ក្រុម​បុរស​ស្រឡាញ់​ភេទ​ដូច​គ្នា​ប្រឈម​មុខ​ខ្ពស់​នឹង​ការ​កើត​ជំងឺ​អេដស៍

0:00 / 0:00

មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ សើ​ស្បែក និង​កាមរោគ​នៃ​ក្រសួង​សុខាភិបាល និង​អង្គការ​សង្គម​ស៊ីវិល បង្ហាញ​អត្រា​នៃ​ការ​កើត​ជំងឺ​អេដស៍​ក្នុង​ប្រទេស​កម្ពុជា ធ្លាក់​ចុះ​ក្នុង​ចំណោម​ស្ត្រី​មាន​ផ្ទៃ​ពោះ ប៉ុន្តែ​ក្រុម​បុរស​ស្រឡាញ់​បុរស​នៅ​តែ​ប្រឈម​មុខ​ខ្ពស់​ដដែល​ក្នុង​ការ​ផ្ទុក​មេរោគ​ថ្មី។

ទន្ទឹម​នឹង​នេះ មន្ត្រី​សង្គម​ស៊ីវិល​លើក​ទឹក​ចិត្ត​ក្រុម​បុរស​ស្រឡាញ់​បុរស​ដែល​លាក់​មុខ ឲ្យ​ទៅ​ធ្វើ​តេស្តឈាម​ដើម្បី​រក​មេរោគ​អេដស៍ និង​ដើម្បី​ទប់ស្កាត់​ជំងឺ​មួយ​នេះ។

របាយការណ៍​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ សើ​ស្បែក និង​កាមរោគ​នៃ​ក្រសួង​សុខាភិបាល បង្ហាញ​ថា ក្រុម​បុរស​ស្រឡាញ់​បុរស​នៅ​តែ​ជា​ក្រុម​ប្រឈម​មុខ​ខ្ពស់​នឹង​ការ​កើត​ជំងឺ​អេដស៍​នៅ​ឡើយ គឺ​ប្រមាណ​ជា ៧០០​នាក់ ក្នុង​ចំណោម​ក្រុម​បុរស​ស្រឡាញ់​បុរស​ជាង ៣​ម៉ឺន​នាក់ ស្មើ ២,៣​ភាគរយ។ ដោយ​ឡែក​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​មាន​ការ​ធ្លាក់​ចុះ​មក​ត្រឹម ០,២៨​ភាគរយ ក្នុង​ឆ្នាំ​២០១៤ ដែល​មាន​ន័យ​ថា លែង​បញ្ហា​ទៀត​ហើយ។

ប្រធាន​អង្គការ​ខាណា (Khana) លោក ជួប សុខចំរើន មាន​ប្រសាសន៍​ថា ក្រុម​បុរស​ស្រឡាញ់​បុរស និង​ក្រុម​ស្រី​ស្រស់ ឬ​ក្រុម​ភេទ​ទី​បី​មួយ​ចំនួន មិន​ហ៊ាន​ទៅ​រក​សេវា​ធ្វើ​តេស្តឈាម​រក​មេរោគ​អេដស៍ ព្រោះ​ពួកគេ​មាន​ការ​ខ្មាសអៀន និង​រង​ការ​រិះគន់​ពី​សង្គម។ ក្រុម​បុរស​ស្រឡាញ់​បុរស និង​ក្រុម​ស្រី​ស្រស់ ក៏​ជា​ធនធាន​ដ៏​មាន​សារសំខាន់​ក្នុង​ការ​ចូលរួម​អភិវឌ្ឍន៍​សង្គម​ជាតិ​ដែរ។ ម្ល៉ោះ​ហើយ​បើ​ពួកគាត់​មិន​ចេញ​មុខ ឬ​សង្គម​មិន​ទទួល​ស្គាល់ មាន​ន័យ​ថា គឺ​ជា​ការ​បិទ​សិទ្ធិ​សេរីភាព ហើយ​នឹង​អាច​បាត់បង់​ធនធាន​មនុស្ស​មួយ​ចំណែក​ក្នុង​ប្រទេស​កម្ពុជា។

លោក​បន្ត​ថា ដើម្បី​គាំពារ​ឱ្យ​ពួកគាត់​ហ៊ាន​ទៅ​ធ្វើ​តេស្តឈាម​រក​មេរោគ​អេដស៍ គឺ​មាន​តែ​បង្កើត​ក្រុម​មិត្ត​អប់រំ​មិត្ត ក្រុម​បុរស​ស្រឡាញ់ និង​ក្រម​ស្រី​ស្រស់​ដូច​គ្នា​ទេ ទើប​ជា​មធ្យោបាយ​ល្អ និង​ទទួល​បាន​ការ​ជឿ​ជាក់។

លោក ជួប សុខចំរើន៖ «គាត់​អត់​ចង់​ប្រើ​ស្រោម​ទេ ដោយសារ​គាត់​គិត​ថា មិន​មែន​រឿង​ពាក់ព័ន្ធ​សុខ​ស្រួល​ទេ ប៉ុន្តែ​គាត់​គិត​ថា ភេទ​ដូច​គ្នា​ហ្នឹង អត់​មាន​មេរោគ​អេដស៍​ទេ។ វិធីសាស្ត្រ​ដែល​យើង​ព្យាយាម​ពន្យល់​គាត់​ហ្នឹង គឺ​ថា អេដស៍​នៅ​តែ​ជា​បញ្ហា ហើយ​យើង​អត់​ដឹង​ថា នរណា​ខ្លះ​មាន​ផ្ទុក​នោះ​ទេ មាន​តែ​ការ​ប្រឹក្សា​យោបល់​ញឹកញាប់​នេះ​ហើយ​ទើប​ជា​មធ្យោបាយ​ល្អ»

