អង្គការពន្លកខ្មែរ ដែលចុះធ្វើការជាមួយសហគមន៍ប្រជាពលរដ្ឋជាច្រើននៅខេត្តព្រះវិហារ ឱ្យដឹងថា ស្ទើរតែរៀងរាល់ខែ ក្រុមជនជាតិដើម ភាគតិចកួយជាច្រើននាក់បានចំណាយប្រាក់ជាច្រើនម៉ឺនរៀលទៅលើការទិញថ្នាំពេទ្យ និងព្យាបាលជំងឺ។
បញ្ហាទាំងនេះ បណ្ដាលមកពីពួកគេពុំសូវយល់ដឹងអំពីចំណីអាហារស្អាត ការស់នៅស្អាត និងការប្រើប្រាស់ទឹកមិនល្អជាដើម។ តើបច្ចុប្បន្ន កង្វល់អ្វីខ្លះកំពុងកើតមាននៅក្នុងសហគមន៍ជនជាតិភាគតិចនាតំបន់ដាច់ស្រយាល?
អ្នកគ្រប់គ្រងសហគមន៍ជនជាតិ ដើមភាគតិចកួយ នៅឃុំប្រមេ ស្រុកត្បែងមានជ័យ កំពុងព្រួយបារម្ភបញ្ហាសុខភាព ដោយថា ពេលបច្ចុប្បន្នប្រជាពលរដ្ឋរបស់គេជាច្រើនឧស្សាហ៍ប្រឈមមុខនឹងជំងឺរាករូស ជំងឺរលាកក្រពះ និងជំងឺពោះវៀនជាដើម។ បញ្ហាសុខភាពទាំងនេះបណ្ដាលមកពីការរស់នៅប្រចាំថ្ងៃ បរិភោគចំណីអាហារមិនស្អាត និងប្រើប្រាស់ទឹកមិនស្អាត។
ជារៀងរាល់ឆ្នាំ នៅរដូវប្រាំងនិងវស្សា ក្រុមជនជាតិដើមភាគតិចកួយជាច្រើន តែងនាំក្រុមគ្រួសារចាកចេញពីផ្ទះចូលទៅក្នុងព្រៃឆ្ងាយដាច់ស្រយាល ដើម្បីប្រកបរបរកសិកម្ម ធ្វើស្រែចំការ។ ការស្នាក់នៅក្នុងព្រៃជាច្រើនថ្ងៃនោះ ពួកគេតែងប្រើប្រាស់ទឹកមិនស្អាត និងបេះបន្លែផ្លែឈើព្រៃដើម្បីធ្វើជាអាហារទទួលទានជាមួយបាយ។
បុរសជនជាតិដើមភាគតិចកួយ ម្នាក់ នៅឃុំប្រមេ ក្នុងចំណោមជនជាតិដើមភាគតិចកួយជាច្រើនទៀត គឺលោក សិទ្ធិ សាវន។ លោកមានប្រសាសន៍ថា ជាទម្លាប់ជនជាតិភាគតិច នៅពេលចាកចេញពីភូមិទៅស្នាក់នៅក្នុងព្រៃធ្វើស្រែចំការ គឺមិនដែលយកទឹកស្អាតពីផ្ទះទៅទុកប្រើប្រាស់ទេ។ បុរសដដែលបញ្ជាក់ថា ទាំងរូបគាត់និងអ្នកភូមិជាច្រើនទៀត នៅពេលធ្វើស្រែចំការក្នុងព្រៃ គឺតែងទៅដងទឹកអូរ ទឹកត្រពាំង ឬក៏ជីកដីឱ្យចេញទឹក រួចដងយកមកប្រើប្រាស់និងដាំស្ល។
គាត់បញ្ជាក់ថា រូបគាត់ឧស្សាហ៍កើតជំងឺរាករូស និងចុកពោះដែរ នៅពេលដែលពិសាទឹកទាំងនោះ៖ «ពួកខ្ញុំជីកអណ្ដូងដៃ ជម្រៅកន្លះម៉ែត្រ យកទឹកហ្នឹងមកប្រើប្រាស់ អត់មានទឹកស្អាតផ្សេងៗអីទេ មានតែទឹកត្រពាំង ទឹកអូរ ទឹកប្រឡាយប្រើប្រាស់។ ទឹកហ្នឹងដល់ពេលយើងប្រើទៅវាធ្វើឱ្យស្អកក ធ្វើឱ្យរាករូស ហើយធ្វើឱ្យសុខភាពចុះខ្សោយ»។
