី។ លោកឲ្យដឹងថា មន្ត្រីជំនាញបានដកហូតចំណីអាហារមានផ្ទុកសារធាតុគីមី មានស្ពៃជ្រក់ និងបង្គាស្រស់ប្រមាណ ១៤គីឡូក្រាមទៅរក្សាទុកនៅសាខាកាំកុងត្រូលខេត្តព្រះសីហនុ ដើម្បីឈានដល់មានវិធានការតាមផ្លូវច្បាប់ និងដុតកម្ទេចចោល។
មន្ត្រីជំនាញរូបនេះ អំពាវនាវដល់ក្រុមអាជីវករលក់ដូរចំណីអាហារទូទៅ ត្រូវមានភាពស្មោះត្រង់ ដោយមិនត្រូវលួចដាក់សារធាតុគីមីទៅលើចំណីអាហារ ដើម្បីទុកលក់ដូរ ឬប្រើប្រាស់បានយូរ នាំឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋជាអ្នកទទួលទាននោះទេ៖ « អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋប្រកបរបរអាជីវកម្មលក់ផលិតផលហូបចុកទាំងអស់ ទាំងម្ហូបអាហារវេចខ្ចប់ស្រាប់ ទាំងម្ហូបអាហារគ្រឿងសមុទ្រស្រស់ ទាំងបន្លែ និងជ្រក់ជាដើម សូមស្នើឲ្យបងប្អូនប្រកបរបរអាជីវកម្មដោយស្មោះត្រង់។ សូមបងប្អូនកុំដាក់សារធាតុគីមីដែលមន្ត្រីជំនាញហាមឃាត់ប្រើប្រាស់នៅលើមុខទំនិញទាំងអស់ហ្នឹងបន្តទៅទៀត »។
លោក ជា ប៉ិច ឲ្យដឹងទៀតថា ការនាំយកមន្ទីរពិសោធន៍ចល័តពីអគ្គនាយកដ្ឋានកាំកុងត្រូល មកពិសោធរកសារធាតុគីមីនៅតាមទីផ្សារខេត្តព្រះសីហនុ ពេលនេះ មានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមករា ដោយកំណត់ទីផ្សារគោលដៅផ្សារវាលរេញ និងផ្សារលើ។ លោកស្នើឲ្យប្រជាពលរដ្ឋ ពិសេសក្រុមអាជីវករ ត្រូវចូលរួមសហការជាមួយមន្ត្រីជំនាញកាំកុងត្រូលក្នុងសកម្មភាពចុះត្រួតពិនិត្យរកសារធាតុគីមីនៅលើចំណីអាហារ ឲ្យបានទាំងអស់គ្នា ព្រោះអាចនឹងត្រូវប្រឈមមុខច្បាប់ បើក្រុមអាជីវកររូបណាមានះ ឬរឹងទទឹងមិនសហការជាមួយមន្ត្រីជំនាញដែលចុះធ្វើការនៅតាមគោលដៅនានា។
នាឱកាសចុះពិនិត្យរកសារធាតុគីមីនេះ លោក ជា ប៉ិច ក៏បានឆ្លៀតពន្យល់អប់រំដល់អ្នកប្រើប្រាស់ និងអ្នកលក់ដូរអាហារ អាជីវករលក់គ្រឿងសមុទ្រស្រស់ៗ និងបន្លែផ្លែឈើ ត្រីសាច់ ជាដើម ដាច់ខាតមិនឲ្យប្រើប្រាស់សារធាតុគីមីដាក់លើទំនិញ ឬអាហារទទួលទាន ដើម្បីទុកបានយូរនោះទេ ព្រោះការប្រើប្រាស់សារធាតុគីមីជាអំពើខុសច្បាប់ ត្រូវផ្ដន្ទាទោស បើកម្លាំងជំនាញរកឃើញកំហុសឆ្គងធ្ងន់ធ្ងរ៖ « ទាំងអាជីវករ ទាំងអ្នកប្រើប្រាស់ និងទាំងអ្នកហូបចុក ត្រូវចូលរួមទាំងអស់គ្នា។ សូមចូលរួមលុបបំបាត់ការប្រើប្រាស់សារធាតុគីមី ជាពិសេសអគ្គនាយកដ្ឋានកាំកុងត្រូលរបស់ខ្ញុំបាទ គឺចង់បានតែពាក្យមួយម៉ាត់ សុវត្ថិភាពជូនប្រជាពលរដ្ឋ »។

អាជីវករលក់ផ្លែឈើនៅផ្សារវាលរេញ លោកស្រី គីម ហៃ គាំទ្រសកម្មភាពរបស់មន្ត្រីស្ថាប័នកាំកុងត្រូលខេត្តព្រះសីហនុ ក្នុងការងារចុះត្រួតពិនិត្យរកសារធាតុគីមីលើចំណីអាហារ និងបន្លែផ្លែឈើជាដើម ដើម្បីចូលរួមថែរក្សាសុខភាពពលរដ្ឋ៖ « អាជ្ញាធរគ្រប់ជំនាញទាំងអស់សូមជួយស្រាវជ្រាវរកសារធាតុគីមី កុំឲ្យខូចសុខភាពដល់ប្រជាជន ជួយឲ្យពលរដ្ឋមានសុខភាពល្អ »។
