យូនីសេហ្វ៖ ពលរដ្ឋ​កម្ពុជា ៦,៣​លាន​នាក់​ពុំ​ទាន់​មាន​ទឹក​ស្អាត​ប្រើប្រាស់

ស្ត្រី​ម្នាក់​ដង​ទឹក​ទៅ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្បែរ​ស្ថានីយ​ផលិត​ទឹក​ស្អាត​របស់​អង្គការ​លោក​ខាង​លិច​ជួប​លោក​ខាង​កើត (EMW) នៅ​មាត់​បឹង​ឈ្វាំង ភូមិ​ព្រៃខ្មែរ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៤។
ស្ត្រី​ម្នាក់​ដង​ទឹក​ទៅ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្បែរ​ស្ថានីយ​ផលិត​ទឹក​ស្អាត​របស់​អង្គការ​លោក​ខាង​លិច​ជួប​លោក​ខាង​កើត (EMW) នៅ​មាត់​បឹង​ឈ្វាំង ភូមិ​ព្រៃខ្មែរ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៤។ (RFA/Chin Chetha)

កម្ពុជា ប្រារព្ធ​ទិវា​ទឹក​ពិភពលោក​ឆ្នាំ​២០១៤ នៅ​ថ្ងៃ​សុក្រ ទី​២១ នេះ នៅ​ពេល​អង្គការ​យូនីសេហ្វ (UNICEF) បាន​រក​ឃើញ​ថា ប្រជាពលរដ្ឋ​កម្ពុជា ៦,៣​លាន​នាក់ នៅ​ពុំ​ទាន់​មាន​ទឹក​ស្អាត​ប្រើប្រាស់ និង​អនាម័យ​ជា​មូលដ្ឋាន​នៅ​ឡើយ បើ​ទោះ​ជា​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ កាល​ពី ៤​ឆ្នាំ​មុន​បាន​កំណត់​ថា ពលរដ្ឋ​គ្រប់​រូប​ត្រូវ​ទទួល​បាន​ទឹក​ស្អាត និង​អនាម័យ​មូលដ្ឋាន ដែល​ជា​សិទ្ធិ​មូលដ្ឋាន​របស់​ពួក​គេ​ក៏ដោយ។

សេចក្តី​ថ្លែងការណ៍​អង្គការ​យូនីសេហ្វ ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២០ មីនា ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ប្រមាណ ៣​លាន ៩​សែន​នាក់ ដែល​ខ្វះ​ទឹក​ស្អាត​សម្រាប់​បរិភោគ គឺ​ជា​ប្រជាជន​ក្រីក្រ​រស់​នៅ​តាម​តំបន់​ជនបទ។ ការ​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់ និង​អនាម័យ​មូលដ្ឋាន​នេះ បាន​ធ្វើ​ឲ្យ​កុមារ​ដែល​មាន​ចំនួន ៤១​ភាគរយ​នៃ​ប្រជាពលរដ្ឋ​សរុប ប្រឈម​នឹង​ការ​ឆ្លង​នូវ​ជំងឺ​ផ្សេងៗ​ដែល​ចម្លង​តាម​ទឹក។

មន្ត្រី​ជំនាញ​ខាង​ទំនាក់ទំនង​អង្គការ​យូនីសេហ្វ លោក មាស ប៊ុនថា មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២០ ថា កម្ពុជា នៅ​មាន​ចំណុច​ខ្វះ​ខាត​មួយ​ចំនួន បណ្ដាល​ឲ្យ​រដ្ឋាភិបាល​មិន​ទាន់​អាច​ផ្តល់​ទឹក​ស្អាត និង​អនាម័យ​ជា​មូលដ្ឋាន​ដល់​ពលរដ្ឋ​ទូទាំង​ប្រទេស​បាន។

«សំឡេង»

សេចក្តី​ថ្លែងការណ៍​បន្ត​ថា ការ​ខ្វះ​ទឹក​ស្អាត និង​អនាម័យ ជា​បញ្ហា​នាំ​ឱ្យ​មាន​ការ​បាត់​បង់​ជីវិត និង​ប្រាក់​កាស។ បញ្ហា​នេះ បណ្ដាល​ឲ្យ​រដ្ឋាភិបាល​ខាត​បង់​ទឹក​ប្រាក់​ប្រមាណ ១៤៦​លាន​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ។

អង្គការ​យូនីសេហ្វ កំពុង​សហការ​ជាមួយ​រាជ​រដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នានា ដើម្បី​រៀប​ចំ និង​អនុវត្ដ​គោល​នយោបាយ​ជាតិ​ស្ដីពី​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត និង​សេវា​អនាម័យ ក្នុង​គោល​បំណង​បង្កើន​ការ​ផ្គត់ផ្គង់​ទឹក​នៅ​តាម​គ្រួសារ និង​សាលារៀន និង​ដើម្បី​លើក​កម្ពស់​ឥរិយាបថ​អនាម័យ​នៅ​តាម​សហគមន៍​មូលដ្ឋាន រួម​ទាំង​ប្រជាពលរដ្ឋ​ក្រីក្រ​ជាង​គេ និង​អ្នក​ដែល​ពិបាក​ទទួល​នូវ​សេវាកម្ម​សាធារណៈ ដែល​កំពុង​ត្រូវ​ការ​ចាំបាច់​បំផុត។

មន្ត្រី​ក្រសួង​សុខាភិបាល នៅ​មិន​ទាន់​ឆ្លើយ​តប​នឹង​របាយការណ៍​អង្គការ​យូនីសេហ្វ នៅ​ឡើយ​ទេ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២០ មីនា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។