ស្ត្រីជនជាតិដើមភាគតិចម្នាក់ទៀត គឺអ្នកស្រី នួន រ៉េត ដែលកំពុងអង្គុយដាំបាយមួយឆ្នាំងធំនៅក្រោមខ្ទមស្រែ ហើយយូរៗ អោនផ្លុំភ្លើងម្ដង មានប្រសាសន៍ថា រៀងរាល់រដូវវស្សាគឺគាត់តែងនាំប្ដីនិងកូនៗ ចេញពីផ្ទះជាច្រើនសប្ដាហ៍ទៅស្នាក់នៅក្នុងព្រៃដើម្បីធ្វើស្រែ។ ការស្នាក់នៅក្នុងព្រៃនោះគឺគាត់តែងដងទឹកដែលដក់តាមកន្លុក យកទៅងូត ឬក៏បោកគក់សម្លៀកបំពាក់ ចំណែកឯទឹកផឹកនិងទឹកដាំបាយ គឺគាត់ជីកដីធ្វើជាអណ្ដូងរាក់មួយនៅជិតខ្ទម។

អ្នកស្រី នួន រ៉េត បញ្ជាក់ថា ទឹកដែលដងចេញពីអណ្ដូងនោះ ទាំងគាត់និងក្រុមគ្រួសារតែងផឹកដោយមិនបានដាំចម្អិនទេ៖ «ចាស! នោះទឹក ផឹកអានោះហើយ ដាំឯណាទាន់ទៅលោក! ផឹកទឹកឆៅនោះហើយ។ ងូតនៅត្រង់នោះ អានៅនឹងផ្លូវនោះហើយ។ ជួនកាលក៏រមាស់ ប៉ុន្តែឱ្យធ្វើយ៉ាងណាអ្នកស្រែគឺវាតែអ៊ីចេះ។ ជនជាតិដើមភាគតិចកួយ តែអ៊ីចេះហើយតាំងពីដើមមក ជួនកាលកូនៗវាឈឺពោះក៏លេបថ្នាំ ប៉ុន្តែធ្វើយ៉ាងម៉េចអ្នកស្រុកអ្នកស្រែ បើរវល់តែធ្វើអនាម័យតាមពេទ្យ ចង់បានអនុវត្តទឹកស្អាត និងសម្ភារៈគ្រប់គ្រាន់ គឺធ្វើតាមមិនបានទេ ព្រោះខ្វះខាត»។
ក្រុមជនជាតិដើមភាគតិចកួយជាច្រើនទៀត អះអាងប្រហាក់ប្រហែលគ្នាថា ពួកគេតែងប្រឈមមុខនិងជំងឺជាច្រើននៅពេលដែលចេញពីផ្ទះទៅស្នាក់នៅក្នុងព្រៃ នារដូវធ្វើស្រែចំការ ហើយបច្ចុប្បន្ននេះ ការប្រឈមមុខជាថ្មីទៀត គឺចាប់តាំងពីក្រុមហ៊ុនចិនឈ្មោះ ឡាន ហ្វេង ទទួលបានដីសម្បទានសេដ្ឋកិច្ចដាំអំពៅដោយប្រើប្រាស់ថ្នាំគីមី បាញ់សម្លាប់ស្មៅនៅជាប់តំបន់ដីស្រែចំការរបស់ពួកគេមក គឺពួកគេតែងប្រឈមនឹងជំងឺបំពង់ក ឬក៏ស្អកកនៅពេលដែលជីកដីយកទឹកទៅផឹក ឬក៏ដាំស្ល។ អង្គការពន្លកខ្មែរ គឺជាអង្គការក្រៅរដ្ឋាភិបាលមួយដែលតែងចុះធ្វើការយ៉ាងជិតស្និទ្ធជាមួយសហគមន៍ទីនោះ។
មន្ត្រីផ្នែកតស៊ូមតិរបស់អង្គការពន្លកខ្មែរ លោក ប៉ិក សោភ័ណ មានប្រសាសន៍ថា នៅក្នុងរដូវធ្វើស្រែនិងចំការ ស្ទើរតែរៀងរាល់សប្ដាហ៍លោកតែងសង្កេតឃើញក្រុមជនជាតិភាគតិចជាច្រើនមានបញ្ហាសុខភាព ហើយនាំគ្នាទៅទិញថ្នាំ ឬក៏ទៅព្យាបាលនៅតាមគ្លីនិកឯកជនក្នុងទីរួមខេត្តព្រះវិហារ។ លោក ប៉ិក សោភ័ណ ឱ្យដឹងថា ជាធម្មតា ពេលរស់នៅក្នុងភូមិ គឺតាមផ្ទះរបស់ជនជាតិភាគតិចខ្លះមានធុងចម្រោះទឹកស្អាតប្រើប្រាស់ដែរ ក៏ប៉ុន្តែនៅពេលដែលពួកគេទៅស្នាក់នៅក្នុងព្រៃ គឺមានទម្លាប់ប្រើប្រាស់ទឹកមិនស្អាត ដែលដក់តាមទីវាលដោយមិនទាំងដាំចម្អិនផង។
