
ពលរដ្ឋរស់នៅភូមិឆ្វាំង ឃុំសំអាង និងឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ ខែត្រស្ទឹងត្រែង អំពាវនាវឲ្យក្រសួងសុខាភិបាល និងអង្គការផ្នែកសុខភាព ចុះស៊ើបអង្កេត និងស្រាវជ្រាវរកមូលហេតុនាំឲ្យកើតមានជំងឺរមាស់ស្បែក។ អ្នកភូមិសង្ស័យថា ការប្រើប្រាស់ទឹកអូរនៅមូលដ្ឋាន អាចជាប្រភពចម្បងនាំឲ្យកើតមានជំងឺរមាស់ស្បែកនេះ។
ការអំពាវនាវនេះកើតឡើងបន្ទាប់ពីពលរដ្ឋ និងកុមារជាច្រើននាក់មានជំងឺរមាស់ស្បែក ជាពិសេសអ្នកភូមិដែលរស់នៅតាមបណ្ដោយមាត់អូរស្វាយ ដែលភ្ជាប់អូរល្ពៅ និងអូរត្រែល។
អ្នកភូមិឲ្យដឹងថា ពលរដ្ឋនិងកុមារកើតមានជំងឺនេះប្រហែល ៦ខែមកហើយ ក៏ប៉ុន្តែមិនមានមន្ត្រីជំនាញអាជ្ញាធរ ឬមន្ត្រីសុខាភិបាលយកចិត្តទុកដាក់បញ្ហានេះនៅឡើយទេ។
តំណាងពលរដ្ឋជនជាតិដើមភាគតិចកួយ រស់នៅភូមិឆ្វាំង អ្នកស្រី នួន រឹម រៀបរាប់ថា បច្ចុប្បន្នមានកុមារក្នុងភូមិប្រមាណជាង ៣០ភាគរយ ក្នុងចំណោមកុមារក្នុងភូមិសរុបបានកើតជំងឺរមាសស្បែកខុសធម្មតានេះ។ ដោយឡែកមនុស្សធំ ឬមនុស្សចាស់ ដែលមានទម្លាប់អាស្រ័យផលទឹកអូរ ដូចជាចុះមុជទឹក ឬលាងសំអាតខ្លួនប្រាណ បានកើតជំងឺនេះប្រហែលជាង ២០ភាគរយ ក្នុងចំណោមអ្នកភូមិសរុប។
អ្នកភូមិសង្ស័យទៅលើការប្រើប្រាស់ទឹកអូរស្វាយ នៅមូលដ្ឋានដែលមានសភាពល្អក់ដែលជាដើមចមនាំឲ្យអ្នកភូមិកើតជំងឺនេះ។ អ្នកស្រីកត់សម្គាល់ថា ការបង្ហូរកាកសំណល់ និងកម្ទេចកំទីសិប្បកម្មកែច្នៃឈើនៅមូលដ្ឋាន នៅផ្នែកខាងលើនៃអូរចុងភូមិ អាចបង្កឲ្យមានជាតិពុល និងបណ្ដាលឲ្យប៉ះពាល់សុខភាពកុមារក្នុងភូមិ និងអ្នកភូមិ៖ «វាអេះ អេះទៅក៏ចេញឡើងរបករមាស់ ដល់ពេលឈប់មុជបានឈប់ចេញដែរ ដល់វាទៅមុជវាចេញទៀត។ បើមិនមុជទឹកអូរមុជអីឯណាចុះ? ទំនៀមទម្លាប់របស់ខ្ញុំពីដូនពីតាមុជទឹកនេះហើយ។ មុជទឹកអូរ មានពាងអីណានឹងគេ។ ឲ្យតែបរិវេណនេះមុជទាំងអស់ហើយ»។

អាជ្ញាធរឃុំសំអាង ឲ្យដឹងថា ក្នុងឃុំសំអាង មានចំនួនពីរភូមិ គឺភូមិឧបសម្ពន្ធ និងភូមិឆ្វាំង ដែលមានពលរដ្ឋរស់នៅសរុបចំនួនជាង ៣ពាន់នាក់ក្នុងចំណោមពលរដ្ឋចំនួនជាង ៩០០គ្រួសារ។ ដោយឡែកចំនួនកុមារអាជ្ញាធរមិនទាន់មានតួលេខជាក់លាក់នៅឡើយទេ។
