សកម្មជនដែលធ្លាប់ឃ្លាំមើលបញ្ហាព្រំដែនប្រទេសកម្ពុជា និងវៀតណាម បានលើកឡើងថា អាជ្ញាធរវៀតណាម មិនដែលមានបំណងល្អ ឬទំនាក់ទំនងដោយស្មោះត្រង់ជាមួយប្រទេសកម្ពុជាទាក់ទងនឹងផលប្រយោជន៍ព្រំដែននោះទេ។
ការលើកឡើងបែបនេះបន្ទាប់ពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានបង្ហាញថា អាជ្ញាធរខេត្តកន្ទូម ប្រទេសវៀតណាម បានជីកដីកាត់ផ្ដាច់ និងបិទផ្លូវចេញ-ចូល ចំនួន ៤កន្លែងនៅក្នុងទឹកដី ប្រទេសវៀតណាម ជាប់នឹងព្រំដែនខេត្តរតនគិរី នៃប្រទេសកម្ពុជា ដោយសារខឹងភាគីកម្ពុជា មិនព្រមធ្វើតាមសំណើខ្លួន ដែលសុំឲ្យបើកច្រកជាផ្លូវការ។
លោក រ៉ុង ឈុន ដែលធ្លាប់តាមដានមើលសភាពការណ៍ព្រំដែនប្រទេសកម្ពុជា និងវៀតណាម ហើយធ្លាប់ដឹកនាំសកម្មជន និងសិស្ស និស្សិតចុះមើលបន្ទាត់ព្រំដែននោះ បានថ្លែងឲ្យដឹងថា ការជីកនៅលើទឹកដីរបស់ខ្លួននោះគឺជាសិទ្ធិរបស់ប្រទេសសាមី ប៉ុន្តែកន្លែងខ្លះវាអាចធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនង និងការឆ្លងកាត់ចេញចូលរបស់ប្រជាពលរដ្ឋ។
លោកថ្លែងទៀតថា ជារឿយៗអាជ្ញាធរវៀតណាម តែងតែបំពានលើបូរណភាពទឹកដីនៃប្រទេសកម្ពុជា៖ «អានេះយើងមិនទាន់និយាយដល់ផែនទីនោះទេ គឺយើងនិយាយពីផែនដីជាក់ស្ដែង ដែលមានសាក្សីរស់គឺប្រជាពលរដ្ឋ ហើយសាក្សីទី២ គឺភូមិសាស្ត្រ ហើយយើងឃើញថា តំបន់ដូនតា មានកប់ផ្នូរខ្មោច ហើយភូមិរបស់ប្រជាពលរដ្ឋដែលរស់នៅតាំងពីដូនតាមក ដែលខ្ញុំធ្វើកិច្ចការហ្នឹងតាំងពីកន្លងមក យើងកត់សម្គាល់ឃើញ ( វៀតណាម ) មិនដែលមានបំណងល្អជាមួយយើងទេ រឿងបូរណភាពទឹកដីហ្នឹង»។
តាមរបាយការណ៍របស់ស្នងការនគរបាលខេត្តរតនគិរី លោក ងួន គឿន រាយការណ៍មកអគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ កងទ័ពការពារព្រំដែនវៀតណាម ប៉ុស្តិ៍លេខ ៧០៣របស់ខេត្តកន្ទូម បានធ្វើរបងបិទផ្លូវ ៤កន្លែង ដែលជាផ្លូវតភ្ជាប់ទំនាក់ទំនងចេញ-ចូលរវាងប៉ុស្តិ៍ការពារព្រំដែន ដែលនៅទល់មុខគ្នាត្រង់ចំណុចបង្គោលព្រំដែនលេខ ១៧, ១៨, ១៩ និង១៩/៥។
របាយការណ៍បញ្ជាក់ថា ការបិទ ៤ចំណុចខាងលើ បានធ្វើឲ្យប៉ះពាល់ដល់ការចេញ-ចូលទំនាក់ទំនងរវាងប៉ុស្តិ៍ការពារព្រំដែនលេខ ៥០៥ នៃវរៈការពារព្រំដែនលេខ ២០៣កម្ពុជា ជាមួយនឹងប៉ុស្តិ៍ការពារព្រំដែនលេខ ៧០៣ នៃកងទ័ពការពារព្រំដែនខេត្តកន្ទូម ប្រទេសវៀតណាម។
ការបិទផ្លូវនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋបាលខេត្តរតនគិរីរបស់កម្ពុជា និងអាជ្ញាធរខេត្តកន្ទូម នៃប្រទេសវៀតណាម បានប្រជុំពិភាក្សាបើកច្រកទ្វេភាគីចំនួន ៤កន្លែង ស្ថិតនៅម្ដុំបង្គោលលេខ ៤/២ លេខ១០ លេខ១៣ និងលេខ១៩ ក្នុងនោះ ភាគីទាំងពីរបានឯកភាពព្រមព្រៀងគ្នាតែ ១ចំណុច គឺត្រង់បង្គោលលេខ ១៩ប៉ុណ្ណោះ នៅសល់ ៣ចំណុចទៀត