លោក ប៉ិក សោភ័ណ បញ្ជាក់ទៀតថា ក្នុងរដូវធ្វើស្រែចំការម្ដងៗ គឺជនជាតិភាគតិចម្នាក់អាចចំណាយប្រាក់ប្រមាណពី ៣០-៤០ម៉ឺនរៀល លើថ្លៃថ្នាំពេទ្យ និងថ្លៃព្យាបាលដោយសារតែការផឹកទឹកមិនស្អាតនៅតាមទីវាល៖ «ពួកគាត់ភាគច្រើនគាត់ឆ្លើយថា យើងនៅផ្ទះ យើងហូបទឹកស្អាត ក៏ប៉ុន្តែដល់ពេលមកព្រៃយើងរវល់តែដាំ រវល់តែរកទឹកស្អាតពីណាមក? អីចឹងយើងធ្វើអីអត់ទាន់ការងារទេ។ ការប្រឈមមុខនឹងសុខភាពរបស់គាត់ គឺមានច្រើនណាស់ ព្រោះកន្លងទៅគាត់រាករូសមានជំងឺគ្រុនចាញ់ ហើយនិងជំងឺឈឺក្រពះ ពោះវៀន គឺតែងតែមានជាដរាប។ បើយើងពិនិត្យមើលគ្លីនិកឈ្នួលនៅខេត្តវិញគឺអ្នកភូមិជនជាតិដើមភាគតិច គាត់ឡើងមកច្រើនមែនទែន។ ១ថ្ងៃ ២ថ្ងៃអ៊ីចឹង៣០-៤០ម៉ឺន គាត់ចំណាយ»។
មេឃុំប្រមេ លោក ណែម ថាំង យល់ស្របទៅនឹងអ្វីដែលអង្គការក្រៅរដ្ឋាភិបាលលើកឡើងនេះ ដោយលោកមានប្រសាសន៍ថា នៅពេលដែលអ្នកភូមិរបស់លោកចេញពីភូមិទៅស្នាក់នៅក្នុងព្រៃធ្វើស្រែចំការម្ដងៗ គឺមានអ្នកឈឺក្រពះ ពោះវៀន អ្នករាករូស និងអ្នកកើតជំងឺអាសន្នរោគជាដើម។ លោកមេឃុំកំពុងមានកង្វល់ទៅលើបញ្ហាដែលប្រជាពលរដ្ឋប្រើប្រាស់ទឹកមិនស្អាតនេះ។
លោក ណែម ថាំង ឱ្យដឹងថា នៅក្នុងឃុំប្រមេ គឺមានជនជាតិដើមភាគតិចកួយ ប្រមាណជាង ៥០០គ្រួសារ ហើយ ៧៥% នៃអ្នកទាំងនោះពុំមានទឹកស្អាតប្រើប្រាស់ទេ នៅពេលដែលគេចេញទៅស្នាក់នៅធ្វើស្រែចំការក្នុងព្រៃនាតំបន់ដាច់ស្រយាល៖ «អូ! បញ្ហាប្រជាជនខ្ញុំបារម្ភមែនទែនត្រង់ថា គាត់ពុំទាន់មានការយល់ដឹងជ្រៅជ្រះអំពីសុខភាពអនាម័យ ហើយមួយទៀត គាត់ក៏ជួបប្រទះការលំបាក ភាពខ្វះខាត»។
អាជ្ញាធរឃុំប្រមេ អំពាវនាវដល់អង្គការសុខភាពនានា ព្រមទាំងមន្ត្រីសុខាភិបាលរបស់រដ្ឋាភិបាលឱ្យជួយផ្ដោតការយកចិត្តទុកដាក់ទៅលើសុខភាពជនជាតិដើមភាគតិចកួយ នៅខេត្តព្រះវិហារផង ពីព្រោះតែជនជាតិដើមទាំងនោះ ភាគច្រើនជាជនក្រីក្រពុំមានសូវមានការចេះដឹងខ្ពស់ និងមិនសូវយល់ពីការអប់រំផ្នែកសុខភាពឡើយ។ ចំណែកការរស់នៅប្រចាំថ្ងៃ គឺគ្មានសម្ភារៈសម្រាប់ទឹកស្អាត និងមិនមានថ្នាំខ្ល័ររ៉ាមីន ដើម្បីដាក់ទឹកសម្លាប់មេរោគទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។