ផ្ទុយពីការលើកឡើងនេះ មេឃុំសំអាង លោក ញៀន ផុន បដិសេធថា អាជ្ញាធរឃុំនៅមិនទាន់ទទួលព័ត៌មាន និងសេចក្ដីរាយការណ៍ដែលបញ្ជាក់ថា អ្នកភូមិ និងកុមារកើតជំងឺរមាសស្បែកនេះទេ។ ក៏ប៉ុន្តែលោកនឹងចុះស្រាវជ្រាវរកមូលហេតុ ប្រសិនបើអ្នកភូមិពិតជាកើតមានជំងឺនេះពិតមែន៖ «កន្លងមកមានពាក្យបណ្ដឹងមួយ ដែលខ្ញុំទទួលបាន គឺទាក់ទងនឹងអាជីវកម្មហ្នឹង ប៉ុន្តែខ្ញុំមានវិធានការទី១ ឲ្យជីកស្រះ ទី២ ប្រសិនជារដូវប្រាំងវិញ ឲ្យដុះកម្ទេចចោលឲ្យអស់ ទី៣ ដកឃ្លាឲ្យឆ្ងាយពីតំបន់ដែលមានប្រភពទឹក»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការអធិប្បាយពីប្រធានមន្ទីរសុខាភិបាល ខេត្តស្ទឹងត្រែង លោក អ៊ុង សូវៀត បានទេ នៅថ្ងៃទី១១ ខែកញ្ញា ព្រោះទូរស័ព្ទហៅចូលពុំមានអ្នកទទួល។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខែត្រស្ទឹងត្រែង លោក ហូ សំអុល ដែលបានចុះអង្កេតករណីនេះ ចាត់ទុកជំងឺរមាស់ស្បែកនេះថាបណ្ដាលមកពីគុណភាពទឹកអូរនៅមូលដ្ឋានដែលអ្នកភូមិបានប្រើប្រាស់។ លោកក៏អំពាវនាវឲ្យមន្ទីរសុខាភិបាលចុះស្រាវជ្រាវរកហេតុផលនាំឲ្យអ្នកភូមិកើតជំងឺនេះ ប្រសិនបើនៅតែបណ្ដែតបណ្ដោយ និងពន្យារពេលជំងឺនេះអាចនឹងរាតត្បាតកាន់តែច្រើនឡើងៗ ដល់អ្នកភូមិ ជាពិសេសគឺកុមារ៖ «ហើយណាមួយជាជនដើមភាគតិចកួយ ក្រីក្រអី។ ប្រសិនជាឈឺទៀត វាអាចបណ្ដាលឲ្យគាត់ត្រូវចំណាយថវិកាច្រើនដើម្បីមើលជំងឺគាត់ទៀត។ អ៊ីចឹងយើងគិតទៅលើសេដ្ឋកិច្ចរបស់គាត់ គឺមិនរីកចម្រើន»។
អ្នកជំនាញផ្នែកសុខភាពឲ្យដឹងថា កុមារ ឬមនុស្សចាស់ ដែលកើតជំងឺនេះគួរតែប្រញាប់ទៅរកគ្រូពេទ្យឯកទេសជំងឺស្បែកដើម្បីព្យាបាល បើនៅតែពន្យារពេលព្យាបាលអាចធ្វើឲ្យជំងឺនេះវិវដ្ដរកសភាពធ្ងន់ធ្ងរ។ ជាងនេះទៅទៀត កុមារងាយនឹងកើតជំងឺរមាសនេះ ព្រោះកុមារមានស្បែកខ្ចីដែលធ្វើឲ្យស្បែកមានសភាពខុសប្រក្រតី ចេញកន្ទួលរមាស់ នៅពេលដែលអេះបណ្ដាលឲ្យមានស្លាកស្នាមដំបៅតូចៗ។ លើសពីនេះទៀត ប្រសិនបើទទួលទានទឹកអូរនេះវិញ ក៏ងាយនឹងកើតជំងឺដូចជា ជំងឺគ្រុនពោះវៀន និងជំងឺរាករូសជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។