ភាគីខេត្តរតនគិរី មិនឯកភាពដោយសារតែចំណុចទាំង ៣នោះ ស្ថិតនៅក្នុងព្រៃជ្រៅ ពុំមានពលរដ្ឋខ្មែររស់នៅ និងឆ្លងកាត់ចេញ-ចូលឡើយ។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធ បានថ្លែងប្រាប់អ្នកកាសែតកាលពីពីថ្ងៃទី៨ ខែមករា ក្នុងកម្មវិធីបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០១៧ និងលើកទិសដៅសម្រាប់ខែមករា ឆ្នាំ២០១៨ នៅឯក្រសួងមហាផ្ទៃ ថា បញ្ហានេះគឺមិនមែនជាបញ្ហាធំដុំឡើយ ដោយសារតែមិនប៉ះពាល់ដល់ការធ្វើដំណើររបស់កម្ពុជានោះទេ។
លោកថា អាជ្ញាធរខេត្តរតនគិរី កំពុងតែសម្រួលដោះស្រាយហើយ គឺមិនមានបញ្ហាប្រឈមមុខអ្វីធំដំនោះទេ ហើយករណីនេះគឺដោយសារតែការយល់គ្នាមិនបាន។
លោក ងួន គឿន បានបញ្ជាក់ក្នុងរបាយការណ៍របស់ខ្លួនថា នេះជាលើកទី២ហើយ ដែលកងទ័ពការពារព្រំដែនខេត្តកន្ទូម ប្រទេសវៀតណាម បានបិទផ្លូវធ្វើដំណើរចេញ-ចូល ព្រំដែន បន្ទាប់ពីសកម្មភាពលើកទី១ បានជីកផ្ដាច់ផ្លូវត្រង់បង្គោលព្រំដែនលេខ ៤/២ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧។
កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៥ អាជ្ញាធរវៀតណាម បានជីកស្រះទឹកចំនួន៣ នៅចន្លោះបង្គោលព្រំដែនលេខ ៣០ និងលេខ៤០ ស្ថិតនៅក្នុងក្នុងភូមិឡំ ស្រុកប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដែលស្ថិតនៅក្នុងទឹកដីកម្ពុជាយ៉ាងជ្រៅ។ គ្រានោះ ក្រសួងការបរទេសកម្ពុជា បានប្រតិកម្មប្រឆាំងវៀតណាម ដែលជាមហាមិត្តរបស់ខ្លួនភ្លាមៗដែរ បន្ទាប់ពីរកឃើញថា វៀតណាមបានជីកស្រះទឹកចូលក្នុងអធិបតេយ្យភាពដែនដីរបស់កម្ពុជា។
ព្រំដែនគោកប្រទេសកម្ពុជា ជាប់នឹងប្រទេសវៀតណាម មានបណ្ដោយ ១.២៧០គីឡូម៉ែត្រ ហើយរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានព្រមព្រៀងគ្នាកាលពីឆ្នាំ២០០៥ ថា នឹងបើកច្រកទ្វាអន្តរជាតិចំនួន៧ សម្រាប់ប្រតិបត្តិការដឹកជញ្ជូនឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ។
តាមរបាយការណ៍បូកសរុបការងារប្រចាំខែធ្នូ ឆ្នាំ២០១៧ និងទិសដៅការងារខែមករា ឆ្នាំ២០១៨ របស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា កងកម្លាំងនគរបាលព្រំដែន បានយកចិត្តទុកដាក់បំពេញតួនាទីរបស់ខ្លួនបានយ៉ាងប្រសើរ ក្នុងនោះបានចូលរួមប្រជុំជាមួយភាគីមិត្តកម្ពុជា-វៀតណាម បាន៨លើក ដើម្បីបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ក្នុងការរក្សាសន្តិសុខ និងទប់ស្កាត់ បង្ក្រាបបទល្មើសឆ្លងដែន ហើយបានការពារក្រុមគណៈកម្មការចម្រុះវាស់វែងខណ្ឌសីមាព្រំដែនកម្ពុជា វៀតណាម ក្នុងការសាងសង់បង្គោលបំពេញបន្ថែមប្រភេទបេតុង ចំនួន ៣១បង្គោល និងតម្រុយចំនួន ៨៣បង្គោល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។