ស្ត្រីវ័យចំណាស់ម្នាក់ទៀតឈ្មោះ ខៀវ នី ក៏សំណូមពរដល់មន្ត្រីជំនាញសាខាកាំកុងត្រូល ត្រូវធ្វើសកម្មភាពចុះត្រួតពិនិត្យរកសារធាតុគីមីលើចំណីអាហារនេះឲ្យបានជាប្រចាំ ព្រោះយល់ថា នៅក្នុងសង្គមខ្មែរបច្ចុប្បន្ន សារធាតុគីមីបានវាយលុកទៅលើចំណីអាហារស្ទើរទាំងស្រុងអស់ទៅហើយ ពិសេសមុខទំនិញនាំចូលពីប្រទេសជិតខាងកម្ពុជា មានថៃ និងវៀតណាម ជាដើម៖ « ខ្ញុំឃើញចៅខ្ញុំធ្វើនំលក់រាល់ថ្ងៃ ហើយបានទិញស្ករត្នោតទៅធ្វើនំ គឺធ្វើមិនកើត ស្ករមានលាយសុទ្ធតែថ្នាំ ហើយនៅពេលធ្វើនំទៅ ឆេះខ្លោចល្វីងហូបមិនកើតជាដើម។ សូមស្នើដល់អ្នកលក់ស្ករ និងលក់ទំនិញគ្រប់ប្រភេទ សូមបញ្ឈប់ដាក់ថ្នាំ ឬសារធាតុគីមីចូលទៅក្នុងទំនិញទៀតទៅ ព្រោះសុខភាពមនុស្សបានស្លាប់ជាបន្តបន្ទាប់។ ការលាយថ្នាំ ឬសារធាតុគីមីនេះ គឺត្រូវបានប្រភពដើមបោះស្ករត្នោតលក់ដុំ ជាអ្នកដាក់ជាតិគីមីទាំងនោះ »។
ចំណែកនាយរងផ្នែកចរាចរណ៍ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លោក បៃ ណុន ក៏បានស្នើដល់ក្រុមអាជីវករលក់ដូរចំណីអាហារគ្រប់ប្រភេទ ត្រូវចូលរួមសហការជាមួយមន្ត្រីជំនាញក្នុងការងារត្រួតពិនិត្យរកសារធាតុគីមីនៅលើអាហារទទួលទានឲ្យបានទាំងអស់គ្នា ដើម្បីរួមគ្នារក្សាសុខភាពឲ្យបានល្អ៖ « ស្នើដល់ពលរដ្ឋ មុននឹងទិញបន្លែត្រីសាច់ ឬមុខម្ហូបអាហារផ្សេងៗ ត្រូវចេះត្រួតពិនិត្យពីគុណភាព ដើម្បីជៀសវាងម្ហូបអាហារទាំងនោះ មានសារធាតុគីមីនៅក្នុងបន្លែ ផ្លែឈើ និងម្ហូបអាហារជាដើម ដើម្បីថែរក្សាសុខភាពរបស់យើងទាំងអស់គ្នាឲ្យបានល្អ »។
ជាមួយគ្នានេះ លោក ជា ប៉ិច អនុប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុ បានប្រកាសលេខទូរស័ព្ទជូនដល់សាធារណជន បើមានព័ត៌មានសង្ស័យថា ទីតាំងណាមួយមានលក់អាហារស្រស់ ឬចំណីអាហារ ទាំងភេសជ្ជកំប៉ុង ឬដបគ្រប់ប្រភេទមានដាក់សារធាតុគីមី និងហួសកាលបរិច្ឆេទប្រើប្រាស់ជាដើម ត្រូវផ្តល់ព័ត៌មានឲ្យបានឆាប់ទៅកាន់មន្ត្រីកាំកុងត្រូលខេត្តព្រះសីហនុ តាមរយៈលេខ ០៩៨ ៥៥៥ ៦៦៦ លេខ ០១៧ ៤៤ ៣៧ ៣៧ និងលេខ ០១២ ៩៤៦ ០៤៦។
មន្ត្រីឃ្លាំមើលការអភិវឌ្ឍសង្គមមួយចំនួនប្រចាំខេត្តព្រះសីហនុ បានចាត់ទុកការបន្តចុះត្រួតពិនិត្យ និងផ្តល់ការអប់រំពីផលប៉ះពាល់នៃសារធាតុគីមីនៅលើចំណីអាហារតាមទីផ្សារនានាពេលនេះ ថាជាការជួយគិតគូរថែរក្សាសុខភាពមួយផ្នែកជូនដល់សុខភាពពលរដ្ឋ និងរួមចំណែកចូលរួមកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋ។
អ្នកសម្របសម្រួលសមាគមអាដហុក (ADHOC) ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី បានស្នើដល់មន្ត្រីជំនាញចំណីអាហារនាមូលដ្ឋាននេះ ត្រូវចុះធ្វើសកម្មភាពឲ្យបានជាប្រចាំ និងស្មើភាពរវាងគ្រប់អាជីវករទាំងជនជាតិខ្មែរ និងគ្រប់ជាតិសាសន៍ដទៃទៀតឲ្យមានតម្លាភាព និងអនុវត្តច្បាប់ឲ្យបានស្មើភាពគ្នា។ អ្នកស្រីទទូចដល់មន្ត្រីជំនាញកាំកុងត្រូលសាខាខេត្តព្រះសីហនុ ថា ប្រសិនរកឃើញកំហុសឆ្គងដែលអាជីវករ និងអ្នកជាប់ពាក់ព័ន្ធរូបណា បានលួចដាក់សារធាតុគីមីលើសាច់ស្រស់ អាហារហូបចុក និងមុខទំនិញគ្រប់ប្រភេទ ដើម្បីទុកលក់ ឬប្រើប្រាស់បានយូរថ្ងៃ ត្រូវតែនាំជនប្រព្រឹត្តិល្មើសទាំងនោះទៅផ្ដន្ទាទោសតាមច្បាប់ ដើម្បីឲ្យរាងចាល។ ជាងនេះ ត្រូវជៀសឲ្យផុតពីអំពើពុករលួយ ឬបក្សពួកនិយម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។