លោក​បន្ថែម​ថា ការ​ប្រឈម​ច្រើន ការ​កើត​ជំងឺ​អេដស៍​ដោយសារ​ក្រុម​បុរស​ស្រឡាញ់​បុរស និង​ក្រុម​ស្រី​ស្រស់ រួមភេទ​ដោយ​មិន​ប្រើ​ស្រោម​អនាម័យ និង​គ្មាន​ទឹក​រំអិល មាន​ដៃគូ​ច្រើន និង​ការ​ប្រើប្រាស់​គ្រឿង​ញៀន​ដោយ​ចាក់​ម្ជុល​រួម​គ្នា​ជាដើម។

​អ្នក​ប្រឹក្សា​យោបល់​ផ្នែក​សុខភាព​នៅ​អង្គការ​រ៉ាក់ (RHAC) និង​ជា​ក្រុម​ស្រី​ស្រស់​ផង​ដែរ​នោះ កញ្ញា ដារ៉េត និយាយ​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​តែ​មាន​ការ​រើសអើង​ក្រុម​ស្រី​ស្រស់ និង​ក្រុម​បុរស​ស្រឡាញ់​បុរស​ណាស់។ ក្រុម​ស្រី​ស្រស់​ពិបាក​រក​ការងារ​ធ្វើ​ដោយ​ក្រុមហ៊ុន​ភាគ​ច្រើន​រើសអើង និង​មាន​រោងចក្រ​ខ្លះ​សរសេរ​បម្រាម​ថា ហាម​ខ្ទើយ​ដាក់​ពាក្យ​ធ្វើការ​ក៏​មាន។ កញ្ញា​លើក​ឡើង​ថា ប្រជាពលរដ្ឋ​កម្ពុជា ជាពិសេស​រដ្ឋាភិបាល​ត្រូវ​តែ​ផ្ដល់​ឱកាស​ដល់​ក្រុម​បុរស​ស្រឡាញ់​បុរស និង​ក្រុម​ស្រី​ស្រស់​ឱ្យ​បាន​ទទួល​បាន​ភាព​ស្មើ​គ្នា មិន​ថា ការងារ​រដ្ឋ ឬ​ឯកជន​នោះ​ឡើយ។

កញ្ញា ដារ៉េត៖ «គាត់​មាន​ការ​ប្រថុយប្រថាន​ណាស់ ឥឡូវ​យើង​មាន​ក្រុម​ស្រី​ស្រស់​កំពុង​ដេក​ឈឺ​ដោយសារ​ជំងឺ​អេដស៍ អត់​មាន​អង្គការ​ណា​ជួយ​ទេ អត់​មាន​ឪពុក​ម្ដាយ​ទេ យ៉ាប់​មែន​ទែន»

​កញ្ញា​លើក​បន្ត​ថា ក្រុម​ស្រី​ស្រស់ និង​ក្រុម​បុរស​ស្រឡាញ់​បុរស​ត្រូវ​តែ​ហ៊ាន​ប្រឈម​នឹង​ការ​ពិត និង​ត្រូវ​ចេះ​ការពារ​ខ្លួន​ឯង​ពី​ជំងឺ​អេដស៍​តាម​រយៈ​ការ​ប្រើ​ស្រោម​អនាម័យ​ពេល​រួម​ភេទ និង​ត្រូវ​ទៅ​ធ្វើ​តេស្តឈាម​រក​មេរោគ​អេដស៍ បើ​សង្ស័យ​ថា ខ្លួន​មាន​ផ្ទុក​ជំងឺ​អេដស៍។

ទាក់​ទង់​នឹង​បញ្ហា​នេះ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ សើ​ស្បែក និង​កាមរោគ​នៃ​ក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត លី ពេញស៊ុន ឆ្លើយ​តប​ថា ក្រុម​បុរស​ស្រឡាញ់​បុរស និង​ក្រុម​ស្រី​ស្រស់ គួរ​ហ៊ាន​លើក​ឡើង​នូវ​បញ្ហា​នានា ដែល​ខ្លួន​ប្រឈម ជាពិសេស​បញ្ហា​សុខភាព។ ជំងឺ​អេដស៍​នឹង​ក្លាយ​ឃាតក​លាក់​មុខ​បើ​គាត់​មិន​ទៅ​ធ្វើ​តេស្តឈាម​ដើម្បី​រុករក​មេរោគ​អេដស៍​ទេ​នោះ។

ការសិក្សា​នៅ​ក្នុង​ឆ្នាំ​២០១៤ បង្ហាញ​ថា ក្រុម​បុរស​ស្រឡាញ់​បុរស​មាន​ចំនួន​ជាង ៣​ម៉ឺន​នាក់​ទូទាំង​ប្រទេស​កម្ពុជា ដែល​ក្នុង​នោះ ៥២,៦​ភាគរយ រស់​នៅ​ទីប្រជុំជន និង ៤៧,៤​ភាគរយ រស់​នៅ​ជនបទ។ ចំនួន​ក្រុម​បុរស​ស្រឡាញ់​បុរស​នេះ​មាន​កើន​ឡើង​បើ​ធៀប​ទៅ​ឆ្នាំ​២០០៨ ដែល​មាន​ប្រមាណ​ជាង ២​ម៉ឺន​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។